សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នាយកសាលាវិទ្យាល័យមួយកន្លែងត្រូវបានក្រសួងអប់រំព្យួរសិទ្ធិការងារបណ្ដោះអាសន្ន​ ក្រោយមានភាពមិនប្រក្រតីមួយចំនួន

គ្រូបង្រៀននិងសិស្សនៅវិទ្យាល័យទួលប្រាសាទសែនសុខផ្ទុះការតវ៉ានៅមុខក្លោងទ្វារសាលាដោយសារការមិនពេញចិត្ដនឹងការសម្រេចមិនដកនាយកសាលា លោក អ៊ុំ សុកំ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន
គ្រូបង្រៀននិងសិស្សនៅវិទ្យាល័យទួលប្រាសាទសែនសុខផ្ទុះការតវ៉ានៅមុខក្លោងទ្វារសាលាដោយសារការមិនពេញចិត្ដនឹងការសម្រេចមិនដកនាយកសាលា លោក អ៊ុំ សុកំ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

នាយកវិទ្យាល័យទួលប្រាសាទសែនសុខក្នុងក្រុងភ្នំពេញត្រូវបានក្រសួងអប់រំសម្រេចព្យួរសិទ្ធិការងារនិងបន្តស៊ើបអង្កេតលើករណីនេះ​ ក្រោយពីផ្ទុះការតវ៉ាកាលពីខែមុនពាក់ព័ន្ធ​នឹងភាព​មិន​ប្រក្រតី​មួយ​ចំនួន ខណៈករណីនេះដែរក៍កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំក្រុងភ្នំពេញ បានថ្លែងប្រាប់ខេមបូចាថា រឿងដក​នាយកសាលាវិទ្យាល័យទួលប្រាសាទសែនសុខ មិនទាន់ឈានដល់ការដកចេញជាផ្លូវការទេ គ្រាន់តែប្រើនីតិវិធីដើម្បីរក្សាភាពស្ងប់ស្ងាត់នឹងស្រាវជ្រាវបន្ថែម។ ហើយខាងមន្ទីរបានស្នើសុំ​គោលការណ៍ពីក្រសួងក្នុងគោលបំណងបង្កើតជាគណៈកម្មការបណ្ដោះអាសន្នមួយ។

លោកប្រធានមន្ទីរបន្តថា ប្រធាន​គណៈគ្រប់គ្រងយកមកពីអនុប្រធានការិយាល័យអធិការកិច្ច​នៃមន្ទីរអប់រំក្រុងភ្នំពេញ និងអនុ​ប្រធាន​យកមកពី​នាយក​វិទ្យាល័យ​មួយមកជំនួសសិន។ ហើយ​មុននឹងមានការសម្រេច​ដក​សិទ្ធិ​នេះ ខាង​មន្ទីរ​អប់រំ និងក្រសួងបានធ្វើការស្រាវជ្រាវតាម​បណ្ដឹងរបស់លោកគ្រូអ្នកគ្រូ​ដែល​បានប្ដឹង​ទៅ​អង្គភាព​ប្រឆាំងអំពើពុករលួយ និងក្រសួងអប់រំ និងមន្ទីរ ទើបមានការសម្រេចបែប​ហ្នឹង។

លោក ស៊ីណារ៉េត អះអាងថា៖ «នាយកវិទ្យាល័យ និងនាយករងវិទ្យាល័យគឺជាសមាជិក​[គណៈកម្មការគ្រប់គ្រង] មាន​ន័យ​​ថា មកដល់ម៉ោងនេះ អត់ទាន់មានការដកទេ គ្រាន់តែ​រៀបចំគណៈគ្រប់គ្រង​បណ្ដោះ​អាសន្ន ដើម្បីបន្ដនិរន្ដរភាពការងារនៃវិទ្យាល័យ។ ហើយ​នាយក នាយករង គឺត្រូវបានព្យួរសិទ្ធិ​គឺគាត់អត់មានភារកិច្ចអីត្រូវចាត់ចែងអីទៀតទេ»

យ៉ាងណាក្ដីលោកបន្ថែមថា មន្ទីរអប់រំ និងក្រសួងអប់រំនឹងខិតខំបញ្ចប់បញ្ហាទាំងអស់នេះ​ឱ្យ​បាន​ឆាប់ៗ។ ប៉ុន្ដែលោកស្នើឱ្យភាគីពាក់ព័ន្ធមេត្ដារក្សាភាពស្ងៀមស្ងាត់សិន ដើម្បីឱ្យពួកគាត់​ដោះស្រាយសិន។

កាលពីថ្ងៃទី២៨ ខែតុលា  ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា​ បានចេញសេចក្ដីប្រកាស​លិខិតបង្គាប់ការមួយដោយព្យួរសិទ្ធិលោក អ៊ុំ សុកំ នាយកសាលាវិទ្យាល័យ​ទួលប្រាសាទ​សែនសុខ ជាបណ្ដោះអាសន្ន ក្រោយពីផ្ទុះការតវ៉ាស្នើឱ្យដកនាយកសាលានេះ ព្រោះពាក់ព័ន្ធ​នឹងការចោទថា លោកមានភាពមិនប្រក្រតីមួយចំនួនដូចជា បក្សពួកនិយម និងមានអំពើពុក​រលួយ។

ចំណែកឯ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានមានថ្លែងថា លោកមិនអាច​អត្ថាធិប្បាយបន្ថែមលើករណីរឿងក្រសួងព្យួរសិទ្ធិនាយកសាលាវិទ្យាល័យទួលប្រាសាទ​សែនសុខ បានទេ។

លោកគ្រាន់តែបញ្ជាក់ថា៖ «ខ្ញុំសូមមិនអធិប្បាយបន្ថែមករណីនេះទេ»

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២​ មន្ទីរអប់រំរាជធានីភ្នំពេញបានចុះទៅប្រជុំ​សម្រេច​លើ​ករណី​ស្នើសុំរបស់លោកគ្រូអ្នកគ្រូឱ្យដកលោក អ៊ុំ សុកំ ចេញពីនាយកសាលាវិទ្យាល័យ​ទួល​ប្រាសាទសែនសុខ ប៉ុន្ដែខាងមន្ទីរមិនបានសម្រេចតាមសំណើររបស់គ្រូបង្រៀន និងសិស្ស​សាលានោះទេ ថែមទាំង​ចោទ​​ថាគ្រូបង្រៀន និងសិស្សានុសិស្សចេះតែបង្កបញ្ហានៅក្នុង​អង្គភាព ទើបពួកលោកគ្រូ អ្នកគ្រូ​ និងសិស្សានុសិស្ស​ផ្ទុះការតវ៉ាភ្លាមៗនៅមុខក្លោងទ្វារសាលា​ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយក្នុងភូមិ​សំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះផងដែរ លោក ហៀន សុភា ជាគ្រូបង្រៀនមា្នក់នៃវិទ្យាល័យទួលប្រាសាទ​សែនសុខ និងជាអ្នកដែលចូលរួមក្នុងការតវ៉ាកាលពីថ្ងៃទី២១ ខែតុលា បានឱ្យដឹងថា គ្រូបង្រៀន និងសិស្សានុសិស្សបានដឹងថា លោក អ៊ុំ សុកំ ត្រូវបានខាងក្រសួងអប់រំ​បាន​សម្រេច​ដកសិទ្ធិហើយ ប៉ុន្ដែខាងក្រសួង និងមន្ទីរអប់រំមិនចង់ឱ្យមានការផ្សព្វផ្សាយ​​លើ​ករណី​នេះនោះទេ ព្រោះចង់ឱ្យមានការដោះស្រាយដោយស្ងប់ស្ងាត់សិន។ ហើយលិខិត​ក៏​ខាង​ក្រសួង និងមន្ទីរអប់រំមិនបានបង្ហាញជាសាធារណៈឱ្យបានដឹងដែរ ប៉ុន្ដែលោកដឹងថា​បានដក​សិទ្ធិចេញហើយ ដោយខាងក្រសួង និងមន្ទីរបានចុះមកសម្របសម្រួល និងប្រកាស។

លោកបន្ដថា៖ «យើងកំពុងមើលគណៈកម្មការគេចុះមកគ្រប់គ្រង គេឱ្យយើងរក្សាភាព​ស្ងៀម​ស្ងាត់​សិន ទាំងព័ត៌មានទាំងអីសិន គេអត់មានឱ្យយើងចុះផ្សាយទេ»

យ៉ាងណាគ្រូបង្រៀនរូបនេះបន្ដថា គ្រូ និងសិស្សមិនទាន់ដឹងថា គណៈកម្មការបង្កើតថ្មីហ្នឹង​​សម្រេចយ៉ាងម៉េចទេ ដោយរងចាំលទ្ធផលជាផ្លូវការថាតើខាងក្រសួង និងមន្ទីរនឹងដាក់​អ្នកណា​ជំនួស។

ជុំវិញរឿងនេះ លោក អ៊ុំ សុកំ នាយកវិទ្យាល័យទួលប្រាសាទសែនសុខ​ដែលត្រូវបាន​ខាង​ក្រសួងអប់រំព្យួរសិទ្ធិបណ្ដោះអាសន្ន បានថ្លែងថា ការសម្រេច​របស់​ក្រសួងអប់រំ ចំពោះ​រូបលោក លោកមិនមានអ្វីត្រូវបកស្រាយនោះទេ។

ប៉ុន្ដែលោកបន្តថា ករណីនេះលោកបានទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ មិនគួរណាពួកគាត់(លោកគ្រូ អ្នកគ្រូ) បែរជាមិនស្ដាប់ថ្នាក់ដឹកនាំទេ បែរជានាំគ្នាចេះតែ​ដើរ​ប្ដឹង។ យ៉ាងណាលោកថាស្រេចតែថ្នាក់ដឹកនាំក្រសួងទេ សម្រេចបែបណាលោកក៏គ្មាន​អ្វី​តវ៉ា​ដែរ តែក៏គួរស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីឱ្យលោកទទួលបានយុត្ដិធម៌ផង កុំឱ្យទទួល​បាន​តែម្ខាង​។

លោកបន្ថែមថា៖ «ដូចជាមិនមានប្រសាសន៍អីទេខ្ញុំ   ពីព្រោះអីគេបានធ្វើការហើយ។ គេរៀបចំបង្កើតគណៈកម្មការរួចហើយ។ ហើយពាក់ព័ន្ធនឹងរឿងខ្ញុំមិនដឹងនិយាយថាម៉េច? ដូចអូនដឹងស្រាប់ហើយក្រុមគ្រូដែលប្ដឹងខ្ញុំ គាត់ដើរតែប្ដឹងគ្រប់កន្លែង គាត់អត់ស្ដាប់អាណា​ផង»

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ មន្ទីរអប់រំរាជធានីភ្នំពេញបានចុះទៅបើកការស៊ើបអង្កេត​លើករណីភាពមិនប្រក្រតីរបស់លោក អ៊ុំ សុកំ ដឹកនាំដោយលោក​ ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរ​អប់រំរាជធានីភ្នំពេញ ប៉ុន្ដែការចុះស៊ើបអង្កេតនេះគ្រាន់ចុះប្រមូលភស្ដុតាង​និងប្រមូល​ព័ត៌មាន​​ផ្សេងៗ​ពីក្រុមនាយកសាលានិងមានការចូលរួមពីសិស្សសាលាមួយចំនួនប៉ុណ្ណោះ ប៉ុន្ដែមិន​មាន​ការ​សម្រេចបែបណានោះទេ។

លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ឱ្យខេមបូចាដឹងថា លោកមិនបានទទួលបន្ទុករឿងអស់ហ្នឹងទេ ដោយលោកឱ្យអ្នកសារព័ត៌មានខេមបូចា​ទាក់ទង​ទៅ​ប្រធានអង្គភាព គឺលោក ឱម យិនទៀង ដោយផ្ទាល់តែម្ដង។

លោក សាវុធបន្ដថា៖ «បងអត់ទទួលបន្ទុករឿងហ្នឹងទេ ប្អូនអាចទាក់ទងទៅលោកប្រធាន​អង្គភាព​ដោយផ្ទាល់ទៅ បងអត់ដឹងទេ»

ខេមបូចាមិនអាចសុំការបំភ្លឺពីលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។

ប៉ុន្ដែកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២កន្លងមក លោក អ៊ុំ សុកំ ក៏ត្រូវបានអង្គភាពប្រឆាំង​អំពើ​ពុករលួយធ្លាប់បានអញ្ជើញសាកសួរអំពីភាពមិនប្រក្រតី​មួយចំនួនតាមពាក្យបណ្តឹងចោទ​ប្រកាន់​របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ​បានដាក់​កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ប៉ុន្ដែនៅមិនទាន់បានសម្រេចជាផ្លូវការ​ណាមួយ​ទើបពួក​គាត់បន្ដប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងអប់រំបន្ថែមទៀត។

ចំណែកឯ លោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាព បានលើកឡើងថា ចំពោះ​ករណី​សង្ស័យថាមានពាក់ព័ន្ធនឹងភាពមិនប្រក្រតី និងអំពើពុករលួយដែល​លោកគ្រូអ្នកគ្រូ​បានបង្ហាញភស្ដុតាងថែមទៀត។លោកថាក្រសួងអប់រំគួរតែសហការគ្នាជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្វែងរកភស្ដុតាងបន្ថែម រួចចាត់វិធានការជាក់ស្ដែងទៅតាមដែនសមត្ថកិច្ច​របស់ខ្លួន។

លោកបានចាត់ទុកថា៖ «ការដាក់ពិន័យរដ្ឋបាល តាមរយៈការព្យួរឬក៏ការផាកពិន័យផ្សេងៗ ឬដូរតំណែងហ្នឹង។ ខ្ញុំគិតថាវាជាទម្រង់មួយនៃការលើកលែងទោសហើយ។ មានន័យថាយើង​មានច្បាប់ប្រឆាំងអំពើពុករលួយតែទាមទារឱ្យមានការអនុវត្ដច្បាប់។ យើងមានករណីបែបនេះ គឺមានច្រើនសាមីក្រសួងនីមួយៗ គ្រាន់តែដាក់ពិន័យហើយក៏ចប់ ដល់ពេលអ៊ីចឹងករណីហ្នឹង វាចេះតែបន្ដកើតឡើង»

លោកបានបន្ថែមថា​ ការដាក់ពិន័យ និងដាក់ទោសកម្រិតនេះ វាមិនមែនជាការអនុវត្ដច្បាប់​បាន​ល្អទេ ហើយជាទូទៅគួរតែមានការអនុវត្ដច្បាប់ និងផ្ដល់ភាពយុត្ដិធម៌ដល់​អ្នកពាក់ព័ន្ធ។ ចំណែកករណីពុករលួយត្រូវតែខាងអង្គភាពប្រឆាំងអំពើពុករលួយធ្វើការត្រួតពិនិត្យបន្ថែម ដែលផ្ដល់ដោយលោកគ្រូ អ្នកគ្រូ និងសិស្ស៕

855 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម