សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គមស៊ីវិល និងកម្មករការងារតាមផ្ទះ​ជំរុញ​រដ្ឋាភិបាល​​ផ្ដល់​សច្ចាប័នលើអនុសញ្ញាការងារដើម្បីការ​ពារសិទ្ធិ​របស់ពួកគេ

អ្នកបម្រើការតាមផ្ទះបានចូលរួមទិវាអន្តរជាតិកម្មករការងារតាមផ្ទះស្ដីពី «គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
អ្នកបម្រើការតាមផ្ទះបានចូលរួមទិវាអន្តរជាតិកម្មករការងារតាមផ្ទះស្ដីពី «គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

អង្គការ​អុកស្វាមប្រចាំកម្ពុជា និង​សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បាន​ចូល​រួម​ប្រារព្វទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោម​ប្រធាន​បទ​«គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» កាល​ពីថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០២៤​។ ស្ថា​ប័ន​ទាំង​នេះ​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញាការងារ​ដើម្បី​ធានា​ដល់​កិច្ច​ការពារ​សិទ្ធិ​របស់​កម្មករ​។​

កម្មករការងារតាមផ្ទះ​សំដៅ​ដល់​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​របស់​នរណា​ម្នាក់។ អ្នក​ទាំង​នោះ​ធ្វើ​ការងារ​ផ្ទះ​ច្រើ​​ន​ប្រភេទ​រាប់​តាំងពី​ការថែទាំក្មេងៗ និង​មនុស្ស​ចាស់ ការ​សម្អាត​ផ្ទះ និង​ថែទាំផ្ទះ​ជា​ដើម​។ កម្មករការងារតាមផ្ទះ ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ទទួល​បាន​បណ្ណប.ស.ស នៅឡើយ ខណៈ​ដែល​អ្នកទាំង​នោះ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​ច្បាប់​ស្ដីពី​ការងារឆ្នាំ១៩៩៧ ​របស់​កម្ពុជា​។

នៅ​កម្ពុជា មាន​ការ​ប៉ាន់​ប្រមាណ​ថា​កម្មករការងារតាមផ្ទះ​ប្រហែល​ជា៤៣​% ត្រូវ​បាន​ជួល​ឲ្យ​ធ្វើ​ការ​តាម​រយៈ​អ្នក​ផ្ដល់​សេវា​។ ជា​ងពាក់​កណ្ដាល​នៃកម្មករការងារតាមផ្ទះ​នៅ​លើ​ពិភព​លោក​៣៨​លាន​នាក់ គឺ​នៅ​អាស៊ីប៉ាស៊ីហ្វិក។ នៅ​កម្ពុជា​ មាន​កម្មករការងារតាមផ្ទះ​ប្រហែល​២៤០ ០០០​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៨​។​

​កាលពី​ឆ្នាំ​២០១១ អង្គការ​អន្តរជាតិ​ខាង​ការងារ​​បាន​អនុម័ត​លើ​អនុសញ្ញា​លេខ​១៨៩ ស្ដី​ពី​ការងារ​សមរម្យ​សម្រាប់​​កម្មករការងារតាមផ្ទះ ដោយ​បាន​ទទួល​ស្គាល់​សិទ្ធិ​​កម្មករការងារតាមផ្ទះ​ស្មើ​នឹង​កម្មករ​ផ្សេង​ទៀត​ដែរ រួម​មាន​ទាំង​ការ​ឈប់​សម្រាក​ប្រចាំសប្ដាហ៍ ប្រចាំ​ខែ ម៉ោង​ធ្វើ​ការ ការធ្វើការ​ថែម​ម៉ោង ការ​ឈប់​ដំណាច់​ឆ្នាំ និង​ការការពារ​សមរម្យ​ចំពោះ​អំពើហិង្សា និង​ការ​បៀតបៀន​ផ្សេងៗ។​

​កម្មករការងារតាមផ្ទះគឺ​ស្ថិត​ក្នុង​ចំណោម​ក្រុម​​ងាយរង​គ្រោះ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការសិក្សា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​កាលពី​ឆ្នាំ​២០០៩ ស្ដី​ពី​ជីវភាព និង​ស្ថានភាព​រស់នៅ​របស់​កម្មករ​។ អង្គការ​អន្តរជាតិ​មួយ​នេះ​លើក​ឡើង​ថាកម្មករ​ប្រឈម​នឹង​ការ​រឹត្បិតសេរីភាព​នៃការ​ចេញ​ចូល ប្រាក់​ខែ​ទាប និង​មិន​មាន​កិច្ច​សន្យាការងារ​ច្បាស់លាស់ ធ្វើការ​លើស​ម៉ោង មិនមាន​ពេលសម្រាក​គ្រប់គ្រាន់ ធ្វើការ​ហួសកម្លាំង និង​ងាយ​រង​គ្រោះ​លើ​រាង​កាយ ផ្លូវភេទ និង​ការ​ជួញដូរ​។​

ស្រ្តី​មេផ្ទះ​ម្នាក់ គឺ​អ្នកស្រី ស្រី វណ្ណៈ ដែល​បាន​ចូល​រួម​ក្នុង​ទិវា​នេះ បាន​ប្រាប់​ខេមបូចា​ថា ​កម្មករការងារតាមផ្ទះ​បាន​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន ហើយ​ភាគ​ច្រើន​នៃអ្នក​ទាំង​នោះ​មិនមាន​បណ្ណ​ប.ស.ស ដូច​កម្មកររោងចក្រ ឬ​បុគ្គលិក​ប្រាក់​ចំណូល​ទាប​ផ្សេង​នោះទេ​។ អ្នកស្រី​ថា នេះជា​បញ្ហា​មួយ​ ពេល​ធ្លាក់​ខ្លួន​ឈឺ អ្នក​ទាំង​នោះត្រូវ​ប្រើ​ថវិកា​ផ្ទាល់​ខ្លួន​សម្រាប់​ចំណាយ​លើ​ថ្លៃ​ព្យាបាល​។​

​ថ្វី​បើ​ស្រ្តី​វ័យ​៤៨​ឆ្នាំ​រូប​នេះ​មិន​ធ្លាប់ធ្វើ​ជា​​កម្មករការងារតាមផ្ទះ តែ​អ្នកស្រី​ធ្លាប់ធ្វើ​ការជា​កម្មករ​កាត់​ដេរ ដូច​នេះអ្នកស្រី​យល់​ច្បាស់​ពី​ភាព​ខុសគ្នា និង​ការ​ខិត​ខំ​រកប្រព័ន្ធ​គាំទ្រ ឬ​អ្នក​តំណាង​ក្នុង​ការ​ជួយ​តស៊ូ​​រក​ការ​ផ្ដល់​សិទ្ធិ និង​អត្ថប្រយោជន៍​នានា​។​

អ្នកស្រីឲ្យ​ដឹង​ថា៖ «​ពេល​​កម្មករការងារតាមផ្ទះ​មាន​បណ្ណ​ប.ស.ស ពួកគាត់​នឹង​អាច​បាន​អត្ថប្រយោជន៍​ច្រើន។ ខ្ញុំ​ចង់​ឲ្យ​និយោជក ឬ​ក្រុម​ហ៊ុន​ធ្វើ​ឲ្យ​ពួក​គាត់​បាន​ទទួល​បណ្ណប.ស.ស ដូច​នេះ​ពួកគាត់​នឹង​មាន​ប្រាក់​សម្រាប់​ការ​ព្យាបាលជំងឺ ពេល​ធ្លាក់​ខ្លួន​ឈឺ»។​

អ្នក​ស្រ្តី​បន្តថា អ្នកស្រី​ចង់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផ្ដោត​ឲ្យ​បាន​ច្រើន និង​បង្កើត​បរិយាកាស​ការងារ​ល្អ​សម្រាប់​​កម្មករការងារតាមផ្ទះ ពីព្រោះ​ថា «កម្មករ​កាត់ដេរ​មាន​បណ្ណ​ប.ស.ស មាន​ប្រាក់ខែសមរម្យ និង​មាន​ថ្ងៃឈប់​សម្រាក​ផង​ដែរ»។​

ក្នុង​ទិវានេះ​ដែរ ​កម្មករការងារតាមផ្ទះ បាន​លើក​ឡើង​ថា​ពួកគាត់​ប្រឈម​នឹង​បញ្ហា​ច្រើន​ពេល​ព្យាយាម​រក​ថ្ងៃឈប់សម្រាក ព្រោះ​ថា​ពួក​ខ្លួន​មិន​មាន​ថ្ងៃឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដូច​កម្មករ​និយោជិត​ផ្សេង​ទៀត​។ បន្ថែម​ពីនេះ​ម្ចាស់​ផ្ទះ​បាន​កាត់​ប្រាក់ខែ​បើ​សិន​ជា​ពួក​ខ្លួន​ត្រូវ​បញ្ឈប់សម្រាកពីការងារ​។​

​ក្រុម​កម្មករការងារតាមផ្ទះឡើក​ឡើង​ថា៖ «​ទី​មួយ វា​ពិបាក​ក្នុង​ការ​សុំ​ច្បាប់​សម្រាក​ពីព្រោះ​ថា​ពេល​អ្នកសុំ​ច្បាប់​សម្រាក អ្នក​ក៏​ត្រូវ​កាត់​លុយ​ដែរ។ ទី​ពីរសិទ្ធិ និង​សេរីភាព [មិន​បាន​ទទួល​ការការពារ]។ ទី​បី ប្រាក់ខែ​ទាប។ ទី​បួន​មិន​មានកិច្ចសន្យាការងារ និង​ចុងក្រោយ​អ្នកធ្វើការ​តាម​ផ្ទះ​រង​ការ​បៀតបៀន​ពី​ម្ចាស់​ផ្ទះ និង​ការ​រើស​អើង​ពី​សង្គម​»។​

បុរសម្នាក់កំពុង​អានសៀវភៅ​និយាយ​អំពី​កម្មករការងារតាមផ្ទះ​ក្នុង​ទិវា​អន្តរជាតិ​កម្មករការងារតាមផ្ទះ​កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ២០២៤ នៅ​រាជធានី​ភ្នំពេញ​។​(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)។

អ្នកស្រី គឹម ស្រ៊ី ជាកម្មករការងារតាមផ្ទះ​មួយ​រូប​បាន​លើក​ឡើង​ថាដើម្បី​ធ្វើ​ឲ្យ​​កម្មករការងារតាមផ្ទះ​ទទួល​បាន​តម្លៃ​សមរម្យ វា​ចាំបាច់​ត្រូវ​មាន​ការ​រៀបចំក្រុម​​កម្មករការងារតាមផ្ទះ ដើម្បី​ធ្វើ​យុទ្ធនាការ និង​ទាម​ទារ​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់​ព័ន្ធ​។ ទាំង​នេះ​រួម​មាន​ទាំង​ការ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញារបស់អង្គការ​អន្តរជាតិ​ខាង​ការងារ អនុវត្ត​សេចក្ដី​ប្រកាស​លេខ​២៣៥​របស់​ក្រ​សួង​ការងារ​។ ដូចនេះ​កម្មករការងារតាមផ្ទះ​ ​នឹង​ទទួល​បាន​អត្ថប្រយោជន៍ផ្សេង​ៗ និង​លើក​កម្ពស់​ចំណេះ​ដឹង​របស់​កម្មករការងារតាមផ្ទះ​​អំពីសិទ្ធិ​។​

បើ​និយាយ​ពីសេដ្ឋកិច្ច​វិញ កម្មករការងារតាមផ្ទះ​​​គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដោយគ្រប​ដណ្ដប់​លើ​មនុស្ស​ជាង​៧៥​លាន​នាក់​ទូទាំង​ពិភព​លោក ដោយ​រួម​ទាំង​កុមារ​ផង។ នេះ​បើ​តាមការ​លើក​ឡើង​របស់​អ្នក​ស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម​ប្រចាំ​កម្ពុជា​។ ​ជាង​៧៦​%​ ជា​ស្រ្តី​មាន​វ័យ​១៥​ឆ្នាំ ឬ​ចាស់​ជាងនេះ។​

អ្នកស្រី​មាន​ប្រសាសន៍​ទៀត​ថា កម្មករការងារតាមផ្ទះ​ជួយបង្កើតសុខុមាលភាពសង្គម សម្រួលការងារលើគ្រប់វិស័យ រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ពេល​ដែល​វា​អាច​ស្វែង​រក​ការ​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល នៅពេលក្រោយៗ​ទៀត​ប្រហែល​ជា​មាន​ការ​យក​ចិត្តទុក​ដាក់​លើ​ក្រុម​ផ្សេង​ទៀត​ដែល​មិន​សូវ​មានការ​ទទួល​ស្គាល់សម្រាប់​ការ​ដើរ​តួ​នាទីសំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ច​។​ អ្នកស្រី ភាណ សោភ័ណ លើក​ឡើង​ថា​រដ្ឋាភិបាល​បាន​ចេញ​​សេចក្ដី​ប្រកាស​លេខ​៣៥ កាល​ពី​ឆ្នាំ២០១៨ ស្ដីពី​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករការងារតាមផ្ទះ ដែល​បាន​កំណត់​លក្ខខណ្ឌ​ការងារ​របស់​កម្មករការងារតាមផ្ទះ ធានា​ពី​ការងារ​សមរម្យ និង​ការ​គាំពារ​សង្គម​។​

កាល​ពី​ឆ្នាំ​២០១៧ ក្រ​សួង​ការងារ​បាន​ចេញ​សេចក្ដីជូន​ដំណឹង​លេខ៣៣៦ ស្ដីពី​ការ​ចុះ​ឈ្មោះ​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​បេឡាជាតិសន្ដិសុខសង្គម ដើម្បីធានាថា​អ្នក​ទាំង​នោះ​មាន​លក្ខខណៈសម្បត្តិ​ក្នុង​ការ​ទទួល​បានប្រព័ន្ធមូលនិធិសុខភាព​សមធម៌ ដូច​នេះ​អ្នក​ទាំង​នោះ​អាច​ទទួលបាន​ប្រាក់​ឧត្ថម្ភ​បន្ថែម​។​

អ្នកស្រី​បន្ត​ថា៖ «និយាយពីការអនុវត្ត យើង​នឹង​មិន​ឃើញ​ថា​មាន​មនុស្ស​ច្រើន​ទេ​ដែល​ត្រូវ​និយោជក​របស់​ពួកគេ​ចុះ​ឈ្មោះ​ឲ្យ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នានា និង​ការ​គាំពារ​ផ្សេង​ៗ​»។​

​អ្នក​ស្រី​រំពឹងថា​និយោជក​នឹង​ផ្ដល់​ប្រាក់ខែ​ និង​លក្ខខណ្ឌ​ការងារ​សមរម្យ​ដល់​កម្មករការងារតាមផ្ទះ។ កម្មករការងារតាមផ្ទះ ក៏​គួរ​តែ​ដឹង​ពី​សិទ្ធិ និង​តួនាទី និង​អត្ថបទ​ប្រយោជន៍​នានា​ដែល​ត្រូវ​ទទួល​បាន​ពី​និយោជក ពីព្រោះ​ថា​កម្មករការងារតាមផ្ទះ​មិនមែន​ជា​ «ទាសករ» នោះទេ​។​កម្មករការងារតាមផ្ទះ ធ្វើ​ការ​ដើម្បី​ប្ដូរ​យ​ក​ប្រាក់​ខែ​។​

លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មាន​ប្រសាសន៍​ថាសមាគម និង​អង្គការ​ដៃគូបានជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​១៨៩​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​។​

លោក រំឭក​ថា​កាល​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩ អង្គការ​សង្គម​ស៊ីវិល បាន​ពិភាក្សា​ និង​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​បង្កើត​ផែន​ទី​បង្ហាញ​ផ្លូវ ក្នុង​ការ​ផ្ដល់​សច្ចាប័ន​ដល់​​អនុសញ្ញា​លេខ​១៨៩​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ប៉ុន្តែ «​រដ្ឋមន្ត្រី​ក្រ​សួង​ការងារថ្មី​មិន​បាន​ចាប់​អារម្មណ៍លើ​បញ្ហា​នេះ​ទេ»។​

លោក​ឲ្យ​ដឹង​ថា៖ «​យើង និង​អង្គការ​ដៃគូ​របស់​យើង​សូម​ផ្ញើ​សារ​ទៅ​ក្រ​សួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ឲ្យ​ពិចារណា​ធ្វើ​ផែនទី​បង្ហាញ​ផ្លូវ ដើម្បី​ជំរុញ​ដល់​ការ​ផ្ដល់សច្ចាប័ន ក្នុង​ន័យ​ធានា​ដល់​សិទ្ធិកម្មករការងារតាមផ្ទះ​​នៅ​ទីនេះ និង​នៅ​ក្រៅ​ប្រទេស​»។​

លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​មានការ​អនុវត្ត​ឯកសារ​ផ្លូវ​ច្បាប់​ផ្សេងទៀត​ដូច​ជា​សេចក្ដី​ប្រកាស​លេខ​២៣៥ និង​ជំរុញ​ឲ្យ​ក្រសួង​បង្ខំនិយោជក​របស់​កម្មករការងារតាមផ្ទះ​​​​ឲ្យ​ចុះ​ឈ្មោះ​អ្នក​ទាំងនោះ​ក្នុង​ប្រព័ន្ធ​បេឡាជាតិសន្តិសុខសង្គម​។​

លោក​បន្ថែម​ថា៖ «បើ​គ្មាន​កម្មករការងារតាមផ្ទះ​​ សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ច​សហគមន៍ និង​សេដ្ឋកិច្ច​​​ជាតិនឹង​មិនលូតលាស់​ទេ។ ​កម្មករការងារតាមផ្ទះ​​ មាន​តម្លៃ ហើយ​ពួកគាត់​គឺ​ជា​គ្រូពេទ្យ​ដំបូង​នៅ​ក្នុង​គ្រួសារ»។​

ជា​មួយ​គ្នា​នេះដែរ អ្នកស្រី សេងផល​ ដាវីន អគ្គនាយិការង​នៃអគ្គនាយកដ្ឋាន​សមធម៌យេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច​នៃ​ក្រសួងកិច្ចការនារី មាន​ប្រសាសន៍​ថា​មាន​ចំណុច​បី​សំខាន់​ក្នុង​ផែនការ​យុទ្ធសាស្រ្ត និង​ក្រមខណ្ឌ​សកម្មភាព​សេដ្ឋកិច្ច​។​

ទី​មួយ​គឺ​វាគឺ​ជា​ចក្ខុវិស័យ និង​ជា​បេសកកម្មរបស់​ក្រ​សួង ទី​ពីរ​គឺ​យុទ្ធសាស្រ្ត​នារីរតន​ទី៦ និង​ទី​បី​ ​គឺ​ទិដ្ឋភាព​ទូទៅ និង​ផែនការ​សម្មភាព​ដែល​ពិចារណាលើ​សុខុមាល​ភាព​។​

ក្រសួង​នឹង​​ផ្ដោត​ការ​យក​ចិត្តទុក​ដាក់​លើ​ការ​លើក​កម្ពស់​ការ​យល់ដឹង​រវាង​និយោជក និង​សាធារណជន​ដើម្បី​គាំទ្រ​ និង​ផ្ដល់​តម្លៃ​ដល់កម្មករការងារតាមផ្ទះ​ អ្នកថែទាំផ្ទះ និង​អ្នក​ផ្ដល់​សេវាថែទាំ​នៅ​ផ្ទះ​។​

អ្នកស្រី​បន្តថា វា​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​របស់​កម្មករការងារតាមផ្ទះ​ ជា​ពិសេស​ស្រប​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រ​សួង​ការងារ​លេខ​៣៥ ដែល​ទាក់ទងនឹងការផ្តល់លក្ខខណ្ឌការងារសមរម្យ និងការទទួលបានការការពារសុខុមាលភាពសមស្រប។

អ្នកស្រី សេង សៀវហ្គិច អ្នកសម្រប​សម្រួល​គម្រោង​គាំពារ​សង្គម​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ មាន​ប្រសាសន៍​ថា វា​ពិត​ជា​មាន​សារសំខាន់ណាស់​ក្នុង​ការ​រួម​គ្នា​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ផ្ដល់សច្ចាប័ន​លើ​អនុសញ្ញាលេខ​១៨៩​។​

អ្នកស្រី​បន្ថែម​ថា៖ «​​គោលដៅធំបំផុត​គឺ​ធានា​ថា​កម្មករការងារតាមផ្ទះ​បាន​ទទួល​សិទ្ធិ​ការងារ ការគាំពារសង្គមសមរម្យ និង​អនុលោម​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​»។​

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា​ភាគីពាក់​ព័ន្ធ​គួរ​តែ​ធ្វើការ​រួម​គ្នា​ដើម្បី​ឲ្យ​ឈាន​ទៅ​ដល់​ការ​អនុវត្ត​លក្ខខណ្ឌ​នៃ​អនុសញ្ញា បើ​ទោះ​បីជា​កម្ពុជា​មិន​ទាន់​ផ្ដល់​សច្ចាប័ន​ក៏​ដោយ​។ ដូច​នេះ វាជារឿង​ពីរ​ដែល​ត្រូវ​ធ្វើ​ក្នុង​ពេល​ដំណាល​គ្នា​។ អ្នកស្រី​ពន្យល់​ថា៖ «​ខណៈ​ដែល​យើង​កំពុង​ទាមទារ​ ឬ​តស៊ូមតិ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សច្ចាប័នលើ​អនុសញ្ញា យើង​ក៏​កំពុង​ជំរុញ​ពួក​គាត់​ឲ្យ​គោរព​លក្ខខណ្ឌ​របស់​អនុសញ្ញា​ដូច​គ្នា»។​

​បើ​តាម​ច្បាប់​ស្ដី​ពី​របបសន្តិសុខសង្គម ពេល​កម្មករការងារតាមផ្ទះ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ណា​មួយ វា​មាន​ន័យ​ថា​អ្នកនោះ​គឺ​ជា​និយោជិត​។ ដូច​នេះ និយោជក​របស់​អ្នក​ទាំង​នោះ​គួរ​តែ​ចុះ​ឈ្មោះ​ពួក​គាត់​ជាមួយ​បេឡាជាតិ​សន្តិសុខសង្គម។ អ្នក​ដែល​មិន​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​មេឡាជាតិ​សន្តិសុខសង្គម មាន​ន័យ​ថា​ជា «និយោជក​ខុសច្បាប់»។ ហេតុ​នេះ​គ្រប់​ភាគី​គួរ​តែ​ជជែកគ្នា​អំពី​បញ្ហា​នេះ និង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។​

​អង្គការ​អុកស្វាម​បាន​លើក​ឡើង​ថា​ខណៈ​ដែល​អនុសញ្ញាអង្គការ​អន្តរជាតិ​ខាង​ការងារ​ស្ដី​ពី​ការងារ​សមរម្យ​សម្រាប់​កម្មករការងារតាមផ្ទះ​មិន​ទាន់​បាន​ផ្ដល់សច្ចាប័ន ច្បាប់​ស្ដីពី​ការងារ​វិញ​ក៏​មិន​ទាន់កំណត់​ជាក់​លាក់​ពី​កម្មករការងារតាមផ្ទះ​ដូច​គ្នា​។​ប្រកាស​របស់​ក្រ​សួង​ការងារ​លេខ​២៣៥ បាន​ចេញ​កាលពី​ខែ​ឧសភា ឆ្នាំ២០១៨ អនុលោមតាមបទប្បញ្ញត្តិនៃអនុសញ្ញា ក៏ដូចជាអនុសាសន៍លេខ ២០១ ប៉ុន្តែ​មិន​បាន​បញ្ចូល​កម្មករ​ឆ្លង​ដែន​នោះទេ ឬ​កំណត់​ពីការ​កសាង​សមត្ថភាព និង​យន្តការ​ច្បាស់លាស់​ក្នុងការ​ការពារ​កម្មករការងារតាមផ្ទះ ជា​ពិសេស​អ្នក​ធ្វើ​ការ​ជាកុមារ។​

ដូច​គ្នា​ដែរ ទម្រង់កិច្ច​សន្យាការងារ​ស្ដង់ដា​សម្រាប់​កម្មករការងារតាមផ្ទះ​ក៏​មិន​ទាន់​បាន​បង្កើត។  កម្មករការងារតាមផ្ទះ​មិនបាន​ចុះ​ឈ្មោះ​ពេញ​លេញ​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​នានា​ពី​ប្រព័ន្ធ​គាំពារ​សង្គម ដូច​ជាការ​ថែទាំសុខភាព ហានិភ័យការងារ និង​មាតុភាព​។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះដែរ អង្គការ​អុកស្វាម​លើក​ឡើង​ទៀត​ថា ការ​ពង្រឹង និងការ​កសាង​សមត្ថភាព​របស់​កម្មករការងារតាមផ្ទះ​គឺ​នៅ​មានកម្រិត ពីព្រោះ​ថា​កម្មករការងារតាមផ្ទះ​គឺ​ជា​កម្មករ​ដែល​មិន​ត្រូវ​បាន​ចាត់ទុក​ថា​មិន​មាន​ជំនាញ ដូច​កម្មករ​ដទៃ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs, Domestic Workers Urge Government to Ratify Labor Conventions To Safeguard Their Rights

85 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម