សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

មន្ត្រី​បក្ស​កម្លាំង​ជាតិ លោក ផាន់ សារ៉ាត់ ត្រូវ​បានចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​

លោក ផាន់ សារ៉ាត់ និងសមាជិកបក្ស ទទួលបានលិខិតតែងតាំងពីលោក រ៉ុង ឈុន (ឈរលេខរៀង៣ពីខាងស្តាំ) ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ។ រូបថតមួយសន្លឹកនេះត្រូវបានគេបង្ហោះលើ Facebook របស់ NPP។
លោក ផាន់ សារ៉ាត់ និងសមាជិកបក្ស ទទួលបានលិខិតតែងតាំងពីលោក រ៉ុង ឈុន (ឈរលេខរៀង៣ពីខាងស្តាំ) ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ។ រូបថតមួយសន្លឹកនេះត្រូវបានគេបង្ហោះលើ Facebook របស់ NPP។

អាជ្ញាធរខេត្តតាកែវ បានចាប់ខ្លួនលោក ផាន់ សារ៉ាត់ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស កម្លាំងជាតិ (NPP) នៃក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមករា ពាក់ព័ន្ធនឹងការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាញុះញង់ នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងប៉ះពាល់ដល់សន្តិសុខជាតិ។

នគរបាលជាតិ បានបញ្ជាក់នៅថ្ងៃបន្ទាប់ថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងលើលោក សារ៉ាត់ ដោយនគរបាលរាជធានីភ្នំពេញ ហើយត្រូវបានចាប់ខ្លួនដោយមានការសហការពីសាលាដំបូងរាជធានីភ្នំពេញ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មករា ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ។ បើ​តាម​សមត្ថកិច្ច​បាន​ចោទ​លោក សារ៉ាត់ ដោយយោង​តាម​ចម្លើយ​សារភាព និង​ភស្តុតាង។ ក្រោយមក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។

នៅថ្ងៃទី២៩ ខែមករា គណបក្ស កម្លាំងជាតិ បានលើកឡើងថា លោក សារ៉ាត់ ត្រូវបានចាប់ខ្លួនដោយជនស៊ីវិលហើយដោយគ្មានដីកាផ្លូវការ។ មូលហេតុ​នៃ​ការ​ឃុំ​ខ្លួន​គាត់​មិន​ច្បាស់​ទេ។ គណបក្សនេះបានជំរុញឱ្យអាជ្ញាធរដោះលែងគាត់ រួមជាមួយនឹងអ្នកទោសនយោបាយផ្សេងទៀត ខណៈពេលដែលសង្កត់ធ្ងន់លើតម្រូវការនៃបរិយាកាសនយោបាយយុត្តិធម៌ ដែលគណបក្សនយោបាយអាចដំណើរការដោយសេរីក្រោមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ​។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីផ្ដន្ទាទោសលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនបួនលានរៀល (ប្រហែល ១ ០០០ ដុល្លារ) ពីបទញុះញង់ឱ្យរំខានដល់សន្តិសុខសង្គម។

លោក អំ សំអាត ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា អង្គការ​នេះ​កំពុង​ស៊ើបអង្កេត​ករណី​ចាប់​ខ្លួន​លោក សារ៉ាត់។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ជា​តែងតែ​​ឃើញ​កន្លងមកថាការចាប់ខ្លួន​សកម្មជន និង​អ្នក​នយោបាយ​ប្រឆាំង​ តែតែង​លើកឡើង​នឹង​រិះ​គន់ថា ការ​ចាប់​ខ្លួន​បែប​នេះ​មាន​ហេតុផល​នយោបាយ ជា​ជាង​លទ្ធផល​នៃ​ការ​អនុវត្ត​ច្បាប់​»​

មុន​ពេលគណបក្សកម្លាំងជាតិចេញសេចក្តី​ថ្លែងការណ៍​ លោក រ៉ុង ឈុន ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​បាន​ថ្លែង​ថា ​លោក​មិន​ទាន់បាន​ទទួល​ព័ត៌មាន​ណា​មួយ​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន ឬ​កន្លែង​ឃុំ​ខ្លួន​របស់​លោក សារ៉ាត់។ លោក​បាន​ថ្កោលទោស​ទង្វើ​នេះ​ថា​ជា​ការ​ប៉ុនប៉ង​បំភិតបំភ័យ​សកម្មជន និង​អ្នក​នយោបាយ​ប្រឆាំង។

លោក រ៉ុង ឈុន ថ្លែងថា៖ «ការ​ចាប់​ខ្លួន​ទាំង​នេះ​មិន​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ទេ។ រដ្ឋាភិបាលគួរតែធានានូវសេរីភាពនយោបាយ និងអនុញ្ញាតឱ្យគណបក្សនានាអនុវត្តសិទ្ធិរបស់ពួកគេឱ្យបានពេញលេញ និងរៀបចំសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧-២០២៨»

លោកបានប្រាប់ សារព័ត៌មានខេមបូចា ថាគណបក្សមានបំណងជួលមេធាវីការពារឱ្យលោក សារ៉ាត់ នៅពេលដែលទទួលបានព័ត៌មានលម្អិតបន្ថែមអំពីករណីនេះ។​

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងលោក ជា ពៅ ដែលទទួលបន្ទុកបទល្មើសបច្ចេកវិទ្យា ក៏ដូចជាលោក សំ វិច្ឆិកា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនេះទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nation Power Party Official Phan Sarath Detained for Alleged Incitement to Disturb Social Security

688 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម