ការកែប្រែវិធានការរឹតបន្តឹងទាក់ទងនឹងលិខិតធ្វើដំណើរក្នុងរយៈពេលបិទខ្ទប់ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យស្ថាប័នកាសែតមួយចំនួនសម្រេចចិត្តផ្អាកការបោះពុម្ពផ្សាយព័ត៌មានជាបណ្ដោះអាសន្ន។
កាសែតភ្នំពេញប៉ុស្តិ៍ដែលធ្លាប់គ្រប់គ្រងដោយបរទេស ដែលពេលនោះមានកេរ្ដិ៍ឈ្មោះទាំងភាសាខ្មែរ និងអង់គ្លេសនៅកម្ពុជានោះ បានប្រកាសផ្អាកដំណើរការបោះពុម្ពផ្សាយជាបណ្ដោះអាសន្ន ដោយសារតែមានការរឹតបន្តឹងលើការធ្វើដំណើរនៅពេលដែលទីក្រុងត្រូវបិទខ្ទប់។ ទោះបីយ៉ាងណា កាសែតវ័យចំណាស់មួយនេះនៅបន្តចេញផ្សាយព័ត៌មានតាមអនឡាញជាធម្មតា។
លោក លី តៃសេង ចាងហ្វាង និងអគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍ មានប្រសាសន៍ថា៖ «យើងមានការលំបាកក្នុងការធ្វើដំណើរ ពីព្រោះក្រសួង[ព័ត៌មាន] បានកំណត់ចំនួនអ្នកត្រូវមកធ្វើការតិចបំផុត …យើងមិនមានបុគ្គលិកគ្រប់គ្រាន់ដើម្បីធ្វើការបោះពុម្ព និងចែកចាយ»។
លោក តៃសេង បន្តថាការផ្អាកការបោះពុម្ពនេះនឹងមិនប៉ះពាល់ដល់ការទទួលបានព័ត៌មានរបស់សាធារណជននោះទេ ដោយថាខាងកាសែតបានរៀបចំឲ្យមានការទទួលបានព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេតរួចហើយដែរ។ យ៉ាងណា លោកថា ការបោះពុម្ពផ្សាយរបស់កាសែតនៅតែដើរតួរយ៉ាងសំខាន់មួយក្នុងការបម្រើដល់មហាជន។
លោក បន្ថែមថា៖ «ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីមួយនេះនៅតែសំខាន់ ព្រោះថាមនុស្សជាច្រើននៅត្រូវការអានព័ត៌មានបែបស៊ីជម្រៅ និងការវិភាគដែលបោះពុម្ភនៅលើកាសែត»។
ទោះបីយ៉ាងណា លោក តៃសេង ថាក្នុងពេលដែលរដ្ឋាភិបាលផ្ដល់អាទិភាពលើការទប់ស្កាត់ជំងឺកូវីដ១៩ អ្នកកាសែតគួរតែអាចបំពេញការងាររបស់ខ្លួនបានពេញលេញទៅតាម
ដូចគ្នាដែរ កាសែតជាភាសាអង់គ្លេស ខ្មែរថាម ក៏បានប្រកាសនៅលើវិបសាយខ្លួនពីការផ្អាកការបោះពុម្ពផ្សាយជាបណ្ដោះអាសន្ន រហូតអាជ្ញាធរពាក់ព័ន្ធអនុញ្ញាតឲ្យបុគ្គលិកអាចធ្វើដំណើរមកធ្វើការវិញបាន។
សេចក្ដីជូនដំណឹងសរសេរថា៖ «ដោយសារតែវិធានការបិទខ្ទប់នៅទីក្រុងភ្នំពេញនាពេលនេះ យើងមិនអាចដំណើរការបោះពុម្ពកាសែតខ្មែរថាមស៍បាន។ យើងសង្ឃឹមថានឹងអាចបោះពុម្ពផ្សាយឡើងវិញនៅពេលឆាប់ៗនេះ ពេលដែលអាជ្ញាធរពាក់ព័ន្ធអនុញ្ញាតឲ្យបុគ្គលិកអាចធ្វើដំណើរមកធ្វើការបាន ហើយរោងពុម្ពរបស់យើង(រោងពុម្ពខាងក្រៅ)អាចដំណើរការបោះពុម្ពបាន។ យើងខ្ញុំសូមអភ័យទោសចំណោះការរអាល់រអួលនេះ និងសុំការយោគយល់»។
ចាងហ្វាងកាសែត ខ្មែរថាមស៍ លោក T. Mohan មិនបានឆ្លើយតបការសុំធ្វើអត្ថាធិប្បាយពីខាងខេមបូចានោះទេ។
ដោយសារតែករណីឆ្លងជំងឺកូវីដ១៩ នៅតែមានចំនួនច្រើន រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការតឹងរឹងដើម្បីបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលបានកំណត់សង្កាត់ និងភូមិមួយចំនួនក្នុងរាជធានីភ្នំពេញជា «តំបន់ក្រហម» ដែលត្រូវប្រឈមនឹងការរឹតបន្តឹងខ្លាំង។ តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០មក ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងចំនួន ៧ ៤៤៤ករណី និងស្លាប់ដោយសារកូវីដ១៩ ចំនួន៤៩នាក់។ ដូចគ្នាដែរនៅថ្ងៃអង្គារនេះ ក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៤៣១ករណីបន្ថែមទៀត។
កាលពីថ្ងៃអង្គារ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញរបាយការណ៍ សន្ទស្សន៍ស្ដីពីការត្រួតពិនិត្យ និងការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងអំឡុងវិបត្តិកូវីដ១៩ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងរបាយការណ៍នោះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានសរសេរថាតំបន់ដែលមានរបបផ្ដាច់ការបានប្រើប្រាស់វិបត្តិកូវីដ១៩ ជាវិធីសាស្ត្រគ្រប់គ្រងការផ្សាយព័ត៌មានបែបផ្ដាច់ការ ដែលគេហៅថា «ប្រជាធិបតេយ្យផ្ដាច់ការ» ។ របាយការណ៍ថា របបទាំងនោះបានប្រើវាជាលេសក្នុងការដាក់ច្បាប់តឹងរឹង ជាមួយនឹងបទប្បញ្ញតិ រួមមានទាំងការឃោសនាផ្សាយ និងការដាក់សម្ពាធលើក្រុមជំទាស់។
ជាពិសេសក្នុងយុគ្គកូវីដ១៩នេះ របាយការណ៍បានកត់សម្គាល់ថា៖ «ឥរិយាបទនៃប្រទេសប្រជាធិបតេយ្យពិតប្រាកដមួយចំនួនក្នុងតំបន់បានបង្ហាញថាសេរីភាពសារព័ត៌មានគឺជាថ្នាំបន្សាបលើព័ត៌មានក្លែងក្លាយ»។
របាយការណ៍បានចាត់ចំណាត់ថ្នាក់យ៉ាងតិច១០ប្រទេសនៅក្នុងតំបន់ មានទាំងកម្ពុជាផងដែរ ថាទាំង «អាក្រក់ ឬអាក្រក់ខ្លាំង» នៅលើផែនទីសេរីភាពសារព័ត៌មានពិភពលោករបស់ខ្លួន។ របាយការណ៍បញ្ជាក់ថាប្រទេសទាំងនេះបានប្រើវិបត្តិកូវីដា១៩ ដើម្បី «បង្កើតឧបសគ្គដល់ការទទួលបានព័ត៌មានដោយសេរី»។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដាក់កម្ពុជានៅចំណាត់ថ្នាក់លេខ១៤៤លើ១៨០ប្រទេសនៅក្នុងតំបន់ដែលថាបាន «អនុម័តច្បាប់ ឬអនុក្រឹត្យយ៉ាងតឹងរឹងបំផុតនៅឆ្នាំ២០២០ ដោយដាក់ទោសព្រហ្មទណ្ឌលើការរិះគន់ណាមួយចំពោះសកម្មភាពរដ្ឋាភិបាល ហើយក្នុងករណីខ្លះធ្វើឲ្យការបោះពុម្ពផ្សាយ ឬផ្សព្វផ្សាយព័ត៌មាន«មិនពិត» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ច្រានចោលរបាយការណ៍នេះ និងថាការរកឃើញនេះមិនបានបង្ហាញពីការពិតជាក់ស្ដែង និងថាវាគ្រាន់តែជាការសិក្សាតែម្ខាងរបស់អង្គការមួយក្តាប់តូចប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «វាមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងស្តីពីវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា…យើងឃើញថាសេរីភាពសារព័ត៌មាននៅកម្ពុជាគឺ ទូលំទូលាយ និងអាចទទួលបានគ្រប់សារព័ត៌មានទូទាំងប្រទេសកម្ពុជា និងទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោកផងដែរ»។
បើតាមក្រសួងព័ត៌មានក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានសាប័នផ្សព្វផ្សាយចំនួន១ ៣៦៥ស្ថាប័ន។ ក្នុងចំណោមនោះ មានស្ថាប័នបោះពុម្ពផ្សាយចំនួន៤៥០ ស្ថាប័នអនឡាញចំនួន៦៦៩ ស្ថានីយវិទ្យុចំនួន២២០ និង២៦ផ្សេងទៀតជាស្ថានីយទូរទស្សន៍។
លោក សុភ័ណ្ឌ មានប្រសាសន៍ទៀតថា ក្រសួងព័ត៌មានកំពុងរៀបចំចេញលិខិតអនុញ្ញាតដល់ស្ថាប័នសារព័ត៌មាន ដើម្បីអាចឲ្យបុគ្គលិកស្ថានប័នទាំងនោះអាចធ្វើដំណើរក្នុងរយៈពេលបិទខ្ទប់នេះបាន។
លោកបន្តថា ស្ថានភាពតឹងរឹងនេះ គ្រប់ភាគីទាំងអស់ត្រូវចូលរួមជាមួយរដ្ឋាភិបាកដើម្បីកាត់ផ្ដាច់ការចម្លងវីរុសក្នុងសហគមន៍ និងការពារទាំងផលប្រយោជន៍ជាតិ និងប្រជាជន។
លោក មានប្រសាសន៍ថា៖ «នេះមិនប៉ះពាល់តែវិស័យសារព័ត៌មានទេ ទាំងស្ថាប័នឯកជន និងរដ្ឋគឺតម្រូវឲ្យកាត់បន្ថយចំនួនបុគ្គលិកនៅកន្លែងធ្វើការក្នុងកម្រិតទាបបំផុត»។
លោក បន្តថា នៅពេលនេះក្រសួងមិនទាន់បានបូកសរុបចំនួនលិខិតអនុញ្ញាតត្រូវចេញនៅឡើយ។
លោក អ៊ិត សូធឿត នាយកផ្នែកផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ទទួលស្គាល់ថាការរឹតបន្តឹងនេះមានផលប៉ះពាល់គ្រប់វិស័យ មិនថាតែប្រព័ន្ធផ្សព្វផ្សាយទេ។ យ៉ាងណា លោកថា សម្រាប់តួនាទីជាអ្នកសារព័ត៌មាន គួរមានការលើកលែងខ្លះ។
លោកបន្ថែមថា៖ «អ្នកសារព័ត៌មានគួរតែមានចំនួនច្រើនជាងនេះ ដែលត្រូវអនុញ្ញាតឲ្យចូលទៅតំបន់បិទខ្ទប់ ដើម្បីបានធ្វើសេចក្ដីរាយការណ៍ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ»។ លោកថា អ្នកសារព័ត៌មានក៏អាចតាមដានពីការអនុវត្តភារកិច្ចមិនប្រក្រតីណាមួយរបស់អាជ្ញាធរផងដែរ។
លោកបានបន្ថែមថា៖ «ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ដំណឹងដល់សាធារណជន។ នៅពេលដែលអ្នកសារព័ត៌មានមិនអាចបំពេញការងារឲ្យបានពេញលេញ នឹងធ្វើឲ្យព័ត៌មានពិតត្រូវបាត់បង់…យើងបានឃើញពីមុនមកហើយថា អាជ្ញាធរបានធ្វើលើសពីអ្វីដែលបានកំណត់ ហើយ[វិធានការកូវីដ១៩] អាចជាឱកាសសម្រាប់ពួកគាត់បំពានលើតួនាទីផងដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Newspapers suspend printing due to COVID-19 lockdown restrictions