ដោយបារម្ភពីការចាប់ខ្លួន អ្នកស្រី ប្រាក់ សុភា ដែលជាសកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោម្នាក់ ប្រាប់ ខេមបូចា ថា អ្នកស្រីបានគេចខ្លួនទៅកាន់ប្រទេសថៃដើម្បីស្វែងរកសិទ្ធិជនភៀសខ្លួនកាលពីសប្ដាហ៍កន្លងទៅ។
អ្នកស្រី សុភា ជាអ្នករស់នៅក្នុងសហគមន៍បឹងតាមោក និងជាបុគ្គលលេចធ្លោក្នុងការតវ៉ារឿងការជម្លៀសប្រជាពលរដ្ឋចេញពីសហគមន៍ កំពុងប្រឈមនឹងបណ្ដឹងនៅតុលាការចំនួនបីគិតតាំងពីឆ្នាំមុនមក ហើយអ្នកស្រីបានចាកចេញពីប្រទេសកម្ពុជាបន្ទាប់ពីអ្នកស្រីឮដំណឹងថាអាចនឹងមានបណ្ដឹងផ្សេងទៀតប្ដឹងប្រឆាំងនឹងអ្នកស្រី។
អ្នកស្រី សុភា មានប្រសាសន៍ថា៖ «ខ្ញុំបានសុំជំនួយពីអង្គការសហប្រជាជាតិដើម្បីអន្តរាគមន៍ និងជួយខ្ញុំរស់នៅទីនេះក្រោមការការពារ និងសុំឲ្យពួកគាត់ជួយសហគមន៍[បឹងតាមោក]របស់យើង»។
អ្នកស្រីពន្យល់ថា អ្នកស្រីបានផ្ញើលិខិតទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) ដើម្បីសុំសិទ្ធិជាជនភៀសខ្លួន។
អ្នកនាំពាក្យភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសថៃ Morgan Roussel-Hemery បានបដិសេធអត្ថាធិប្បាយលើករណីរបស់អ្នកស្រី ប្រាក់ សុភា។
អ្នកនាំពាក្យរូបនេះប្រាប់ ខេមបូចា តាមរយៈអ៊ីម៉ែលថា៖ «ក្រោមហេតុផលការការពារ និងការរក្សាភាពសម្ងាត់ UNHCR មិនអាចផ្ដល់ការអត្ថាធិប្បាយលម្អិត ឬសូម្បីតែបញ្ជាក់ពីវត្តមានរបស់ករណីបុគ្គលណាមួយ»។
មុនពេលគេចខ្លួនពីផ្ទះ អ្នកស្រី សុភា បាននិយាយថា អ្នកស្រីត្រូវជនស្លៀកពាក់ស៊ីវិលជាច្រើននាក់តាមឃ្លាំមើល និងបានជិះម៉ូតូកាត់មុខផ្ទះអ្នកស្រីទៅមកជាច្រើនដង ខណៈក្នុងពេលជាមួយគ្នានោះដែរ អ្នកស្រីក៏បានទទួលដំណឹងថាមានបុគ្គលស្និទ្ធនឹងអាជ្ញាធរខណ្ឌព្រែកព្នៅ គ្រោងដាក់ពាក្យបណ្ដឹងលើអ្នកស្រីផងដែរ។
នាយរងប៉ុស្ដិ៍នគរបាលសង្កាត់សំរោង លោក ស៊ឹម វាសនា បានបដិសេធថាគ្មានការតាមឃ្លាំមើលអ្នកស្រី សុភា នោះទេ ហើយថាអាជ្ញាធរតែងតែធើ្វការល្បាតក្នុងភូមិអ្នកស្រីជាធម្មតា ដើម្បីបង្ការបទល្មើសផ្សេងៗ។
លោកមានប្រសាសន៍ថា៖ «យើងមានកងកម្លាំងដើរល្បាតតាមគោលដៅជាធម្មតាដើម្បីបង្ការបទល្មើសផ្សេងៗ ពួកគាត់ធ្វើដំណើរទៅវិញទៅមកតាមផ្លូវលេខ១៥១ [កន្លែងអ្នកស្រី សុភា រស់នៅ]»។ លោកបន្តថា៖ «យើងដើរល្បាតជាទូទៅ យើងមិនមានការងារតាមឃ្លាំមើលគាត់ទេ យើងទៅមើលប្រជាពលរដ្ឋទាំងអស់គ្នា»។
អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ដែលបឹងតាមោកស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោកដែរនោះ បានបដិសេធអត្ថាធិប្បាយលើរឿងនេះ។ ចៅសង្កាត់សំរោង លោក យ៉ុន អ៊ីម និងមេភូមិសំរោងត្បូង លោក អ៊ុន អន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ប្រជាពលរដ្ឋ៧៥គ្រួសារនៅក្នុងភូមិសំរោងត្បូង កំពុងមានភាពមិនច្បាស់លាស់ចំពោះទីតាំងដែលខ្លួនរស់នៅ សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបឹងតាមោកត្រូវបានផ្ដល់ទៅឲ្យអ្នកស្និទ្ធនឹងបុគ្គលមានអំណាច។ ប្រជាពលរដ្ឋរាប់សិបគ្រួសារបានយល់ព្រមទទួលសំណងពីអាជ្ញាធរក្នុងការចាកចេញ។ អ្នកភូមិនៅទីនោះរស់នៅដោយពឹងលើការនេសាទត្រីក្នុងបឹងខាងក្រោយផ្ទះរបស់ខ្លួន ថ្វីបើផ្ទៃបឹងភាគច្រើនត្រូវបានចាក់ដីបំពេញសម្រាប់អភិវឌ្ឍន៍ទៅហើយក្ដី។ សមាជិកសហគមន៍ ដូចជាអ្នកស្រី សុភា បានប៉ះទង្គិចគ្នាជាច្រើនដងជាមួយអាជ្ញាធរ ព្រោះអ្នកភូមិចង់បន្តរស់នៅ និងនេសាទក្នុងតំបន់នោះដដែល។
គិតតាំងពីឆ្នាំ២០២២មក មានអ្នករស់នៅបឹងតាមោកយ៉ាងតិច ១០នាក់ត្រូវបានចោទប្រកាន់ ដែលសំណុំរឿងកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។
អ្នកស្រី សុភា បានអំពាវនាវពីប្រទេសថៃដល់នាយករដ្ឋមន្ត្រីជិតចូលកាន់អំណាច លោក ហ៊ុន ម៉ាណែត ឲ្យជួយដោះស្រាយបញ្ហាសហគមន៍បឹងតាមោកដោយយុត្តិធម៌។
លោកស្រីលើកឡើងថា៖ «ខ្ញុំជំរុញឲ្យនាយករដ្ឋមន្ត្រីថ្មី ពិចារណាទឹកភ្នែកប្រជាពលរដ្ឋ ពិចារណាលើការអភិវឌ្ឍ សូមឲ្យមានសន្តិភាពនៅក្នុងចិត្តប្រជាពលរដ្ឋ កុំឲ្យមានតែឈ្មោះ»។
យ៉ាងណា អ្នកស្រី ពន្យល់ថាអ្នកស្រីអាចនឹងត្រឡប់មកមាតុភូមិវិញបានដរាបណារដ្ឋាភិបាលសន្យាអនុវត្តច្បាប់ឲ្យមានភាពស្មើគ្នារវាងប្រជាពលរដ្ឋគ្រប់រូប។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតវិញបាន ដរាបណាប្រទេសរបស់ខ្ញុំមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដរាបណាប្រទេសរបស់ខ្ញុំកែប្រែច្បាប់ឲ្យមានភាពស្មើគ្នា ដរាបណាប្រទេសរបស់ខ្ញុំមានសន្តិភាពផ្លូវចិត្តពិតប្រាកដ»។ អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែខ្ញុំសុខចិត្តស្លាប់ [នៅប្រទេសថៃ] ហើយចោលឆ្អឹងរបស់ខ្ញុំនៅប្រទេសនេះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Boeng Tamok Activist Flees to Thailand, Seeking Refugee Status