សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋសភាបោះឆ្នោតគាំទ្រតំណាងបួនរូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច ជាសមាជិក គ.ជ.ប

សមាជិក គ.ជ.ប ចំនួន៩រូប ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ (ហ្វេសប៊ុករបស់រដ្ឋសភា)
សមាជិក គ.ជ.ប ចំនួន៩រូប ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ (ហ្វេសប៊ុករបស់រដ្ឋសភា)

​ កាលពីថ្ងៃពុធ​ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មីចំនួន៩រូប ខណៈមាន​ការរិះគន់ពីអ្នកសង្កេតការណ៍នយោបាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ មិនអព្យាក្រិត្យ ឬគួរឱ្យជឿទុកចិត្តឡើយ​។

លោក ប្រាជ្ញ ចន្ទ បន្ត​រក្សាតំណែង​ជាប្រធាន គ.ជ.ប ហើយ​លោកគឺជាបេក្ខភាព​មកពីគណបក្សកាន់អំណាច ខណៈលោក ជឺ ចំណាន ជាអនុប្រធានមកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានសមាជិកសភាចំនួន១០១រូប បោះឆ្នោតគាំទ្រនៅក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃពុធ។ រដ្ឋសភាមានសមាជិកសរុប​ ១២៥ រូប។

ក្នុង​ចំណោម​សមាជិក​ដែល​ត្រូវ​បាន​តែង​តាំង​នោះ មានបួន​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បួន​រូប​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខណៈ​សមាជិក​ម្នាក់ទៀត​គឺ​​ជា​តំ​ណាងមកពី​​អង្គការ​ក្រៅ​រដ្ឋាភិបាល នេះ​បើ​តាម​លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា។

​សមាជិកទាំងបួនរូប​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​មានលោក ប្រាជ្ញា​ ចន្ទ លោក មាន​ សទិ លោក ឌឹម សុវណ្ណារុំ និង​លោក សោម សូរីដា​ ចំណែក​សមាជិក​បួន​រូប​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិចមាន​លោក ជឺ ចំណាន​ លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ និង​លោក ហ៊ែល សារ៉ាត់ ខណៈ​លោក ហង្ស ពុទ្ធា គឺជា​តំណាង​មកពីអង្គការក្រៅរដ្ឋាភិបាល​ដែល​ត្រូវ​បាន​ឯកភាព​ដោយ​គណបក្ស​ទាំំង​ពីរ។​

លោក ពុទ្ធា ដែលជាអ្នកនាំពាក្យ គ.ជ.ប ផងដែរបានច្រានចោលការរិះគន់ដែល​ថា គ.ជ.ប មិនឯករាជ្យ ដោយបញ្ជាក់​ថា ការតែងតាំង និងការបោះឆ្នោតជ្រើសរើសសមាជិកថ្មី ធ្វើឡើងស្របតាមច្បាប់បោះឆ្នោត។

លោក​មាន​ប្រសាសន៍​ថា៖​ «ប្រសិន​បើ​គណបក្ស​​ភ្លើង​ទៀន​គ្មាន​អាសនៈ​នៅ​រដ្ឋសភា​ នោះ​មិន​អាច​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ទេ»។

លោក​បន្ថែម​ថា៖​ «ទាក់ទង​នឹង​សាធារណជន ពួកគាត់​តែងតែ​លើក​ឡើង​បែប​នេះ​ [ គ.ជ.ប មិន​អព្យាក្រិត្យ​]។ វាមិនមែនជាលើកទីមួយទេ។ តាមពិតទៅ ការបោះឆ្នោត​នៅកម្ពុជាបានប្រព្រឹត្តទៅដោយរលូន ហើយភាគីពាក់ព័ន្ធទទួលយក [លទ្ធផល] រួមទាំងសហគមន៍អន្តរជាតិផងដែរ»។

លោក​មាន​ប្រសាសន៍ថា យ៉ាងយូរ​ប្រាំមួយ​ខែ​ក្រោយ​ការ​បង្កើត​រដ្ឋសភា គ.ជ.ប ត្រូវ​រៀបចំ​គណៈកម្មាធិការ​ថ្មីមួយ និង​ស្វែងរក​ការ​យល់ព្រម​ពី​រដ្ឋសភា។ យោងតាមមាត្រា៦ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តនៃគណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត សមាជិកទាំង៩រូប រួមទាំងប្រធាន និងអនុប្រធាន ត្រូវតែមាន​សមាសភាពដែលត្រូវបានតែងតាំង និងជ្រើសរើសដោយគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា។ សូម​រំលឹក​ថា គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ដក​សិទ្ធិ​មិន​ឲ្យ​ចូល​រួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិឆ្នាំ​២០២៣​នេះទេ​។

លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកំណែទម្រង់កម្ពុជា ជា​សមាជិកសម្ព័ន្ធភា​ព​ឆ្ពោះទៅអនាគត មានប្រសាសន៍ថា សមាជិក គ.ជ.ប មិនឯករាជ្យទេ ដូច្នេះពួកគេបរាជ័យក្នុងការទទួលបានសេចក្តីទុកចិត្តពីសាធារណជន ដោយសារគណៈកម្មាធិការនេះ មានសមាជិកមកពី​គណបក្សដដែល។

លោកមាន​ប្រសាសន៍ថា៖ «ខ្ញុំ​នៅ​តែ​មើល​ឃើញថា គ.ជ.ប មាន​បញ្ហា​ដោយ​សារ​ការ​ជ្រើសរើសចេញ​ពី​គណបក្ស​នយោបាយ។ តិចឬច្រើន​ មាន​ទំនោរ​ទៅ​រក​ភាព​លម្អៀង​ខាង​នយោបាយ​»។

លោក ច័ន្ទ​រ័ត្ន មានប្រសាសន៍ថា៖ «ខ្ញុំគិតថា អ្នកបោះឆ្នោតនឹងមិនទុកចិត្តសមាជិកមកពីគណបក្សហ៊្វុនស៊ិនប៉ិច ដោយសារពួកគេធ្លាប់ជាដៃគូជាមួយគណបក្សកាន់អំណាច ដូច្នេះពួកគេមកពីក្រុមតែមួយ»។

ដូច្នេះ លោកយល់ថា គ.ជ.ប មិន​គួរ​ជ្រើសរើស​សមាជិក​ពី​គណបក្ស​នយោបាយ​ទេ ដោយ​បាន​បន្ថែម​ថា ពួកគេត្រូវ​កំណត់​អាណត្តិរបស់ខ្លួន​។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា សមាជិករបស់គណបក្ស​លោក​ត្រូវបានបោះឆ្នោតជ្រើសរើសចូល​ទៅក្នុង​ គ.ជ.ប ។

លោកបានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា អាណត្តិថ្មីដែលមានសមាជិកចម្រុះ​មកពីគណបក្សនយោបាយ និងមកពី​អង្គការសង្គមស៊ីវិលនឹងបម្រើផលប្រយោជន៍របស់ស្ថាប័ននេះទាក់ទងនឹងដំណើរការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌»។

ស្របពេល​ជាមួយគ្នានេះដែរ​ លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីឃ្លាំមើលការបោះឆ្នោត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល មានប្រសាសន៍ថា អង្គការរបស់លោកនឹងតាមដានថា តើ គ.ជ.ប បំពេញតួនាទីរបស់ខ្លួនដោយ​អព្យាក្រឹត្យក្នុង​ការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិដែរឬទេ។

លោកបានមានប្រសាសន៍ថា៖ «ការជឿទុកចិត្តមិនអាស្រ័យលើសមាសភាពនៃគណៈកម្មាធិការនោះទេ ប៉ុន្តែផ្អែកលើការអនុវត្តជាក់ស្តែងថា តើសមាជិកថ្មីហ៊ានប្រឈមមុខ និងពិនិត្យមើលនីតិវិធី [មិនប្រក្រតី] ពីមុនទេ» ដោយ​លោកលើកឡើងពីទម្រង់ ១១០២ ដែលសរុប​ដំណើរការរាប់សន្លឹកឆ្នោត រួមទាំងសន្លឹកឆ្នោតដែលមិនបានការផងដែរ។

មុនការបោះឆ្នោតឆ្នាំ២០១៨ គ.ជ.ប បានអនុញ្ញាតឱ្យចែកទម្រង់ ១១០២ ដល់ភ្នាក់ងារគណបក្សនយោបាយ បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោតនៅតាមកា​រិយាល័យបោះឆ្នោត ប៉ុន្តែទម្រង់ទាំងនេះមិនត្រូវបានចែកចាយដោយផ្ទាល់ទៀតទេ។

លោក សាវាង្ស មានប្រសាសន៍បន្ថែមថា៖ «យើងមិនអាចធ្វើការសន្និដ្ឋានបានទេ ឥឡូវនេះ ប៉ុន្តែយើងនឹងតាមដានការអនុវត្ត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ National Assembly Votes In Four Funcinpec Members To Form NEC Committee

636 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម