សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រាំបួនឆ្នាំ បន្ទាប់ពីការបណ្តេញចេញដ៏ហិង្សា អតីតអ្នករស់នៅតំបន់បុរីកីឡានៅតែជួបការលំបាក

អ្នកស្រី ជ័យ សុភ័ក្ត្រ ជាអតីតអ្នករស់នៅតំបន់បុរីកីឡា បីកូននៅក្បែរផ្ទះរបស់គាត់នៅភូមិស្រះពោធិ នៅខែកុម្ភៈ ឆ្នាំ ២០២១ ។ សក់របស់គាត់ខ្លីព្រោះគាត់លក់វាដើម្បីបង់ថ្លៃព្យាបាលជំងឺ។ ខេមបូចា / ព្រីង សំរាំង
អ្នកស្រី ជ័យ សុភ័ក្ត្រ ជាអតីតអ្នករស់នៅតំបន់បុរីកីឡា បីកូននៅក្បែរផ្ទះរបស់គាត់នៅភូមិស្រះពោធិ នៅខែកុម្ភៈ ឆ្នាំ ២០២១ ។ សក់របស់គាត់ខ្លីព្រោះគាត់លក់វាដើម្បីបង់ថ្លៃព្យាបាលជំងឺ។ ខេមបូចា / ព្រីង សំរាំង

កាលពីចុងឆ្នាំមុន កូនស្រីអាយុ ២ឆ្នាំរបស់អ្នកស្រី ជ័យ សុភ័ក្រ បានធ្លាក់ខ្លួនឈឺ។ ដោយ មានការលំបាកក្នុងការរកប្រាក់ឲ្យបានគ្រប់គ្រាន់សម្រាប់ថ្លៃព្យាបាល អ្នកស្រី សុភ័ក្ត្រ អាយុ ២៤ ឆ្នាំ បានលក់សក់របស់អ្នកស្រីក្នុងតម្លៃ ២០ដុល្លារ វាជាលើកទី ៣ ហើយដែលអ្នកស្រីបានធ្វើបែបនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

មានរយៈពេលជិតមួយទសវត្សរ៍ហើយចាប់តាំងពីអ្នកស្រី សុភ័ក្ត្រ និងអ្នកជិតខាងរាប់រយនាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញដោយហិង្សាពីតំបន់បុរីកីឡាក្នុងរាជធានីភ្នំពេញហើយរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានការពិបាកយ៉ាងខ្លាំង។ អ្នកស្រី សុភ័ក្ត្រ និងកូន ៤ នាក់រស់នៅពឹងលើប្រាក់ចំនួន ៥០ ដុល្លារ ដែលប្តីរបស់អ្នកស្រី ជាកម្មករសំណង់ផ្ញើមកឲ្យរៀងរាល់ខែ។ អ្នកស្រីបោកសម្លៀកបំពាក់ឲ្យអ្នកជិតខាង។ អ្នកស្រីពឹងផ្អែកលើអាហារពីអង្គការក្រៅរដ្ឋាភិបាល។

កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១២ កម្មករក្រុមហ៊ុនផានអ៊ីម៉ិចបានបំផ្លាញផ្ទះរាប់រយខ្នងដោយកម្ទេចផ្ទះទាំងនោះរាបដល់ដី មុនពេលដែលប្រជាពលរដ្ឋអាចប្រមូលអ៊ីវ៉ាន់របស់គាត់។ កម្លាំងនគរបាលបានឈរយាមនៅក្បែរនោះ ហើយបានប៉ះទង្គិចជាមួយអ្នកភូមិ ដែលបានវាយតបតវិញ ដោយនគរបាលប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់គ្រាប់ពិត។  

ការចងចាំនៅព្រឹកក្នុងហេតុការណ៍នោះ នៅតែតាមលងអ្នកស្រី។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំនៅក្មេង អាយុទើប ១៥ ឆ្នាំ ហើយខ្ញុំនៅផ្ទះម្នាក់ឯង។ ខ្ញុំចាំបានថាផ្ទះរបស់ខ្ញុំត្រូវបានបំផ្លាញ ហើយប្រសិនបើខ្ញុំមិនរត់គេច ខ្ញុំអាចនឹងស្លាប់។ « ខ្ញុំមានអារម្មណ៍ឈឺចាប់។ ខ្ញុំនិយាយមិនចេញនៅពេលនឹកដល់រឿងកាលពី ១០ ឆ្នាំមុន។ ពួកគេឃោរឃៅ»។

សព្វថ្ងៃអ្នកស្រី សុភ័ក្រ នៅតែរស់នៅក្នុងភូមិស្រះពោធិនៅកន្លែងតាំងទីលំនៅថ្មីក្នុង ស្រុកពញាឮ ខេត្តកណ្តាល។ ដើមឡើយ មានប្រជាពលរដ្ឋ ១៤០ គ្រួសារ ដែលបានផ្លាស់ពីតំបន់ បុរីកីឡាមករស់នៅទីនេះ។ តែនៅពេលនេះ នៅសល់តែ ៨០គ្រួសារប៉ុណ្ណោះដែលកំពុងជួបការលំបាកនៅក្នុងភូមិ ដែលមានការអភិវឌ្ឍតិចតួចនេះ។

ខណៈកំពុងសប់ទឹកពីអណ្តូងក្បែរព្រៃឫស្សីនៅចុងភូមិ ហៀក លីដា អាយុ ២៩ ឆ្នាំបាននិយាយថា មិនមានការងារធ្វើនៅក្បែរនោះទេ។ លីដា មានកូនចំនួន ៥ នាក់ ដែលកូនពៅទើបតែមានអាយុ ៩ខែ ហើយនាងបានរៀបការតាំងពីអាយុ ១៤ ឆ្នាំ។ ប្តីរបស់នាងក៏ដូចជាបុរសជាច្រើននៅក្នុងភូមិដែរ គឺធ្វើការជាកម្មករសំណង់នៅភ្នំពេញ។

លីដា និយាយថា៖ «យើងរស់នៅដោយលំបាក ព្រោះយើងគ្មានអ្វីធ្វើទេ។ ខ្ញុំពឹងផ្អែកលើប្តី​របស់ខ្ញុំ ដែលជាកម្មករសំណង់»«គាត់ផ្ញើប្រាក់ឲ្យខ្ញុំចំនួន ១០ ម៉ឺនរៀល (២៥ ដុល្លារ) ក្នុងមួយខែ។ ថ្ងៃណាខ្លះ ខ្ញុំអាចទិញសាច់ជ្រូកតម្លៃត្រឹមតែ ៣.០០០ រៀលប៉ុណ្ណោះ សម្រាប់អាហារពេញមួយថ្ងៃ»

លីដា រស់នៅក្នុងផ្ទះឈើទំហំ ២៤ ម៉ែត្រការ៉េ សាងសង់នៅលើដី ចែកឲ្យដោយក្រុមហ៊ុនផានអ៊ីមិច ដល់អ្នកដែលត្រូវបានបណ្តេញចេញពីបុរីកីឡា។ ស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ការរស់នៅតំបន់បុរីកីឡារបស់ពួកគាត់មានឱកាសច្រើនសម្រាប់ការងារនិងជិតសាលារៀន។ នៅភូមិស្រះពោធិ៍ ស្ទើរតែមិនអាចរកលុយបានទេ។

នៅចុងសប្តាហ៍ លីដា លក់ផ្កាជូនភ្ញៀវទេសចរណ៍នៅរមណីយដ្ឋានភ្នំឧដុង្គ ដែលមានចំងាយប្រហែល ១,៥ គីឡូម៉ែត្រពីភូមិ។

នាងបាននិយាយថា៖ «ខ្ញុំអាចរកចំណូលបានតិចតួច ដើម្បីទិញម្ហូប។ តែតាំងពីខ្ញុំសម្រាលកូនមក ខ្ញុំនៅផ្ទះមើលថែកូនខ្ញុំ។ ប្រជាពលរដ្ឋនៅទីនេះ ខ្វះម្ហូបអាហារដើម្បីបរិភោគ»

នៅភូមិស្រះពោធិ ក្រុមគ្រួសារនៅបុរីកីឡាពឹងផ្អែកយ៉ាងខ្លាំងទៅលើជំនួយសម្បុរសធម៌ ។

លីដា បានបន្ថែមថា៖ «កាលពីខែមុន សមាគមធាងត្នោត និងអង្គការលីកាដូបានឧបត្ថម្ភអង្ករ ២៥ គីឡូក្រាមនិងថ្នាំមួយចំនួន ប៉ុន្តែឥឡូវនេះ ជិតអស់ហើយ។ យើងតែងតែទទួលបានអំណោយស្បៀងអាហារពីអង្គការនានា។​ បើគ្មានការឧបត្ថម្ភបែបនេះទេ ពួកគេមិនអាចរស់បានទេ»

កាលពីចុងឆ្នាំមុន កូនស្រីអាយុ ២ឆ្នាំរបស់អ្នកស្រី ជ័យ សុភ័ក្រ បានធ្លាក់ខ្លួនឈឺ។ ដោយ មានការលំបាកក្នុងការរកប្រាក់ឲ្យបានគ្រប់គ្រាន់សម្រាប់ថ្លៃព្យាបាល អ្នកស្រី សុភ័ក្ត្រ អាយុ ២៤ ឆ្នាំ បានលក់សក់របស់អ្នកស្រីក្នុងតម្លៃ ២០ដុល្លារ វាជាលើកទី ៣ ហើយដែលអ្នកស្រីបានធ្វើបែបនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អ្នកស្រី​ ហៀក លីដា អតីតអ្នករស់នៅតំបន់បុរីកីឡាឈរនៅក្បែរអណ្តូងស្នប់ក្បែរផ្ទះរបស់គាត់នៅភូមិស្រះពោធិ ខេត្តកណ្ដាល។ ទឹកអណ្តូងមានកំរិតជាតិកំបោរខ្ពស់ ហើយមិនអាចយកមកដាំស្លឬផឹកបានទេ។ ខេមបូចា / ព្រីង សំរាំង

ការទទួលបានទឹក ក៏ជាបញ្ហាប្រឈមផងដែរ។ មានអណ្តូងមួយ ប៉ុន្តែវាមានកំរិតជាតិកំបោរខ្ពស់ ហើយអាចប្រើសម្រាប់បោកគក់សំលៀកបំពាក់ លាងចាននិងងូត។ ចំពោះទឹកផឹក អ្នក ភូមិត្រូវទិញ ២ម៉ឺនរៀលក្នុងមួយធុង។

អំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ គ្រួសារជាច្រើនដូចជាអ្នកស្រី សុភ័ក្ត្រ និង លីដា ក៏ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ៣០ដុល្លារក្នុងមួយខែពីរដ្ឋាភិបាល ប៉ុន្តែវាតិចពេក។

កាលពីឆ្នាំ ២០០៣ រដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនផានអ៊ីម៉ិចដែលគ្រប់គ្រងដោយពាណិជ្ជករកម្ពុជាដ៏ល្បីគឺលោកស្រី ស៊ុយ សុផាន ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍បុរីកីឡា ក្រោម «ការរៀបចំបែងចែកដីធ្លី» ដើម្បីអភិវឌ្ឍផ្នែកខ្លះនៃតំបន់នេះ សម្រាប់គោលបំណងពាណិជ្ជកម្ម។

ក្រុមហ៊ុនផានអ៊ីម៉ិចមានកាតព្វកិច្ចសាងសង់អគារផ្ទះល្វែងចំនួន ១០ នៅលើផ្ទៃដី ២ ហិកតាសម្រាប់ប្រជាជន ដែលកំពុងរស់នៅទីនោះស្រាប់ ជាថ្នូរនឹងការទទួលបាននូវកម្មសិទ្ធិចំនួន ២,៦ ហិកតាបន្ថែមទៀតសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម។

ទោះបីជាយ៉ាងណា កាលពីខែមេសា ឆ្នាំ ២០១០ ក្រុមហ៊ុនផានអ៊ីម៉ិចបានរំលោភកិច្ចព្រម ព្រៀងជាឯកតោភាគី ដោយមានការយល់ព្រមពីរដ្ឋាភិបាល ហើយបានសាងសង់អគារចំនួន ៨ តែប៉ុណ្ណោះ។ បញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋនៅបុរីកីឡាចំនួន ៣០០ គ្រួសារទៀត ត្រូវបានផាត់ចេញពីកិច្ចព្រមព្រៀងដើម។

បញ្ហាតំបន់បុរីកីឡាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជននៅពេលដែលក្រុមគ្រួសារនៅសេសសល់ត្រូវបានបណ្តេញចេញដោយបង្ខំពីផ្ទះរបស់ពួកគេកាលពីខែមករាឆ្នាំ ២០១២។ ជាថ្នូរនឹងអចលនទ្រព្យក្នុងទីក្រុងដែលមានតម្លៃខខ្ពស់បំផុតដែលពួកគេកាន់កាប់ ហើយត្រូវបានគេផ្តល់ប្រាក់តិចតួចឬដីឡូតិ៍ទំហំតូច ដែលមានទីតាំងស្ថិតនៅឆ្ងាយ ហើយពិបាករកសេវាកម្មផ្សេងៗ។

ភាគច្រើននៅរៀងរាល់ថ្ងៃ ភូមិស្រះពោធិហាក់បីដូចជាមានតែស្ត្រីវ័យចំណាស់និងកុមារ រីឯមនុស្សពេញវ័យទៅធ្វើការងារនៅភ្នំពេញ។

កាលពីចុងឆ្នាំមុន កូនស្រីអាយុ ២ឆ្នាំរបស់អ្នកស្រី ជ័យ សុភ័ក្រ បានធ្លាក់ខ្លួនឈឺ។ ដោយ មានការលំបាកក្នុងការរកប្រាក់ឲ្យបានគ្រប់គ្រាន់សម្រាប់ថ្លៃព្យាបាល អ្នកស្រី សុភ័ក្ត្រ អាយុ ២៤ ឆ្នាំ បានលក់សក់របស់អ្នកស្រីក្នុងតម្លៃ ២០ដុល្លារ វាជាលើកទី ៣ ហើយដែលអ្នកស្រីបានធ្វើបែបនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អ្នកស្រី​ អៀង មឿន អតីតអ្នករស់នៅតំបន់បុរីកីឡាទទួលទានអាហារថ្ងៃត្រង់ជាមួយចៅបីនាក់កាលពីសប្តាហ៍មុននៅផ្ទះរបស់ពួកគេនៅភូមិស្រះពោធិ ខេត្តកណ្តាល។ ស៊ន សារ៉ាត

អ្នកស្រី អៀង មឿន អាយុ ៦២ឆ្នាំ បរិភោគអាហារថ្ងៃត្រង់ជាមួយចៅប្រុស ៣ នាក់នៅលើគ្រែឈើចាស់នៅមុខខ្ទមតូចមួយ។ អ្នកស្រី មឿន និងកូនត្រូវបានបណ្តេញចេញទាំងបង្ខំពីតំបន់ប្រជុំជនរាជធានីភ្នំពេញ ហើយជីវិតរស់នៅប្រចាំថ្ងៃនៅតែមានការលំបាក។

កូនៗបីនាក់និងកូនប្រសាររបស់អ្នកស្រី មឿន ធ្វើការជាអ្នកប្រមូលសំរាមនៅផ្សារអូរឫស្សី។ ពួកគេផ្ញើប្រាក់ទៅផ្ទះចំនួន ៥ ម៉ឺនរៀល (១២.៥ ដុល្លារ) រៀងរាល់ ២សប្តាហ៍និងទៅលេងផ្ទះ នៅពេលផ្សារបិទទ្វារសម្រាប់ថ្ងៃឈប់សម្រាក។ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ចៅៗ របស់អ្នកស្រី ទទួលបានការឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលមួយ ដែលផ្គត់ផ្គង់សម្ភារៈសិក្សានិងសម្លៀកបំពាក់។

អ្នកស្រីថ្លែងថា៖ «យើងត្រូវការអង្ករជាជាងប្រាក់»

ខណៈអ្នកយកព័ត៌មាននិងអ្នកថតរូបដើរកាត់ភូមិ បុរសម្នាក់ដែលអ្នកភូមិនិយាយថា ជាប្រ ធានសហគមន៍បានរារាំងអ្នកទាំងពីរ ដោយនិយាយថា ពួកគេត្រូវការសុំការអនុញ្ញាតមុនពេលចូលសហគមន៍និងជជែកជាមួយអ្នកភូមិ។ ៥នាទីក្រោយមកអនុប្រធានភូមិនិងប្រជាការពារចំនួន៥នាក់បានមកដល់ ហើយបានស្នើសុំឱ្យពួកគេចាកចេញ។

លោក វង់ ឆន ជាប្រធានភូមិ បាននិយាយថា គ្រួសារពលរដ្ឋកំពុងមានជីវភាពល្អប្រ សើរ ហើយបានចង្អុលបង្ហាញថា ពួកគេមានភ្លើងអគ្គិសនីប្រើប្រាស់។ ប៉ុន្តែលោកបានទទួល ស្គាល់ថា ទឹកនៅតែជាបញ្ហា។

លោកបាននិយាយថា«ពួកគាត់មិនមានទឹកស្អាតប្រើទេ។ ពួកគាត់ត្រូវទិញទឹកពីប្រភពផ្សេង ទៀតនៅក្នុងតំបន់នេះ។ ពួកគេមានអណ្តូងមួយ ប៉ុន្តែទឹកនេះមិនអាចផឹកបានទេ» ដោយលោកបានបន្ថែមថា ទឹកស្អាតត្រូវបានភ្ជាប់ចូលក្នុងភូមិពីរឆ្នាំមកហើយ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើននៅតែមិនអាចទទួលបានទឹកស្អាត។

លោក ឆន បានស្តីបន្ទោសក្រុមហ៊ុនឯកជន ដែលផ្គត់ផ្គង់ទាំងអគ្គិសនីនិងទឹកដោយសារមិនបានផ្តល់សេវាគ្រប់គ្រាន់។

លោកបាននិយាយថា៖ «អាជ្ញាធរភូមិបានបំពេញការងារ ដើម្បីបំរើប្រជាជនក្នុងភូមិ ប៉ុន្តែក្រុម ហ៊ុនដែលធ្វើការជាមួយរដ្ឋាភិបាលមិនបានបំរើប្រជាជនអោយបានល្អទេ។ ប្រជាជនបន្ទោសខ្ញុំ…ប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីហួសពីសមត្ថភាពរបស់ខ្ញុំបានទេ ខ្ញុំគ្រាន់តែជាមេភូមិម្នាក់ប៉ុណ្ណោះ»

ខេមបូចាបានទូរសព្ទជាច្រើនដងទៅលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុង ដើម្បីសួរថា តើសាលាក្រុងដឹងអំពីស្ថានភាពរបស់អ្នកដែលត្រូវបានបណ្តេញចេញដែរឬទេ ប៉ុន្តែគាត់មិនអាចទាក់ទងបាន។ លោក ញ៉ិប ចាន់ ជាមេឃុំបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា អង្គការរបស់ លោកនឹងបន្តផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តនិងសង្គមរហូតដល់កម្រិតជីវភាពរបស់ពួកគេមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។

លោកបានមានប្រសាសន៍ថា៖«ពួកគាត់កំពុងប្រឈមនឹងការលំបាក។ ប្រសិនបើយើងក្រឡេកមើលកម្រិតជីវភាពរបស់ពួកគាត់ក្នុងរយៈពេល១០ឆ្នាំនេះ យើងមិនឃើញមានការផ្លាស់ប្តូរអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ឥឡូវនេះ វាហាក់ដូចជាគ្មាននរណាខ្វល់អំពីពួកគាត់ទៀតទេ»

លោក សំអាត បានគូសបញ្ជាក់អំពីកង្វះហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យប្រជាជនពិបាករកការ ងារធ្វើនៅតំបន់នោះ។

លោកបានមានប្រសាសន៍ថា៖ «នេះគឺជាមេរៀន ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ចំពោះអ្នកដែលនឹងត្រូវផ្លាស់ទីលំនៅនាពេលអនាគត។ វាត្រូវតែមានការអភិវឌ្ឍទាំងមូល មានតម្លាភាពនិងមាននិរន្តរភាព»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nine years after violent eviction, former Borei Keila residents still struggle

660 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម