កូដករណាហ្គាវើលដ៍ប្រមាណជាង១០០នាក់នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានយកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងរដ្ឋសភាជាតិ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីស្ថាប័នទាំងពីរ ដោយពួកគេអះអាងថាក្រសួងការងារហៅចរចា១១ដងមកហើយ តែមិនមានលទ្ធផលជាផ្លែផ្កា។
បើតាមថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រាប់ឱ្យដឹងថាពួកគេពិតជាមានសេចក្ដីរំពឹងយ៉ាងមុតមាំថា វិវាទការងារដ៏រុំារ៉ៃរបស់ពូកគេនឹងរកបានដំណោះស្រាយ តាមរយៈញត្តិដែលពួកគេដាក់ទៅនាយករដ្ឋមន្រ្តី និងរដ្ឋសភា។
កញ្ញាអះអាងថា៖ «ប្រាកដជារំពឹងហើយ បើមិនរំពឹងយើងមិនមករកសម្ដេចទេ ព្រោះយើងឃើញថាមុនទៅដល់លោកយើងប្រើប្រាស់អស់និតិវិធី។ យើងឃើញមានស្ថាប័នផ្សេងៗចូលរួមដែរ តែមិនទាន់មានដំណោះស្រាយ ចឹងវាដល់ពេលវេលាគួរសម ប្រហែលទាល់តែសម្ដេចបានដោះស្រាយបញ្ហានឹងបាន»។
កញ្ញាបញ្ជាក់ថា មូលហេតុនៃការដាក់ញត្តិទៅនាយករដ្ឋមន្រ្តី និងរដ្ឋសភា គឺមានគោលបំណងធំៗ៣ គឺទីមួយ ស្នើឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកឱ្យចូលធ្វើការវិញ ទីពីរ ទូទាត់ប្រាក់សំណងឱ្យបានត្រឹមត្រូវ និងទម្លាក់ចោលការចោទលើថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទាំង១៥រូប។
មេដឹកនាំសហជីពថ្លែងថា៖ «យើងខ្ញុំស្នើសម្តេចមេត្តាជួយអន្តរាគមន៍ដោះស្រាយវិវាទការងារ នៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយការទទួលយកបុគ្គលិកដែលនៅសេសសល់ត្រឡប់ចូលធ្វើការ និងទូទាត់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និង ទម្លាក់ចោល ការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទាំង ១៥រូប»។
កញ្ញា ស៊ីថរ បន្តថា មូលហេតុដែលពួកគេដាក់ញត្តិទៅស្ថាប័នខាងលើ ក៏ដោយសារតែក្រសួងការងារមិនបានដោះស្រាយវិវាទការងារនេះ ដោយតម្លាភាព និងប្រសិទ្ធិភាពឡើយ ព្រោះតំណាងកម្មករ បានចូលរួមកិច្ចប្រជុំរៀបចំដោយក្រសួងការងារចំនួន ១១លើករួចមក ក៏ប៉ុន្តែមិនទទួលបានដំណោះស្រាយណាមួយអាចទទួលយកបានឡើយពីកិច្ចប្រជុំនេះទេ។
កញ្ញាថ្លែងថា៖ «ពួកខ្ញុំចូលរួមប្រជុំ១១ដងតាំងពីពួកខ្ញុំត្រូវបានដោះលែង គឺអត់បានដោះស្រាយអីក្រៅពីឱ្យកម្មករយកលុយទេ ហើយបញ្ហាដែលបង្ខំឱ្យកម្មករយកលុយដោយមិនគិតពីសេរីភាពសហជីពរបស់គាត់[កម្មករ] នឹងហើយបានកើតជារឿងដល់ថ្ងៃហ្នឹង»។
កញ្ញា ស៊ីថរ ប្រាប់ទៀតថា មូលហេតុដែលកម្មករមិនព្រមទទួលយកសំណង គឺដោយសារទាក់ទងនឹងសេរីភាពសហជីព គ្មានសហជីពនៅកន្លែងធ្វើការ ដូច្នេះការបញ្ឈប់ការដឹកនាំសហជីព សកម្មជនសហជីពហើយក្រសួងការងារសម្របសម្រូលឱ្យកម្មករទទួលយកសំណង មិនអាចជាដំណោះស្រាយទេ ព្រោះវាប៉ះពាល់ដល់សេរីភាពសហជីព និងសិទ្ធិការងារ។

ខេមបូចា មិនទទួលបានការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ឡើយ នៅថ្ងៃចន្ទនេះ។ តែលោកធ្លាប់មានប្រសាសន៍ថា ការរាំងស្ទះជុំវិញការដោះស្រាយវិវាទការងារនេះបណ្ដាលមកពីភាគីវិវាទមិនបានអនុវត្តតាមនីតិវិធីដោះស្រាយវិវាទ មិនមែនមកពីការអសមត្ថភាពរបស់ក្រសួងឡើយ។
នៅម៉ោងប្រមាណ៩ព្រឹក គេសង្កេតឃើញថា កូដករជាង១០០នាក់បានជួបជុំគ្នានៅលើសួនច្បារវត្តបុទុម ដើម្បីយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី។ បន្ទាប់ពីតំណាងខាងខុទ្ទកាល័យបានទទួលញត្តិហើយ ក្រុមកូដករបានបន្តដំណើរទៅដាក់ញត្តិនៅរដ្ឋសភា ប៉ុន្តែដើរបានបន្តិច ក្រុមអាជ្ញាធរ មានទាំងក្រុមរក្សាសណ្ដាប់ធ្នាប់ខណ្ឌ បានរារាំងមិនឱ្យពួកគេបន្តដំណើរទៅរដ្ឋសភាឡើយ ដោយអាជ្ញាធរសំអាងថាខ្លាចប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ដោយអនុញ្ញាតឱ្យទៅតែ១០នាក់។
បើតាមមន្រ្តីរដ្ឋាភិបាលម្នាក់ស្លៀកពាក់ស៊ីវិលមិនបានប្រាប់ឈ្មោះ ចេញមកនិយាយជាមួយក្រុមកូដករថា៖ «តំណាងប្អូន១០នាក់ អាចទៅដាក់[ញត្តិ]ទៅ ឬឱ្យសមាជិកសភាមកទទួលញត្តិនៅនេះក៏បានដែរ។ ទោះបីក្នុងការដើរហើរនេះគឺលើចញ្ចើមផ្លូវ ទ្រូងផ្លូវ ដែលធ្វើឱ្យយើងមើលទៅមិនយល់យោគការរៀបចំ ពូក៏មិនចង់ប៉ះទង្គិច»។
តែយ៉ាងណាមិញ បន្ទាប់ពីក្រុមកម្មករបានចរចាជាមួយអាជ្ញាធរអស់រយៈពេល ៣០នាទីនៅកណ្ដាលថ្ងៃក្ដៅចែស លើសួនច្បារវត្តបុទុម អាជ្ញាធរក៏បានយល់ព្រមឱ្យក្រុមកូដករដើរទៅដាក់ញត្តិទៅរដ្ឋសភា។
លោក សរ ចំរ៉ុង ប្រធានគណៈកម្មាការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានថ្លែងប្រាប់ខេមបូចា ថា លោកមិនមានសមត្ថភាពក្នុងការដោះស្រាយវិវាទនេះទេ។
លោក ចំរ៉ុង បន្តថា មន្រ្តីរបស់លោកបានទទួលញត្តិរបស់កូដកររួចហើយ ដូច្នេះស្អែកនេះលោកនិងក្រុមការងារ នឹងពិនិត្យមើលខ្លឹមសារនៃញត្តិ ហើយចាត់ចែងទៅតាមនីតិវិធី។
លោកបន្តថា៖ «ខ្ញុំយល់ឃើញថាខ្ញុំក៏មិនមានសមត្ថភាពឯណាទៅដោះស្រាយដែរ អាហ្នឹងវាជាសមត្ថកិច្ចរបស់ក្រសួងការងារទៅតាមច្បាប់ការងារណា៎។ ហើយបើថាមិនត្រូវគ្នាមានតែប្ដឹងតុលាការ មិនចឹង?»។
នៅពេលដែលអ្នកសារព័ត៌មានសួរថា វិវាទនេះអូសបន្លាយយូរមកហើយ តើក្រសួងការងារ និងអ្នកពាក់ព័ន្ធអាចបញ្ចប់បញ្ហានេះចប់ឆាប់ៗទេ?
លោកចំរ៉ុង មានប្រសាសន៍បន្ថែមថា៖ «វាមានអ្នកអុជពីក្រោយដោះម៉េចកើត។ វាមានអ្នកក្ដិចក្ដិតពីក្រោយ គេចិញ្ចឹមទំនាស់ឱ្យវារុំារ៉ៃ បើចឹងមិនងាយទេ»។
ដោយឡែក លោក នៅ រ៉ា មន្រ្តីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី ថ្លែងយ៉ាងខ្លីថា ជុំវិញការដាក់ញត្តិរបស់ក្រុមកូដករ ខាងលោកបានទទួលហើយ ហើយមន្រ្តីជំនាញនឹងចាត់ចែងទៅតាមជំនាញ។

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្សាន្តកម្ពុជា ដែលឃ្លាំមើលដំណើរការដាក់ញត្តិ បានលើកឡើងថា នៅពេលដែលពលរដ្ឋមិនអាចប្រើប្រាស់សិទ្ធិជាមូលដ្ឋានបាន អ្នកស្រីចាត់ទុកមិនមែនជាសន្តិភាពទេ ព្រោះពាក្យសន្តិភាពមិនអាចស្ដែងចេញត្រឹមតែការអភិវឌ្ឍទេ សន្តិភាពគឺនៅពេលដែលពលរដ្ឋ ជាវណ្ណៈកម្មករប្រើប្រាស់សិទ្ធិជាមូលដ្ឋានជំរុញឱ្យនិយោជកគោរពសិទ្ធិកម្មក។
អ្នកស្រីថា៖«មានអំពើហិង្សាពីអាជ្ញាធរមកវិញ យើងឃើញថាទម្រង់ក្នុងស្ថានភាពស្រុកយើងក្នុងប្រទេសមួយដែលមានប្រជាធិបតេយ្យបិទមុខ ហើយសន្តិភាពក៏បិទមុខដែរនៅពេលដែលវណ្ណៈកម្មករត្រូវបានគេរំលោភបំពានមួយតង់ហើយមួយតង់ទៀត»។
ចំណែកលោកឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការសង់ត្រាល់ បានលើកឡើងថា កន្លងមកខាងអង្គការសង្គមស៊ីវិលធ្លាប់បានយកញត្តិទៅដាក់នៅរដ្ឋសភាម្ដងហើយ ដើម្បីសុំការអន្តរាគមន៍ចំពោះវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍តែមិនទទួលបានលទ្ធផល។
លោករំពឹងថា បញ្ហារបស់កម្មករនឹងទៅដល់ដៃនាយករដ្ឋមន្រ្តី ព្រោះអ្នកដែលមានឥទ្ធិពលក្នុងការដោះស្រាយវិវាទនេះបាន គឺមានតែនាយករដ្ឋមន្រ្តីទេ ខណៈក្រសួងការងារគ្មានឥទ្ធិពលក្នុងការបិទបញ្ចប់វិវាទការងារនេះ។
លោកថ្លែងថា៖ «បើសិនជានាយករដ្ឋមន្រ្តីមានគោលការណ៍ក្នុងការដោះស្រាយវិវាទនេះ គឺវិវាទនេះអាចបិទបញ្ចប់បាន ព្រោះកូនសោរអ្នកដែលមានឥទ្ធិពល មានអំណាចក្នុងការសម្រេចឱ្យភាគីទទួលយក ខ្ញុំគិតថាមានតែនាយករដ្ឋមន្រ្តីហ្នឹងហើយ ដោយសាររដ្ឋមន្រ្តីក្រសួងការងារមិនមានឥទ្ធិពល មិនមានអំណាចក្នុងការបិទបញ្ចប់វិវាទការងារនេះ»។
សូមជម្រាបជូនថា ក្រុមហ៊ុនណាហ្គាវើលដ៏បានបញ្ឈប់កម្មករនិយោជិតរួមទាំងថ្នាក់ដឹកនាំសហជីព និងប្រតិភូបុគ្គលិកចំនួន១ ៣២៩នាក់ កាលពីខែមេសា ឆ្នំា២០២១ ក្រោមហេតុផលរងវិបត្តិកូវីដ១៩។
ទន្ទឹមនឹងនេះ មេដឹកនាំសហជីព និងសកម្មជនចំនួន១៥នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្ករភាពវឹកវរក្នុងសង្គម ហើយរហូតមកដល់ពេលនេះថ្វីបើពួកគេត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំក៏ពិតមែន តែតុលាការមិនទាន់ទំលាក់បទចោទប្រកាន់មកលើពួកគេនៅឡើយទេ៕