សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដឹកចេញពីសាលាឧទ្ធរណ៍ ក្រោយពីលោកត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដឹកចេញពីសាលាឧទ្ធរណ៍ ក្រោយពីលោកត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​សំណើសុំនៅ​​​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​បាន​ស្នើ​ឲ្យ​ដោះលែង​ដោយសារមាន​បញ្ហា​​ជំងឺ​បេះដូង។

លោក សេដ្ឋា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ដែល​តាម​ចោទ​ថា ​បាន​ចេញ​សែក​ស្អុយ​ចំនួន៥សន្លឹក​នៅក្នុង​ឆ្នាំ២០១៩ និង​ខកខានមិន​បាន​បង្ហាញ​ខ្លួន​សម្រាប់​​ការ​សាកសួរ​នៅ​តុលាការ​ក្នុង​ឆ្នាំ២០២១។

លោក ប្លង់ សំណាង អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍បាន​បញ្ជាក់​ថា លោក ឃុន លាងម៉េង ប្រធានក្រុម​ប្រឹក្សា​ជំនុំ​ជម្រះបាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «សភាស៊ើបសួរ​សាលាឧទ្ធរណ៍បាន​សម្រេច​តម្កល់​ដីកា​ឃុំ​ខ្លួន​ដែល​បដិសេធ​មិន​​ដោះ​លែងជនជាប់ចោទ​​​ឲ្យ​នៅ​ក្រៅ​ឃុំទេ»។

លោក ប្លង់ សំណាង មាន​ប្រសាសន៍បន្ថែមថា៖ «ហេតុផលគឺ ទី​១ ដើម្បីទប់ស្កាត់​កុំឲ្យ​មាន​បទល្មើសថ្មីកើតឡើង។ ទីពីរ ដើម្បី​ធានា​ថា​ ជន​ជាប់​ចោទ​មិន​ដាក់​សម្ពាធ​លើ​​ដើម​បណ្តឹង​រដ្ឋប្បវេណី ហើយ​ទី​៣ ដើម្បី​ធានា​ថា​ ជនជាប់ចោទ​បង្ហាញ​ខ្លួន​នៅ​តុលាការ​សម្រាប់​ការជំនុំជម្រះ​​នៅ​ពេល​ខាង​មុខ»។

មេធាវីការពារក្តីលោក ជូង ជូងី មានប្រសាសន៍ថា លោកមានការខកចិត្តចំពោះការបដិសេធសំណើរសុំដោះលែងនៅក្រៅឃុំបណ្តោះ​អាសន្ន​ ដោយកត់សម្គាល់ថា លោក សេដ្ឋា មានបញ្ហា​សុខភាពធ្ងន់ធ្ងរ ហើយលោកនិងកូនក្តី​បានផ្តល់ប្រាក់​ធានាច្រើនសម្រាប់​ការនៅក្រៅឃុំបណ្តោះអាសន្ន​ដល់តុលាការ។

លោក​បាន​មាន​ប្រសាសន៍ថា៖ «យើង​បាន​ស្នើ​សុំ​តម្កល់​ប្រាក់​៣ម៉ឺន​ដុល្លារ​ដើម្បី​ធានា​ការ​នៅ​ក្រៅ​ឃុំ​របស់​គាត់ ប៉ុន្តែ​ពួកគាត់ [តុលាការ] បាន​បដិសេធ​មិន​ទទួល​ប្រាក់​និងមិន​ដោះលែង​គាត់​»។

លោក ជូង ជូងី បាន​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​គិត​ថា ​វា​មិន​ត្រឹមត្រូវ​ទេ»​។

ករណី​នេះ​កើត​ឡើង​ពី​កម្ចី​ ១៨ ០០០​ដុល្លារ​ដែល​លោក សេដ្ឋា ទទួល​បានកាលពី​ឆ្នាំ​២០១៦ ពី​ហាង​បញ្ចាំ រិន ឆាយ ដែល​លោកបាន​យក​​បណ្ណកម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​លោកទៅដាក់បញ្ចាំ​។

មេធាវីរបស់ហាងបញ្ចាំនេះ​បានអះអាងថា មូលប្បទានប័ត្រមួយចំនួនដែលលោក សេដ្ឋា បានចេញគឺមានការក្លែងបន្លំ ដោយសារតែមិនមានថវិកាគ្រប់គ្រាន់នៅក្នុងគណនីរបស់លោក ជាការអះអាងដែលក្រុមមេធាវីការពាររបស់លោក សេដ្ឋា បដិសេធ ដោ​យ​កត់សំគាល់ថា មូលប្បទានប័ត្រទាំងនោះ​ត្រូវបានបញ្ចាំត្រឹមត្រូវ និងបានដោះស្រាយក្នុងសំណុំរឿងតុលាការមុនរួចហើយ។

លោក គឹម សួរភារិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន មានប្រសាសន៍ថា ការបដិ​សេធមិនឲ្យលោក សេដ្ឋា នៅក្រៅឃុំ គឺជាហេតុផលនយោបាយ និងមានគោលបំណងបន្ត​ឃុំខ្លួន​លោក​ ថាច់​ សេដ្ឋា នៅមុនការបោះឆ្នោតខែកក្កដា។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​អាច​និយាយ​បាន​ថា បញ្ហា​នេះ​ត្រូវ​បាន​ចាត់​ទុក​​ថា​​ ជា​បញ្ហា​នយោបាយ ព្រោះ​លោក ថាច់ សេដ្ឋា គឺ​ជាថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើង​​ទៀន»។

លោក គឹម សួរភារិទ្ធ បាន​មាន​ប្រសាសន៍ថា៖ «យើង​ខក​ចិត្ត​ខ្លាំង​ណាស់ ហើយ​យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ធានា​នូវ​សេរីភាព​របស់​គាត់ ហើយ​គាត់​អាច​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​បាន»។

លោក​បាន​បន្ត​ថា ប្រសិន​បើ​ករណី​នោះ​គ្រាន់​តែ​ជា​ការ​ទាមទារ​ប្រាក់​ តុលាការនឹង​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ដែលស្នើ​ដោយ​​ភាគីម្ខាង​​​ដើម្បី​សង​ដើម​បណ្តឹង​ ព្រម​​ទាំង​ប្រាក់ធានា​នៅ​ក្រៅ​ឃុំ​ចំនួន៣ម៉ឺន​ដុល្លារ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Court of Appeal Denies Thach Setha Bail Request

468 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម