ពលរដ្ឋជាង៣០០គ្រួសាររស់នៅស្រុកឈូកខេត្តកំពតស្នើឱ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីដែលពួកគេបានរស់នៅនិងអាស្រ័យផលជាង២០ឆ្នាំ ប៉ុន្តែត្រូវបានរងការយាយីពីសំណាក់ក្រុមហ៊ុនឯកជនចាប់ពីឆ្នាំ២០២០ ខណៈឆ្នាំ២០២១ ពលរដ្ឋថាដីប្រមាណ ៥ ០០០ហិកតាត្រូវបានរដ្ឋកាត់ឱ្យក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះកាឡាក់ស៊ីណាវ៉ាត្រា។
តំណាងពលរដ្ឋនៃឃុំចំនួន៤ លោក សុង ថន បានប្រាប់ខេមបូចា ឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៣៥១គ្រួសារ ភាគច្រើនគឺជាពលរដ្ឋរស់នៅឃុំត្រពាំងភ្លាំង ឃុំតេជោ ឃុំពង្រក់ជ័យល័ក្ស និងឃុំវាលថ្លាន់មួយរយ ក្នុងស្រុកឈូក ខេត្តកំពត ដែលបានបោះទីលំនៅពីឆ្នាំ២០០០ នៅពុំទាន់ទទួលបានប្លង់កម្មសិទ្ធិដីធ្លីនៅឡើយ ដោយលោកថា កន្លងមកអាជ្ញាធរបានចុះមកវាស់វែងដែរ ប៉ុន្តែក៏ស្ងាត់ទៅវិញក្រោយរដូវកាលបោះឆ្នោតបានបញ្ចប់។
លោកបញ្ជាក់ថា៖ «ប្លង់អត់ទាន់មានទេ! ប្រជាពលរដ្ឋមករស់នៅទីនេះតាំងពីឆ្នាំ២០០០មកម្ល៉េះ ប៉ុន្តែអត់ទាន់មានប្លង់អីទេ។គ្រាន់តែមកចុចៗហើយ[ធ្វើការវាស់វែងដី] អត់មានឱ្យសាលាកបត្រ ឫក៏ចុងសន្លឹកឱ្យគាត់ទេ នៅទាំងអស់»។
ជាតំណាងពលរដ្ឋដែលរស់នៅឃុំពង្រក់ជ័យល័ក្ស លោក សុង ថន ឱ្យដឹងបន្ថែមថា កន្លងមកប្រជាសហគមន៍ទាំង៤ឃុំ បានទៅដាក់ញត្តិស្នើដល់អាជ្ញាធរនៅគ្រប់ជាន់ថ្នាក់ឱ្យជួយស្វែងរកដំណោះស្រាយជាច្រើនលើកច្រើនសារ ដោយគិតចាប់ពីឆ្នាំ២០២០ក្រោយពួកគេរងការយាយីពីសំណាក់សន្តិសុខរបស់ក្រុមហ៊ុន សូ ងួន ប៉ុន្តែហាក់មិនមានជាលទ្ធផល។ ក្នុងនោះ លោកបន្ថែមថា កាលពីឆ្នាំ២០២១ រដ្ឋបានកាត់ដីប្រមាណ ៥ ០០០ហិកតា ដែលបានមកពីខាងភាគីក្រុមហ៊ុន សូ ងួន និងក្រុមហ៊ុន ហ្វីសបាយអូថេក អេហ្គ្រីខលឈើរ៉ល របស់លោក ចាង រឹទ្ធា ទៅឱ្យក្រុមហ៊ុនកាឡាក់ស៊ីណាវ៉ាត្រា តែក្រោមគម្រោងអ្វីនោះលោកពុំដឹងឡើយ។
យ៉ាងណា លោកថារហូតមកទល់ពេលនេះប្រជាពលរដ្ឋតែងទទួលរងនូវការគាបសង្កត់ ការគំរាមកំហែង និងការបៀតបៀនលំនៅដ្ឋានពីសំណាក់ក្រុមសន្តិសុខរបស់ក្រុមហ៊ុនទាំងនោះជាប្រចាំ។ លោកបន្តថា តាមរយៈនេះវាបានធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយអ្នកខ្លះមិនបានចេញទៅប្រកបរបរនៅខាងក្រៅឡើយ ដោយសារខ្លាចគេមករុះរើផ្ទះនិងឈូសឆាយដីចម្ការ។ ប៉ុន្តែពួកគាត់នៅតែបន្តអះអាងថានឹងមិនចាកចេញពីកន្លែងដែលខ្លួនបានរស់នៅនិងអាស្រ័យផលជាយូរឆ្នាំមកហើយនោះឡើយ។
ពលរដ្ឋរស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត អ្នកស្រី ឡែម សូនិត បានឱ្យដឹងថា គាត់បានមករស់នៅទីនេះក្នុងឆ្នាំ២០០២ ដោយអ្នកស្រុកបានរស់នៅជាធម្មតាដែលអាស្រ័យផលនឹងដីចម្ការ។ ប៉ុន្តែអ្នកស្រីបន្តថា ចាប់តាំងពីឆ្នាំ២០២០មក ស្រាប់តែមានក្រុមសន្តិសុខរបស់ក្រុមហ៊ុន សូ ងួន ចុះមករុះរើផ្ទះសម្បែង និងឈូសឆាយដំណាំរបស់ពួកគាត់ ដោយអះអាងថាដីដែលពួកគាត់កំពុងរស់នៅជារបស់ក្រុមហ៊ុនដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។ ជាមួយគ្នា អ្នកស្រីបន្ថែមថា នៅពេលពលរដ្ឋទៅសុំការអន្តរាគមន៍ពីសំណាក់អាជ្ញាធរឃុំ គឺពុំមានការឆ្លើយតបដោយសមប្រកបនោះឡើយ។
អ្នកស្រីថា៖ «គាត់ថា ពួកខ្ញុំសុទ្ធតែទៅនៅលើដីគេមានប្លង់។ ហើយមិនដឹងប្លង់ធ្វើតាំងពីអង្កាល បើពួកខ្ញុំនៅលើហ្នឹងយូរហើយ[..]និយាយទៅខាងអាជ្ញាធរក៏គាត់នៅថាអ៊ីចឹង[រស់នៅលើដីគេមានប្លង់] ដល់ពេលស្រុកក៏ថាអ៊ីចឹង ដល់ពេលខាងក្រុមហ៊ុនក៏គាត់ថាអ៊ីចឹង។ហើយខ្ញុំថាប្លង់ពីណាមិនព្រមបង្ហាញមក ហើយអត់មានបង្ហាញឱ្យឃើញផងគាត់ចេះតែថាៗទៅ។»។
ចំណែកពលរដ្ឋម្នាក់ទៀត អ្នកស្រី កែ វណ្ណនាថ ដែលរស់នៅភូមិដដែលនោះ បានឱ្យដឹងបន្ថែមថា ក្រៅពីការយាយីពីសំណាក់ក្រុមហ៊ុន ក៏ដូចជាការមិនទទួលបានប្លង់កម្មសិទ្ធិដីធ្លី គឺប្រជាពលរដ្ឋមានការប្រឈមខ្លាំង ដោយអ្នកស្រីថា នៅតំបន់នេះគឺពុំទាន់មានការផ្គត់ផ្គង់ទឹក ភ្លើង សាលារៀន មណ្ឌលសុខភាព និងផ្លូវថ្នល់នៅឡើយទេ។ អ្នកស្រីបន្តថា កន្លងមកប្រជាពលរដ្ឋក៏បានស្នើសុំដល់អាជ្ញាធរដើម្បីធ្វើផ្លូវផងដែរ ប៉ុន្តែអាជ្ញាធរថានឹងមិនទទួលស្គាល់នោះឡើយ ទោះបីប្រជាពលរដ្ឋថានឹងប្រមូលថវិកាគ្នាធ្វើដោយខ្លួនឯងក្ដី។
អ្នកស្រីថា៖ «គាត់ថាគាត់អត់ទទួលនោះទេបើយើងធ្វើអ៊ីចឹង គាត់អត់ដឹងទេ។ បើយើងធ្វើកើតក៏ធ្វើទៅ ទោះធ្វើក៏គាត់អត់ទទួលស្គាល់ដែរ»។
អ្នកស្រី ឱ្យដឹងទៀតថា ពលរដ្ឋនៅតែបន្តបារម្ភពីសុវត្ថិភាពរបស់ពួកគេ ដោយសារការគំរាមកំហែងនៅតែបន្តកើតមាន ជាពិសេសគឺក្រុមសន្តិសុខរបស់ក្រុមហ៊ុន សូ ងួន បានចុះដើរល្បាតនៅជុំវិញផ្ទះប្រជាពលរដ្ឋទាំងថ្ងៃនិងយប់។មួយវិញទៀត អ្នកស្រីបន្ថែមថា កាលពីយប់ដើមខែធ្នូនេះក៏មានការបន្លឺឡើងនូវស្នូរកាំភ្លើងចំនួន៦គ្រាប់ផងដែរ។
ចំណែកពលរដ្ឋមានបញ្ហាដីធ្លីម្នាក់ទៀត អ្នកស្រី ង៉ែត យឿន ដែលរស់នៅចំណុចវាលថ្លាន់មួយរយ បានឱ្យដឹងថា កាលពីអំឡុង ខែសីហា ឆ្នាំ២០២១ ភាគីក្រុមហ៊ុនកាឡាស៊ីណាវ៉ាត្រា បានមកសុំទិញដីរបស់អ្នកស្រី ដោយអះអាងថានឹងផ្តល់ប្រាក់កក់៤ពាន់ដុល្លារជាមុន។ ប៉ុន្តែអ្នកស្រីបានបដិសេធមិនលក់ដីនេះ ដោយអះអាងថាជាកន្លែងជ្រកកោន និងអាស្រ័យផលពីការធ្វើកសិកម្ម។ មួយវិញទៀត ស្ត្រីរូបនេះបានបញ្ជាក់ថា ប្រាក់កក់ដែលក្រុមហ៊នអះអាងថាផ្តល់ឱ្យមិនអាចផ្គត់ផ្គង់ការចំណាយបានគ្រប់គ្រាន់នោះទេ។
អ្នកស្រី យឿន បានឱ្យដឹងថា ការបដិសេធមិនព្រមលក់ដីនិងទទួលប្រាក់កក់៤ពាន់ដុល្លារនេះ ត្រូវបានភាគីសន្តិសុខក្រុមហ៊ុនបានមកធ្វើទុកបុកម្នេញម្ដងហើយម្ដងទៀតដោយអំពើហិង្សានិងបណ្តេញចេញព្រមទាំងប្រើប្រាស់គ្រឿងចក្រឈូសឆាយថែមទៀត។
អ្នកស្រីថា៖«៤០០០$ខ្ញុំទៅទិញដីធ្វើតូបចេកចៀនលក់ក៏វាមិនបានផង។ ដល់ពេលខ្ញុំអត់លក់គេ[សន្តិសុខក្រុមហ៊ុន]លើកគ្នាមកបណ្ដេញ មកវាយមកអី ជាន់ខ្ញុំអ៊ីចឹងទៅ។ ហើយក៏ស្ងាត់ពីរថ្ងៃអី គេមកសុំទិញទៀត ខ្ញុំអត់ព្រមលក់អ៊ីចឹងទៀតគេយកអីយកអីមកកាយ ហើយគេថាគេត្រូវតែកាយ»។
អ្នកស្រី ឱ្យដឹងបន្ថែមថា ក្រោយរងការគំរាមកំហែងរួមនឹងការប្រើហិង្សាបណ្តេញចេញនេះ បានជំរុញចិត្តឱ្យគាត់ស្នើសុំអាជ្ញាធរឱ្យជួយរកដំណោះស្រាយលើបញ្ហានេះ ប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធមិនមកទោះបីអ្នកស្រីថារងការវាយដំក៏ដោយ។
អ្នកស្រីថា៖«អាជ្ញាធរខ្ញុំស្នើទៅ ទាក់ទងទៅសុំឱ្យមានអន្តរាគមន៍ឱ្យខ្ញុំផង។ ខ្ញុំជាប្រជាពលរដ្ឋរស់នៅកន្លែងហ្នឹង! ខ្ញុំជាពលរដ្ឋដែរ ដល់ហើយអត់មក គេអត់មកតែម្ដង។ ពេលថ្ងៃគេវាយខ្ញុំ ក៏គេអត់មក»។
យ៉ាងណាមិញ មេការខាងគ្រឿងចក្ររបស់ក្រុមហ៊ុនសូ ងួន លោក សុខ ចាន់ ឱ្យដឹងថា មួយរយៈក្រោយនេះគឺលោកពុំបានទៅយាយី និងឈូសឆាយដីដំណាំរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែលោកថាបើនៅមានគឺមានតែនៅចំណុចវាលថ្លាន់មួយរយដែលជាសន្តិសុខខាងក្រុមហ៊ុនកាឡាក់ស៊ីណាវ៉ាត្រា។ លោកបន្តថា ការណ៌ដែលនាំឱ្យលោកបញ្ឈប់សកម្មភាពយាយីនិងឈូសឆាយដីដំណាំរបស់ពលរដ្ឋនេះគឺក្រោយពេលដែលអភិបាលខេត្តកំពត លោក ម៉ៅ ធនិន្ទ បានចុះមកអន្តរាគមន៍ និងផ្ដល់ជាដំណឹងដល់ភាគីទាំងសងខាងថានឹងរកដំណោះស្រាយជូននៅកន្លែងមានវិវាទដីធ្លីដោយផ្ទាល់កាលពីប៉ុន្មានខែមុននេះ។
លោកបញ្ជាក់ថា៖ «តាំងពីពេលលោកអភិបាលខេត្តចុះមក គាត់ថាពលរដ្ឋដែលរស់នៅកន្លែងណាឱ្យនៅកន្លែងហ្នឹង ដើម្បីរង់ចាំការដោះស្រាយ។ដល់អ៊ីចឹងទៅ ប្រជាជននៅខាងក្រុមហ៊ុន សូ ងួន គាត់នៅហ្នឹងដដែល»។
ចំណែកឯមេឃុំត្រពាំងភ្លាំង លោក ថាវ វណ្ណារ៉េត បានឱ្យដឹងថា ពាក់ព័ន្ធនឹងការធ្វើប្លង់កម្មសិទ្ធិដីធ្លីនេះ គឺអាជ្ញាធរបានចុះវាស់វែងនិងមានជាគំនូសផែនទីរួចរាល់តាំងពីឆ្នាំ២០១៥ ប៉ុន្តែគ្រាន់តែថាអាជ្ញាធរនៅពុំទាន់ចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅឡើយ។
លោកបន្តថា ទាក់ទិននឹងរឿងនេះ ខាងក្រុមហ៊ុន សូ ងួន ក៏បានយល់ព្រមធ្វើសម្បទានដីដែលអាជ្ញាធរបានវាស់វែងរួចជូនប្រជាពលរដ្ឋផងដែរ។ ក្នុងនោះ លោកបន្ថែមថា មកទល់ពេលនេះអាជ្ញាធរពាក់ព័ន្ធ ក្រោមការគ្រប់គ្រងដោយលោកអភិបាលខេត្តកំពត កំពុងចុះពិនិត្យនិងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយបានធ្វើផែនទីរួចរាល់ផងដែរ។
លោកមេឃុំថា៖ «លោកអភិបាលខេត្តនឹងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ មិនព្រងើយកន្តើយទេ។ ហើយអ្វីដែលជាការពិតនោះលោកនឹងបង្ហាញផែនទីមកហើយថាបងប្អូននៅជាក់ស្ដែង ដាំជាក់ស្ដែងនៅតំបន់ណានោះ។ លោកនឹងដោះស្រាយដោយសុភវិនិច្ឆ័យហើយ លោកមិនលំអៀងនោះទេ»។
មេឃុំត្រពាំងភ្លាំង ក៏បានបញ្ជាក់ផងដែរថា ចំពោះដីក្រុមហ៊ុនវើល៍គ្រិស្តា របស់លោក សូ ងួន គឺមានទំហំជាង៦១០០ហិកតា។ ក្នុងនោះ លោកបន្ថែមថា ការកាត់ដីពីក្រុមហ៊ុន សូ ងួន និងក្រុមហ៊ុន ហ្វីសបាយអូថេក អេហ្គ្រីខលឈើរ៉ល របស់លោក ចាង រឹទ្ធា ទៅឱ្យក្រុមហ៊ុនកាឡាក់ស៊ីណាវ៉ាត្រា គឺមានពិតប្រាកដមែន ប៉ុន្តែលោកថាសម្រាប់ទំហំដីប្រមាណ៥០០០ហិកតា គឺមិនដល់តាមការលើកឡើងរបស់ពលរដ្ឋនោះឡើយ។
ចំណែកឯអភិបាលស្រុកឈូក លោក នាក់ សុវណ្ណរី ក៏បានបញ្ជាក់ប្រាប់ខេមបូចា កាលពីថ្ងៃទី៧ខែធ្នូ ផងដែរថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តបានសហការជាមួយអាជ្ញាធរស្រុក ដើម្បីពិភាក្សានិងចុះវាស់វែងនៅទីតាំងដែលកំពុងមានវិវាទដីធ្លី ដោយលោកបន្តថា កិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាស់វែងក៏ទើបតែបញ្ចប់ទៅថ្មីៗនេះផងដែរ។
លោកថា៖ «បាទៗ! ឃើញក្រុមការងារខេត្តសហការនឹងក្រុមការងារស្រុកហ្នឹង ចុះទៅវាស់វែងរាល់ថ្ងៃ។ ដោយពីម្សិលម្ង៉ៃឃើញគាត់ប្រជុំបូកសរុបលទ្ធផល តែមិនទាន់ដឹងថាយ៉ាងម៉េចនោះដែរណាក្មួយ»។
លោក ប៉ែន វុទ្ធា មន្រ្តីឃ្លាំមើលនៃអង្គការ លីកាដូ ប្រចាំខេត្តកំពត បានឱ្យដឹងថា ទាក់ទិននឹងករណីនេះ លោកថា អាជ្ញាធរគួរតែបង្កើតគណៈកម្មការមួយដើម្បីធ្វើការចុះពិនិត្យ និងធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដើម្បីបែងចែកឱ្យដឹងថាពលរដ្ឋណាខ្លះដែលមានសិទ្ធិក្នុងការទទួលបានដីស្របច្បាប់ និងពលរដ្ឋណាខ្លះដែលមិនមានសិទ្ធិទទួលបាន។ លោកបន្ថែមថា ការណ៌នេះ គឺតម្រូវឱ្យអាជ្ញាធរធ្វើការណែនាំឱ្យពលរដ្ឋបានធ្វើការដាក់ពាក្យស្នើសុំតាមរយៈគោលនយោបាយដីសម្បទានសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រ។
លោក វុទ្ធា ថ្លែងថា៖ «អ្វីដែលសំខាន់អាជ្ញាធរគួរតែធ្វើអត្តសញ្ញាណកម្មជូនពួកគាត់ ដោយត្រូវចុះទៅស្រង់ស្ថិតិឫក៏ស្រង់ពីទិន្នន័យឱ្យបានច្បាស់លាស់ថាតើប្រជាពលរដ្ឋណាដែលកាន់កាប់យូរឆ្នាំហើយ និងប្រជាពលរដ្ឋណាដែលចូលថ្មី។ ហើយធ្វើការពិចារណាក្នុងការសម្រេចចិត្តក្នុងការផ្ដល់ដីសម្រាប់ឱ្យពួកគាត់ទទួលបានសិទ្ធិស្របច្បាប់នោះ»។
ជាមួយគ្នានេះ លោក វុទ្ធា បានបន្តថា អាជ្ញាធរគួរតែបង្កើនការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងធ្វើការកំណត់ព្រំរវាងក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ ឫដីសម្បទានឱ្យបានច្បាស់លាស់រវាងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនិងរបស់ក្រុមហ៊ុន ចៀសវាងការភ័ន្តច្រឡំដែលនាំឱ្យមានបញ្ហាណាមួយកើតឡើង។
លោក វុទ្ធា បន្ថែមថា៖ «ព្រោះអី បើសិនជាមានតែក្រុមហ៊ុន ឬក្រុមណាមួយទៅអះអាងថាដីហ្នឹងជារបស់ក្រុមហ៊ុននោះក្រុមហ៊ុននេះ។ អ៊ីចឹងទៅវាអត់មានភាពច្បាស់លាស់សម្រាប់ប្រជាពលរដ្ឋនោះទេ។ អ៊ីចឹងទៅវាកាន់តែមានរូបភាពនៃការរំលោភបំពានសិទ្ធិដីធ្លីរបស់ពលរដ្ឋអាស្រ័យផលជាក់ស្ដែងនៅតំបន់នោះ កាន់តែច្រើនឡើងទៀត»។
លោក សុង ថន តំណាងសហគមន៍នៃឃុំទាំង៤ បានទទូចឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋដើម្បីពួកគាត់ទទួលបានប្លង់កម្មសិទ្ធិពេញលេញ ការពារការជ្រៀតជ្រែកពីភាគីក្រុមហ៊ុន ដោយលោកអះអាងថា ប្រជាពលរដ្ឋទាំងនោះមិនចង់បានអ្វីក្រៅពីទីលំនៅ និងដីធ្លីដែលពួកគាត់បានអាស្រ័យផលប្រមាណ២០ឆ្នាំមកនេះ។
លោកបានថ្លែងបន្ថែមថា៖ «ប្រជាពលរដ្ឋសុំតែមួយរស់ទេតើ សុំតែមួយរស់ទេ សុំអាជ្ញាធរជួយកាប់ឆ្កៀលដីជូនពួកគាត់ និងជួយផ្ដល់សិទ្ធិសេរីភាព កុំឱ្យមានអ្នកដែលមកធ្វើបាបពួកគាត់ចេះតែបំផ្លើសបំភ្លៃ យកអាសម្បត្តិផ្ទាល់ខ្លួន យកមកធ្វើបាបពួកគាត់ គាបសង្កត់ពួកគាត់ កន្លងមកពួកគាត់រស់នៅពិបាកណាស់។»៕