ព្រៃលិចទឹកក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងរបស់រដ្ឋស្ថិតនៅឃុំដងពែង និងឃុំស្រែអំបិល ស្រុកស្រែអំបិលចំនួន ៨៥៩ហិកតា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចកាប់ទន្ទ្រានយកមួយចំនួនធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈប្រជាសហគមន៍អំពាវនាវឱ្យអាជ្ញាធរ និងមន្រ្តីជំនាញចាត់វិធានការតាមច្បាប់។
អ្នកស្រី សេង ស៊ីន អាយុ ៦០ឆ្នាំ ជាប្រធានសហគមន៍ទ្រាំងចំការក្រោម ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បាននិយាយថា ដីព្រៃលិចទឹកនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងរបស់រដ្ឋសរុបចំនួន ៨៥៤ហិកតា ក្នុងនោះស្ថិតនៅឃុំស្រែអំបិលចំនួនជាង ១៥៨ហិកតា ត្រូវបានជនខិលដែលមិនទាន់បានស្គាល់អត្តសញ្ញាណលួចចូលកាប់ទន្ទ្រាន។
អ្នកស្រីបន្តថា ការកាប់ទន្ទ្រាននេះចាប់តាំងពីដើមឆ្នាំ២០២២ ដោយជនល្មើសបានលួចចូលទៅកាប់ព្រៃលិចទឹកផ្ដួលចោលប្រមាណ ៤ហិកតា ហើយកន្លែងមួយចំនួនទៀត ត្រូវបានគេបូមខ្សាច់ចាក់ដីលុបថែម។ ចំណែកអាជ្ញាធរមិនទាន់មានវិធានការច្បាប់ជាក់លាក់ណាមួយនៅឡើយ ដើម្បីទប់ស្កាត់អំពើល្មើសច្បាប់នេះ។
អ្នកស្រីបញ្ជាក់ថា៖ «ពួកខ្ញុំជាសហគមន៍ដែលធ្លាប់អាស្រ័យផលទីតាំងដីនោះចាប់ពីឆ្នាំ១៩៩៩មកម្លេះ គឺអ្នកភូមិយើងតែងតែទៅរកក្ដាម ខ្យង បេះបន្លែ ហើយអ្នកភូមិយើងមួយចំនួនទៀត ដាក់មង ដាក់បង្កៃ ដាក់សន្ទូចយកត្រី និងការអាស្រ័យផលជាច្រើនប្រភេទទៀត។ យើងមានការព្រួយបារម្ភពីការបាត់បង់ដីនៅតំបន់នោះ»។
លោក ទិត សារឿន អាយុ ៦២ឆ្នាំ ជាពលរដ្ឋដែលរស់នៅក្នុងភូមិបានទៀង ឃុំដងពែង បាននិយាយថា កន្លងមកតំបន់ព្រៃលិចទឹកខាងលើ ត្រូវបានអាជ្ញាធរលើកជាទំនប់ ដើម្បីទប់ទឹកប្រៃមិនឱ្យហូរចូលមកបំផ្លាញផលដំណាំស្រូវរបស់ពលរដ្ឋ។
លោកបន្តថា ព្រៃលិចទឹកដែលនៅខាងក្រៅទំនប់ត្រូវបានមន្រ្តីជំនាញពាក់ព័ន្ធហាមមិនឱ្យជនណាម្នាក់កាប់រុករានទន្ទ្រាននោះទេ ប៉ុន្ដែដីព្រៃនេះបច្ចុប្បន្នត្រូវបានគេកំពុងរំលោភយកជាកម្មសិទ្ធិខុសច្បាប់។ ការរំលោភដីព្រៃរបស់ជាកម្មសិទ្ធិឯកជន ធ្វើប៉ះពាល់ជាជីវភាពពលរដ្ឋប្រមាណជាង ១០០០គ្រួសារដែលរស់នៅជុំវិញតំបន់នោះ ព្រោះពួកគាត់ធ្លាប់អាស្រ័យផលប្រចាំថ្ងៃកន្លងមកនេះ។
លោក សារឿន បញ្ជាក់ថា៖ «យើងខ្ញុំជាពលរដ្ឋមិនបានស្គាល់បុគ្គលណាម្នាក់ដែលហ៊ានទៅកាប់ទន្ទ្រានដីព្រៃនោះ ខ្ញុំគិតថា បើមិនមានអំណាច និងមានអ្នកកាងពីក្រោយខ្នងទេ គឺវាពិបាកនឹងប្រព្រឹត្តបទល្មើសកាប់ទន្ទ្រានដីព្រៃនេះ។ ពួកខ្ញុំឧស្សាហ៍ចុះល្បាត ហើយជួបប្រទះបញ្ហានេះរាយការណ៍ទៅអាជ្ញាធរ គឺអាជ្ញាធរដូចមិនសូវខ្វល់ខ្វាយចាត់វិធានការអ្វីទេ»។
លោក ទី យូង មេឃុំដងពែង ស្រុកស្រែអំបិល បានឱ្យដឹងថា ពិតជាមានការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់នោះមែន ប៉ុន្ដែលោកមិនទាន់បានដឹងអត្តសញ្ញាណពីជនល្មើសនៅឡើយ។ អ្នកដែលកាប់ទន្ទ្រាននោះ មិនមែនជាលក្ខណៈក្រុមហ៊ុនទេ ប៉ុន្ដែជាលក្ខណៈបុគ្គល ហើយអាចនឹងមានអំណាចទៀតផង។
លោកបានរៀបចំសរសេរជារបាយការណ៍ជម្រាបជូនដំណឹងទៅអភិបាលស្រុកស្រែអំបិល និងមន្រ្តីជំនាញបរិស្ថានខេត្តកោះកុងរួចរាល់កាលពីដើមខែមិថុនានេះ ប៉ុន្ដែលោកមិនទាន់ដឹងពីចំណាត់ការរបស់មន្រ្តីជំនាញទាំងនោះទេ។
លោកមេឃុំថ្លែងថា៖ «ចំណាត់ការយ៉ាងណា គឺស្ថិតលើមន្រ្តីជំនាញខាងបរិស្ថាន ព្រោះវាជាដែនសមត្ថកិច្ច និងការគ្រប់គ្រងដោយបរិស្ថានពួកគាត់ហ្នឹង។ ខ្ញុំអាជ្ញាធរមូលដ្ឋាន គឺបានត្រឹមរាយការណ៍ប្រាប់ទៅពួកគាត់។ ដីព្រៃហ្នឹង គឺវានៅពីរឃុំ នៅឃុំដងពែង និងឃុំស្រែអំបិល ហើយជនល្មើសកាប់ព្រៃឈើផ្ដួលចោលក្នុងទឹកហ្នឹង»។
លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិលបានឱ្យដឹងយ៉ាងខ្លីថា លោកកំពុងចាត់កម្លាំងចុះពិនិត្យនៅទីតាំងដីព្រៃខាងលើហើយ ព្រោះលោកកំពុងធ្វើការងារជាលក្ខណៈរដ្ឋបាលជាមុនសិន។
លោកអភិបាលស្រុកបញ្ជាក់ថា៖ «យើងកំពុងធ្វើការងារនេះ មន្ត្រីយើងចុះពិនិត្យហើយ មិនដឹងយ៉ាងណាទេ»។
លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង មិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីបានទេ។
ចំណែកលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី ១០ខែមិថុនាថា ចំពោះករណីបូមខ្សាច់លុបព្រៃលិចខាងលើ គឺឈ្មួញម្នាក់បានសុំច្បាប់ពីមន្រ្តីជំនាញខេត្តកោះកុងរួចហើយ។
លោកបន្តថា ភាគីខេត្តនៅមិនទាន់ចេញលិខិតច្បាប់អនុញ្ញាតជាផ្លូវការនៅឡើយ។ ដូច្នេះអាជ្ញាធរបានប្រាប់ឱ្យភាគីម្ចាស់ទីតាំងខាងលើផ្អាកសកម្មភាពបណ្ដោះអាសន្ន ដើម្បីមន្រ្តីជំនាញចុះពិនិត្យពីផលប៉ះពាល់បន្ថែមទៀត។
លោកបញ្ជាក់ថា៖ «បើម្ចាស់ទីតាំងខាងលើ នៅតែមិនព្រមអនុវត្តតាម ហើយនៅតែបន្តសកម្មភាពទៀតនោះ គឺខាងជំនាញយើងនឹងចុះទៅដកហូតគ្រឿងចក្រតែម្ដង»។
លោក ថោង ចាន់តារា មន្រ្តីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក(ADHOC)ប្រចាំខេត្តកោះកុង បានថ្លែងថា សកម្មភាពនេះជាការកាប់បំផ្លាញព្រៃកោងកាងធម្មជាតិរបស់រដ្ឋ និងជាទីតាំងដែលពលរដ្ឋសហគមន៍អាស្រ័យផលរួមគ្នាក្នុងមូលដ្ឋានរបស់ពួកគាត់។
លោកបន្តថា អាជ្ញាធរ និងមន្រ្តីជំនាញត្រូវតែចាត់វិធានការឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងការកាប់បំផ្លាញកាន់តែច្រើនថែមទៀត។ ដីនៅចំណុចនេះជាដីដែលមានអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានកាត់ឆ្វៀលចេញពីតំបន់អភិរក្សមកធ្វើជាតំបន់ប្រើប្រាស់ច្រើនយ៉ាងសម្រាប់ពលរដ្ឋអាស្រ័យផល ប៉ុន្ដែមានឈ្មួញខិលខូចទៅទន្ទ្រាន និងចាក់ដីលុបយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។
លោក ចាន់តារា បញ្ជាក់ថា៖ «ក្នុងនាមសង្គមស៊ីវិល ខ្ញុំសូមជំរុញឱ្យអាជ្ញាធរចាត់វិធានតាមផ្លូវច្បាប់ ស្រាវជ្រាវអ្នកដែលពាក់ព័ន្ធការរំលោភយកដីធ្លីរបស់រដ្ឋធ្វើការកម្មសិទ្ធឯកជនដោយខុសច្បាប់។ វាអាចជាគំរូអាក្រក់មួយដល់ទីតាំងផ្សេងៗទៀត ប្រសិនបើមិនមានវិធានការទាន់ពេលវេលាទេ»។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុងបានឱ្យដឹងថា លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងដែលកំពុងរងការរំលោភផ្ទាល់កាលពីចុងឆ្នាំ២០២១ បានបង្ហាញថា រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៣០ចុះថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ ស្ដីពីការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ មកធ្វើជាតំបន់សហគមន៍ប្រើប្រាស់ច្រើនយ៉ាងដងពែងវិញ ដើម្បីឱ្យពលរដ្ឋសហគមន៍មានឱកាសប្រើប្រាស់អាស្រ័យផលរួមគ្នាលើទីតាំងដីនេះ។
បន្ទាប់ពីពិនិត្យឃើញមានភាពមិនប្រក្រតីនៃការរំលោភបំពានដីព្រៃលិចទឹកនេះ លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលស្រុកស្រែអំបិល ធ្វើរបាយការណ៍លម្អិតអំពីករណីនេះមករដ្ឋបាលខេត្តកោះកុង។ ចំណែកលោកមេឃុំ ត្រូវចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋ ចូលរួមថែរក្សាការពារព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវរាយការណ៍ទៅរដ្ឋបាលស្រុកជាប្រចាំផងដែរ៕