សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ និងឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទ«រំលោភអំណាច និងបទសម្អាតប្រាក់» នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនលោកទៅតុលាការកាលពីល្ងាចសៅរ៍។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងបានថ្លែងប្រាប់ ខេមបូចា នៅរសៀលនេះថា តុលាការបានសម្រេចឃុំខ្លួនអតីតអភិបាលក្រុងកែប លោក ខេង យ័ន ដោយបានបញ្ជូនទៅពន្ធនាគារព្រៃស ប៉ុន្តែលោកសុំមិនអត្ថាធិប្បាយអ្វីបន្ថែមនោះទេ។
លោកថា៖ «បាទ តុលាការគេសម្រេចឃុំខ្លួន[លោក ខេង យ័ន]នៅពន្ធនាគារព្រៃសហើយ ខ្ញុំជម្រាបបានតែប៉ុណ្ណឹង»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ក្នុងក្រុមតេឡេក្រាមថា តំណាងអយ្យការបានបើកការស៊ើបសួរលើឈ្មោះ ខេង យ័ន រួចហើយពីបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា៣៥នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៣ និងមាត្រា៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
កាលពីល្ងាចម្សិលមិញនេះអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចបញ្ជូនសំណុំរឿងអតីតអភិបាលក្រុងកែបទៅតុលាការក្រោយពីរកឃើញថាបានប្រព្រឹត្ដអំពើពុករលួយធ្ងន់ធ្ងរដោយចោទពីបទ«រំលោភអំណាចដែលមានចែងក្នុងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» និងទី២ពីបទ«លាងសម្អាតប្រាក់»។
បើតាមលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានប្រាប់ ខេមបូចា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះថា អង្គភាពប្រឆាំងអំពើពុករលួយមានការសាទរលើការសម្រេចរបស់តុលាការលើជនសង្ស័យជាអតីតអភិបាលក្រុងកែបតាមនីតិវិធីច្បាប់។
យ៉ាងណាលោកថា លោកសុំមិនអត្ថាធិប្បាយអ្វីបន្ថែមនោះទេ លើការសម្រេចរបស់តុលាការក្នុងពេលនេះ។
អ្នកនាំពាក្យរូបនេះបន្ដថា៖ «ខ្ញុំសុំមិនអត្ថាធិប្បាយបន្ថែមទេព្រោះវាការសម្រេចរបស់តុលាការ ប៉ុន្ដែខ្ញុំមានការសាទរលើការសម្រេចនេះបង អរគុណ» ។
លោកបន្ដថា ចំពោះសំណុំរឿងរបស់លោក ខេង យ័ន ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការ គឺមានជាប់ពាក់ព័ន្ធទៅនឹងករណីចំនួនពីរ ទី១ពីបទ«រំលោភអំណាចដែលមានចែងក្នុងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» និងទី២ពីបទ«លាងសម្អាតប្រាក់»។
លោក ច័ន្ទវិចិត្ដ បានពន្យល់បន្ថែមលើបទលាងសំអាតប្រាក់ថា បទល្មើសលាងសម្អាតប្រាក់ គឺមាននៅក្នុងច្បាប់ស្ដីពីការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្មដោយមានការចែងលម្អិត។ លោកបន្ដថា សមត្ថកិច្ចដែលអាចមានលទ្ធភាពកសាងសំណុំរឿងពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់គឺមានច្រើន ប៉ុន្ដែបទល្មើសរបស់អតីតអភិបាលក្រុងកែបនេះ គឺវាពាក់ព័ន្ធនឹងបទរំលោភអំណាចហើយវាជាការប្រព្រឹត្ដអំពើពុករលួយ។
លោកថា បទល្មើសរំលោភអំណាចគឺគាត់ទទួលបានផលពីរឿងហ្នឹងហើយគាត់យកទៅទិញដូចជាផ្ទះ ឡាន ដាក់ធនាគារ និងអ្វីផ្សេងៗទៀតគឺជាបទល្មើសលាងសម្អាតប្រាក់ហ្នឹងឯង។
លោកបន្ថែមថា៖ «គាត់យកផលដែលទទួលបានពីការប្រព្រឹត្ដបទល្មើសរំលោភអំណាចទៅទិញផ្ទះ ទិញឡាន ឬក៏ដាក់ធនាគារ អាប្រតិបត្ដិទាំងអស់ហ្នឹងហើយគេចាត់ទុកក្នុងការបទល្មើសក្នុងច្បាប់ស្ដីពីប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្មហ្នឹងឯងបង»។
ច្បាប់ព្រហ្មទណ្ឌមាត្រា៤០៤ ក៏កំណត់និយមន័យការសម្អាតប្រាក់ចែងថា ការសម្អាតប្រាក់ ជាអំពើផ្ដល់ឱ្យតាមគ្រប់មធ្យោបាយនូវយុត្តិកម្មកុហក ដើម្បីលាក់បាំងអត្ថប្រយោជន៍ផ្ទាល់ ឬប្រយោលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម។ អំពើជួយដល់ប្រតិបត្តិការនៃការបណ្ដាក់ទុន ការលាក់បាំង ឬការផ្លាស់ប្ដូរផលផ្ទាល់ ឬប្រយោលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក៏ត្រូវបានចាត់ទុកជាការសម្អាតប្រាក់ផងដែរ។
នៅព្រឹកថ្ងៃទី១២ ខែមករានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យផ្លូវការមួយ និងបានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់លោកដោយភ្ជាប់សាររបស់លោកថា ថ្ងៃនេះគាត់មានការចាំបាច់ត្រូវអនុវត្ដអភិក្រមទី៥គឺ«ការវះកាត់»តាមរយៈការចុះហត្ថលេខាដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែបលោក ខេង យ័ន ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្ដអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ លោកបន្ដថា ការសម្រេចចិត្ដនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
មាត្រា៣៥នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចែងថា អំពើប្រព្រឹត្ដដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្ដិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ចាត់វិធានការរារាំងការអនុវត្ដច្បាប់ដើម្បីទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់៤លានរៀលទៅ១០លានរៀលបើសិនបទល្មើសនោះមានប្រសិទ្ធភាព។
ជុំវិញរឿងនេះលោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា ប្រាប់ ខេមបូចា ថា ការសម្រេចរបស់តុលាការគឺជាការត្រឹមត្រូវដែលបានដាក់ទោសទៅមន្រ្ដីប្រព្រឹត្ដអំពើពុករលួយបែបនេះ។ លោកបន្ថែមថា ការចេញអនុក្រឹត្យបញ្ចប់តំណែងរបស់នាយករដ្ឋមន្រ្ដីថ្មីនេះវាបានបង្ហាញពីការវះកាត់មួយដែលល្អប្រសើរ ហើយលោកគាំទ្រ។ លោកបន្ដថា លោកនៅតែទទូចដដែលជុំវិញរឿងមន្រ្ដីសាធារណៈបន្ដយតួនាទីរបស់ខ្លួនទៅប្រព្រឹត្ដអំពើពុករលួយវានៅតែជាបញ្ហាប្រឈមខ្លាំងក្នុងការអភិវឌ្ឍប្រទេស បើសិនជាមិនព្រមវះកាត់ឱ្យអស់។
លោកបន្ដថា៖ «ខ្ញុំគាំទ្រការសម្រេចឃុំខ្លួនបុគ្គលដែលបានប្រព្រឹត្ដពុករលួយរបស់តុលាការ។ ខ្ញុំគាំទ្រលើការសម្រេចរបស់នាយករដ្ឋមន្រ្ដីថ្មី។ការសម្រេចរបស់តុលាការវាជាល្អ និងជាការបង្ហាញដល់មន្រ្ដីផ្សេងៗទៀតថា លទ្ធផលនៃការប្រព្រឹត្ដអំពើពុករលួយគឺបែបនេះ ដូច្នេះមិនគួរបន្ដប្រព្រឹត្ដអំពើពុករលួយនោះទេ»។
តាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៣៨ចែងថា អំពើពុករលួយគឺជាបទល្មើសដែលដាក់ទោសទណ្ឌទៅលើអំពើពុករលួយ ឬប៉ុនប៉ងពុករលួយ ប្រព្រឹត្ដដោយមន្ដ្រីនយោបាយ អ្នករាជការ យោធា ឬភ្នាក់ងាររបស់គណបក្សនយោបាយ។ អំពើពុករលួយទោះធ្វើឡើងក្រោមទម្រង់សកម្ម ឬអកម្ម ដូចជាការសូកប៉ាន់ ការរំលោភមុខងារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងការជំរិតទារប្រាក់ ត្រូវបានកំណត់ថាជាបទល្មើសនៅក្រោមបទបញ្ញាតិ្ដរបស់ក្រមព្រហ្មទណ្ឌ។
ចំណែកឯលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានថ្លែងថា លោកគាំទ្រការសម្រេចរបស់តុលាការជុំវិញការឃុំខ្លួននេះ។ លោកបន្ដថា អង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋាភិបាលគួរថែមយន្ដការឱ្យតឹងរឹងដើម្បីកំចាត់មន្រ្ដីស្អុយៗបន្ដទៀត ដើម្បីឱ្យកម្ពុជាលែងមានអំពើពុករលួយ។
លោកបន្ថែមថា៖ «ខ្ញុំគាំទ្រការសម្រេចរបស់តុលាការនេះ។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយនឹងបន្ដពង្រឹងមន្រ្ដីរបស់ខ្លួនបន្ថែមទៀតដើម្បីលុបបំបាត់អំពើពុករលួយក្នុងស្ថាប័នរដ្ឋ»៕