បន្ទាប់ពីកាន់អំណាចអស់រយៈពេល៣៨ឆ្នាំមក នៅទីបំផុតលោក ហ៊ុន សែន បានចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយផ្ទេរតំណែងកំពូលនេះទៅឲ្យលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោកនៅសប្តាហ៍នេះ ប៉ុន្តែលោកនៅរក្សាអំណាចសំខាន់ដដែល។
លោក ហេង សំរិន ប្រធានរដ្ឋសភាដែលត្រូវចាកចេញពីតំណែងបានប្រកាស «ការបោះឆ្នោតជាកញ្ចប់» កាលពីព្រឹកថ្ងៃអង្គារ ហើយរដ្ឋសភាបានអនុម័តគាំទ្រទាំងស្រុងលើលោក ហ៊ុន ម៉ាណែត និងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ដែលជាការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋាភិបាល។
ការបោះឆ្នោតអនុម័តគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់នឹងធ្វើឡើងតែមួយដងនេះ បានពង្រឹងការស្នងតំណែងរបស់លោក ម៉ាណែត ដែលរង់ចាំជាយូរមកហើយ និងការផ្ទេរអំណាចដ៏ទូលំទូលាយនៅក្នុងចំណោមតំណែងរដ្ឋមន្ត្រីកំពូលពីមន្ត្រីចាស់ៗទៅឲ្យក្មេងជំនាន់ក្រោយ ដែលពួកគេភាគច្រើនគឺជាសាច់ញាតិនឹងគ្នា។
ប៉ុន្តែលោក ហ៊ុន សែន មិនបានបោះបង់អំណាចទាំងស្រុងនោះទេ។ លោកត្រូវបានតែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សានៃព្រះមហាក្សត្រ ដោយរក្សាបាន «ឋានៈស្មើនាយករដ្ឋមន្ត្រី» ដដែល នេះបើយោងតាមព្រះរាជក្រឹត្យចេញផ្សាយកាលពីថ្ងៃអង្គារ។
លោក ហេង សំរិន ត្រូវបានតែងតាំងជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានកម្រិតអំណាចដូចគ្នា ចំណែកអតីតរដ្ឋមន្ត្រីកំពូលផ្សេងទៀតមានលោក ស ខេង លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យដាច់ដោយឡែក ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានសិទ្ធិអំណាចស្មើនឹងឧបនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹងបន្តប្រឡូកក្នុងនយោបាយក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ហើយគ្រោងនឹងធ្វើជាប្រធានព្រឹទ្ធសភា ក្រោយការបោះឆ្នោតនៅខែកុម្ភៈ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំចាកចេញពីតំណែងនៅក្នុងអង្គនីតិប្រតិបត្តិ ប៉ុន្តែខ្ញុំមិនទាន់បញ្ចប់អាជីពនយោបាយរបស់ខ្ញុំនៅឡើយទេ។ ខ្ញុំនៅតែមានសមត្ថភាពកសាងប្រទេស»។
លោកស្រក់ទឹកភ្នែក អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ដោយលោករំឭកអំពីការបែកគ្នាពីកូនប្រុសរបស់លោកនៅពេលដែលកូនប្រុសរបស់លោកជាទារកនៅក្នុងផ្ទៃម្តាយនៅឡើយ អំឡុងរបប ប៉ុល ពត មុនពេលលោក ហ៊ុន សែន ផ្តាច់ខ្លួនចេញពីក្រុមខ្មែរក្រហម។ លោកបានពណ៌នាពីកូនប្រុសរបស់លោកថា ជាក្មេង «ដ៏កំសត់ជាងគេ» ក្នុងចំណោមកូនទាំងប្រាំនាក់របស់លោក ប៉ុន្តែលោកជឿថា កូនប្រុសរបស់លោកបានជម្នះលើភាពលំបាកនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «គេមិនបានធ្វើឲ្យខ្ញុំខកចិត្តទេ គេបានប្រឹងរៀន។ ចំណេះវិជ្ជារបស់គេគ្រប់គ្រាន់ល្មម ដើម្បីនឹងដឹកនាំប្រទេសកម្ពុជា»។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ខ្ញុំសូមយកឱកាសដ៏កម្រនេះសម្តែងនូវការអរគុណ និងគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត…ដែលបានផ្តល់នូវការទុកចិត្តនិងភារកិច្ចដ៏ឧត្តុងឧត្តមដល់យើងខ្ញុំទាំងអស់គ្នា ដើម្បីបន្តវេននូវក្នុងការបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លានេះ»។ លោកបន្តថា៖ «ខ្ញុំសូមសន្យានិងធ្វើការប្ដេជ្ញាជាឱឡារិកជូនជនរួមជាតិទាំងប្រទេសថា ខ្ញុំនឹងប្តូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ»។
ក្នុងសុន្ទរកថាទៅកាន់អង្គសភា លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នូវអ្វីដែលលោកបានហៅថា ជាគោលនយោបាយអាទិភាព រួមមានការពង្រីកសេវាថែទាំសុខភាព ដែលមានគោលដៅគ្របដណ្តប់ទូទៅ ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រ បង្កើតកម្មវិធីជំនួយសង្គមជាតិសម្រាប់គ្រួសារក្រីក្រ និងការពង្រីកប្រព័ន្ធគាំពារសង្គមដល់កម្មករនិយោជិតនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកក៏បានបញ្ជាក់ដែរថា លោកនឹងខិតខំពង្រឹងលទ្ធភាពទទួលបានទីផ្សារ និងស្ថិរភាពតម្លៃសម្រាប់កសិករ និងដាក់ពង្រាយមន្ត្រីបច្ចេកទេសគ្រប់ឃុំ ដើម្បីជំរុញសកម្មភាពកសិកម្ម និងជួយបង្កើតសមាគមអ្នកដាំដុះ។
លោកបានសន្យាថា នឹងធានា «ការការពារឲ្យបានដាច់ខាតនូវសន្តិភាព» និង «ការបន្តផ្តល់អាទិភាពខ្ពស់លើការវិនិយោគលើមូលធនមនុស្ស» និង«ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព»។
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាថ្មីបានមានប្រសាសន៍ថា៖ «យើងនឹងខិតខំបំពេញបេសកកម្មដ៏ធំធេងរបស់យើងក្នុងនាមជាតំណាងប្រជាពលរដ្ឋ ដោយសហការជាមួយស្ថាប័នជាតិ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ»។
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចដណ្តើមបានអាសនៈចំនួន១២០ ក្នុងការបោះឆ្នោត ដែលក្នុងនោះ គណបក្សប្រឆាំងឈានមុខគេត្រូវបានរារាំងមិនឱ្យចូលរួមប្រកួតប្រជែង។ អាសនៈចំនួន៥ ដែលនៅសល់បានទៅគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីមុនពេលរដ្ឋសភាបោះឆ្នោតគាំទ្រ រួចហើយបានស្បថចូលកាន់តំណែង បន្ទាប់ពីការធ្វើវិសោធនកម្មថ្មីនៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យគណបក្សដែលមានសំឡេងភាគច្រើនសម្រេចដោយផ្ទាល់លើបេក្ខភាពនាយករដ្ឋមន្ត្រី មុនពេលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ថា បើមើលទៅលើគោលនយោបាយរបស់លោក ម៉ាណែត ដែលបានស្នើឡើង លោកមិនជឿថា នឹងមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះប្រជាជនកម្ពុជាទេ បើទោះបីជាមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលក៏ដោយ។
លោក សុវណ្ណារ៉ា បានមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋមិនជឿទាំងស្រុងទៅលើមេដឹកនាំវ័យក្មេងទាំងនេះទេ ព្រោះយើងមិនឃើញសមិទ្ធផលធំៗរបស់គាត់ [លោក ម៉ាណែត] ក្នុងការអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះទេ។ ខ្ញុំមិនមានសង្ឃឹមច្រើនសម្រាប់ [សេរីភាពបញ្ចេញមតិ] ព្រោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលបានផ្សាយពីបញ្ហាអវិជ្ជមានរបស់រដ្ឋាភិបាល ហើយហាក់ដូចជាបាត់សំឡេង ហើយមិនត្រូវបានស្ដារឡើងវិញទេ»។
លោក នី សុខា ប្រធានអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា រឿងសំខាន់គឺថា តើគោលនយោបាយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនឹងត្រូវបានអនុវត្តដោយជោគជ័យដែរឬយ៉ាងណា។
លោកបានថ្លែងថា៖ «ចំណុចនោះ គឺសំខាន់ មិនថា ការអនុវត្តនឹងឆ្លុះបញ្ចាំងពីអ្វីដែលបានចែងក្នុងគោលនយោបាយនោះឬអត់ទេ»។ ប៉ុន្តែលោកមិនរំពឹងថា រដ្ឋាភិបាលថ្មីនឹងធ្វើឲ្យសិទ្ធិមនុស្សប្រសើរឡើង ពង្រីកលទ្ធិប្រជាធិបតេយ្យ ឬបង្ហាញការអភិវឌ្ឍន៍ដ៏មានអត្ថន័យនៅក្នុងសេដ្ឋកិច្ចនយោបាយរបស់កម្ពុជា៖ «អំពើពុករលួយ និងបក្ខពួកនិយមនៅតែចាក់ស្រេះក្នុងសង្គមរបស់យើង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Prime Minister Hun Manet Vows to Keep Peace As His Father Steps Down