UPDATE: នៅរសៀលថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានប្រាប់ខេមបូចាថា លោក ដារ៉ា បានប្រព្រឹត្តិបទល្មើសតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមជាបន្តបន្ទាប់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ហើយលោកត្រូវបានចោទប្រកាន់តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
មន្រ្តីជាន់ខ្ពស់កងរាជអាវុធលើផ្ទៃប្រទេស បានអះអាងថា ការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា នៅល្ងាចថ្ងៃចន្ទ ដោយផ្អែកតាមដីការបស់តុលាការដែលបញ្ជាឱ្យចូលខ្លួន។
លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានសេរី (Freelance Journalist) ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី៣០ ខែកញ្ញា ខណៈលោកកំពុងឈប់រថយន្តនៅបញ្ជរបង់ប្រាក់នៅលើផ្លូវល្បឿនលឿនក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើយោងតាមសាច់ញាតិរបស់លោក។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ថ្លែងបញ្ជាក់ថា៖ «យើងចាប់ទៅតាមដីកាឱ្យចូលខ្លួន ចឹងការបញ្ជូន [ទៅណាបន្ត] អាហ្នឹងយើងមិនទាន់អាចឆ្លើយបានទេ ចាំមើលការងារគេបន្តសិន»។
នៅពេលសួរថាតើ លោក ម៉ិច ដារ៉ា កំពុងនៅកន្លែងណាឥឡូវនេះ លោក ហ៊ី ឆ្លើយតបថា៖ «ខ្ញុំអត់ទាន់ដឹងដែរ គ្រាន់ដឹងយើងឃាត់ខ្លួនប៉ុណ្ណឹង»។ លោកក៏បានបដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិត ដោយថា «ខ្ញុំគ្រាន់តែបានទទួលបានព័ត៌មានប៉ុណ្ណឹង»។
កញ្ញា ម៉ិច សេរីរ័ត្ន ជាប្អូនស្រីរបស់លោក ដារ៉ា បានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាពរបស់បងប្រុសរបស់ខ្លួន ដោយប្រាប់ថា ក្រុមគ្រួសារមិនអាចទាក់ទងលោក ដារ៉ា បានតាមរយៈទូរសព្ទឡើយ។
កញ្ញា និយាយថា៖«ឥឡូវយើងទាក់ទងគាត់អត់ចូល លេខទូរសព្ទដៃហ្នឹង។ ចង់ដឹងពីកន្លែងដែលគាត់កំពុងនៅបច្ចុប្បន្នផង ចង់ដឹងពីមូលហេតុដែលគេចាប់ខ្លួនគាត់ផង។ ចង់ដឹងពីសុវត្ថិភាពគាត់ផង។ ព្រួយបារម្ភពីសុវត្ថិភាពគាត់ ហើយចង់ដឹងថាគាត់នៅណាឡូវហ្នឹង»។
ខេមបូចាបានទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធ រាប់ចាប់តាំងពី នគរបាល កងរាជអាវុធហត្ថ រហូតដល់ មន្ត្រីពន្ធនាគារ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ ចំណែក ស្នងការខេត្តកោះកុង និងខេត្តព្រះសីហនុ អះអាងថា មិនបានទទួលព័ត៌មានពីការចាប់ខ្លួននេះទេ។
គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី១ ខែតុលា នៅមិនទាន់ដឹងថា លោក ម៉ិច ដារ៉ា ស្ថិតនៅទីណានៅឡើយទេ ហើយក៏មិនទាន់ដឹងពីមូលហេតុនៃការចាប់ខ្លួននេះដែរ។ ទោះបីយ៉ាងនេះក្តី មួយថ្ងៃមុនពេលចាប់ខ្លួន លោក ម៉ិច ដារ៉ា បានបង្ហោះរូបភាពចំនួនពីរសន្លឹកដែលជាប់គ្នា ដោយមួយបង្ហាញពីប្រតិបត្តិការយកថ្មភ្នំដែលមានសរសេរអក្សរបិតលើរូបថា «បាភ្នំឥឡូវ» និងមួយទៀតបង្ហាញពីជណ្ដើរថ្មឡើងទៅកាន់រមណីយដ្ឋានបាភ្នំដែលមានសរសេរអក្សរបិតលើរូប ថា «បាភ្នំពីដើម» ដោយភ្ជាប់ជាមួយសំណេរលើរូបភាពទាំងនេះ ថា «ការអភិវឌ្ឍន៍ ដ៏អស្ចារ្យ»។
ទោះជាយ៉ាងណា ការបង្ហោះរូបភាពនេះ ត្រូវបានរដ្ឋបាលស្រុកបាភ្នំច្រានចោល តាមរយៈវីដេអូ និងសេចក្ដីប្រកាស ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ហើយបញ្ជាក់ថា ការបង្ហោះរបស់លោកម៉ិច ដារ៉ា ជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
នៅក្នុង វីដេអូ បង្ហោះដោយរដ្ឋបាលស្រុកបាភ្នំ ក៏បានស្នើឲ្យក្រសួងព័ត៌មានចាត់វិធានការផ្លូវច្បាប់ចំពោះលោក ម៉ិច ដារ៉ា ដោយចោទថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងទំព័រហេ្វសប៊ុកមួយចំនួនទៀតរបស់រដ្ឋាភិបាល ក៏បានចូលរួមបង្ហោះវីដេអូនោះផងដែរ។
អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ លោក ឆាយ គឹមឃឿន បានមានប្រសាសន៍ថា លោកមិនទាន់មានអ្នករាយការណ៍ប្រាប់លោកអំពីករណីនេះទេ។ ចំណែកអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ថា លោកត្រូវការស្រាវជ្រាវករណីនេះសិន។
លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និង អធិការនគបាលស្រុកបាភ្នំ លោក សា រុំ ថ្លែងថា មិនបានដឹងអំពីការចាប់ខ្លួនលោក ដារ៉ា ឡើយ។
ចំណែកអភិបាលស្រុកបាភ្នំ លោក ឡាយ សំអឿន នៅពេលប្រាប់ថា ជាអ្នកសារព័ត៌មានក៏ទូរសព្ទស្ដាប់លែងបាន ហើយខលម្ដងទៀតពុំមានអ្នកទទួលឡើយ។
តាមការបញ្ជាក់ពីមន្ត្រីអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក ម៉ិច ដារ៉ា បានផ្ញើសារពីការចាប់ខ្លួនរបស់លោកមកកាន់អង្គការលីកាដូ មុនពេលទូរសព្ទរបស់លោកត្រូវបានដកហូត ដោយសរសេរថា៖ «ខ្ញុំត្រូវបានចាប់ខ្លួន ហើយត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថខេត្ត»។
យោងតាមព័ត៌មានសាច់ញាតិ លោកម៉ិច ដារ៉ា បានធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារទៅកាន់ខេត្តព្រះសីហនុ ប៉ុន្តែនៅតាមផ្លូវត្រឡប់មកភ្នំពេញវិញ អ្នកសារព័ត៌មានរូបនេះត្រូវបានចាប់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថ នៅវេលាម៉ោង៣ និង ៥៧នាទី រសៀលនៅត្រង់ផ្លូវបំបែកស្រែអំបិលនៃផ្លូវល្បឿនលឿនឆ្ពោះមកទីក្រុងភ្នំពេញ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
សមាជិកគ្រួសារ ដែលស្ថិតក្នុងរថយន្តជាមួយលោក ម៉ិច ដារ៉ា បានឲ្យដឹងថា នៅពេលដែលរថយន្តកំពុងតម្រង់ជួរនៅបញ្ជរបង់ប្រាក់ កម្លាំងអាវុធហត្ថបានមកដល់ ដោយមានរថយន្ត៦គ្រឿង ក្នុងនោះមួយគ្រឿង ជារថយន្តកងរាជអាវុធហត្ថ និង៥គ្រឿងទៀតជារថយន្តស៊ីវិល។
លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានកម្ពុជា ដែលរាយការណ៍យ៉ាងសកម្មពីការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងឆ្នាំ២០២៣ លោកបានឈ្នះពានរង្វាន់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការរាយការណ៍នៃអំពើជួញដូរមនុស្ស។
លោក ម៉ិច ដារ៉ា ធ្លាប់ជាអ្នកសារព័ត៌មាននៅស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី មុនពេលអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានដកហូតកាលពីខែកុម្ភៈ ឆ្នាំ ២០២៣។ បច្ចុប្បន្ន លោកជាអ្នកសារព័ត៌មានឯករាជ្យ (Freelance Journalist) ៕