សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វេបសាយទិន្នន័យថ្មីមួយដាក់ដំណើរការដើម្បីឱ្យប្រជាពលរដ្ឋអាចទទួល​​បានព័ត៌មានសាធារណៈ

បុរសម្នាក់កំពុងមើលវេបសាយកំណត់ត្រានៅលើកុំព្យូទ័ររបស់លោកនៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
បុរសម្នាក់កំពុងមើលវេបសាយកំណត់ត្រានៅលើកុំព្យូទ័ររបស់លោកនៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

វេបសាយ​ថ្មី​មួយ​ឈ្មោះ​ថា «កំណត់ត្រា» បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា​ CCIM។ ការ​ដាក់​​ដំណើរ​ការ​វេប​សាយ​នេះ​​ក្នុង​គោល​បំណង​ជួយ​ឱ្យសារធារណជន​អាច​ទទួល​បាន​ទិន្នន័យ​សាធារណៈ​ទាំង​​ភាសាខ្មែរ និង​អង់គ្លេស​។​

អង្គការ​CCIM​ សរសេរក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា៖ «គោល​ដៅ​របស់​យើង​នៅ​ CCIM គឺ​ផ្ដល់​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​នូវ​ព័ត៌មាន​ដែល​ពួកគាត់​ត្រូវ​ការ​​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​យល់​ដឹង»។​​

កំណត់​ត្រា​បាន​ចាប់​ផ្ដើ​ម​ដំណើរ​ការ​ជាមួយ​មូល​ដ្ឋាន​ទិន្នន័យ​ចំនួន​ពីរ​។

​«ទំព័រ​រាជកិច្ច» គឺ​ជា​ផ្នែក​មួយ​ដែល​ចង​ក្រង​ទិន្នន័យ​ចេញ​ពី​ឯកសារ​នៅ​ក្នុង​សៀវភៅ​ព្រះ​រាជកិច្ច​ ​ដែល​ប្រមូល​ផ្ដុំ​ដោយ​សេចក្ដី​សម្រេច​សំខាន់ៗ​របស់​រដ្ឋាភិបាល មាន​ដូច​ជាការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​ផ្ដល់​គោរម្យងារ​ដល់​ឥស្សរជន​ជាន់​ខ្ពស់​ជាដើម​។​​​

ចំណែក​ «ទំព័រ​ដី​ធ្លី» គឺ​ជា​ការ​ប្រមូល​ព័ត៌មាន​ជម្លោះ​ដី​ធ្លី​នៅ​ទូ​ទាំង​ប្រទេស​ និង​​ដាក់​បង្ហាញ​​ទី​តាំង​ជម្លោះ​ដី​ធ្លី​នៅ​លើ​ផែន​ទី​ដែល​មាន​​ទំនាក់​ទំនង​គ្នាទៅ​វិញ​ទៅ​មក​​​ផង​ដែរ។​

​វេប​សាយ​នេះ​ក៏​មាន​លម្អិត​អំពី​ផែន​ទី ទិន្នន័យជាតួលេខ និង​ជា​ក្រាហ្វិក​ អំពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា រួម​មាន​ទាំង​ការ​វិភាគ​លម្អិត​លើ​គ្រប់​គណបក្ស​នយោបាយ និង​បេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ ខាង​មុខ​ផង​ដែរ។​

នៅ​លើ​វេបសាយ​កំណត់​ត្រា ជា​ដំបូង​ទិន្នន័យ​ដែល​ប្រមូល​ចងក្រង​គឺមាន​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ហើយ​នឹង​បន្ត​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​បន្ត​បន្ទាប់​ទៀត​។​

នៅ​លើ​វេប​សាយ​កំណត់​ត្រា​បាន​សរសេរ​ថា៖ ​«បច្ចុប្បន្ន​ ប្រភព​​ព័ត៌មាន​​ឯករាជ្យ​មាន​​តិចតួច​ណាស់​ដែល​​នៅ​សេស​​សល់​​ក្នុង​​ប្រទេស​​កម្ពុជា​»។ ប្រភព​ដដែល​សរសេរទៀតថា៖ «ជាមួយគ្នា​នេះ​ ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ដោយបង្ខំ​ ការ​ដាក់​សម្ពាធ​លើ​សិទ្ធិ​ ពលរដ្ឋ​ និង​ការ​រីកសាយ​ភាយ​នៃ​ការ​ផ្សព្វផ្សាយ​គ្រប់​ទម្រង់​បាន​ធ្វើ​ឱ្យ​ទិន្នន័យ​ដែល​អាច​ទុកចិត្ត​បាន​ និង​ព័ត៌មាន​ត្រឹមត្រូវ​​កាន់តែ​មាន​សារៈសំខាន់​ជាង​ពេល​ណាៗ​ទាំងអស់​»។​

​កាលពី​ខែ​កុម្ភៈ រដ្ឋាភិបាល​បាន​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន​វីទ្យុសំឡេង​ប្រជា​ធិបតេយ្យ​ វីអូឌី (VOD) តាម​បញ្ជា​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ ស្ថាប័ន​សារព័ត៌មាន​ជា​ភាសារ​ខ្មែរ​ចំនួន​បី​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណដែរ​កាលពី​ខែ​មីនា។​

ច្បាប់​ស្ដី​ពី​សិទ្ធិទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​អូសបន្លាយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ និង​មិន​ទាន់​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​នៅ​ឡើយ។ ច្បាប់​នេះ​ត្រូវ​បាន​គេ​ជឿថា​អាច​ផ្ដល់​លទ្ធភាព​ឱ្យ​សាធារណជន​​​ទទួល​បាន​ព័ត៌មានសាធារណៈ​​​ពី​រដ្ឋាភិបាល​។ ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន​របស់​កម្ពុជា​បាន​ចែង​ថា ​​សារព័ត៌មាន​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​រាជ​រដ្ឋាភិបាល លើក​លែង​តែ​ព័ត៌មាន​​កំណត់​ត្រា​សំខាន់ៗ​របស់​រដ្ឋ​មួយ​ចំនួន​ដែល​អាច​បណ្ដាល​​​ឱ្យអន្តរាយ​ដល់​សន្តិសុខ​ជាតិ ទំនាក់​ទំនង​អន្តរជាតិ​ និង​ឯកសារ​សម្ងាត់​ផ្នែក​​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ជា​ដើម​។​

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា លោកមិនអាចវាយ​តម្លៃ​ថាគេហទំព័រ Kamnotra នេះបានផ្ដល់សារៈអត្ថប្រយោជន៍ក្នុងការផ្ដល់ព័ត៌មាន​ដល់សង្គម​កម្ពុជាកម្រិតណានោះទេ។ ដោយលោកថា អង្គភាពដែលដាក់ដំណើរការគេហទំព័រមិនបាន​ផ្ដល់​ព័ត៌មានណាមួយដែលពាក់ព័ន្ធនឹងគេហទំព័រទៅក្រសួងនៅឡើយ។

លោកមានប្រសាសន៍ថា៖ «ព្រោះអង្គភាពដែលដាក់ដំណើរការគេហទំព័រនេះមិនបានផ្តល់​ព័ត៌មាន ណាមួយដែលពាក់ពន្ធ័នឹងគេហទំព័រនេះមកក្រសួងព័ត៌មានឡើយ ដូច្នេះខ្ញុំក៍មិនអាច​វាយតម្លៃថាយ៉ាងម៉េចបាននោះដែរ»

យ៉ាងណា លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា វាជាសិទ្ធិរបស់អង្គភាពក្នុងការបង្កើត​គេហទំព័រ​សម្រាប់ផ្សព្វផ្សាយអំពីសកម្មភាពការងាររបស់ពួកគេ ឫការសម្រេចចិត្ត​ក្នុងការ​ចុះ​បញ្ជី ឬអត់។ ប៉ុន្តែលោកថា អង្គភាពចាំបាច់ត្រូវចុះបញ្ជីនៅក្រសួងព័ត៌មាន ក្នុងករណី​គេហទំព័រ​នោះធ្វើកិច្ចការពាក់ព័ន្ធនឹងវិស័យព័ត៌មាននិងសោតទស្សន៍។

លោកបន្ថែមថា៖ «ប៉ុន្តែបើគេហទំព័រនោះធ្វើកិច្ចការពាក់ព័ន្ធនឹងវិស័យព័ត៌មាន និង​សោតទស្សន៍  គឺចាំបាច់ត្រូវចុះបញ្ជីនៅក្រសួង។  ហើយបើមិនចុះបញ្ជីគេហទំព័រនោះ​ជា​គេហទំព័រមិនស្របច្បាប់»។​

​នាយក​ប្រព័ន្ធផ្សព្វផ្សាយ​របស់​ CCIM លោក អុិត សូធឿត បាន​ប្រាប់​ខេមបូចា ថា CCIM សង្ឃឹម​ថា​នឹង​រក្សា​វេបសាយ​កំណត់​ត្រា​ឱ្យ​នៅ​ជា​អចិន្ត្រៃយ៍។ លោក​ថា វេប​សាយ​នេះ​មិន​មែន​ជា​វេបសាយ​ថ្មី​ជំនួស​ឱ្យ​វេបសាយសារព័ត៌មាន​វីអូឌី​នោះទេ ប៉ុន្តែ​ថាបណ្ដុំ​ព័ត៌មាន​ដែល​បាន​ប្រមូល​ឡើង គឺ​ជា​ព័ត៌មាន​ដែល​មាន​ស្រាប់​ និង​ប្រើ​ដើម្បី​ជា​ប្រយោជន៍​សាធារណ​ជនទូទៅ​។​

លោក​បញ្ជាក់​ថា៖ «​កំណត់ត្រា​ជា​វេបសាយ​ដែល​ផ្ទុក​ទិន្នន័យ​សាធារណៈ យើង​ប្រមូល និង​ចេញ​ផ្សាយ​​ទិន្នន័យ​ទាំង​នោះ​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​ទូទៅងាយ​ស្រួល​យល់ និង​ដឹង​ថា​ព័ត៌មាន​ទាំង​នោះ​មាន​ស្រាប់​​ទៅ​ហើយ»។​

លោក​ឱ្យ​ដឹង​ទៀតថា CCIM ចង់​ដាក់​ឱ្យ​ដំណើរ​ការ​វេបសាយ​នេះជា​អចិន្ត្រៃយ៍ និង​ស្វែង​រក​ការ​ពង្រីក​ទិន្នន័យ​បន្ថែម ក៏​ដូច​ជា​វេបសាយ​ផ្ទាល់​ដែរ​។​ លោក​ សូធឿត បានបន្តថា៖ ​«​ចំពោះថា​លទ្ធភាព​នៃ​ការ​បិទវេបសាយ​នេះ​ CCIM​ ក៏មាន​ក្ដី​បារម្ភ​ដែរពីព្រោះ​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ក៏​កំពុង​តែ​រង​ការ​គំរាមកំហែង ប៉ុន្តែ​យើង​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​ឃើញ​ពី​ប្រយោជន៍​របស់​កំណត់​ត្រា​»។ លោកបន្ថែម​ថា៖ ​«បន្ថែមពី​នេះ វេបសាយ​គឺ​បង្កើ​តឡើង​តាម​គោលការណ៍ និង​លក្ខខណ្ឌ​នៃ​អាជ្ញាបណ្ណ​របស់​ក្រ​សួង​មហារផ្ទៃ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Interactive Database Expands Access to Public Information

213 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម