សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មេធាវីរបស់លោក ថាច់ សេដ្ឋា ចាត់ទុកភ័ស្តុតាងដាក់បន្ទុកថា ជាភ័ស្តុតាងក្លែងក្លាយនៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយ

រថយន្តរបស់ប៉ូលិសនាំលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងអ្នកទោសផ្សេងទៀតពីសាលាដំបូងរាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារ បន្ទាប់ពីបើកសវនាការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
រថយន្តរបស់ប៉ូលិសនាំលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងអ្នកទោសផ្សេងទៀតពីសាលាដំបូងរាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារ បន្ទាប់ពីបើកសវនាការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុម​មេធាវីការពារ​អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលប្រ​ឈមនឹងការ​ជាប់​ពន្ធនាគារដែល​តាម​ចោទថា បានចេញសែកគ្មានសាច់ប្រាក់​នោះ បានអះអាងថា ព្រះរាជអាជ្ញា​ផ្អែកលើភ័ស្តុតាង «ក្លែងក្លាយ»  ដើម្បី​ចោទ​ប្រកាន់​កូន​ក្តី​ អំឡុងពេលធ្វើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​នៅសាលាដំបូង​រាជ​ធានី​ភ្នំពេញកាលពីថ្ងៃពុធ។

លោក ថាច់ សេដ្ឋា ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ជាប់​​ពន្ធនាគារ​ពី២ឆ្នាំទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ជាអតិបរមា​១០លាន​រៀល (២ ៤៣៧ដុល្លារ) តាម​មាត្រា២៣១នៃ​ច្បាប់​​ស្តីពី​ឧបករណ៍​អាច​ជួញ​ដូរ​បាននិង​ប្រតិបត្តិការ​ទូទាត់សងប្រាក់​។

តុលាការ​គ្រោង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា។ លោក ថាច់ សេដ្ឋា ដែល​ត្រូវ​បានបដិសេធមិនឱ្យនៅក្រៅឃុំនោះ ត្រូវ​បាន​ឃុំខ្លួនតាំង​ពី​ខែ​មករា។ 

លោក ថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួនកាលពីខែមករា ដែល​តាម​ចោទ​ថា ដោយ​សារ​​ចេញសែក​គ្មាន​សាច់ប្រាក់​ចំនួន៥ កាល​ពី​ឆ្នាំ២០១៩ និងខកខានមិន​បាន​បង្ហាញខ្លួននៅចំពោះមុខ​ចៅក្រម​ស៊ើបសួរក្នុងឆ្នាំ២០២១ ដើម្បីដោះស្រាយបណ្តឹង ដែល​ប្តឹង​ដោយឈ្មោះ ហាយ​ វណ្ណរិន ​ជា​ម្ចាស់ហាងបញ្ចាំ រិន ឆាយ ។

សារព័ត៌មាន​សំឡេងប្រជាធិបតេយ្យ(VOD) ធ្លាប់​បានរាយការណ៍ថា លោក វណ្ណរិន​ បាន​បរិច្ចាគ​​ប្រាក់​ដល់សមាគមមួយ ទី​ដែលភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​តួនាទី​ជា​ថ្នាក់​ដឹកនាំ ហើយ​លោក​ក៏មានទំនាក់ទំនងអាជីវកម្ម​​ទៅនឹង​គណបក្ស​កាន់​អំណាច​ផងដែរ​។

ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ឈ្មោះ​លោក​ ហាយ វណ្ណ​រិន ជានាយក​ក្រុមហ៊ុន ឌីនិត ខមមើសល ដែលរួមមានឈ្មោះ​ ឌី សុខី ជាប្រធាន​ផងដែរ​។ លោកស្រីគឺ​​​ជា​ភរិយា​របស់​លោក ហ៊ុន ម៉ានិត​ ជា​ប្អូន​​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​។ លោក វណ្ណ​រិន​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

ក្នុង​ពេល​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ លោក ថាច់ សេដ្ឋា បាន​បដិសេធ​រាល់​ការ​​ចោទ​ប្រកាន់ ហើយ​បាន​និយាយ​ថា លោក​មិន​ដែល​ចេញ​មូលប្បទានប័ត្រ​នោះ​ទេ។ ដំបូងឡើយ លោក​​បានទទួលប្រាក់កម្ចីចំនួន ១៨ ០០០ដុល្លារពីហាងបញ្ចាំ ដោយដាក់​បញ្ចាំបណ្ណកម្មសិទ្ធិ​ដី​ដែល​ឈ្មោះរបស់លោក​សម្រាប់អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍​ខ្មែរកម្ពុជា​ក្រោម ដែលលោកក៏​ជាប្រធាន​សមាគមនេះ​ផងដែរ​។

ក្រុម​មេធាវីរបស់លោក ថាច់ សេដ្ឋា ធ្លាប់បាននិយាយថា លោក សេដ្ឋា ធ្លាប់​​ចេញឲ្យ​លោក វណ្ណរិន នូវ​​​​មូលប្បទានប័ត្រ​ ដែលបាន​ចុះហត្ថលេខារួចមួយ​ចំនួន​​ ប៉ុន្តែ​ទុក​ចំហ​កាលបរិច្ចេទ​និង​ទំហំទឹកប្រាក់​ ដើម្បីទុក​ឱ្យម្ចាស់ហាងបញ្ចាំបំពេញបន្ថែមនៅ​​ពេល​​ក្រោយ និងបំពេញ​ការ​ទូទាត់ប្រចាំខែ។ ប៉ុន្តែនៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ​តាមដីកា​របស់​តុលាការកំពូល​ក្នុងឆ្នាំ២០១៧ លោក ថាច់ សេដ្ឋា ដែលពេលនោះជាតំណាងរាស្រ្តជាប់ឆ្នោត​របស់​គណបក្សសង្គ្រោះជាតិបានបាត់បង់តំណែង និងប្រាក់ខែសភារបស់​លោក​។ លោក សេដ្ឋា អះអាង​ថា លោក​បាន​ប្រាប់លោក ​ហាយ វណ្ណ​រិន ​ថា ​លោក​​នឹង​បង់​ប្រាក់​ឱ្យ​ដោយ​ឡែក​វិញ​ ប៉ុន្តែ​មូលប្បទានប័ត្រ​ខ្លះ​នៅ​​ស្ថិត​ក្នុង​ដៃ​របស់លោក វណ្ណរិន​​ នៅឡើយ​។

លោក សំ សុគង់ មេធាវីការពារ​បាន​លើក​ជា​សំណួរ​ថា៖ «សែក​ត្រូវបានចេញនៅឆ្នាំ២០១៩​ហេតុ​អ្វីបានជាគេទើបតែចាប់ខ្លួនគាត់នៅឆ្នាំ២០២៣?»

ព្រះរាជអាជ្ញារង ប្លង់​ សុផល បានអះអាងថា លោក ថាច់ សេដ្ឋា បានចេញ​​សែក ដោយចែក​រំលែកសែក​ថត​ចម្លង​ ដែលមានទាំង​ហត្ថលេខារបស់លោក ថាច់​ សេដ្ឋា ផងដែរ​។ លោក ប្លង់ សុផល ក៏បានបង្ហាញ​នូវ​លិខិតមួយច្បាប់ពីស្ថាប័ន​ដែលចេញមូលប្បទានប័ត្រ គឺ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស(FTB) ដោយបញ្ជាក់ថា គណនីរបស់លោក សេដ្ឋា «គ្មានប្រាក់»​នៅ​ពេលដែលចេញ​មូលប្បទានប័ត្រ។

លោក ប្លង់ សុផល មាន​ប្រសាសន៍​​ថា៖ «ជន​ជាប់​ចោទ​បាន​ប្រព្រឹត្ត​បទល្មើសជុំវិញឧបករណ៍​អាច​ជួញ​ដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់សងប្រាក់ សូម​ចៅក្រម​ពិចារ​ណា​​ផ្ដន្ទាទោស​តាម​ច្បាប់»

លោក លី ប៉ាត់​ទ្រី មេធាវី​របស់​ដើម​បណ្តឹង​បាន​មាន​ប្រសាសន៍​ថា លោក សេដ្ឋា បាន​ជំពាក់​ប្រាក់​កូន​ក្តី​លោក​ចំនួន ៣៣ ៤០០ដុល្លារ​​គិតទាំងដើម​ទាំង​​​ការ​។ លោក លី ប៉ាត់ទ្រី បាន​បង្ហាញ​​នូវ​ឯកសារធនាគារ FTB ហើយបានមាន​ប្រ​សា​ស​ន៍​​ថា កូន​ក្តី​របស់លោក​បានស្នើសុំ​បន្ថែម ២០ ០០០​ដុល្លារជាសំណងជំងឺចិត្ត​។

លោក​បាន​បន្ត​ថា៖​ «មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ​សូម​​លោក​ចៅ​ក្រម​​ផ្តន្ទា​ទោស​ជន​ជាប់​​​ចោទ​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​»

ដោយឈរតែម្នាក់ឯងនៅក្នុង​ឯកសណ្ឋានពណ៌ទឹកក្រូចដែល​សម្គាល់​ថា លោកគឺ​ជាជនជាប់​ចោទ លោក ថាច់ សេដ្ឋា បានស្នើសុំឱ្យចៅក្រមទម្លាក់ចោលការចោទ​ប្រកាន់ទាំងអស់។ លោក​​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​ចេញ​មូលប្បទានប័ត្រ​ទេ ហើយ​​លោក​កត់​សម្គាល់​ថា សែកយក​មកចោទប្រកាន់​លោក​​ គឺគ្រាន់​​តែ​ជាសែកថត​​​ចម្លង​ប៉ុណ្ណោះ។ តុលាការបាន​ច្រាន​ចោលសំណើម្តងហើយម្តងទៀត​ៗរបស់លោក ថាច់ សេដ្ឋា ឲ្យ​បង្ហាញមូលប្បទានប័ត្រច្បាប់​ដើម អំឡុងពេលសវនាការ។

លោក ថាច់ សេដ្ឋា បាន​លើកឡើង​​ថា៖​ «​​យើង​គោរព​សាសនា​ព្រះពុទ្ធ សូមលោក​ចៅក្រម​ប្រកាន់​ខ្ជាប់​នូវ​សីល​ធម៌ និងផ្តល់​​យុត្តិធម៌​ដើម្បី​សេរីភាព និង​គោរព​សិទ្ធិ​មនុស្ស»

លោក សឺន ជុំជួន មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា មូលប្បទានប័ត្រ​ចំនួនប្រាំសន្លឹកនោះ​ គឺ «ក្លែងក្លាយ» ហើយទាមទារឱ្យតុលាការ និងមេធាវីដើមបណ្តឹងបង្ហាញ​មូលប្បទានប័ត្រច្បាប់​ដើម។

លោក ជុំជួន ថ្លែងថា៖ «សែក​ដែលយកមកចោទប្រកាន់លោក ថាច់ សេដ្ឋា គឺជាសែក​ក្លែងក្លាយ ហើយដើម្បីភាពបរិសុទ្ធ ដើមបណ្តឹងគួរតែយក​សែក​ច្បាប់​ដើមមក»

លោក ជូ​ង ជូងី មេធាវីការពារក្តីម្នាក់ទៀតរបស់លោក ថាច់​ សេដ្ឋា បាន​ជំទាស់​ថា សែកទាំង​ប្រាំ​សន្លឹក​នេះ​ និងរបាយការណ៍របស់​ធនាគារ ដែលមិនមានហត្ថលេខារបស់​លោក ថាច់ សេដ្ឋា មិនអាចប្រើប្រាស់ជាភ័ស្តុតាងបានទេ។

លោក​បានបន្ត​​ថា៖​ «របាយការណ៍​​ធនាគារ​មិន​មាន​ហត្ថលេខា​របស់​គាត់ [ថាច់ សេដ្ឋា] ហើយ​ឯកសារ​ចម្លង​ក៏​មិន​អាច​ប្រើ​ជា​ភស្តុតាង​បាន​ទេ»។ លោកបន្ថែមថា៖ «ការយក​សែក​ ឬសែក​ថតចម្លងធ្វើ​ជា​ភស្តុ​តាង​​ ដើម្បីចោទប្រកាន់កូនក្តីរបស់ខ្ញុំ គឺជាល្បិចកល​ទុច្ចរិត​»

លោកស្រី​ ធីម សុភាព ជា​មេធាវីរបស់ដើមបណ្តឹងបានឆ្លើយតបថា ភ័ស្តុតាងទាំងអស់​ដែល​​ចាំបាច់ ដើម្បីបញ្ជាក់លើសំណុំរឿង​របស់​លោក ថាច់ សេដ្ឋា ដែល​បាន​ចេញសែក​គ្មាន​សាច់​ប្រាក់នោះ​​ គឺលិខិតរបស់​ធនាគារ​ FTB ដែលបញ្ជាក់ថា លោក សេដ្ឋា មិនមានប្រាក់នៅក្នុង​គណនី​របស់លោក​ទេ។

លោក​ស្រី​បញ្ជាក់​ថា៖ «មិនចាំបាច់ពិភាក្សាអំពីមូលប្បទានប័ត្រ [មូលប្បទានប័ត្រច្បាប់​ដើម] ទេ ពីព្រោះធនាគារបានចេញលិខិតផ្ទៀងផ្ទាត់ថា គណនីធនាគាររបស់គាត់មិនមានប្រាក់​ទេ​ក្នុងឆ្នាំ២០១៩​»

អ៊ីម៉ែលដែលផ្ញើទៅកាន់អាសយដ្ឋានលើ​គេហទំព័ររបស់ធនាគារ​ FTB  ហើយត្រូវ​បាន​បដិសេធ​ ហើយ​នៅ​ពេល​ដែល ខេមបូចា ​ទាក់ទងទៅកាន់ផ្នែក​ទទួល​ទូរស័ព្ទរបស់ធនាគារ បុគ្គលិក​ម្នាក់បានបដិសេធមិនភ្ជាប់ទូរស័ព្ទ ​ខេមបូចា ទៅកាន់​​អ្នកនាំពាក្យទេ​។

លោក គីមសួរ ភិ​រិទ្ធ អ្នកនាំពាក្យគណបក្ស​ភ្លើងទៀន បានថ្លែងថា លោកសង្ឃឹម​ថា តុលាការ​នឹងដោះលែងលោក ថាច់ សេដ្ឋា ពីព្រោះដើមចមនៃសំណុំរឿង គឺស្ថិតនៅក្នុងជម្លោះ​រដ្ឋប្បវេណី ដែលឥឡូវនេះបានក្លាយជារឿងនយោបាយ​។ លោក​បានបន្ថែម​​ថា៖​ «​​វា​ពិបាក​​និយាយ [​ទម្លាក់​ការ​ចោទ​ប្រកាន់​] ព្រោះ​វា​ពាក់ព័ន្ធ​​នឹង​នយោបាយ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Candlelight Leader Thach Setha’s Lawyers Decry “Fake” Evidence in Trial’s Closing Arguments

201 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម