សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការក្រុងភ្នំពេញផ្តន្ទាទោស លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារចំនួន៣ឆ្នាំពាក់ព័ន្ធនឹងបទញុះញង់

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះបានផ្តន្ទាទោស អនុប្រធានគណកប្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ​រយៈ​ពេល​​៣ឆ្នាំ​ពីបទញុះញង់​​បង្ក​ឱ្យ​មានភាពវឹកវរក្នុងសង្គម កាលពីខែមករា ឆ្នាំ២០២៣ ដែលនេះជា​ករណី​​ផ្សេងទៀតក្រៅពីរឿងសែកស្អុយ​។

ចៅក្រម​ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី បានប្រកាសសាល​ក្រម នៅថ្ងៃទី១៨ ខែតុលា ថា៖ «តុលាការសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ថាច់ សេដ្ឋា ដាក់​ពន្ធនាគារ​៣ឆ្នាំ និងពិន័យប្រាក់៤លានរៀល»

លោកស្រីចៅក្រមបន្ថែមថា លោក ថាច់ សេដ្ឋា ត្រូវបានផ្តន្ទាទោសពីបទញុះញង់ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ និងបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៤ ៤៩៥ និង៤៩៦។

លោក ថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួនកាលពីខែមករា ពាក់ព័ន្ធនឹងករណីផ្សេងជាករណីទី១ ​ដែលចោទថា ដោយ​​​សារ​​​ចេញសែក​គ្មាន​សាច់ប្រាក់​ចំនួន៥ កាល​ពី​ឆ្នាំ២០១៩ តាម​មាត្រា​២៣២១​​នៃច្បាប់​ស្តី​ពី​​ឧបករណ៍​អាច​ជួញ​ដូរ​បាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងខកខាន​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរក្នុងឆ្នាំ២០២១ ដើម្បីដោះស្រាយបណ្តឹង ដែល​​ប្តឹង​ដោយឈ្មោះ ហាយ​ វណ្ណរិន ​ជា​ម្ចាស់ហាងបញ្ចាំ រិន ឆាយ។

លោក ថាច់ សេដ្ឋា បានថ្លែងយ៉ាងខ្លីបន្ទាប់ពីចៅក្រមបានប្រកាសសាលក្រមថា សូមអង្គទូត​ទាំង​អស់​ជួយ​មើលលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសខ្មែរផង។

ភរិយាលោក ថាច់ សេដ្ឋា អ្នកស្រី ថាច់ សុខ បូរ៉ានី បានឱ្យដឹងក្រោយប្រកាស​សាល​ក្រម​ថា ការសម្រេចរបស់តុលាការ គឺអយុត្តិធម៌ណាស់សម្រាប់ប្តីគាត់ ព្រោះ

អ្នកស្រី បូរ៉ានី ផ្តល់បទសម្ភាសន៍ទាំងស្រក់ទឹកភ្នែកថា៖ «ដាក់បន្ទុកនេះបន្ទុកនោះ​គ្រប់សព្វ​បែប​យ៉ាងទាំងអស់លើប្តីខ្ញុំ អយុត្តិធម៌ណាស់ ប្តីខ្ញុំអាយុ៧០ឆ្នាំ……ហើយមានជំងឺបេះដូង​ទៀត»

អ្នកស្រី សុខ បូរ៉ានី ភរិយារបស់លោក ថាច់ សេដ្ឋា ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទាំងស្រក់ទឹកភ្នែកនៅមុខសាលដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការប្រកាសសាលក្រម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ឃួន ណារីម)

កាលពីជំនុំជម្រះថ្ងៃទី២១ ខែកញ្ញា លោកស្រីចៅក្រម​ ឈុន ដាវី លើកទ្បើងថា​ លោក ថាច់​​ សេដ្ឋា បានប្រព្រឹត្តបទញុះញង់​​បង្ក​ឱ្យ​មានភាពវឹកវរក្នុងសង្គម នៅថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣​ តាមរយៈបង្ហោះសារ​វីដេអូលើ​បណ្តាយ​​សង្គមយូធូប [YouTube] រិះគន់ក្នុង​ការ​ប្រារព​ខួប៤៤ឆ្នាំ ថ្ងៃ៧មករា របស់គណបក្ស​ប្រជាជនកម្ពុជា។

នៅថ្ងៃជំនុំជម្រះនោះដែរ លោក សេង ហៀង តំណាងអយ្យការថ្លែងថា ការចោទប្រកាន់​នេះព្រោះលោក ថាច់ សេដ្ឋា បានថ្លែងមុនថ្ងៃបោះឆ្នោតថ្នាក់ជាតិ ដែលចោទថាលោក​បាន​ចេញសារនយោបាយ និង​ចង់​វាយ​ប្រហារមកលើរាជរដ្ឋាភិបាល និងដើម្បីឱ្យប្រជាជន​មាន​ការខឹង​សម្បារ​ពេលដែល​នឹកដល់ប្រវត្តិសាស្រ្តខ្មែរ និងវៀតណាម។

លោក ហៀង ថ្លែងថា យល់ថាជនជាប់ចោទមានចេតនាទុច្ចរិត​ឧបាយកល​ជ្រកក្រោមស្លាក​អ្នកនយោបាយឃោសនាញុះញង់បញ្ឆេះកំហឹងពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ លោក សេង ហៀង បន្ថែមថា ជនជាប់ចោទប្រព្រឹត្តបទញុះញង់បង្កភាបវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សារធាណៈ។

នៅពេលសវនាការ លោក ថាច់​ សេដ្ឋា បានឆ្លើយថា លោកគ្រាន់តែនិយាយពីប្រវត្តិសាស្រ្ត​នៃថ្ងៃ៧មករា និង​និយាយ​ពីដើមកំណើតនៃការ​បង្កើតគណបក្សប្រជាជនកម្ពុជា ដែល​គណបក្ស​នេះលោកថា​គឺត្រូវបានបង្កើតដោយ​វៀតណាម។

លោកបន្តថា ការនិយាយនេះ គឺមិនមានចេតនាដើម្បីឱ្យបំផុសបំផុលឱ្យមានការ​រើសអើង​ពូជសាសន៍ ឬដើម្បីបង្ក​ឱ្យ​មាន​ស្ថាន​ភាព​វឹកវរ​ក្នុង​សង្គមទេ គឺក្នុងគោល​បំណង​ដើម្បី​ឱ្យ​យុវជនខ្មែរ​បានយល់ពីប្រវត្តិសាស្រ្តជាពិសេសអំពីស្តូបមិត្តភាពកម្ពុជា វៀតណាម ដែលមាន​ស្ទើរតែពេញក្នុងប្រទេស​កម្ពុជា៕

402 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម