សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋសភាបានប្រកាសសុពលភាពតំណាងរាស្ត្រថ្មី១២៥រូប បន្ទាប់ពីបោះឆ្នោតបានជិតមួយខែ

ព្រះករុណា ព្រះបាទ នរោត្តម សីហនុ បានយាងជាព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានថតរូបអនុស្សាវរីយ៍ជាមួយ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភាទាំង១២៥រូប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
ព្រះករុណា ព្រះបាទ នរោត្តម សីហនុ បានយាងជាព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានថតរូបអនុស្សាវរីយ៍ជាមួយ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភាទាំង១២៥រូប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)។

រដ្ឋសភាបានប្រកាសសុពលភាពតំណាងរាស្ត្រថ្មីចំនួន១២៥រូប បន្ទាប់ពីព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅថ្ងៃចន្ទនេះ បានយាងបើកសម័យប្រជុំដំបូងនៃសភា​ នីតិកាលទី៧។

ប្រធានរដ្ឋសភាចាំផ្ទះ លោក ហេង សំរិន បានដឹកនាំសម័យប្រជុំ ដើម្បីប្រកាសសុពលភាព​ដល់តំណាងរាស្រ្ត១២០រូបមកពីគណបក្សកាន់អំណាច និងតំណាងរាស្រ្ត៥រូប មកពី​គណបក្ស​រាជានិយមហ៊្វុនស៊ិនប៉ិច និងបានអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

តំណាងរាស្រ្តទាំង១២៥រូប ត្រូវបានបោះឆ្នោតជ្រើសរើស ហើយនឹងធ្វើសច្ចាប្រណិធាន​នៅព្រះបរមរាជវាំងនៅពេលរសៀលនេះ បើតាមអ្នកនាំពាក្យ លោក ឡេង ប៉េងឡុង បានអានរបៀបវារៈ។

លោក ប៉េងឡុង បានបន្ថែមថា រដ្ឋសភានឹងត្រូវបោះឆ្នោតនៅថ្ងៃអង្គារ ទី២២ ដើម្បីជ្រើសរើស​ថ្នាក់ដឹកនាំរបស់រដ្ឋសភា និងបោះឆ្នោតគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់​រដ្ឋាភិបាលអាណត្តិទី៧នេះ ដែលអាចនឹងអនុម័តគណៈរដ្ឋមន្ត្រីថ្មីរបស់គាត់ ដែលភាគច្រើន​​នៃការ​គ្រប់គ្រង​របស់​គាត់​គឺជាថ្នាក់ដឹកនាំថ្មីដើម្បីកាន់តំណែងរដ្ឋមន្ត្រី។

លោក ហេង សំរិន បានប្រកាសថា រដ្ឋសភានឹងជ្រើសរើសប្រធានសភាថ្មី និងអនុប្រធាន​រដ្ឋសភា​​ចំនួនពីររូប ហើយប្រកាសជ្រើសរើស​គណៈកម្មការថ្មីចំនួន១០នៃរដ្ឋសភា ហើយ​បោះឆ្នោត​គាំទ្ររដ្ឋាភិបាលថ្មីនៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

លទ្ធផល​បោះឆ្នោត​ជាតិ​ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដណ្តើម​បាន​អាសនៈ​រដ្ឋសភាចំនួន ១២០អាសនៈ ខណៈ៥អាសនៈទៀត​បាន​ទៅ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ព្រះអង្គបាន​សព្វព្រះរាជ​ហឫទ័យ យាងជាព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់បំផុត​ក្នុងពិធីបើកសម័យ​ប្រជុំដំបូងរដ្ឋសភា​នីតិកាលទី៧ ដោយមានវត្តមានរបស់ឥស្សរជនជាថ្នាក់ដឹនាំស្ថាប័នជាតិសំខាន់ៗ  អង្គទូត​នានា​ប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានបេក្ខជនជាប់ឆ្នោត​ជាតំណាងរាស្ត្រ​ក្នុងនីតិកាលទី៧ នៃរដ្ឋសភាទាំង១២៥រូប។

នៅក្នុងឱកាសដ៏មហានក្ខតឫក្សថ្លៃថ្លានេះ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី បានមាន​ព្រះរាជបន្ទូលថា ថ្ងៃនេះជា​ឱកាស​ដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធ​បើក​សម័យ​ប្រជុំដំបូង​របស់​ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ បន្ទាប់ពីតំណាង​រាស្ត្រ​ទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។

ព្រះករុណា បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមាន​អំណាច​នីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្ត​និរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋ​ដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែប​យ៉ាងរបស់​ប្រជាពលរដ្ឋ។

ព្រះបាទ នរោត្តម សីហមុនី ទ្រង់មានព្រះបន្ទួលនៅក្នុងព្រះរាជលិខិតថា៖ «តំណាងរាស្ត្រក្នុង​រដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណា​ខិតខំប្រឹងប្រែង​បន្ថែម​ទៀត ជួយ​ប្រជាពលរដ្ឋ​ឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀន​សូត្រ ការមានការងារ​ធ្វើ​​សមរម្យ​ទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន»

ព្រះករុណា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា៖ «រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិថ្មី ដែល​នឹង​ទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញ​កំណើន​សេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹង​ប្រព័ន្ធ​ការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌​ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុម​នៃ​សង្គម​ជាតិ»

402 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម