សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កាស៊ីណូសមាជិកព្រឹទ្ធសភាម្នាក់ និងទីតាំងសង្ស័យមួយកន្លែងនៅកំពង់ស្ពឺ​មិនទាន់ត្រូវបានចាត់វិធានការនៅឡើយ

មនុស្សនៅក្នុងទីតាំងមួយនៅខេត្តតាកែវ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសន្តិសុខយាមកាមយ៉ាងតឹងរឹង ដែលអាចមានទំនាក់ទំនងជាមួយទីតាំងមួយទៀតនៅជិតនោះដែលត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីខែតុលា បន្ទាប់ពីមានរបាយការណ៍អំពីការធ្វើទារុណ្ឌកម្ម។ (ខេមបូចា/ Coby Hobbs)
មនុស្សនៅក្នុងទីតាំងមួយនៅខេត្តតាកែវ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសន្តិសុខយាមកាមយ៉ាងតឹងរឹង ដែលអាចមានទំនាក់ទំនងជាមួយទីតាំងមួយទៀតនៅជិតនោះដែលត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីខែតុលា បន្ទាប់ពីមានរបាយការណ៍អំពីការធ្វើទារុណ្ឌកម្ម។ (ខេមបូចា/ Coby Hobbs)

ការបង្ក្រាបក្រុមសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាបានបន្តធ្វើឡើងជាច្រើនទីតាំងនៅទូទាំងប្រទេសកម្ពុជានាល្ងាចថ្ងៃព្រហស្បតិ៍ ប៉ុន្តែទីតាំងធំៗដែលគេស្គាល់ច្បាស់នៅតែមិនទាន់ត្រូវបានប៉ះពាល់ ទោះបីជាគេឃើញមានមនុស្សរាប់រយនាក់បានភៀសខ្លួន និងឡើង​ជិះរថយន្តក្រុង​ចេញពីទីតាំងមួយក្នុងចំណោមនោះ ដែលបង្ហាញថាសកម្មភាពបទល្មើសបច្ចេក​វិទ្យា​នៅតែបន្តកើតមានឡើង​ទោះ​មានការបង្ក្រាបកាលពីឆ្នាំមុនយ៉ាង​ណាក្តី​។

នៅខេត្តឧត្តរមានជ័យ សមត្ថកិច្ចបាននិយាយថា ពួកគេបានចាប់ខ្លួនជនបរទេសចំនួន ១០៣ នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស​អនឡាញ និងបទល្មើសផ្សេងទៀតនៅទីតាំងចំនួន៩​។ ប៉ុន្តែរមណីយដ្ឋានអូស្មាច់ដែលស្ថិតនៅក្នុងខេត្តនេះ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន L.Y.P. Group ដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក មិនស្ថិតនៅក្នុងចំណោមទីតាំងទាំងនេះទេ ទោះបី​ជាមានការចោទប្រកាន់ជាយូរមកហើយថាទីតាំងនេះមានទំនាក់ទំនងជាមួយបណ្តាញជួញដូរមនុស្ស និងបទល្មើសអនឡាញក៏ដោយ។

ទន្ទឹមនឹងនេះ នៅខេត្តកំពង់ស្ពឺ វីដេអូបង្ហោះលើបណ្តាញសង្គមដែលត្រូវបានផ្ទៀងផ្ទាត់ទីតាំងដោយអ្នកសារព័ត៌មានខេមបូចា បានបង្ហាញថា មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីទីតាំងមួយដែលគេស្គាល់ថាជា «Mango Park» ដោយពួកគេទាំងនោះរត់កាន់វ៉ាលី និងឡើងជិះរថយន្តក្រុង។ សំឡេងមនុស្សម្នាក់និយាយក្នុងវីដេអូដែលអាចស្តាប់បានថា «ប៉ូលីសមកដល់បាត់ហើយ!»

នគរបាលខេត្តកំពង់ស្ពឺ និងអភិបាលខេត្តមិនបានបញ្ជាក់ថាតើទីតាំងនេះត្រូវបានបង្ក្រាបឬអត់នោះទេ។ លោក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ដែលជាទីតាំងបង្ហាញក្នុងវីដេអូបានថ្លែងថា លោកមិនទាន់ទទួលបានបទបញ្ជាពីថ្នាក់លើអំពីការបង្ក្រាបណាមួយ​នៅឡើយទេ។

Mango Park 2 ដែលជាឈ្មោះក្រៅសម្រាប់ទីតាំងមួយដែលត្រូវបានគេចោទថាទីតាំងប្រព្រឹត្តបទល្មើសអនឡាញ និងជិះជាន់កម្លាំងពលកម្ម ដូចដែលបានឃើញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/Coby Hobbs)
Mango Park 2 ដែលជាឈ្មោះក្រៅសម្រាប់ទីតាំងមួយដែលត្រូវបានគេចោទថាទីតាំងប្រព្រឹត្តបទល្មើសអនឡាញ និងជិះជាន់កម្លាំងពលកម្ម ដូចដែលបានឃើញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/Coby Hobbs)

នៅរសៀលថ្ងៃសុក្រ សារព័ត៌មាន Fresh News បានរាយការណ៍ថា ជនបរទេសជិត ៥០០ នាក់ «សង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញ» ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃព្រហស្បតិ៍ នៅក្នុងរថយន្តរាប់សិបគ្រឿងដែលដឹកឧបករណ៍កុំព្យួទ័រ នាក្រុងតាខ្មៅ ខេត្តកណ្តាល ជិត Mango Park ។ ពួកគេត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ននៅសាលាស្រុកកណ្តាលស្ទឹង ក្រោម «ការយាមកាមយ៉ាងតឹងរឹង»

ជនជាតិជាច្រើនត្រូវបានរាយការណ៍ថាស្ថិតនៅក្នុងក្រុមនេះ ដែលរួមមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌា និងមីយ៉ាន់ម៉ា។

Mango Park ត្រូវបានស៊ើបអង្កេតដោយ សារព័ត៌មានខេមបូចា កាលពីខែធ្នូ បន្ទាប់ពីនគរបាលជាតិបានបង្ក្រាបទីតាំងនេះ បន្ទាប់ពីការលាតត្រដាងដោយសារព័ត៌មានកូរ៉េមួយដែលភ្ជាប់ទីតាំងនេះជាមួយនឹងបទល្មើសអនឡាញ និងការជួញដូរមនុស្ស។ សារព័ត៌មាន​ខេមបូចា បានរកឃើញថា ទីតាំងនេះហាក់ដូចជានៅតែដំណើរការទោះបីជាមានការបង្ក្រាបក៏ដោយ ដោយមានជនរងគ្រោះដែលអាចជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សជាង ១ ០០០នាក់នៅមិនទាន់ត្រូវបានគេរកឃើញនៅពេលនោះ។

ទីតាំងសង្ស័យធំមួយទៀត ដែលស្ថិតនៅចម្ងាយ៩គីឡូម៉ែត្រពីទីនេះ និងគេស្គាល់ថាជា « Mango Park 2» ក៏ត្រូវបានកំណត់ដោយ សារព័ត៌មានខេមបូចា និងលើកឡើងនៅក្នុងរបាយការណ៍ថ្មីៗរបស់អង្គការលើកលែងទោសអន្តរជាតិផងដែរ។ ទោះបីជាមានសញ្ញាច្រើននៃសកម្មភាពឧក្រិដ្ឋកម្មក៏ដោយ ទីតាំងនេះមិនស្ថិតនៅក្នុងចំណោមទីតាំងដែលត្រូវបានបង្ក្រាបនៅថ្ងៃព្រហស្បតិ៍ទេ។

Mango Park នៅខេត្តកំពង់ស្ពឺស្ថិតនៅចម្ងាយប្រមាណ៩គីឡូម៉ែត្រពី Mango Park 2 នៅខេត្តតាកែវ។ (រូបភាពពី Google Earth)

ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ លោក ឡុង សុគុណ បានឱ្យដឹងថា ជនបរទេសចំនួន ១០៣នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តនេះភាគច្រើនជាជនជាតិចិន ហើយមិនដល់៣០នាក់ទៀតទេជាជនជាតិវៀតណាម ឡាវ និងថៃ។ លោកមិនបានបញ្ជាក់ថាតើពួកគេទាំងនោះត្រូវបានសាកសួរដើម្បីកំណត់ថាពួកគេជាជនរងគ្រោះនៃការជួញដូរមនុស្សឬអត់នោះទេ។

នៅពេលសាកសួរអំពីការបង្ក្រាបលើរមណីយដ្ឋានអូស្មាច់ លោក សុគុណ បានថ្លែងថា សមត្ថកិច្ចមិនបានកំណត់ទីតាំងនោះទេ ហើយបានផ្តោតលើទីតាំងផ្សេងៗនៅខាងក្រៅពីទីនោះ។ នៅពេលសួរបន្ថែមថាតើអាជ្ញាធរមានគម្រោងស៊ើបអង្កេតរមណីយដ្ឋានអូស្មាច់នាពេលអនាគតឬអត់ លោកបានបញ្ជាក់ថា នោះនឹងអា​ស្រ័យលើព័ត៌មានដែលប្រមូលបានពីអ្នកដែលត្រូវបានឃាត់ខ្លួន។

នៅខែមករា កម្មករបរទេសរាប់សិបនាក់បានបះបោរតវ៉ានៅរមណីយដ្ឋានអូស្មាច់ ដែលជាកាស៊ីណូមានអាជ្ញាប័ណ្ណ បន្ទាប់ពីត្រូវបានគេរាយការណ៍ថាពួកគេត្រូវបានបញ្ជូនទៅទីនោះបន្ទាប់ពីធ្វើការដោយគ្មានប្រាក់ខែអស់ជាច្រើនខែសម្រាប់ក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុ។ នេះបើយោងតាមរបាយការណ៍របស់នគរបាល។

ប្រដាប់ដោយដំបង ក្រុមកម្មករបរទេសទាំងនោះបានបង្ខំចេញពីទីតាំងនោះ មុនពេលត្រូវបានបញ្ជូនទៅធ្វើនីតិវិធីបណ្តេញចេញពីកម្ពុជា។ នៅពេលនោះសមត្ថកិច្ចមិនបានបញ្ជាក់ថាពួកគេបានធ្វើការងារអ្វីនោះទេ។

រមណីយដ្ឋានអូស្មាច់មានទំនាក់ទំនងផ្ទាល់ជាមួយមហាសេដ្ឋី និងជាសមាជិកព្រឹទ្ធសភាដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក លោក លី យ៉ុងផាត។ ក្រុមហ៊ុន L.Y.P. Group ដែលមានឈ្មោះរបស់លោកជាម្ចាស់ ធ្លាប់ដឹកនាំដោយភរិយា និងកូនរបស់លោកម្នាក់ មុនពេលក្រុមហ៊ុននេះក៏ដូចជាអាជីវកម្មផ្សេងទៀតដែលជាប់ទាក់ទងនឹងគ្រួសារលោក បានបាត់ចេញពីកំណត់ត្រាចុះឈ្មោះដែលគេអាចរកឃើញជាសាធារណៈក្នុងគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មកាលពីឆ្នាំមុន ដែលនេះហាក់ដូចជាការព្យាយាមគេចវេសពីទណ្ឌកម្ម។

លោក លី យ៉ុងផាត​ ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយ​សារ​ការចោទប្រកាន់ថាពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងបទល្មើសអនឡាញ

រមណីយដ្ឋានអូស្មាច់ក៏ធ្លាប់ត្រូវបានបង្ក្រាបកាលពីឆ្នាំ២០២២។ នៅពេលនោះ មន្ត្រីនគរបាលម្នាក់បាននិយាយថា អាចនឹងមានកម្មករបរទេសរាប់ពាន់នាក់នៅទីនោះ។

ចាប់តាំងពីមានបទបញ្ជារបស់រដ្ឋាភិបាលដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ដែលបញ្ជាឱ្យមានការបង្ក្រាបបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស ការបង្ក្រាបភាគច្រើនហាក់ដូចជាផ្តោតលើប្រតិបត្តិករទ្រង់ទ្រាយតូច និងមធ្យម។

សកម្មភាពនេះកើតឡើងចំពេលមានសម្ពាធអន្តរជាតិ និងជម្លោះតាមព្រំដែនជាមួយប្រទេសថៃ ដោយអាជ្ញាធរថៃបានចេញដីកាចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិដែលជាប់ទាក់ទងនឹងសមាជិក​ព្រឹទ្ធសភាកម្ពុជា លោក កុក អាន ដោយចោទប្រកាន់ថាមានពាក់ព័ន្ធជាមួយមជ្ឈមណ្ឌល​បទល្មើសបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត។

គិតត្រឹមថ្ងៃសុក្រ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជនបរទេសចំនួន ១,៣៦២ នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបនេះ។

នៅខាងក្រៅខេត្តឧត្តរមានជ័យ និងកណ្តាល សមត្ចកិច្ចបានធ្វើប្រតិបត្តិការនៅស្រុកស្នួល ខេត្តក្រចេះ នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយឃាត់ខ្លួនជនបរទេស ៣១២នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី និងបង់ក្លាដែស ដែលជាប់ពាក់ព័ន្ធនឹងក្រុមសង្ស័យថាជាបទល្មើសបច្ចេកវិទ្យា។

សារព័ត៌មានដដែលនេះក៏បានឱ្យដឹងថាជនជាតិចិន៩នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងសកម្មភាពបទបច្ចេកវិទ្យាត្រូវបានចាប់ខ្លួននៅពេលធ្វើដំណើរឆ្លងកាត់ខេត្តព្រះវិហារ។ អាជ្ញាធរ​បានរឹបអូសឧបករណ៍ដែលគេជឿថាត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស។

ការពិនិត្យរកអ្នកដែលត្រូវបានឃាត់ខ្លួនថាតើពួកគេស្ថិតនៅក្រោមអំពើជួញដូរមនុស្សឬអត់ ហាក់មានកម្រិតនៅឡើយ ទោះបីជាឧស្សាហកម្មបទល្មើសបច្ចេកវិទ្យាត្រូវបានគេដឹងថាពឹងផ្អែកលើកម្លាំងពលកម្មដែលត្រូវបានគេបង្ខិតបង្ខំក៏ដោយ។ ក្រុមសិទ្ធិមនុស្សប៉ាន់ប្រមាណថា មនុស្សប្រមាណ ១៥០ ០០០នាក់មកពីយ៉ាងហោច២២ប្រទេសត្រូវបានកេងប្រវ័ញ្ចនៅក្នុងទីតាំងបទល្មើសអនឡាញរបស់កម្ពុជា ដោយចំនួនសរុបឈានដល់ ៣៥០ ០០០នាក់នៅទូទាំងបណ្តាញក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា។

អាជ្ញាធរខេត្តស្ទឹងត្រែងបានឃាត់ជនជាតិចិនមួយក្រុមដែលសង្ស័យថាប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានៅពេលធ្វើដំណើរ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ (រូបថតបង្ហោះនៅលើគេហទំព័រ AKP)

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  បានប្រាប់ សារព័ត៌មានខេមបូចា នៅថ្ងៃព្រហស្បតិ៍ថា ការស៊ើបអង្កេតរាល់បទល្មើសនឹងធ្វើឱ្យមណ្ឌលឃុំឃាំងមានសម្ពាធ និងអាចបណ្តាលឱ្យកម្ពុជារងការរិះគន់បន្ថែមទៀតអំពីសិទ្ធិមនុស្ស។ លោកស្រីបានអំពាវនាវឱ្យមាន «ការទទួលខុសត្រូវរួម» ជាមួយបណ្តាប្រទេសដើមកំណើតរបស់បុគ្គលទាំងនោះ ដោយជំរុញឱ្យពួកគេទទួលយកជនជាតិរបស់ខ្លួនត្រឡប់ទៅវិញដើម្បីសួរចម្លើយបន្ថែម ខណៈពេលដែលកម្ពុជាផ្តោតលើការកាត់ទោសជនល្មើសនៅតុលាការ។

សកម្មភាពអនុវត្តច្បាប់មកដល់ពេលនេះហាក់មានកម្រិតនៅទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា និងកាស៊ីណូដែលមានឈ្មោះអសោចនៅកម្ពុជា រួមមានទីតាំងនៅក្រុងបាវិត ដែលជាទីក្រុងព្រំដែននៅខេត្តស្វាយរៀង។ អ្នកជំនាញខាងបទល្មើសឆ្លងដែនបានកត់សម្គាល់ថា អ្នកមានឥទ្ធិពលដែលមានទំនាក់ទំនងល្អក្នុងនយោបាយនៅតែមិនទាន់ត្រូវបានផ្តោតគោលដៅនៃការបង្រ្កាប។

សូម្បីតែមុនការបង្ក្រាបនៅសប្តាហ៍នេះ អ្នកវិភាគបានប៉ាន់ប្រមាណថា មជ្ឈមណ្ឌលបទល្មើសបច្ចេកវិទ្យាទ្រង់ទ្រាយធំប្រមាណ ៣៥០កន្លែងនៅតែសកម្មនៅទូទាំងប្រទេសកម្ពុជា ដែលបង្កើត​ប្រាក់ចំណូលចន្លោះពី១២ពាន់លានទៅ១៩ពាន់លានដុល្លារក្នុងមួយឆ្នាំ។

អ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក លោក ទូច សុខៈ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ស្ថានទូតនានាដែលតំណាងឱ្យជនជាតិដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាប រួមមានស្ថានទូតកូរ៉េខាងត្បូង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINESCAMS) នៃលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទូទាំងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនជនសង្ស័យសរុប ២ ២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ៧០២នាក់(ស្រី ៩៧នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) បង់ក្លាដេស ៧០នាក់(ស្រី ២៧នាក់) ប៉ាគីស្ថាន ៤២នាក់(ស្រី ៣នាក់) និងជនជាតិផ្សេងៗទៀតរួមមាន ថៃ ឡាវ ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់ម៉ា ជាដើម។​ យោងតាមសារព័ត៌មាន​ AKP៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Senator’s Casino, Fleeing Compound Not Hit in Growing Scam Raids

221 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម