លោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលបានចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា បានឲ្យដឹងថា គណបក្សថ្មីនេះ កំពុងបញ្ចុះបញ្ចូលអតីមន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមកម្លាំងគ្នា ដោយសង្ឃឹមថាអាចនឹងក្លាយជាបក្សប្រឆាំងដ៏មានប្រជាប្រិយមួយមុនការបោះឆ្នោតឃុំ-សង្កាត់ចូលមកដល់នៅឆ្នាំក្រោយ។
លោក ប៉ុល ហំម កាលពីសប្ដាហ៍មុនបានដាក់សំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងបានចូលរួមជាមួយគណបក្ស កែទម្រង់កម្ពុជា។ លោក គឺជាមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំងចុងក្រោយគេ ដែលបានសុំសិទ្ធធ្វើនយោបាយឡើងវិញ និងបានចូលរួមជាមួយគណបក្សបង្កើតថ្មីមួយ ក្នុងចំណោមគណបក្សបង្កើតថ្មីផ្សេងៗទៀត។ លោក ប៉ុល ហំម ត្រូវបានរំពឹងថានឹងក្លាយជាប្រធានគណបក្សនេះ ដែលនឹងប្រកាសក្នុងសមាជគណបក្សគ្រោងធ្វើនៅខែតុលាខាងមុខ។
លោកមានប្រសាសន៍ថា៖ «យើងមិនគួរនៅបែកគ្នា ទៅបង្កើតគណបក្សរៀងៗខ្លួននោះទេ ព្រោះវាគ្មានបានផលអីទេ។ យើងចង់ឃើញវត្តមានគណបក្សប្រឆាំងសមរម្យមួយនៅកម្ពុជាបន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ។ ខ្ញុំចង់ឃើញការរួបរួមរវាងអ្នកប្រជាធិតេយ្យ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច»។
ទោះបីយ៉ាងនេះក្តី លោក ប៉ុល ហំម ទទួលស្គាល់ថា គណបក្សកែទម្រង់កម្ពុជា មិនអាចជំនួសអតីតគណបក្សសង្គ្រោះជាតិបានទេ តែលោកជឿថាគណបក្សនេះនឹងជាគណបក្សប្រឆាំងដ៏សាកសមមួយក្នុងការទទួលបានការគាំទ្រពីអ្នកបោះឆ្នោត។
លោកបន្តថា៖ «ខ្ញុំនឹងជំរុញឲ្យលោក អ៊ូ ច័ន្ទរ័ត្ន ពិភាក្សាជាមួយអ្នកដែលជាប់បំរាមធ្វើនយោបាយឲ្យចូលរួមក្នុងចលនានយោបាយ ដើម្បីចូលរួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២…នៅក្នុងសង្គមប្រជាធិបតេយ្យ យើងត្រូវការការតស៊ូតាមរយៈការបោះឆ្នោត»។
លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ និងជាមេធាវីលោក កឹម សុខា ផង បានក្លាយជាអ្នកនយោបាយអតីតបក្សប្រឆាំងចុងក្រោយ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ កាលពីឆ្នាំ២០១៧ ភ្លាមៗក្រោយលោក កឹម សុខា ត្រូវចាប់ខ្លួន និងរងការចោទប្រកាន់ដែលគេជឿថាជារឿងនយោបាយ គណបក្សក៏ត្រូវបានរំលាយ ហើយមន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨រូបត្រូវបានហាមឃាត់ធ្វើនយោបាយចំនួនប្រាំឆ្នាំ។ ប៉ុន្តែរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយគិតមកដល់ពេលនេះមានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន២៤រូបហើយបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។
លោកឲ្យដឹងទៀតថា គណបក្សកែទម្រងកម្ពុជា នឹងព្យាយាមប្រមូលអតីតមន្ត្រីគណបក្សសង្គ្រោះជាតិមកចូលជាមួយខ្លួន បើទោះបីជាមានសមាជិកអតីតគណបក្សសង្គ្រោះជាតិមួយចំនួនបានជំរុញឲ្យមានរណសិរ្យរួបរួមមួយ និងព្រមានថាបង្កើតគណបក្សតូចៗថ្មីអាចផ្ដល់ភាពស្របច្បាប់ដល់ការបោះឆ្នោតខាងមុខ។
លោកថ្លែងថា៖ «មនុស្សកំពូលពីរនាក់ គឺលោក សម រង្ស៊ី និងលោក កឹម សុខា [មិនទាន់]អាចធ្វើនយោបាយបាន…មនុស្សខ្លះទៀតកំពុងរង់ចាំសម្ពាធពីសហគមន៍អន្តរជាតិ ប៉ុន្តែសម្រាប់ខ្ញុំ យើងមិនគួរដេកចាំលទ្ធផល យើងត្រូវធ្វើចាំលទ្ធផល។ លោកបន្ថែថា៖ «ខ្ញុំមានន័យថា បើសិនជាគណបក្សសង្គ្រោះជាតិអាចដំណើរឡើងវិញ យើងអាចរំលាយគណបក្សនេះពេលណាក៏បានដែរ ពីព្រោះយើងមិនចង់បំបែកសំឡេងទេ»។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតអ្នកតំណាងរាស្រ្តផង បាននិយាយថា លោកបានចុះឈ្មោះលោក ប៉ុល ហំម ជាប្រធានគណបក្ស និងបានជូនដំណឹងទៅកាន់ក្រសួងមហាផ្ទៃដើម្បីទទួលស្គាល់។ លោកបានគាំទ្រសម្ដីរបស់លោក ប៉ុល ហំម ដោយថា គណបក្សសង្ឃឹមថានឹងអាចប្រមូលអតីតមន្ត្រីគណបក្សសង្គ្រោះជាតិច្រើនរូបចូលរួមជាមួយខ្លួន។
លោកមានប្រសាសន៍ថា៖ «យើងកំពុងជជែកជាមួយលោក យ៉ែម បុញ្ញាឫទ្ធិ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតឲ្យចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា ប៉ុន្តែពួកគាត់កំពុងពិចារណា ខណៈខ្លះកំពុងជាប់បំរាមធ្វើនយោបាយ»។
បច្ចុប្បន្ននេះ មានគណបក្សចំនួនបួនហើយ ដែលបានដឹកនាំដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិ។
អតីតមេដឹកនាំថ្នាក់មូលដ្ឋានមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ពួកគេមិនចាប់អារម្មណ៍ចូលរួមជាមួយគណបក្សបង្កើតថ្មីនោះទេ លុះណាតែថ្នាក់ដឹកនាំកំពូលទទួលស្គាល់បក្សនោះ។
លោកស្រី យឹម ផល្លី អតីតមេឃុំគោកចក របស់គណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប បានលើកឡើងថា៖ «តើវាត្រូវការចំណាយពេលប៉ុន្មានដើម្បីរៀបចំបណ្ដាញនៅថ្នាក់មូលដ្ឋាន?…ដល់ពេលនោះខ្ញុំស្លាប់មុនទៅហើយ វាមិនងាយស្រួលទេ។ ខ្ញុំអាចនិយាយបានថាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យត្រូវមានគណបក្សប្រឆាំងធំមួយដើម្បីចូលរួមការបោះឆ្នោត»។
លោកស្រី ផល្លី បន្តថា វាជាសិទ្ធិបុគ្គលក្នុងការចូលរួមជាមួយគណបក្សនយោបាយណាមួយដែលគេចង់ ប៉ុន្តែលោកស្រីថា ខ្លួនមិនចូលរួមទេ។
លោកស្រីនិយាយថា៖ «សម្រាប់ខ្ញុំមិនដែលគិត សូម្បីតែយល់សប្ដិថាចូលរួមជាមួយគណបក្សណាមួយ ក្រៅពីគណបក្សសង្គ្រោះជាតិ។ វាគ្មានប្រយោជន៍ ដូចដែលយើងដឹងហើយថាគណបក្សសង្គ្រោះជាតិបានឈ្នះ៥៥កៅអី ប៉ុន្តែវានៅតែត្រូវបានរំលាយដោយអំណាចតុលាការ ដែលរំលោភរដ្ឋធម្មនុញ្ញកម្ពុជា»។ លោកស្រីបន្ថែមទៀតថា៖ «ខ្ញុំចង់រស់នៅក្នុងជីវិតធម្មតាដូចសព្វថ្ងៃ។ ខ្ញុំមិនចង់ពាក់ព័ន្ធនឹងរឿងនយោបាយទៀតទេ។ សម័យនេះមានតែយកកាវ៥០២បិទមាត់ទេទើបរស់បានសុខ»។
កម្ពុជាកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងខែកក្កដា ឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតជាតិ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថាស្ថានភាពបច្ចុប្បន្នឆ្លុះបញ្ចាំងទិដ្ឋភាពកាលពីឆ្នាំ២០១៨ ពេលដែលមានគណបក្សតូចៗជាច្រើនបានបង្កើតឡើងយ៉ាងឆាប់រហ័ស ដើម្បីចូលរួមការបោះឆ្នោត បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ គណបក្សកាន់អំណាចឈ្នះកៅអីទាំង១២៥នៅរដ្ឋសភា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាទោះបីអ្នកជាប់បំរាមធ្វើនយោបាយទាំងអស់ សុំសិទ្ធិធ្វើនយោបាយបានវិញមកចូលរួមបង្កើតបក្សថ្មីមួយ ពួកគេក៏នឹងមិនអាចទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ពីព្រោះពួកគេមិនទាន់បានកសាងតម្លៃ និងកេរ្តិ៍ឈ្មោះគ្រប់គ្រាន់សម្រាប់ឲ្យប្រជាពលរដ្ឋជឿជាក់» ដោយលោកបន្ថែមថា៖ «កម្លាំងនយោបាយរបស់អ្នកទាំងនោះនៅតូច និងមិនអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាយបានទេ លុះណាតែមានការគាំទ្រពីលោក សម រង្ស៊ី និងលោក កឹម សុខា»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Newly established Cambodia Reform Party seeks support of former CNRP ahead of the commune elections