សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ម្ចាស់ដេប៉ូប្រេងឥន្ធនៈស្នើឱ្យអង្គភាព ACU និងអភិបាលខេត្តកណ្តាលពន្លឿនការស៊ើបអង្កេតលើមន្ត្រីជំនាញពិនិត្យប្រេងឥន្ធនៈ

បុរសម្នាក់យកម៉ូតូគាត់ចូលចាក់សាំងនៅដេប៉ូមួយកន្លែង នៅជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
បុរសម្នាក់យកម៉ូតូគាត់ចូលចាក់សាំងនៅដេប៉ូមួយកន្លែង នៅជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៤២ កន្លែងបានស្នើសុំឱ្យអង្គភាពប្រឆាំង​អំពើ​ពុករលួយ​និង​អភិបាល​ខេត្តកណ្ដាលឱ្យជួយពន្លឿនការស៊ើបអង្កេតលើមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម​ដែល​​ប្រព្រឹត្ត​អំពើពុករលួយដោយគំរាមនិងគាបសង្កត់ពិន័យទារលុយខុសប្រក្រតី​ពី​ពួកគាត់​ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ដេប៉ូ​ប្រេងឥន្ធនៈ។

លោក សេង សុខនា អាយុ៤២ឆ្នាំ ជាម្ចាស់ដេប៉ូប្រេងឥន្ធនៈមួយកន្លែងក្នុងឃុំព្រែកអំបិល ស្រុក​ស្អាង ខេត្តកណ្តាល បានប្រាប់ ខេមបូចា នៅថ្ងៃពុធថា បុគ្គលឈ្មោះ តូច ចៅកុយ ជា​មន្ដ្រី​នាយក​ដ្ឋាន​​ការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)​​នៃក្រសួង​ពាណិជ្ជកម្មតែងតែគំរាមកំហែងលោកថា កន្លែងលោកលក់មិនគ្រប់​លីត្រ ម្ដងថា​ខ្វះ​អានេះ ម្ដងថាខ្វះអានោះ និងតែងតែទាមទារលុយគ្រប់ពេលដែលចុះទៅ​ពិនិត្យ បើទោះជា​លោកទាម​ទារឱ្យមានការបង្ហាញច្បាស់លាស់អំពីការកំណត់លីត្រ​និង​ការពិន័យជា​ប្រាក់​ដោយ​ចេញ​វិក្កយបត្រក៏ដោយ ក៏បុគ្គលហ្នឹងមិនព្រមចេញឱ្យដែរ​ ព្រមទាំងគំរាម​ចាប់រូបលោក​ដាក់​គុក​។

លោក សុខនា ឱ្យដឹងថា៖ «ពេលដែលគាត់(តូច ចៅកុយ)ចុះមកសុទ្ធតែគំរាមម្ចាស់ការ៉ាស់​សុទ្ធតែចាប់ដាក់គុក ដាក់ច្រវ៉ាក់ ហើយគាត់អត់មានថាឥឡូវពិន័យលើកទី១ មានលើកទី២ វាកំហុសឆ្គងពីនេះពីនោះពន្យល់ណែនាំដូចខាងមន្ដ្រីមាត្រាសាស្ដ្រគាត់ចុះមកវាស់ គាត់ធ្វើការល្អ ហើយដល់ពេលគាត់(តូច ចៅកុយ)ចុះមកដឹងតែសម្លុតគុកច្រវ៉ាក់»

លោក នៅ ណូត អាយុ៣៦ឆ្នាំ ម្ចាស់ដេប៉ូប្រេងឥន្ធនៈសៀមរាបតេលា នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ម្នាក់ទៀត បាននិយាយថា ការដាក់ពាក្យនេះលោកស្នើសុំថាឱ្យមានការ​បញ្ជាក់​លីត្រ​ឬក៏តម្លៃណាមួយជាសាធារណៈមក កុំឱ្យម្ចាស់ដេប៉ូនេះប៉ុណ្ណេះ ម្ចាស់ដេប៉ូនោះ​ប៉ុណ្ណោះដោយមិនមានភាពច្បាស់លាស់ និយាយតាមតែមាត់គាត់ថា។

លោកបានប្រាប់ថា៖ «ខ្ញុំសួរទៅ តូច ចៅកុយ ហ្នឹងគាត់ថា បើចង់ដឹងអាហ្នឹងពិតប្រាកដ គាត់សរសេរឱ្យ ថារំហួតប៉ុណ្ណេះ រំហួតប៉ុណ្ណោះ។ ដល់ពេលសរសេរចឹងមានអ្វីជាក់លាក់ អឹចឹងស្នើសុំឱ្យមានការបង្ហាញជាក់លាក់»

អ្នកស្រី អូន ស៊ីនាថ អាយុ៣៧ឆ្នាំ ម្ចាស់ដេប៉ូប្រេងឥន្ធនៈនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា​ ពេលដែលលោក តូច ចៅកុយ និងបក្សពួកចុះវាស់ប្រេងឥន្ធនៈកន្លែងអ្នកស្រី វាស់គ្រប់ហើយក៏ថាមិនគ្រប់លីត្រដែរ ពីព្រោះអ្នកស្រីក៏មិនបានដឹងពីបរិមាណហ្នឹង​វាយ៉ាង​ម៉េច អ្នកស្រីថានិយាយរួមទៅគឺថាខ្វះរហូតហ្មង  ប៉ុន្ដែអ្នកស្រីវាស់ខ្លួនឯងគ្រប់លីត្រទេ ហើយ​ក៏​មាន​ការ​គំរាមកំហែងអ្នកស្រីផងដែរ។

អ្នកស្រីថ្លែងថា៖ «ចា៎បង បើគំរាមវិញលែងនិយាយហើយ គឺគាត់គំរាមហ្មង។ គំរាមថា​បើយើង​ខ្វះចឹងទៅគឺត្រូវចាប់ដាក់គុកឬត្រូវបិទកន្លែងយើងមិនឱ្យលក់អីចឹងទៅ ហើយទៅដល់​តុលាការ​ទៅដល់អីចឹងទៅ»។ អ្នកស្រីបន្តថា៖  «បើមិនមានការឆ្លើយ​តបទេប្រហែលជាបន្ដ​ទៅទៀត ចាំពួកខ្ញុំពិភាក្សាគ្នាសិនបង»

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៤២ កន្លែង​បាន​ដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីឱ្យអង្គភាពមានចំណាត់ការចំពោះ​បុគ្គលឈ្មោះ តូច ចៅកុយ និងក្រុមគាត់ ដែលបានប្រព្រឹត្តអំពើពុករលួយពេលចុះ​អនុវត្ត​ការងារ និងបានគាបសង្កត់ពិន័យអាជីវករម្ចាស់ដេប៉ូប្រេងឥន្ធនៈដោយគ្មានចេញវិក្កយបត្រ ហើយ​ករណីខ្លះទៀតបានចេញវិក្កយបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែល​ពួកគាត់​បានទារនិងមិនព្រមបង្ហាញពីច្បាប់ មាត្រា ប្រការ ដែលត្រូវពិន័យឱ្យ​បានជាក់លាក់​នោះ​គឺគ្រប់តាមមាត់ទាំងអស់។

ក្នុងលិខិតនោះដដែលក៏បានបញ្ជាក់ថា ពេលក្រុមលោក តូច ចៅកុយ និងក្រុមគាត់ ចុះ​អនុវត្ត​ការងារទាំងមិនដែលបានហៅម្ចាស់អាជីវករទៅពន្យល់ពីច្បាប់ឱ្យយល់ជាមុនឬក៏ជូនដំណឹងឱ្យអាជីវករដាក់ពាក្យស្នើសុំជាមុនសិនដូចខាងមន្ដ្រីមាត្រាសាស្រ្ដដែលមានជំនាញត្រួតពិនិត្យនិងមានឧបករណ៍ដែលមានលិខិតបញ្ជាក់អំពីភាពអនុលោមត្រឹមត្រូវពីស្ថាប័នជាតិធ្លាប់ធ្វើកន្លង​មកនោះទេ។

ដោយឡែកនៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២២ ម្ចាស់ដេប៉ូទាំង៤២កន្លែងក្នុងខេត្តកណ្ដាល​ក៏បាន​ដាក់លិខិតទៅលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលដើម្បីស្នើសុំ​កិច្ចអន្ដរាគមន៍​ពី​លោក​ពាក់ព័ន្ធនឹងករណីតែមួយរបស់បុគ្គលឈ្មោះ តូច ចៅកុយ និងក្រុមគាត់ អំពីការ​ប្រព្រឹត្ត​ភាពមិនប្រក្រតីពេលចុះអនុវត្តការងារផងដែរ។

បុរសម្នាក់ជិះម៉ូតូដឹកស្ត្រីម្នាក់ ឆ្លងកាត់មុខអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។ រូបថតថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពី លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើ​ពុករលួយ បានទេ​ ដោយហៅទូរសព្ទចូលហើយ ប៉ុន្ដែលោកចុចបិទវិញ។

ប៉ុន្តែទោះជាយ៉ាងណា លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមាន​ប្រសាសន៍ថា លោកមិនបានដឹងរឿងនេះជាក់លាក់នោះទេ ដោយលោកឱ្យ​អ្នកសារព័ត៌មាន​ទាក់ទងទៅអ្នកនាំពាក្យអង្គភាពវិញ។

លោកមានប្រសាសន៍យ៉ាងខ្លីថា៖ «ខ្ញុំអត់សូវដឹងរឿងហ្នឹងជាក់លាក់ទេ លោកអាចទាក់ទងទៅ​អ្នកនាំពាក្យ​ទៅបានគេដឹងច្បាស់»

លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានប្រាប់ ខេមបូចា ថា លោកបានទទួលលិខិតសំណូមពររបស់ម្ចាស់ដេប៉ូប្រេងឥន្ធនៈហើយ។ លោកបន្តថា លោក​បានចាត់ចែងឱ្យមន្ត្រីរដ្ឋបាលខេត្តត្រួតពិនិត្យលើបញ្ហានេះ ប៉ុន្តែលោកមិនទាន់​ទទួល​បាន​របាយការណ៍ត្រឡប់មកវិញទេ។

លោកបានបញ្ជាក់ថា៖ «[ខ្ញុំ]ឱ្យរដ្ឋបាលពិនិត្យ។ ចាំមើលសិន ខ្ញុំអត់ទាន់បានរបាយការណ៍​មកវិញ»។ ​

បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ ខេមបូចា ​ថា​ លោក​មិនទាន់បានទទួល​ព័ត៌មានទាក់ទងនឹងបញ្ហានេះទេ។

លោកបានពន្យល់បន្តថា បាតុភាពនៃការលក់ប្រេងមិនគ្រប់លីត្រ លក់ប្រេងមិនគោរពតាម​អនុលោមភាព កើតឡើងរឿយៗនៅក្នុងសង្គមរបស់យើង ហើយប្រជាពលរដ្ឋដែលជាអ្នកជា​ប្រើប្រាស់ក៏ជួបប្រទះនូវបញ្ហា​នេះជាច្រើនលើកច្រើនសារដែរ។

លោក សុវិជាតិ បន្ថែមថា មកដល់ឥឡូវនេះ បន្ទាប់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ចុះអនុវត្តវិធានការខ្ជាប់ខ្ជួនមក ដោយ​បន្ថែមលើចំណាត់ការត្រួតពិនិត្យ​មាត្រាសាស្ត្រ និងស្ដង់ដា ដែលធ្វើដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក.ប.ប បានចុះធ្វើការជាប្រចាំមកឃើញថា ការលក់​មិនគ្រប់លីត្រក្ដី ការអះអាងខុសពីកម្រិតគឺបានថយចុះ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា អ្នកប្រើប្រាស់ទាំងមូល រួមទាំងអ្នកលក់ខ្លួនឯង​ផ្ទាល់ មកដល់បច្ចុប្បន្ននេះ បានសម្ដែងនូវការកោត​សរសើរនូវចំណាត់ការរបស់ ក.ប.ប ដែល​ប្រឆាំងទៅនឹងអ្វីដែលជាការធ្វើពាណិជ្ជកម្មមិនសុចរិតនោះ ពីព្រោះការដែលអាជីករលក់​មិន​គ្រប់​លីត្រក្ដី លក់បន្លំកម្រិតខុសពីកម្រិតដែលបានអះអាងក្ដី ជាអំពើមិនសុចរិត​ក្នុង​អាជីវកម្ម»

លោកបានពន្យល់បន្ថែមថា មិនមែន ១០០លីត្រ ត្រូវតែបូមចេញមកវិញបាន ១០០លីត្រទេ គឺ​យើង​មានកម្រិតសម្រាប់ការបាត់បង់ហួតហើរ និងកម្រិតល្អៀង​មួយចំនួន​ដែលអាស្រ័យ​ដោយ​ការបាត់បង់ដោយកត្តាផ្សេងៗ ដូចជាកត្តាស្ដុកទុក កត្តាអាកាសធាតុ ។ល។ ក៏ប៉ុន្តែអ្វីដែល​ម្ចាស់​ស្ថានីយ៍មួយចំនួនបានប្រព្រឹតខុសនោះ គឺការលក់លីត្រហ្នឹង វាទាបជាងដែល​វាបាត់បង់​ហើយលើសពីអ្វីដែលបទដ្ឋា​នបច្ចេកទេស បានអនុញ្ញាតឱ្យគាត់ធ្វើ។

ទោះបីជាយ៉ាងណា លោកបន្តថា ប្រសិនបើមិនមានអំពើល្មើស ឬការប្រព្រឹត្តខុស ប្រហែលជា​មិនមានការចុះទៅត្រួតពិនិត្យទេ។ ប្រសិនបើម្ចាស់ដេប៉ូប្រេងឥន្ធនៈទាំងនោះប្រព្រឹត្ត​តែអំពើ​សុចរិត​ក្នុងអាជីវកម្មប្រហែលជាពុំមានរឿងបែបនេះកើតឡើងទេ។

លោកមានប្រសាសន៍ថា«ប្រសិនបើរឿងនេះបានកើតឡើងហើយ និងបានដាក់ជូនទៅ​អាជ្ញាធរ​ខេត្ត ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរ​ពាក់ព័ន្ធផ្សេងៗ ខ្ញុំជឿថា អាជ្ញាធរ​ទាំងអស់នឹង​មានវិធានការ មិននៅស្ងាត់ទេ»

ផ្ទុយទៅវិញ លោកបន្តថា ប្រសិនបើដាក់ពាក្យបណ្ដឹង ឬធ្វើការស្នើសុំហើយ មិនមានការឆ្លើយ​តប លោកជឿថាប្រហែលជាបញ្ហានេះ មិនស្ថិតនៅក្នុងរង្វង់នៃប្រក្រតីភាព ប្រត្យក្សភាព ឬក៏​តថភាព ដែលស្ដែងចេញពីការអនុវត្តកិច្ច​ការទូទៅទេ។

លោកមានប្រសាសន៍ថា ម្ចាស់ស្ថានីយ៍ទាំងអស់នោះ គួរពិនិត្យមើលសកម្មភាពរបស់ខ្លួនវិញ។ តើខ្លួនបានធ្វើអំពើមិនសុ​ចរិតនៅក្នុងអាជីវកម្ម ឬក៏មិនបានប្រព្រឹត្តទេ? ហើយតើអ្វី​ដែលជា​ដើមចម​ពិត​ប្រាកដនៃការចុះទៅធ្វើអធិការកិច្ច ឬក៏ការត្រួតពិនិត្យដែលជាសកម្មភាព​ចុះជា​ប្រចាំ​របស់អង្គភាព ក.ប.ប នេះ? លោកបញ្ជាក់ថា ក.ប.ប មានកាតព្វកិច្ចក្នុងការត្រួតពិនិត្យ និងការពារ​អ្នក​ប្រើប្រាស់៕

461 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម