អង្គការគាំពារសិទ្ធិមួយនិយាយថា យុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការដកហូតមកវិញពីកម្មសិទ្ធិ ឯកជននូវដីព្រៃលិចទឹកទំហំរាប់ពាន់ហិកតា តាមបណ្តោយបឹងទន្លេសាបអាចបង្កផលប៉ះពាល់ដល់ពលរដ្ឋ «រាប់ពាន់គ្រួសារ» ដែលបានធ្វើស្រែនៅតំបន់ដីនេះ ចាប់តាំងពីតំបន់នេះត្រូវបានចាត់ទុកថាជាតំបន់អភិរក្ស។
នៅឃុំសំរោងសែន ខេត្តកំពង់ឆ្នាំង មេឃុំបានរាយការណ៍ថា ឥឡូវនេះ ពលរដ្ឋចំនួន ៤៥០ គ្រួសារកំពុងប្រឈមមុខនឹងការបាត់បង់ដី ដែលអ្នកភូមិនិយាយថា ពួកគេបានធ្វើស្រែលើដីនេះ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ អ្នកភូមិនិយាយថា មន្រ្តីមូលដ្ឋានបានប្រាប់ពួកគេកាល ពីដើមខែធ្នូ ឲ្យទៅប្រគល់ដីព្រៃលិចទឹកដែលពួកគេធ្វើកសិកម្មស្រូវទៅឲ្យរដ្ឋវិញ យ៉ាងយូរនៅចុងឆ្នាំនេះ ដោយឥតលក្ខខណ្ឌ បើមិនដូច្នេះទេ ពួកគេនឹងប្រឈម ចំណាត់ការផ្លូវច្បាប់។
សម្រាប់ពលរដ្ឋមួយចំនួន ការបាត់បង់ដីនេះគឺជា រឿងដ៏លំបាកមួយសម្រាប់ពួកគេ។
លោក យិន ជា អាយុ ៥១ឆ្នាំ បានប្រាប់ ខេមបូចា ថា ពីមុនមកលោកបានធ្វើស្រែលើដីព្រៃលិចទឹក ចំនួនប្រាំហិកតានៅជិតភូមិរបស់លោកជារៀងរាល់ឆ្នាំ។ លោក ជា បាននិយាយថា អ្នកភូមិបាន ពឹងផ្អែកលើការធ្វើស្រែមួយភាគធំ ចាប់តាំងពីទិន្នផលនេសាទបានធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុង រយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោកបានបន្តថា នាពេលថ្មីៗនេះ លោកទើបខ្ចីប្រាក់មួយម៉ឺនដុល្លារ ដើម្បីសង់ផ្ទះថ្មី ហើយលោកព្រួយបារម្ភថា ឥឡូវនេះ លោកប្រហែលមិនអាចបង់បំណុលនេះបាន នៅពេលលោកមិនអាចធ្វើស្រែបាន។
លោកបានថ្លែងថា៖ «បើគេមិនឲ្យយើងធ្វើស្រែលើដីនោះ យើងនឹងគ្មានលុយសងអង្គការ [ ធនាគារ] ទេ ហើយឲ្យអង្គការរឹបអូសផ្ទះទៅចុះ ពីព្រោះយើងមិនបានលុយបង់ទៅគេ។ ប្រសិនបើយើង មិនអាចចិញ្ចឹមខ្លួនឯងផង មានលុយឯណាទៅសងធនាគារនោះ?»។
អ្នកភូមិបាននិយាយថា ពួកគេបានយល់ព្រមផ្តល់ដីត្រឡប់ទៅឲ្យរដ្ឋាភិបាលវិញ ដោយសង្ឃឹមថា រដ្ឋាភិបាលនឹងកាត់ឃ្វាវដីព្រៃលិចទឹកមួយផ្នែកដើម្បីឲ្យពួកគេអាចបន្តធ្វើស្រែ។ អ្នកភូមិក៏បានបដិសេធការទន្ទ្រានដីព្រៃលិចទឹក ដោយនិយាយថា ដីនោះត្រូវបានប្រើតាំងពីជំនាន់ ឪពុកម្តាយរបស់ពួកគេមកម៉្លេះ។

លោក ជ័យ ច័ន្ទ មេឃុំសំរោងសែន បាននិយាយថា អ្នកភូមិបានធ្វើស្រែលើដីព្រៃលិច ទឹកចាប់តាំងពីឆ្នាំ១៩៨២ មក បន្ទាប់ពីរបបប៉ុលពតបានដួលរលំ។
លោកបានថ្លែងថា៖ «ពីមុនប្រជាជនមិនដែលគិតថា ពួកគេរស់នៅដីព្រៃលិចទឹកដែលត្រូវបានការ ពារនោះទេ។ យើងគ្រាន់តែដឹង បន្ទាប់ពីបាននេសាទ ហើយប្រជាជនបានធ្វើស្រែប៉ុណ្ណោះ»។
ដោយសម្តែងមតិស្រដៀងនឹងលោក យិន ជា ដែរ លោក ជ័យ ច័ន្ទ បានលើកឡើងថា ការនេសាទកំពុងប្រឈមនឹងភាពខ្សត់ខ្សោយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយនាំឲ្យអ្នកភូមិកាន់តែច្រើនងាកទៅធ្វើស្រែជំនួសវិញ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ពលរដ្ឋមួយចំនួន បានពង្រីកដីស្រែនៅឆ្នាំ ២០១២ ដោយកាប់ឆ្ការតំបន់ដីព្រៃលិចទឹក ហើយលោកថា ការកាប់ឆ្ការនេះមិនត្រូវបានអាជ្ញាធរហាមឃាត់ទេ
បឹងទន្លេសាបមានព្រំប្រទល់ជាប់ខេត្តចំនួនប្រាំមួយ។ តំបន់បឹងនេះមានវដ្តរីកនិងរួមតាមរដូវកាល ដោយទឹកហូរច្រោះពីទន្លេមេគង្គ តាមរយៈទឹកហូរត្រឡប់ទៅវិញពីទន្លេសាបនៅដើមរដូវវស្សា និងហូរចេញពីបឹងទន្លេសាបវិញនៅចុងរដូវនេះ។ ពលរដ្ឋរស់នៅតាមបណ្តោយបឹងទន្លេសាបមាន រដូវធ្វើស្រែប្រាំងពីពាក់កណ្តាលខែធ្នូរហូតដល់ខែមេសា។
ប៉ុន្តែកាលពីថ្ងៃទី២៨ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យមានការបង្រ្កាប ការ ទន្ទ្រានដីព្រៃលិចទឹកតំបន់ទន្លេសាប បន្ទាប់ពីទទួលបានរបាយការណ៍ថា ដីស្រែរាប់ពាន់ហិកតាត្រូវបានកាប់ឆ្ការធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់។
លោក ហ៊ុន សែន បានទទួលដំណឹងពីការទន្ទ្រានដីព្រៃលិចទឹកនេះពីលោក សុខ ទូច ប្រធានរាជ បណ្ឌិតសភាកម្ពុជា។ លោក សុខ ទូច បាននិយាយថា អាជ្ញាធរបានធ្វើបាបពលរដ្ឋ ដែលគ្រប់គ្រងលើដីតែពីរឬបីហិកតា ស្របពេលអ្នកមានទ្រព្យធន និងមានអំណាចបានទន្ទ្រានដីព្រៃលិចទឹកចំនួនរាប់រយហិកតា។
លោកសុខ ទូចបានថ្លែងថា៖ «អាជ្ញាធរត្រូវអប់រំប្រជាជនពីផលប្រយោជន៍នៃការការពារ ដីព្រៃលិចទឹក ពីព្រោះប្រជាជនមិនយល់ពីរឿងនេះនោះទេ»។
យោងទៅតាមអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល កាលពីឆ្នាំ២០១០ រដ្ឋាភិបាល បានចេញសេចក្តីប្រកាសពីការគ្រប់គ្រងតំបន់ដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។ សេចក្តីប្រកាសនេះបានកំណត់ដីព្រៃលិចទឹកចំនួន ៦៩០.០០០ ហិកតាជាតំបន់អភិរក្ស ដែលត្រូវបានស្គាល់តាមឈ្មោះថា «តំបន់ ៣»។
រដ្ឋាភិបាលបានខណ្ឌតំបន់បឹងទន្លេសាបជាបីតំបន់ទូទៅ។ តំបន់ទូទៅនោះស្ថិតនៅចន្លោះតំបន់ ១ ដែលជាតំបន់ប្រជាជនរស់នៅ តំបន់២ សម្រាប់ធ្វើកសិកម្ម និងតំបន់៣ ដែលត្រូវបានរក្សាទុកជាតំបន់អភិរក្ស។
បន្ទាប់ពីការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែវិច្ឆិកា ក្រុមការងារមួយដឹកនាំ ដោយរដ្ឋមន្រ្តីក្រសួងដែនដីនិងនគរូបនីយកម្មលោក ជា សុផារ៉ា និងចូលរួមដោយក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ក៏ដូចជា កងអាវុធហត្ថ និងអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការស៊ើប អង្កេតទ្រង់ទ្រាយធំពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើតាមបណ្តោយបឹងទន្លេសាប។ ទោះបីជាការទឹកជំនន់តាមរដូវមិនសូវមានភាពខ្លាំងក្លា ដូចកាលពីប៉ុន្មានឆ្នាំមុនក៏ដោយ ប្រព័ន្ធអេកូឡូស៊ីដីព្រៃលិចទឹកគឺជាផ្នែកសំខាន់មួយនៃទន្លេសាប ដោយធ្វើជាកន្លែងត្រីពងតាមរដូវ និងសម្រាប់សត្វទឹកដទៃទៀតដែលរស់នៅក្នុងព្រៃលិចទឹក។ ប៉ុន្តែនៅតាមកន្លែងមួយចំនួន ដីព្រៃលិចទឹកគឺនៅសល់តែឈ្មោះតែប៉ុណ្ណោះ ស្របពេលដែលដើមឈើត្រូវបានកាប់ចេញ និងជំនួសដោយដីស្រែ។
ការជំរុញឲ្យមានការស៊ើបអង្កេតលើការទន្ទ្រានដីព្រៃលិចទឹកទទួលបានផ្លែផ្កាភ្លាមៗ។ មួយខែ បន្ទាប់ពីការបង្កើតក្រុមការងារ មន្រ្តីប៉ូលិសខេត្តកំពង់ឆ្នាំងចំនួនពីរនាក់ ដែលត្រូវបានរកឃើញថាបានរំលោភយកដីព្រៃលិចទឹករាប់រយហិកតានៅក្នុងខេត្ត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ និងរងការចោទប្រកាន់ពីការបំពានច្បាប់នេសាទ ច្បាប់ប្រឆាំងអំពើពុករលួយ និងការលាងលុយកខ្វក់។ ការចោទប្រកាន់ព្រហ្មទណ្ឌ ប្រឆាំងនឹងមន្រ្តីប៉ូលិសពីររូប នេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ នៅសាលាដំបូងរាជធានីភ្នំពេញ។
មន្រ្តីដទៃទៀតត្រូវបានរងការចោទប្រកាន់ពីការរំលោភដីទ្រង់ទ្រាយធំនៅក្នុងតំបន់ព្រៃលិចទឹក ដែលមានការអភិរក្សជាផ្លូវការ ទោះបីជាមិនច្បាស់ថា ការស៊ើបអង្កេតករណីព្រហ្មទណ្ឌ ត្រូវបានធ្វើឡើងក្នុងកម្រិតណានោះទេ។
អតីតអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ត្រូវបានរាយការណ៍ថា បានទន្រ្ទានយកដី ព្រៃលិចទឹកចំនួន ២.០០០ហិកតា ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានចំណាត់ការណាមួយទៅលើ រូបលោកនៅឡើយទេ
នៅពេលអ្នកសារព័ត៌មានម្នាក់បានសួរទៅកាន់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ពាក់ព័ន្ធនឹងមន្រ្តីប៉ុន្មានរូបទៀតកំពុងប្រឈមនឹងការស៊ើបអង្កេតពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃលិចទឹក លោកបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយនិយាយថា លោកមិនមានចម្លើយនោះទេ។
ដូចគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងដែនដីលោក ជា សុផារ៉ា ចុចបិទទូរសព្ទ នៅពេលអ្នកសារព័ត៌មានខេមបូចា ហៅទូរសព្ទទៅលោក។
បន្ទាប់ពីមានរបាយការណ៍ពីការទន្ទ្រានដីទ្រង់ទ្រាយធំដោយមន្រ្តីជាន់ខ្ពស់ កសិករតាមបណ្តោយបឹងទន្លេសាបឥឡូវនេះកំពុងតែនឹកគិតថា ពួកគេនឹងទៅជាយ៉ាងណា។

អ្នកស្រី លឹម រ៉ានី អាយុ ៣៤ឆ្នាំ មកពីខេត្តកំពង់ធំ និយាយថា អ្នកស្រីបានជួលដីស្រែប្រមាណ ៤០ ហិកតា ដើម្បីដាំស្រូវអស់រយៈពេលបួនឆ្នាំកន្លងមកនេះ។ អ្នកស្រីបាននិយាយថា អ្នកស្រីបាន ជួលដី ពីលោក ស៊ុំ សុជាតិ ដែលជាមន្រ្តីប៉ូលិសខេត្តមួយរូបក្នុង ចំណោមមន្រ្តីប៉ូលិសពីរនាក់ ដែលកំពុងរង បទចោទប្រកាន់នៅតុលាការក្រុងភ្នំពេញ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនដឹងថា គាត់ត្រូវបានចាប់ខ្លួននោះទេ ហើយខ្ញុំគ្រាន់តែឮថា គាត់កាន់កាប់ដីជាង ៦០០ហិចតា។ ខ្ញុំមិនដឹងថា នេះជាដីព្រៃលិចទឹកនោះទេ ពីព្រោះវាត្រូវបានឆ្ការអស់ហើយ»។
អ្នកស្រីរ៉ានី ត្រូវបានអនុញ្ញាតឲ្យប្រមូលផលរដូវនេះ ដោយសារតែអ្នកស្រីបាន ចាប់ផ្តើមធ្វើ ស្រែទៅ ហើយ មុនពេលមានបម្រាមពីរដ្ឋាភិបាលលើការធ្វើកសិកម្មនៅតំបន់អភិរក្ស។ ប៉ុន្តែឥឡូវនេះ ស្របពេលដែលអនាគតមិនច្បាស់ចំពោះដីស្រែរបស់អ្នកស្រី ការបោះទុនធ្វើស្រែលើដីជួល រាប់ហិកតាទំនងនឹងប្រឈមនឹងការខាតបង់។
អ្នកស្រីបាននិយាយថា៖ «យើងនៅតែមិនអាចសងធនាគារបាន ទោះបីជា ប្រមូលផលស្រូវរដូវ នេះក៏ដោយ ពីព្រោះយើងបានខ្ចីលុយច្រើនដើម្បីទិញគ្រឿងចក្រសម្រាប់ធ្វើកសិកម្ម»។
អ្នកស្រីរ៉ានីគឺ មិនមែនជាអ្នកភូមិតែម្នាក់ទេដែលជួបរឿងដូចនេះ។ អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណរិទ្ធ បានប្រាប់ ខេមបូចា ថា មកទល់ពេលនេះ ពលរដ្ឋជាង ៧.០០០នាក់ បានស្ម័គ្រចិត្តប្រគល់ដីស្រែត្រឡប់មកឲ្យរដ្ឋាភិបាលវិញ ដែលមានទំហំជាង ៣០.០០០ ហិកតា។
លោកបានថ្លែងថា៖ «យើងបានដឹងពីការស្នើសុំពីប្រជាជនសុំធ្វើស្រែលើតំបន់ដីនោះ ប៉ុន្តែក្នុង ដំណាក់កាលនេះ យើងត្រូវការឲ្យប្រជាជនសហការជាមួយអាជ្ញាធរក្នុងការធ្វើជំរឿន ប្រមូលទិន្នន័យជាដំបូងសិន។ យើងនឹងរង់ចាំផែនការថ្មីពីថ្នាក់លើ ថាតើពួកគេអាចបន្ត ធ្វើស្រែទៀតដែរឬទេ ហើយខ្ញុំមិនទាន់ដឹងច្បាស់នៅឡើយទេ»។

លោក ស៊ុន សុវណ្ណារិទ្ធ បាននិយាយថា នៅខេត្តកំពង់ឆ្នាំង មានដីព្រៃលិចទឹកសរុបចំនួន ៧ម៉ឺនហិកតា ដែលមានរួមបញ្ចូលទៅក្នុងតំបន់ ៣ ជាតំបន់អភិរក្ស។
លោក សំ ចាន់គា អ្នកសម្របសម្របអង្គការគាំពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង បាននិយាយថា ចំនួនប្រជាជនដែលទំនងនឹងរងផលប៉ះពាល់ពីការតម្រូវឲ្យប្រគល់ដី ត្រូវការគោលនយោបាយច្បាស់លាស់ដើម្បីបញ្ចៀសផលប៉ះពាល់សង្គមផ្សេងៗ។
លោកបានថ្លែងថា៖ «អ្នកដែលបានធ្វើស្រែ មុនពេលដែលតំបន់នេះត្រូវបានចាត់ទុកជាតំបន់អភិរក្ស គួរតែត្រូវអនុញ្ញាតឲ្យបន្តធ្វើស្រែ ដោយសារតែវាប៉ះពាល់ដល់គ្រួសារចំនួនរាប់ពាន់»។ ទោះបីយ៉ាងណាក៏ដោយ លោកទទូចថា រដ្ឋាភិបាលគួរដាក់ពិន័យមន្រ្តីសាធារណៈ ដែលបានប្រើប្រាស់អំណាចដើម្បីទន្ទ្រានដីរដ្ឋរាប់សិបពាន់ហិកតា។

មិនថាអ្វីនឹងកើតឡើងចំពោះមន្រ្តីដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ កសិករនៅតំបន់នោះនៅតែសង្ឃឹមថា នឹងអាចចូលធ្វើស្រែនៅផ្នែកខ្លះនៃដីព្រៃលិចទឹក ដែលពួកគេបានងាកមកពឹងអាស្រ័យដើម្បីជីវភាព។
លោក ឈិន ឈុន អ្នកភូមិសំរោងសែន បានប្រាប់ ខេមបូចា ថា គ្រួសាររបស់លោកបានធ្វើស្រែលើតំបន់ដីព្រៃលិចទឹកចាប់តាំងពីឆ្នាំ ១៩៨២មក។ លោកបានបន្តថា លោកបានខ្ចីប្រាក់ ៥០០០ដុល្លារដើម្បីសង់ផ្ទះថ្មី និងជួយផ្គត់ផ្គង់ការសិក្សារបស់កូនៗរបស់លោក។
លោកបានថ្លែងថា៖ « យើងមិនប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាល ក្នុងការការពារ ដីព្រៃលិច ទឹកនោះទេ ប៉ុន្តែរដ្ឋាភិបាលគួរផ្តល់ដីខ្លះឲ្យប្រជាជន ពីព្រោះយើងបានធ្វើស្រែលើដីនេះអស់ពេលយូរមកហើយ»។ ដោយលោកបន្ថែមថា៖ «នៅពេលយើងមិនត្រូវអនុញ្ញាតឲ្យធ្វើស្រែ វាពិតជាប៉ះពាល់ដល់ជីវភាពប្រជាជន។ យើងមិនមានបាយហូប ហើយយើងមិនអាចពឹងលើការនេសាទតែមួយមុខនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Confiscation of flooded forest lands hit thousands of locals along the Tonle Sap