សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់ផ្លូវ៦០ម៉ែត្រដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរ

ពលរដ្ឋលើកបដាតវ៉ាទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយដីផ្លូវរបស់ពួកគេក្រោយពីក្រុមហ៊ុន អាយ អិន ជី រំលោភយកដែលអូសបន្លាយជាង២ឆ្នាំ ស្ថិតនៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ឃាង សុខមាន)
ពលរដ្ឋលើកបដាតវ៉ាទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយដីផ្លូវរបស់ពួកគេក្រោយពីក្រុមហ៊ុន អាយ អិន ជី រំលោភយកដែលអូសបន្លាយជាង២ឆ្នាំ ស្ថិតនៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ឃាង សុខមាន)

ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់៦០ម៉ែត្រនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរក្រោយដីផ្លូវរួមរបស់ពួកគេទទឹង១២ម៉ែត្រ បណ្ដោយ៩០០ម៉ែត្រត្រូវបានលោកឧកញ៉ាម្នាក់បានរំលោភដោយអូសបន្លាយជាង២ឆ្នាំ​ ខណៈអាជ្ញាធរ​ពាក់ព័ន្ធអះអាងថា កំពុងគិតគូរបញ្ហាវិវាទនេះ។

បើតាមអ្នកស្រី ចាន់ ធី ជាពលរដ្ឋម្នាក់បានឱ្យដឹងថា ការបិទផ្លូវ៦០ម៉ែត្រនេះបន្ទាប់ពីពួកគាត់គ្មានជម្រើសលើវិវាទជាមួយក្រុមហ៊ុន អាយ អិន ជី ហូលឌីង ដែលអូសបន្លាយតាំងពី២០២២មក។ ស្ដ្រីវ័យ៥០ឆ្នាំរូបនេះបន្ដ​ថា ក្រុមហ៊ុនបានរំលោភយកដីផ្លូវពលរដ្ឋដែលប្រើប្រាស់៥០០គ្រួសារ​ក្នុងភូមិព្រែកថ្លឹងមានទំហំទទឹង​១២ម៉ែត្រ និងបណ្ដោយ៩០០ម៉ែត្រ។ អ្នកស្រីបន្ដថា ការតវ៉ានេះដើម្បីឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជួយអន្ដរាគមន៍លើករណីនេះ បើគ្មានដំណោះស្រាយទេ ពួកអ្នកស្រីនឹងបន្ដតវ៉ាទ្រង់ទ្រាយធំ។

អ្នកស្រីបាននិយាយថា៖ «ពលរដ្ឋ៥០០គ្រួសារប្រើប្រាស់ដីផ្លូវហ្នឹង។ គេ[ក្រុមហ៊ុន អាយ អិន ជី ហូលឌីង]​រំលោភយកតាំង២០២២មក ពួកខ្ញុំព្យាយាមស្វែងរកដំណោះស្រាយដែរ ប៉ុន្ដែគ្មានការឆ្លើយតប ទើបពួកខ្ញុំបិទ។ គេចុះមកខាងក្រុង និងខណ្ឌគេចុះមកឱ្យពួកខ្ញុំបំបែកគ្នាសិន។ ខ្ញុំចង់បានតែដីហ្នឹងមកវិញ ព្រោះដីរួមពួកខ្ញុំ»

យ៉ាងណាអ្នកស្រីឱ្យដឹងទៀតថា ដោយសារប្រឹងតវ៉ាខ្លួនអ្នកស្រីត្រូវបានខាងភាគីក្រុមហ៊ុនដាក់បណ្ដឹង​ពី​បទបំផិ្លចបំផ្លាញទាំងអ្នកស្រីមិនបានធ្វើខុសតាំងពី២០២៣មក។ អ្នកស្រីថា ពលរដ្ឋដែលជាប់បណ្ដឹងមានចំនួន៥នាក់ ខណៈអ្នកស្រីចាត់ទុកការប្ដឹងពួកអ្នកស្រីដើម្បី​ទប់ស្កាត់សកម្មភាពតវ៉ា ប៉ុន្ដែអ្នកស្រីថា ពួកអ្នកស្រីមិនព្រួយបារម្ភឡើយ។

អ្នកស្រីបន្ថែមថា៖ «គេចោទយើង[បំផិ្លចបំផ្លាញ] យើងអត់ដឹងដែរ។ ជាប់បណ្ដឹង៥នាក់នៅតុលាការ។ គេជំនុំជម្រះម្ដងហើយតែអត់ទាន់ចប់។ អត់ជាព្រួយបារម្ភទេ យើងអត់មានបានខុសផង យើងទៅភ័យអីខ្លាចអី»

ពេលអ្នកសារព័ត៌មានខេមបូចាចុះទៅសង្កេតផ្ទាល់ឃើញថា មានពលរដ្ឋជាង២០០នាក់បានប្រមូលផ្ដុំគ្នាដោយខ្លះចុះអវត្ដមាន និងខ្លះទៀត​លើកបដាទាមទារឱ្យលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួយអន្ដរាគមន៍បញ្ហាវិវាទដីធ្លីដែលមានចំនួន​៥០០គ្រួសារស្ថិតនៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបិទកំណាត់ផ្លូវ៦០ម៉ែត្រក្បែរផ្សារទំនើប​អ៊ីអន៣​​លើទំហំដីផ្លូវទទឹង១២ម៉ែត្របណ្ដោយ៩០០ម៉ែត្រដែលអូសបន្លាយចាប់តាំងពី២០២២មកម្ល៉េះ។

ចំណែកពលរដ្ឋតវ៉ាម្នាក់ទៀត គឺអ្នកស្រី ជា​ ស្រីណា អាយុ៦០ឆ្នាំ រស់នៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ បាននិយាយថា ការតវ៉ារបស់ពលរដ្ឋ គឺចង់បានតែដីដែលក្រុមហ៊ុនរំលោភយកមកវិញ មិនមានចេតនាបង្កភាពវឹកវរដល់សង្គមឡើយ។ អ្នកស្រីរៀបរាប់បន្ដថា កន្លងមកពលរដ្ឋ​នាំគ្នាតវ៉ាច្រើនដងមកហើយ ប៉ុន្ដែខាងអាជ្ញាធរហាក់មិនអើពើលើបញ្ហានេះ រហូតពលរដ្ឋសម្រេចចិត្ដនាំបិទផ្លូវតវ៉ាដូច្នេះ។

អ្នកស្រីបន្តថា៖ «ផ្លូវ១២ម៉ែត្រគេ[អាជ្ញាធរ]មិនដោះស្រាយឱ្យ បានពួកខ្ញុំបិទផ្លូវតវ៉ា។ តវ៉ានេះច្រើនដងហើយតាំង២០២២មកចាប់ពីមានជម្លោះនឹងក្រុមហ៊ុន អាយ អិន ជី ហ្នឹងមក។ ក្រុមហ៊ុនអត់ចេញមុខដោះស្រាយឱ្យយើង មិនដឹងគេគិតម៉េចគេ ខ្ញុំអត់យល់។បើគេមិនដោះស្រាយយើងតវ៉ាទៀតចឹងទៅ»

ខេមបូជា មិនអាចសុំការបំភ្លឺពីភាគីក្រុមហ៊ុន អាយ អិន ជី ហូលឌីង បានទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។

តែយ៉ាងណាស្ថាបនិក​របស់​ក្រុមហ៊ុន អាយ អិន ជី ហូលឌីង ​​គឺ​ឧកញ៉ា អ៊ឹង ប៊ុនហូវ, ឧកញ៉ា លឹម រស់ និង​ឧកញ៉ា លឹម ប៊ុនសួរ ដែលឧកញ៉ាទាំង​បី​រូប​នេះ​ ​​បាន​ចូលហ៊ុន​គ្នា​បង្កើត​ក្រុមហ៊ុន​រួម​គ្នា តាំងពី​ឆ្នាំ១៩៩៣ ហើយ​ច្រើន​ឆ្នាំ​កន្លង​មក ​​ក្រុមហ៊ុន​មាន​ការ​រីកចម្រើន​ជា​បន្ត​បន្ទាប់ រហូត​បង្កើត​បាន​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​មួយ​​ឈ្មោះ​ថា AZ Group។

បើតាមអង្គការលីកាដូបានចេញរបាយកាណ៍កាលពី២០២០រកឃើញថា ប្រជាពលរដ្ឋ​ជាង​មួយ​លាន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ការកើនឡើង​នូវ​ទឹកជំនន់​ និង​មាន​មនុស្ស​ជាង​មួយ​ពាន់​គ្រួសារ​ទៀត​កំពុង​ប្រឈម​នឹងការ​បណ្តេញ​ចេញ ​ការបាត់បង់​ប្រាក់​ចំណូល ​និង​អសន្តិសុខ​ស្បៀង ​ដោយសារ​តែគម្រោង​អភវិឌ្ឍន​ អាយ ​អិន ជី​ ស៊ីធី ​(ING City)​ និង​គម្រោង​ផ្សេងៗ​ទៀត​ដែលបា​ននិង​កំពុង​ធ្វើឱ្យ​ប៉ះពាល់​តំបន់​បឹងទំពុន​ ឬជើងឯក​ដែលស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។

បើតាមលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ មានប្រសាសន៍ថា បញ្ហានេះខាងអាជ្ញាធរកំពុងតែពន្លឿនកិច្ចការងារនេះ តែអ្នកស្រីសុំមិនអត្ថាធិប្បាយបន្ថែម។

អភិបាលខណ្ឌដង្កោរូបនេះថ្លែងថា៖ «សុំទោសហើយ អត់ហ៊ានឆ្លើយជាមួយ តែអាជ្ញាធរធ្វើការហ្នឹងរាល់ថ្ងៃរាល់ រាល់ពេលទេ អរគុណច្រើនបង»។​

មាត្រា ៣២នៃរដ្ឋធម្មនុញ្ញចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន ។ មាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច​ សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

លោក​ ម៉េត មាសភក្ដី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ​ បានប្រាប់ ខេមបូចា ថា លោកបានដឹងរឿងរ៉ាវនៃការតវ៉ាពលរដ្ឋ ប៉ុន្ដែលោកថា​ លោកឆែកទៅអ្នកទទួលបន្ទុកសិនថា មានចំណាត់ការយ៉ាងណាលើបញ្ហានេះ។

លោកថ្លែងថា៖‍ «ខ្ញុំនឹងរឿងហ្នឹងហើយ។ខ្ញុំឆែកសិនទៅអ្នកទទួលបន្ទុកសិនថា គេមាន​​ចំណាត់ការយ៉ាងណាសិន អរគុណ»

បើតាមលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ​ គូសបញ្ជាក់ថា​ ការអូសបន្លាយ​វិវាទដីធ្លីពលរដ្ឋវារុញច្រាន​ឱ្យពលរដ្ឋជួបវិបត្ដិធ្ងន់ធ្ងរដោយយករូបភាពបាតុកម្មដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។ លោកបន្ដថា ស្ថាប័នពាក់ព័ន្ធគួរពន្លឿន​យន្ដការដោះស្រាយឱ្យទាន់ពេល មុននឹងពលរដ្ឋធ្លាក់ក្នុងវិបត្ដិជីវភាព វិបត្ដិបំណុល។

លោកថ្លែងថា៖ «ពលរដ្ឋអស់ជម្រើសលើដំណោះស្រាយទើបពលរដ្ឋសម្រេចយកបាតុកម្មនេះ។ បញ្ហានេះសូមអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពន្លឿននីតិវិធីដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋឱ្យបានលឿន។ បញ្ហាហ្នឹងកើតឡើងគឺពលរដ្ឋទេអ្នករងគ្រោះតាមរយៈបទចោទផ្សេងៗ​អានេះជាក្ដីបារម្ភរបស់យើង»

អង្គការសមាគមធាងត្នោតបានចេញរបាយការណ៍កាលពីឆ្នាំ២០២៣និយាយថា ពលរដ្ឋ​៣​​ខេត្ដ​​រងគ្រោះដោយបណ្ដេញចេញទាំងបង្ខំ និងមិនទទួលបាននូវសំណងសមរម្យ១២ករណី ខណៈ​​សង្គមស៊ីវិលផ្សេងទៀតថា​ ការចេញរបាយការណ៍នេះ គឺជាការរួមចំណែកមួយក្នុងការ​ជំរុញដល់រដ្ឋាភិបាលថ្មីងាកមកគិតគូរពីបញ្ហាសិទ្ធិមនុស្សកាន់តែខ្លាំង។

អង្គការសមាគមធាងត្នោតបានចាត់ទុកការបណ្ដេញចេញទាំងនេះ ថា ជាការរំលោភលើច្បាប់សិទ្ធិមនុស្ស​អន្ដរជាតិ ជាពិសេសសិទ្ធិទទួលបានលំនៅឋានសមរម្យ។

ចំណែកឯរបាយការណ៍​​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក ​​ចុះ​ថ្ងៃទី​៨ ​ខែកុម្ភៈ ឆ្នាំ២០២៤ រកឃើញថា រយៈពេ​ល​​​៤ឆ្នាំ គិតពីឆ្នាំ២០១៩ ​វិវាទ​ដីធ្លី ​១៦៩​ ករណីបានកើតឡើង លើដី​ទំហំជាង៥ម៉ឺនហិកតា៕

112 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម