អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនមន្ត្រីនគបាលជាន់ខ្ពស់ពីររូបនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងក្រោយរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងការកាប់ទន្ទា្រនកាន់កាប់ដីព្រៃលិចទឹករាប់ពាន់ហិកតានៅបឹងទន្លេសាបដោយខុសច្បាប់ ខណៈមន្ត្រីសង្គមស៊ីវិលជំរុញឲ្យមានការស៊ើបអង្កេតដោយតម្លាភាព និងគ្មានការរើសអើង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ បានឲ្យដឹងថា លោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំ និង លោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបញ្ជានៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួននៅថ្ងៃទី១៦ ខែធ្នូ។ ការឃាត់ខ្លួននេះ បន្ទាប់ពីបានសាកសួរ និងបានរកឃើញថា មន្ត្រីទាំងពីរនាក់បានជាប់ពាក់ព័ន្ធនឹងការកាន់កាប់ និងលក់ដីព្រៃលិចទឹកក្នុងតំបន់បី ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ACU នឹងបន្តនីតិវិធីផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលទាំងពីររូបនេះ ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃសុក្រនេះ ពួកគេនៅមិនទាន់បញ្ជូនទៅតុលាការនៅឡើយនោះទេ។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ខេមបូចា ថា ករណីនគរបាលទាំងពីររូបនេះនៅមិនទាន់បញ្ចប់នីតិវិធីនៅឡើយនោះទេ។
លោកថ្លែងថា៖ «យើងមានពេល២៤ម៉ោងដើម្បីកសាងសំណុំរឿង ទើបយើងអាចសន្និដ្ឋានថានឹងត្រូវចោទពីបទល្មើសអ្វីខ្លះ»។
លោក យិនទៀង បានបដិសេធការធ្វើអត្ថាធិប្បាយលើការស៊ើបអង្កេតអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត រួមទាំងករណីអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈូ ចាន់ឌឿន។
លោក បានបន្ថែមថា៖ «ករណីផ្សេងពីនេះ យើងគ្មានអ្វីអត្ថាធិប្បាយទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៨ វិច្ឆិកា បានបញ្ជាឲ្យបង្ក្រាបលើការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប បន្ទាប់ពីទទួលបានរបាយការណ៍ពី លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា ពីការរំលោភកាន់កាប់ដីព្រៃលិចទឹករាប់ពាន់ហិកតាដោយខុសច្បាប់។ លោក ហ៊ុន សែនបានបញ្ជាឲ្យមន្ត្រីដែលពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃលិចទឹកចូលមកសារភាព និងត្រូវប្រគល់ដីមកឲ្យរដ្ឋវិញដើម្បីគេចផុតពីការចាប់ខ្លួន។
លោក ឈូ ចាន់ឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានគេរាយការណ៍ថា បានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកទំហំ ២០០០ហិកតា ខណៈលោក ស៊ុំ សុជាតិ ត្រូវបានរកឃើញថាបានកាន់កាប់ដីព្រៃលិចទឹកជាង៦០០ហិកតា។ ប៉ុន្តែមកដល់ពេលនេះ មានតែមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំពីររូបប៉ុណ្ណោះត្រូវបាននាំខ្លួនមកសាកសួរ និងឃាត់ខ្លួនពាក់ព័ន្ធនឹងការរំលោភដីព្រៃលិចទឹករាប់ពាន់ហិកតានេះ។
ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ធ្នូ មានអ្នកពាក់ព័ន្ធជាង ៥ ០០០នាក់នៅក្នុងស្រុកបី រួមមានស្រុកកំពង់លែង បរិបូរណ៍ និងស្រុកជល់គិរី បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកមកឲ្យអាជ្ញាធរដែលមានទំហំសរុប ២៤ ០០០ហិកតា។
យោងតាមលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថាគិតត្រឹមថ្ងៃទី ១៦ ធ្នូ អាជ្ញាធរខេត្តបានរឹបអូសដីព្រៃលិចទឹកបានចំនួន ២ ៤០០ហិកតា ដែលភាគច្រើនកាន់កាប់ដោយប្រជាពលរដ្ឋ។
លោកបន្តថា៖ «នៅខេត្តសៀមរាប មិនទាន់រកឃើញថាមានមន្ត្រីពាក់ព័ន្ធនៅឡើយទេ ហើយភាគច្រើនដីទាំងនោះត្រូវបានកាន់កាប់ដោយប្រជាពលរដ្ឋ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានស្វាគមន៍ចំពោះវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែបានជំរុញឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យហ្មត់ចត់ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកទទួលខុសត្រូវចំពោះមុខច្បាប់ស្មើៗគ្នា។
លោកថ្លែងថា៖ «អ្វីដែលមហាជនចង់ដឹង គឺការស៊ើបអង្កេតករណីនេះជាប្រព័ន្ធ ហើយជនសង្ស័យដែលពាក់ព័ន្ធត្រូវតែធ្វើការស៊ើបអង្កេត»។
លោកបន្តថា កន្លងមកមានករណីអាជ្ញាធរអនុវត្តតែទៅលើមន្ត្រីតូចតាច ដោយមិនហ៊ានធ្វើការស៊ើបអង្កេតលើមន្ត្រីដែលមានអំណាច ឬអ្នកដែលមានខ្នងបង្អែកនោះទេ ដែលនាំឲ្យមានការរិះគន់ពីមហាជន។
លោកថ្លែងថា៖ «កន្លងមកយើងមានករណីបែបហ្នឹង គឺការអនុវត្តច្បាប់មានលក្ខណៈរើសអើងចំពោះអ្នកដែលត្រូវគេស៊ើបអង្កេត និងអ្នកដែលគេមិនហ៊ាន អញ្ចឹងគឺនៅមានបញ្ហាហ្នឹង»។ ដោយបន្ថែមថា៖ «បើផ្អែកលើបទពិសោធន៍ចាស់ៗកន្លងមក ហើយសាធារណៈជនក៏មានការព្រួយបារម្ភបញ្ហាហ្នឹងដែរ។ អញ្ចឹងខ្ញុំគិតថា ដើម្បីជំរុញឲ្យករណីហ្នឹងទៅមុខបានដោយប្រសិទ្ធភាពទាល់តែយើងធ្វើការអនុវត្តច្បាប់ដោយស្មើភាពគ្នា និងមិនរើសអើង ទោះបីជាអ្នកធំ អ្នកតូច ឬជាប់ខ្សែស្រឡាយខាងណាក៏ដោយ»។
យោងតាមអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ការទន្ទ្រានកាន់កាប់ដៃព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបបានកើតឡើងតាំងពី១០ឆ្នាំមកម្ល៉េះ។ នៅឆ្នាំ ២០១០ រដ្ឋាភិបាលបានចេញប្រកាសស្តីពីការគ្រប់គ្រងដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដោយបានកំណត់ដីព្រៃលិចទឹកជាង ៦៩០ ០០០ហិចតា ជាតំបន់អភិរក្ស៕