សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សមាជិកបក្សប្រឆាំងត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងសារលើរឿងព្រំដែន និងច្បាប់ស្តីពីសញ្ជាតិ

រូបភាពនេះយកពីអង្គការ លីកាដូ ដែលចុះផ្សាយលើហ្វេសប៊ុកផេករបស់ខ្លួន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦​ ។ រូបភាពពីឆ្វេងទៅស្តាំ គឺ លោក ឡេង ឡុន លោក ហែម ហឿន និងលោក វ៉ន ឡាង។
រូបភាពនេះយកពីអង្គការ លីកាដូ ដែលចុះផ្សាយលើហ្វេសប៊ុកផេករបស់ខ្លួន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦​ ។ រូបភាពពីឆ្វេងទៅស្តាំ គឺ លោក ឡេង ឡុន លោក ហែម ហឿន និងលោក វ៉ន ឡាង។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា បានផ្តន្ទាទោសមនុស្សចំនួន ៦នាក់ ដែលក្នុងនោះយ៉ាងតិចបីនាក់ជាសមាជិកគណបក្សប្រឆាំង ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបង្ហោះសាររក្នុងបណ្តាញសង្គម ។ យោងតាមអង្គការ លីកាដូ ចុះផ្សាយលើហ្វេសប៊ុកផេករបស់ខ្លួន។

យោងតាមអង្គការ លីកាដូ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសមនុស្សចំនួន ៦នាក់ ដែលក្នុងនោះយ៉ាងតិចបីនាក់ជាសមាជិកគណបក្សប្រឆាំង ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបង្ហោះសាររក្នុងបណ្តាញសង្គម។ អ្នកទាំង ៦នាក់ ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន ២លានរៀល (ប្រហែល ៥០០ ដុល្លារអាមេរិក) ។

អង្គការ លីកាដូ បានបន្តថា យ៉ាងតិចណាស់មានសមាជិកសកម្មនៃគណបក្សជំទាស់ចំនួន ៣ នាក់ ត្រូវបានតុលាការផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំងបីគឺ លោក ហែម ហឿន ដែលមានអាយុ ៥៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាស្រុកឱរ៉ាល់ និងជាប្រធានប្រតិបត្តិគណបក្សឆន្ទៈខ្មែរស្រុកឱរ៉ាល់ លោក វ៉ន ឡាង ដែលមានអាយុ ៦២ឆ្នាំ ជាជំទប់ទី២ ឃុំត្រពាំងជោរ និងជាប្រធានប្រតិបតិ្តគណបក្សភ្លើងទៀនស្រុកឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងលោក ឡេង ឡុន ដែលមានអាយុ ៧១ឆ្នាំទៅហើយ និងជាអនុប្រធានប្រតិបត្តិថ្នាក់ស្រុកស្ទោងនៃគណបក្សកម្លាំងជាតិខេត្តកំពង់ធំ ។

អង្គការការពារសិទ្ធិមនុស្សដដែលបានបញ្ជាក់ថា លោក ហឿន និងលោក ឡាង ត្រូវបានអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់អ្នកទាំងពីរលើបណ្តាញសង្គម ស្តីពីបញ្ហាព្រំដែន រីឯលោក ឡុន ត្រូវបានអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងការចែករំលែកសារមួយ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពី សញ្ជាតិ ។

លីកាដូ បានបន្តទៀតថា អង្គការ លីកាដូ មិនមានព័ត៌មានច្បាស់ការណាមួយ ពាក់ព័ន្ធនឹងមនុស្សបីនាក់ផ្សេងទៀត ដែលត្រូវបានតុលាការផ្តន្ទាទោស រួមមានលោក ម៉ុង ផល្លី លោក ប៉ក់ ស៊ីណាវុធ លោក សៀវ ចាន់រ៉ុម គឺជាសមាជិកគណបក្សជំទាស់ណាមួយនោះទេ ។ ហើយក៏មិនមានព័ត៌មានណាមួយបញ្ជាក់ពីមូលហេតុដែលមនុស្សទាំង ៦នាក់ ត្រូវបានផ្តន្ទាទោស នៅក្នុងសំណុំរឿងតែមួយនោះដែរ ទោះជាអ្នកទាំងនោះមកពីគណបក្សខុសគ្នា កាលបរិច្ឆេទចាប់ខ្លួនខុសគ្នា និងនៅទីតាំងនៃការចាប់ខ្លួនខុសគ្នាក៏ដោយ ។

លីកាដូ បានបន្ថែមថា បច្ចុប្បន្នមានតែលោក ផល្លី ប៉ុណ្ណោះដែលមិនត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ចំណែកឯមនុស្ស ៥ នាក់ផ្សេងទៀត កំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី ១ ឬម១ ក្នុងរាជធានីភ្នំពេញ ។

ដោយឡែក យោងតាមអង្គការ លីកាដូ ចុះថ្ងៃទី៣០ ខែមករា លោក សរ ណាល់ អាយុ ៥៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមកពីគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ បន្ទាប់មកនៅថ្ងៃទី១៣ ខែមករា លោក ណាល់ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម យោងតាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

អង្គការបានបន្ថែមថា បច្ចុប្បន្នលោក ណាល់ កំពុងជាប់ឃុំ ក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ។ លោក ណាល់ ដែលត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រគណបក្សកម្លាំងជាតិ តាមរយៈសេចក្តីថ្លែងការណ៍របស់គណបក្ស គឺជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ។ មូលហេតុជាក់លាក់នៃការចាប់ខ្លួនលោក មិនទាន់ត្រូវបានដឹងនៅឡើយទេ ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម