សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋជាង១០០នាក់តវ៉ា​សុំឱ្យ​អាជ្ញាធរបើកទ្វារទឹកអាងត្រពាំងថ្ម ដើម្បីស្រោចស្រពស្រូវជាង២ពាន់ហិកតា

ប្រជាពលរដ្ឋធ្វើស្រែខាងក្រោមអាងត្រពាំងថ្មនាំគ្នាតវ៉ាសុំឱ្យអាជ្ញាធរបើកទ្វារទឹកអាងស្រោចស្រពស្រូវពួកគាត់ដែលកំពុងត្រូវការទឹក នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)
ប្រជាពលរដ្ឋធ្វើស្រែខាងក្រោមអាងត្រពាំងថ្មនាំគ្នាតវ៉ាសុំឱ្យអាជ្ញាធរបើកទ្វារទឹកអាងស្រោចស្រពស្រូវពួកគាត់ដែលកំពុងត្រូវការទឹក នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ប្រជាពលរដ្ឋជាង១០០គ្រួសារក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅតវ៉ាដល់ទ្វារទឹកអាងត្រពាំងថ្មស្នើសុំ​ឱ្យ​អាជ្ញាធរអន្តរាគមន៍ដល់មន្ទីរធនធានទឹកជាថ្មី​ដើម្បី​បើកទ្វារទឹក ស្រោចស្រពដីស្រែពួកគាត់ជាង ២ ០០០ហិកតា​ដែលកំពុងត្រូវការទឹក ​នៅថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០២៤។

លោក ណក់ ង៉ិ ជាពលរដ្ឋម្នាក់រស់នៅភូមិប៉ោយចារបានឱ្យដឹងថាពួកគាត់នាំគ្នា​តវ៉ាឱ្យ​អាជ្ញាធរ​បើកទ្វារទឹកឱ្យបានធំដើម្បីស្រោចស្រពស្រូវពួកគាត់ដែលខ្លះ​ស្រពោនស្វិតនិង​ខ្លះងាប់​ទៅ​ហើយ​ដោយសាររាំងស្ងួតអូសបន្លាយ។ លោកបន្តថា ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​​ភូមិឃុំ​ពីរបីដងហើយដើម្បីអន្តរាគមន៍ដល់មន្ទីរធនធានទឹក បើកទ្វារទឹកឱ្យ​ប្រជាពលរដ្ឋ​​ស្រោច ស្រពស្រូវ ប៉ុន្តែគេបង្ហើបទ្វារទឹកតែមួយតឹកប៉ុណ្ណោះ មិនអាចស្រោចស្រព​ស្រូវ ពួកគាត់ខ្ទង់ពាន់ហិចតាដែលកំពុងត្រូវការទឹកបន្ទាន់បាននោះទេ។

លោក ណក់ ង៉ិ បញ្ជាក់ថា៖ «ស្រូវត្រូវការដាក់ទឹកដាក់ជី ស្រូវស្វិតអស់ហើយ គេដោះស្រាយបើកទ្វារមួយតឹកដែរ តែវាមិនបានហូរដល់ស្រែទេ បួនប្រាំថ្ងៃហូរបានកៀនៗបួនដប់ហិកតា ទឹកមានគេមិនបើកឱ្យ គេថាចាំខេត្តមកបានគេបើកឱ្យ ចាំបួនដប់ថ្ងៃហើយអត់ឃើញបើក»

លោកបន្តថា គាត់បានដាំដុះស្រូវប្រភេទ៥១និង៥៤ កន្លះខែហើយ ដែលស្រែគាត់មាន​ចម្ងាយ​ពីទ្វារអាងប្រហែល៣គីឡូ។ លោកបន្តថា ខែនេះជាខែដែលពលរដ្ឋនៅតំបន់នេះធ្វើស្រែ​រៀង​រាល់​ឆ្នាំហើយ អាជ្ញាធរតែងតែបើកទ្វារទឹកឱ្យ ប៉ុន្តែឆ្នាំនេះទឹកក្នុងអាងមានមិនឃើញអាជ្ញាធរ បើកឱ្យនោះទេ។

ពលរដ្ឋម្នាក់ទៀតលោក លន់ សេងហៀង អាយុ៣៤ឆ្នាំ ដែលដាំដុះស្រូវ៣ហិកតា​ជិតម្ភៃថ្ងៃ​ហើយ បាននិយាយថាស្រូវអាយុត្រឹម​តែ​១២ថ្ងៃវាត្រូវការទឹកដើម្បីស្រោចស្រពនិងដាក់ជី តែពេលនេះវាហួសពេលហើយ ស្រូវខ្លះស្រពោន ស្រូវខ្លះងាប់ក៏មាន។

លោកបន្តថាប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរជាង១០ថ្ងៃហើយមិនឃើញបើកទ្វារទឹកឱ្យ ទើប សម្រេចនាំគ្នាឡើងទៅតវ៉ាសុំឱ្យអាជ្ញាធរពន្លឿនការបើកទឹកដើម្បីសង្គ្រោះស្រូវពួកគាត់ បើមិន​ដោះស្រាយទេពួកគាត់នឹងបន្តឡើងទៅលើទៀត។

លោក លន់ សេងហៀង បន្ថែមថា៖ ខ្ញុំសំណូមពរឱ្យអាជ្ញាធរជួយបើកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីស្រោចស្រពស្រែ ប្រជាពលរដ្ឋយើងសង្ឃឹមតែស្រែហ្នឹងហើយជាទីពឹង បើអត់ស្រែស្រូវទៅ ឱ្យគ្នារស់ នៅធ្វើម៉េចទៅ! ទ្វារទឹកមានបួនប្រាំ សំណូមពរឱ្យបើកតែទ្វារទឹកពីរទេសុំបើកឱ្យធំ»។

លោក អឿ សុទិន អនុភូមិប៉ោយចារ បាននិយាយថាស្រូវពង្រោះប្រជាពលរដ្ឋក្នុង ភូមិប៉ោយចារប្រមាណ ជិត៤០០ហិកតាដែលត្រូវការទឹកបន្ទាន់​ដើម្បីស្រោចស្រព។ លោកបន្តថា ក្រោយពី​ប្រជាពលរដ្ឋ​ស្នើសុំ​កន្លងមក ខាងធនធានទឹកគេបើកទ្វារទឹកឱ្យ១តឹកដែរ ប៉ុន្តែ​វាមិនអាច​ស្រោច​​ស្រពទាន់នោះទេ ដែលខុសពីឆ្នាំ មុនគេបើកទ្វារទឹក​ឱ្យធំ បញ្ហានេះហើយទើប​ពលរដ្ឋ​នាំគ្នាឡើងមកតវ៉ា។

លោក ឃុត ឃួន មេឃុំប៉ោយចារ បានលើកឡើងថា ស្រូវប្រជាពលរដ្ឋក្នុងឃុំប៉ោយចារដែល​ដាំ​ដុះខ្វះខាតទឹកប្រមាណ ២ ០០០​ហិកតា ខ្លះបានដាំកន្លះខែហើយខ្លះយូរជាងនេះ។ លោកបន្តថា ពីដំបូងដៃមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋបានចុះព្រោះស្រូវ បន្ទាប់​មក​ភ្លៀង​លែង​ធ្លាក់​ធ្វើ​ឱ្យ​​ស្រូវពង្រោះពួកគាត់ស្វិតត្រូវការទឹកដើម្បីស្រោចស្រព។

លោកឱ្យដឹងទៀតថា ស្រូវដែលត្រូវការសង្គ្រោះនោះ គឺមាន៥ឃុំក្នុងស្រុកភ្នំស្រុក និង​ស្រុក​ព្រះនេត្រព្រះ សរុបខ្ទង់មួយម៉ឺនហិកតាឯណោះ ប៉ុន្តែជំហានដំបូង គឺបើកទ្វារទឹក​ដើម្បីស្រោច​ស្រពស្រូវឃុំប៉ោយចារមុនសិនព្រោះឃុំនេះនៅមុខគេ។

លោកមេឃុំបន្ថែមថា៖ «សហគមន៍ឃុំ និងស្រុកបានធ្វើពាក្យស្នើសុំទៅមន្ទីរធនធានទឹកដើម្បីសុំបើកទ្វារទឹកអាងនៅថ្ងៃទី០៤ខែមិថុនា ដោយកំណត់បើកថ្ងៃទី០៦ខែមិថុនា ប៉ុន្តែខាងមន្ទីរធនធានទឹកថារង់ចាំឆ្លងអភិបាលខេត្តសិន»

លោកមេឃុំបានបន្ថែមថា ក្រោយមានការឡើងតវ៉ារបស់ប្រជាពលរដ្ឋ មានអភិបាលរងខេត្ត​តំណាងឱ្យ អភិបាលខេត្ត និងមន្ទីរធនធានទឹកបានចុះមកសម្រេចបើកទ្វារទឹកឱ្យ​ប្រជាពលរដ្ឋ​តាមសំណូមពរចំនួនពីរទ្វារទឹក ដោយទ្វារទី១​បើករាងធំដោយស្រោចស្រពស្រូវ​ជាង​ ១ ៥០០​ហិកតា និងទ្វារទីពីរបីបួនរយហិកតាទៀត។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីផ្សេងៗជួបជាមួយ​ប្រជាពលរដ្ឋ​ដែលតវ៉ាសុំបើកទ្វារទឹកអាងត្រពាំងថ្មស្រោចស្រពស្រូវរបស់ពួកគាត់ ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

លោក យឹម ប៊ុនរ៉ុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានលើកឡើង​ផ្ទុយ​ពី​អាជ្ញាធរមូលដ្ឋានថា ប្រជាពលពលរដ្ឋឡើងមកនេះ គឺមិនមែនមកតវ៉ានោះទេ គឺពួកគាត់​ឡើង​មកសាទរដែលអាជ្ញាធរបានបើកទ្វារទឹកស្រោចស្រពស្រូវពួកគាត់ប៉ុណ្ណោះ។

 លោក យឹម ប៊ុនរ៉ុង បានថ្លែងថា៖ «គាត់មកអបអរសាទេមិនមែនតវ៉ាទេ មកអបអរសាទរ យើងបើកទឹកហ្នឹងគាត់មកមើល ឥឡូវយើងបើកអស់ហើយអភិបាលរងខេត្តអភិបាលស្រុក អីមកទាំងអស់គ្នា មិនមែនបាតុកម្មអីទេ»

ដូចគ្នាទៅនឹងការលើកឡើងរបស់ប្រធានមន្ទីរធនធានទឹកដែរ លោក ឃ្លោក នួយ អភិបាលរង​ខេត្តបន្ទាយមានជ័យ ដែលចុះមកដល់ទីតាំងប្រជាពលរដ្ឋប្រមូលផ្តុំខាងលើ មិនមែនការតវ៉ាទេ​ដោយលោកថា​ការងារនេះលោកបានរៀបចំកម្មវិធីបើកទ្វារទឹក​ជាមួយ​សហគមន៍​​ប្រើប្រាស់​ទឹក​ ហើយប្រជាពលរដ្ឋឡើងមកដើម្បីអបអរសាទរដែលអាជ្ញាធរបើកទ្វារទឹកឱ្យ។

លោកបន្តថា៖ «យើងមានគម្រោងបើកឱ្យនាព្រឹកនេះ ដល់ពេលគាត់ដឹងទៅ គាត់មកអបអរសាទរ​​ទេ មិនមែនតវ៉ាទេ យើងមានផែនការ​តាំងពីម្សិលមិញ»

លោកអភិបាលរងខេត្តបានបន្តទៀតថា ដោយសារឃើញមានការខ្វះខាតទឹក​ទើបអាជ្ញាធរ​បើក​ទ្វារទឹកសន្សំសំចៃ ប៉ុន្តែក្រោយពីមើលឃើញថាប្រជាពលរដ្ឋត្រូវការទឹកចាំបាច់ ឥឡូវ​នេះ​លោកសម្រេចបើកទ្វារទឹកទៅតាមសំណូមពររបស់ប្រជាពលរដ្ឋអស់ហើយ។ លោកថាទ្វារ​ទឹក​ផ្សេងៗ​បានគោកអស់ហើយនៅ សល់តែទ្វារទឹក២ប៉ុណ្ណោះ​ដែលទ្វារទឹកទីមួយ​បើក​កម្ពស់​៦តឹក និងទ្វារទឹកមួយទៀតកម្ពស់៤តឹក។

លោកអភិបាលរងខេត្តបន្ថែមថា៖ «ទំហំទឹកក្នុងអាងតិច ត្រូវការសន្សំសំចៃ ហើយដីបង្កបង្កើនផលច្រើន នៅចំពោះមុខខ្វះខាតជាង ០០០ហិកតា»។​ លោកបន្ថែមថា៖ «បើសិនមេឃបន្តរាំងស្ងួតទៀតខ្វះខាតទឹកដោយសារទឹកក្នុងអាងស្រក វាអាចប៉ះពាល់ត្រីក្នុងអាងទៀត ទឹកក្នុងអាងតិចជាងឆ្នាំទៅមុន ហើយរាំងស្ងួតជាងឆ្នាំទៅមិញ បើបើកអស់មិនដឹងមានទឹកណាទៀត ខ្ញុំបារម្ភត្រង់ហ្នឹង»។

លោក ស៊ុំ ចន្ទគា មន្រ្តីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ថា តាមលោក សាកសួរប្រជាពលរដ្ឋ ពួកគាត់និយាយថា ​មិនមែន​មកអបអរសាទរ​អីទេ គឺគាត់មកស្នើសុំឱ្យអាជ្ញាធរឃុំ ប៉ោយចារ ជួយអន្តរាគមន៍ធ្វើម៉េចឱ្យបើកទឹកដើម្បីសង្គ្រោះ​ស្រូវ​ពួកគាត់​ដែលកំពុងស្វិត វាជាបំណងរបស់ពួកគាត់ដែលឡើងមក។

មន្រ្តីសិទ្ធិមនុស្សរូបនេះបានស្នើឱ្យមន្រ្តីរដ្ឋដែលបម្រើរាស្រ្តគួរបង្កើត​គណៈកម្មការ​ច្បាស់លាស់​មួយដើម្បីពិនិត្យលើប្រជាពលរដ្ឋនៅតំបន់នោះថាតើពួកគាត់កំពុងជួបផលលំបាកអីខ្លះ ព្រោះ​ជារឿយៗប្រជាពលរដ្ឋដាំដុះស្រូវនៅខាងក្រោមអាងត្រពាំងថ្មនេះតែងតែមានបញ្ហាកើតឡើងខែធ្វើស្រែពេលខ្លះអស់ទឹក គាត់ធ្វើការតវ៉ាទៅគេបើកទឹកឱ្យទៅ ពេលខ្លះទឹកជំនន់​ប្រជាពលរដ្ឋ​​តវ៉ាដែរព្រោះបើកទឹកលិចស្រូវពួកគាត់។

លោក ចន្ទគា បន្ថែមថា៖ «ចឹងបង្កើតគណៈកម្មការពិនិត្យមើលផលប៉ះពាល់លើប្រជាពលរដ្ឋទាក់ទងការធ្វើស្រែអីហ្នឹង យើង​យក​ចិត្តទុកដាក់ពួកគាត់អត់ជួបហានិភ័យទេ ពួកគាត់អត់បាច់មកតវ៉ាទេ បើលិចទឹកអីយើងពិគ្រោះយោបល់ ដើម្បីបិទទ្វារទឹក រឺយ៉ាងម៉េចកុំឱ្យលិចស្រូវពលរដ្ឋកន្លែងហ្នឹង បើស្រូវស្វិតយើងបើកទ្វារទឹកយ៉ាងម៉េចសង្គ្រោះដល់ពួកគាត់ដែរ»

លោកបន្ថែមថា៖ «បើយើងទាល់តែពលរដ្ឋស្រែក ពលរដ្ឋតវ៉ា ទើបជួយសង្រ្គោះពួកគាត់ អាហ្នឹង​វាជាការខ្វះចន្លោះមួយហើយសម្រាប់​មន្រ្តីក្នុងតួនាទីរបស់រដ្ឋគឺមានការខ្វះចន្លោះ»

305 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម