រដ្ឋសភាបានអនុម័តវិសោធនកម្មច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ដែលច្បាប់នេះតម្រូវឱ្យបុគ្គលម្នាក់មានកាតព្វកិច្ចបោះឆ្នោតពីរលើកជាប់គ្នា ដើម្បីមានសិទ្ធិឈរជាបេក្ខជន ដែលចំណាត់ការមួយនេះហាក់ដូចជាប្រតិកម្មទៅនឹងការអំពាវនាវឱ្យធ្វើពហិកាការបោះឆ្នោតខែកក្កដា។
ក្នុងសុន្ទរកថាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានស្នើឱ្យរដ្ឋាភិបាលរបស់លោកធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីធ្វើឱ្យមានការចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលចង់ឈរឈ្មោះជាសាធារណៈ ត្រូវបោះឆ្នោតយ៉ាងហោចណាស់ពីរអាណត្តិជាប់គ្នា។ លោកបានពន្យល់ថា ប្រសិនបើនរណាម្នាក់ចង់ឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៨ ពួកគេត្រូវតែបង្ហាញថា ពួកគេបានបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ និង២០២៧។
ការផ្លាស់ប្តូរនេះទំនងជាត្រូវបានជំរុញដោយអ្នកគាំទ្រគណបក្សប្រឆាំងដែលប្រកាសថាពួកគេនឹងមិនបោះឆ្នោតនៅក្នុងការបោះឆ្នោតខែកក្កដាបន្ទាប់ពីគណបក្សភ្លើងទៀន ត្រូវបានដកសិទ្ធិដោយសារកង្វះឯកសារនៅក្នុងពាក្យសុំបេក្ខជនរបស់ពួកគេ។ ក្នុងឆ្នាំ២០១៨ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិក៏បានអំពាវនាវឱ្យធ្វើពហិកាការបោះឆ្នោតដែលជាផ្នែកនៃយុទ្ធនាការ «ម្រាមដៃស្អាត» របស់ពួកគេ។
រដ្ឋសភា ទោះបីមិនត្រូវសម័យប្រជុំក៏ដោយ ក៏ត្រូវបានកោះប្រជុំជាថ្មីនៅថ្ងៃនេះ ដើម្បីបោះឆ្នោតលើសេចក្តីព្រាងវិសោធនកម្មច្បាប់ចំនួន៤ផ្សេងគ្នា។ ច្បាប់ទាំងនោះគឺជាច្បាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាស្រុក-ខេត្ត។
សមាជិកសភា១១១រូបរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតអនុម័តលើវិសោធនកម្មច្បាប់បោះឆ្នោត ដែលច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាដើម្បីអនុម័តបន្ត។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កំឡុងពេលប្រជុំដើម្បីអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតនៅរដ្ឋសភាថា វិសោធនកម្មច្បាប់នៅពេលនេះគឺត្រូវបានធ្វើទ្បើងក្នុងគោលបំណងការពារដំណើរការនៃការបោះឆ្នោតពីផែនការ ឬឧបាកលនយោបាយនាៗក្នុងការប៉ុនប៉ងបំផ្លាញការបោះឆ្នោត។ លោកបន្តថា ជារួមលោកសុំឯកភាពទាំងស្រុងនូវខ្លឹមសារ និងរបាយការណ៍ដែលបានលើកទ្បើងរបស់គណកម្មការនីតិកម្ម និងយុត្តិធម៌។
លោក សខេង បានថ្លែងថា៖ «ការធ្វើវិសោធនកម្មនេះក៏នឹងរួមចំណែកលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលមានចារិកក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដូចជា រួមចំណែកលើកកម្ពស់ក្នុងការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតក្នុងការគោរពករណីយកិច្ចរបស់ខ្លួនជាពលរដ្ឋល្អក្នុងសង្គម»។
សេចក្តីព្រាងច្បាប់ដែលដាក់នៅចំពោះមុខរដ្ឋសភារួមមានការធ្វើវិសោធនកម្មមាត្រាចំនួន៨។ មាត្រា២៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងមាត្រា១៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវធ្វើវិសោធនកម្ម ដើម្បីតម្រូវឱ្យបុគ្គលម្នាក់បានទៅបោះឆ្នោតចំនួនពីរលើក មុននឹងអាចដាក់សំណើជាបេក្ខភាពឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ។
ច្បាប់ដែលទាក់ទងនឹងព្រឹទ្ធសភាមានឃ្លា «ការផ្លាស់ប្តូរ» មួយសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ 2024 ដែលបេក្ខជនត្រូវបង្ហាញថា ពួកគេបានបោះឆ្នោតនៅក្នុង «ការបោះឆ្នោតចុងក្រោយ» ដែលទំនងជាសំដៅដល់ការបោះឆ្នោតខែកក្កដាខាងមុខនេះ។
មាត្រា៣៥នៃច្បាប់បោះឆ្នោតឃុំសង្កាត់ និងមាត្រា១៥នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង នាពេលនេះ នឹងតម្រូវឱ្យបេក្ខជនដែលបានបោះឆ្នោតនៅក្នុង «ការបោះឆ្នោតចុងក្រោយ» ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជន។
វាមិនច្បាស់ថា ច្បាប់នេះមានន័យយ៉ាងណាចំពោះការបោះឆ្នោតលើកមុន ដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បានបង្វែរសំណួរទៅក្រសួងយុត្តិធម៌ និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដោយនិយាយថា លោកនឹងពន្យល់ពីការធ្វើវិសោធនកម្មបន្ទាប់ពីបានអនុម័ត។
ប្រជាពលរដ្ឋកម្ពុជាបោះឆ្នោតតែក្នុងការបោះឆ្នោតជាតិ និងឃុំសង្កាត់ ចំណែកសមាជិកព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាស្រុក និងខេត្តត្រូវបានបោះឆ្នោតដោយប្រយោល។
វិសោធនកម្មនេះក៏ណែនាំពាក្យ «ញុះញង់» ដែលជាការចោទប្រកាន់ដោយរដ្ឋាភិបាលជាញឹកញាប់ ថាជាសកម្មភាពរារាំងការបោះឆ្នោត។ ពាក្យនេះត្រូវបានបញ្ចូលទៅក្នុងមាត្រាក្នុងច្បាប់បោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាឃុំសង្កាត់។ ក្រៅពីការផាកពិន័យដែលមានស្រាប់ មាត្រានេះអាចប្រើដើម្បីហាមមិនឱ្យមនុស្សបោះឆ្នោតរយៈពេលប្រាំឆ្នាំ។