កម្ចីអនឡាញលើបណ្តាញសង្គមរីកដុះរាលដាលពាសពេញប្រទេសកម្ពុជា អ្នកជំនាញអង្គការសង្គមស៊ីវិលព្រួយបារម្ភពីសន្តិសុខសង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ខណៈដែលឧក្រិដ្ឋជនកំពុងតែសំងំប្រព្រឹត្តសកម្មភាពចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត។
យុគ្គសម័យឌីជីថលដែលគ្រប់គ្នាដើរទន្ទឹមនឹងបច្ចេកវិទ្យា តម្រូវការទូរស័ព្ទស្មានហ្វូន គឺជាកត្តាដែលមិនអាចខ្វះបាន ការប្រើប្រាស់បណ្តាយសង្គមជាជម្រើសទាន់សម័យនាទសវត្សរ៍ទី២០នេះ ការប្រើប្រាស់ប្រព័ន្ធឌីជីថលដោយមិនមានចំណេះបានរុញច្រានឱ្យប្រជាពលរដ្ឋមួយចំនួនមានវប្បដិសារីពេញមួយជិវិត។
សម្បុរខ្មៅស្រអែម ពាក់អាវយឺតពណ៌ប្រផេះ ស្លៀកខោយឺតជើងវែងពណ៌ខ្មៅ បួងសក់ឡើងលើតាមរបៀបស្រ្តីមេផ្ទះ មានពាក់កន្សែងពណ៌សនៅលើស្មាខាងឆ្វេង កំពុងតែបំបៅដោះកូនប្រុសគាត់អាយុ២ឆ្នាំ អ្នកស្រី វណ្ណា បានឆ្លើយតបតាមប្រព័ន្ធវីដេអូខលទាំងទឹកមុខញញឹមរួសរាយរាក់ទាក់ បើទោះបីជាកំពុងតែស្ថិតនៅក្នុងអន្ទាក់កម្ចីអនឡាញយ៉ាងណាក៏ដោយ។
ជាជនរងគ្រោះដោយសារកម្ចីអនឡាញ អ្នកស្រី វណ្ណា បានលង់ខ្លួនខាតបង់ទឹកប្រាក់ប្រមាណជាង២ពាន់ដុល្លារ រួមជាមួយនឹងរូបថតអាក្រាតកាយជាថ្នូរបញ្ចាំជាមួយកម្ចីអនឡាញ Loanly។ ស្រ្តីវ័យ ៣៧ឆ្នាំ ដែលរស់នៅទីរួមខេត្តកំពតរូបនេះ បានប្រាប់ឱ្យដឹងថា គាត់បានជាប់គាំងជាមួយនឹងមុខរបរបើកភោជនីយដ្ឋាន នាអំឡុងពេលកូវីដ-១៩ ទើបអ្នកស្រីសម្រេចចិត្តខ្ចីទាំងដឹងថាវាមិនមែនជាទង្វើត្រឹមត្រូវ។ អ្នកស្រីមានកូនចំនួន៣នាក់ ខណៈពេលដែលជួបវិបត្តិហិរញ្ញវត្ថុ គ្មានទីពឹង គ្មានទ្រព្យសម្រាប់ស្នើកម្ចីពីធនាគារស្របច្បាប់ ដូច្នេះកម្ចីអនឡាញជាជម្រើសដែលសមរម្យបំផុតសម្រាប់អ្នកស្រី។
អ្នកស្រី វណ្ណា បាននិយាយថា៖ «ខ្ញុំក៏សម្រេចចិត្តខ្ចីកម្ចី ហើយកម្ចីអនឡាញហ្នឹង វាឱ្យយើងថតរូប ថតអី អាក្រាតអ៊ីចឹង។ មុននឹងកម្ចីហ្នឹង ខ្ញុំក៏គិតមើលសិន ខ្ញុំក៏អត់ចង់ធ្វើអ៊ីចឹងដែរ ប៉ុន្តែយើងវាអត់មានទីពឹងសោះ។ វាឱ្យយើងថតរូបឱ្យដូចដែលវាចង់បានហ្នឹងណា ហើយជាវីដេអូ ជាអី ជាវីដេអូហ្នឹងប្រហែលជា៥ទៅ១០វិនាទី»។
និយាយទាំងសំឡេងអួលដើមក សោកស្តាយនូវទង្វើដែលខ្លួនបានធ្វើ អ្នកស្រី វណ្ណា ថាក្រុមកម្ចីអនឡាញយករូបថតរបស់គាត់កាត់តជាមួយនឹងរូបភាពអាសអាភាសផ្សេងៗ ភ្ជាប់ជាមួយពាក្យស្រីលក់ខ្លួន។ ពួកវាបានគំរាម និងផុសរូបគាត់នៅលើបណ្តាញសង្គមហ្វេសបុក ផ្ញើរូបថតដែលកាត់តទៅ មិត្តភក្តិ និងក្រុមគ្រួសារ។ គាត់ថាកាន់តែអាម៉ាស់ជាងនេះទៅទៀត គឺផ្ញើរូបថត និងសារសំដីអសុរោះទៅកូនស្រីដែលមានវ័យ១៦ឆ្នាំ និងកូនប្រុសវ័យ១៤ឆ្នាំ។ គាត់បន្ថែមថាចាប់តាំងពីពេលដែលកូនៗ បានឃើញរូបភាព ដឹងរឿងរ៉ាវមក កូនៗលែងគោរព និងស្អប់ខ្ពើមគាត់ជាម្តាយ។
អ្នកស្រី វណ្ណា ៖ «ហើយវាផ្ញើសារទៅកូនខ្ញុំថា ម៉ែហ្ហែងដើរលក់ខ្លូនលក់អី ទៅជួយធ្វើការជួយអី! វាផ្ញើសារទៅកូនខ្ញុំអ៊ីចឹង […] វាស្អប់ខ្ពើមយើង ថាយើងធ្វើអ៊ីចឹង ហើយពួកវាហ្នឹងផ្ញើសារមកវារញ៉េរញ៉ៃអ៊ីចឹងណា និយាយរួមទៅកូនខ្ញុំទាំងពីរដែលធំ ដឹងរឿងហ្នឹងវាលែងគោរពយើង លែងទទួលស្គាល់យើង»។
វិធីសាស្រ្តរបស់ក្រុមកម្ចីអនឡាញមានរូបភាពស្រដៀងៗគ្នាក្នុងការប្រើប្រាស់ជាមួយនឹងជនរងគ្រោះ ប្រសិនបើខ្ចី៥០ដុល្លារ ការប្រាក់ស្មើនឹង១០ដុល្លារ តម្រូវកាត់ការប្រាក់ជាមុន ជនរងគ្រោះទទួលបាន៤០ដុល្លារ ហើយសងវិញ៥០ដុល្លារក្នុងរយៈពេលមួយសប្តាហ៍។
ស្រដៀងគ្នាទៅនឹងអ្នកស្រី វណ្ណា ស្រ្តីរងគ្រោះម្នាក់ទៀត ឈ្មោះ ចិន្តា (ឈ្មោះអ្នកសរសេរដាក់ឱ្យ) ភេទស្រី អាយុ ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយ ជាអ្នកលក់ឥវ៉ាន់អនឡាញនៅទីរួមខេត្តបន្ទាយមានជ័យមានកូន៤នាក់។ ចិន្តា ប្រាប់ពីដើមហេតុដែលគាត់សម្រេចចិត្តស្នើកម្ចីអនឡាញដោយសារគាត់ស្គាល់តាមហ្វេសប៊ុកអំឡុងខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។
ចិន្តា និយយាថា៖ «ពីដំបូងយើងត្រូវការលុយហ្នឹងយកមកឱ្យគេអ៊ីចឹងណាបង! វាងាយៗ អ៊ីចឹងទៅ យើងយកបង្វិលទេ ដល់អាទិត្យក្រោយយើងសងគេវិញស្រួលហើយ។ អ្នកស្រីបន្តថា៖ «បង្ខំយើងឱ្យយកទៀត កាលហ្នុងដូចជាឱ្យយើង៧០ដុល្លារ ប៉ុន្តែវាកាត់ការយើង ២០ភាគរយមុន។ ច្រើនណាស់! ដល់ពេលអ៊ីចឹងទៅខ្ញុំក៏ជ្រុលយកទៀត យកឱ្យគេឱ្យអីទៅ [សងកម្ចីអនឡាញមុនៗ] វាចេះតែលង់បង់»។

រយៈពេលជាង៤ខែ ចិន្តាបានលង់ខ្លួនជាប់អន្ទាក់កម្ចីអនឡាញកាន់តែជ្រៅស្ទើរតែដកខ្លួនលែងរួច ដោយគាត់បានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមកម្ចីអនឡាញលើសពី១០ នឹងត្រូវខាតបង់ប្រាក់ជាង៩ពាន់ដុល្លារ និងត្រូវទទួលរងការគំរាមកំហែង។
អ្នកស្រីបញ្ជាក់ថា៖ «បើគិតជាសាច់លុយច្រើនពាន់ណាស់ បើគិតលុយដែលពួកវាផ្តល់ឱ្យយើង គឺតិចទេ! បើយើងយកមកបូក គឺយើងល្ងង់សុទ្ធ! ខ្ញុំឧទាហរណ៍យើងយកវា ២០០ដុល្លារ យើងបានតែជាង ១០០ដុល្លារ»។ អ្នកស្រីបន្តថា៖«ខ្ញុំគិតមើលទៅមួយ Loanៗ មួយថ្ងៃហ្នឹង៥ Loan ហើយយើងគិតមើលកាលដែលយើងត្រៀមលុយឱ្យវា គឺអស់ ២០០ដុល្លារជាងក្នុងមួយអាទិត្យហ្នឹង។ តែមួយថ្ងៃទេវា ៥ Loan ហើយនៅស្អែកទៀត! ស្អែកទៀត និយាយមួយអាទិត្យខ្ញុំត្រូវបង់ចាប់ពី ៥០០ដុល្លារទៅ ៦០០ដុល្លារសម្រាប់ការ…ពីដំបូងមកពីយើងល្ងង់ យើងឆោត»។
សព្វថ្ងៃ ចិន្តា កំពុងតែរស់នៅជាមួយភាពភ័យខ្លាចរួមជាមួយនឹងវិប្បដិសារីពេញមួយជីវិត គាត់មានបំណងសម្លាប់ខ្លួនជាច្រើនលើកច្រើនសារដើម្បីគេចចេញពីការពិតមួយនេះ។ ស្ងាត់មាត់មួយសន្ទុះដោយត្រឡប់មកឆ្លើយតបទូរស័ព្ទទាំងអួលដើមក ឆ្លើយបណ្តើរយំបណ្តើរ និងស្នើឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហា។
ចិន្តា បន្ថែមថា៖ «ខ្ញុំស្តាយក្រោយបង…..ខ្ញុំអត់ចង់នៅរស់ទេ ចង់ទៅសម្លាប់ខ្លួន យើងមិនគួរណាទៅលង់ខ្លួនដល់ថ្នាក់ហ្នឹង»។ អ្នកស្រី បន្តថា៖«និយាយរួមទៅខ្ញុំស្អប់ ក្នុងចិត្តខ្ញុំស្អប់ពួកកម្ចីអនឡាញហ្នឹង ខ្ញុំស្អប់ហ្មងបង! ខ្ញុំចង់ឱ្យលុបបំបាត់នៅក្នុងប្រទេសយើង ខ្ញុំអត់ចង់ឱ្យប្រជាពលរដ្ឋយើងរងគ្រោះដូចខ្ញុំទេ ខ្ញុំឈឺ! ខ្ញុំឈឺខ្លាំងណាស់បង [សម្លេងយំកាន់តែខ្លាំង] ឈឺមែនទែន»។
រូបភាពឆបោកដូចៗគ្នា ដោយចាប់ផ្តើមទាក់ទងជនរងគ្រោះតាមបណ្តាញសង្គមហ្វេសប៊ុក តេឡេក្រាម និងឆាតទៅកាន់ជនរងគ្រោះផ្ទាល់ ដោយតាំងខ្លួនជាក្រុមហ៊ុនផ្តល់សេវាកម្មកម្ចីអនឡាញ និងជំរុញឱ្យជនរងគ្រោះខ្ចីជាមួយនឹងលក្ខណខណ្ឌងាយៗ។
ទើបតែមានអាយុ ២២ឆ្នាំ កញ្ញា សោភា បានបាត់បង់ការងារជាអ្នកទទួលភ្ញៀវ នៅទន្តពេទ្យមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ និងបាត់បង់ទំនុកចិត្តពីក្រុមគ្រួសារដោយសារកម្ចីអនឡាញ។ សោភា រៀបរាប់ទាំងសម្លេងមួយៗ លាយឡំជាមួយទុក្ខកង្វល់ពីបទពិសោធន៍កម្ចីអនឡាញផ្តើមចេញពីមានក្មេងស្រីម្នាក់ធ្វើការនៅ Happy Loan ស្នើសុំភ្ជាប់មិត្តភក្តិតាមរយៈហ្វេសប៊ុក និងផ្ញើរសារបញ្ចុះបញ្ចូលឱ្យខ្ចី។
ដំបូងឡើយហាក់បីដូចជាមិនជឿពីវិធីខ្ចីលុយងាយៗ ដោយគ្រាន់តែត្រូវការអត្តសញ្ញាណប័ណ្ណ លេខគណនីធនាគារ។ ធ្វេសប្រហែសមួយពេល សោភា បានផ្ញើឯកសារផ្ទាល់ខ្លួនឱ្យកម្ចីអនឡាញ Happy Loan និងទទួលបានប្រាក់៤០ដុល្លារ។ គាត់បន្តថាកម្ចីអនឡាញមានគោលការណ៍ឱ្យសងវិញ៥០ដុល្លារមានរយៈពេលមួយសប្តាហ៍ ចំណែកអត្រាការប្រាក់មួយថ្ងៃពី ៣,៥០ដុល្លារ ដល់៤ដុល្លារ បន្ទាប់ពីជាប់អន្ទាក់លើកទីមួយក៏មានកម្ចី Tiger Loan និងកម្ចីផ្សេងៗ តែងតែទាក់ទង និងជំរុញឱ្យខ្ចីជាបន្តបន្ទាប់។
កញ្ញា សោភា ប្រាប់ថា៖ «Loan បើគិត Loan រាប់ Loan ច្រើនណាស់! ប្រហែលជា ១០ ជិត ២០ Loan។ ឯកសារមានអត្តសញ្ញាណប័ណ្ណ ខ្ញុំថតកាន់អត្តសញ្ញាណប័ណ្ណជាមួយនឹងពួកវាឱ្យខ្ញុំថតវីដេអូជាមុខ។ ពេលណាយើងទូរទាត់លុយអ៊ីចឹងទៅ យើងត្រូវកម្ចីថ្មីដើម្បីយកទៅសង Loan ផ្សេង វាឱ្យយើងនិយាយជាវីដេអូ។ បើគិតពីដំបូងមករហូតដល់ឥឡូវក្បែរ ២ពាន់ មិនស្រួលប្រហែលជា២ពាន់ដុល្លារអីណា»។
កញ្ញាយល់ថា ដោយសារតែខ្លួនរៀនសូត្របានតិចតួចទើបងាយរងគ្រោះ ព្រោះនាងបានឈប់រៀននៅថ្នាក់ទី១១ បើទោះបីជាក្រុមគ្រួសារបានដឹងឭរឿងរ៉ាង បានដាក់ពាក្យបណ្តឹងការពាររួចរាល់យ៉ាងណាក្តី ក៏ប៉ុន្តែទំនាក់ទំនងនៅក្នុងគ្រួសារហាក់បីដូចជាឃ្លាតឆ្ងាយ។
សោភា បញ្ជាក់ថា៖ «គាត់ដឹងទាំងអស់គ្នា! អត់មានទេ យើងពន្យល់ប្រាប់គាត់អ៊ីចឹងទៅ គាត់ស្តាប់តាមយើង បងប្អូនខ្លះគាត់ស្តាប់តាមយើង បងប្អូនខ្លះទៀតគាត់អត់ស្តាប់អ៊ីចឹង គាត់ឮ អ៊ីចឹងទៅគាត់លែងរវល់ហ្មង! គាត់ថាខ្លះដែរ អាយុទើបប៉ុណ្ណឹងមានអី ក៏ចេះតែខ្ចីលុយគេអ៊ីចឹងណា។ ពួកគាត់ចាប់ផ្តើមឃ្លាតឆ្ងាយពីយើង! លក្ខណៈអស់ជំនឿចិត្ត»។
កញ្ញាបន្ថែមថា៖ «ខាងប៉ូលិសខាងអី គាត់ផ្សព្វផ្សាយអ៊ីចឹង អត់ទាន់មានព័ត៌មានទូលំទូលាយហ្មង! ដល់ពេលអ៊ីចឹងយើងវាអត់ដឹងច្បាស់ប្រភពហ្នឹងមកពីណាអីពីណាក៏សាកទៅដល់ពេលមានបញ្ហាឥឡូវ វាធ្ងន់ធ្ងរខ្លាំងហ្មង។ បើសិនជាពួកគាត់ផ្សព្វផ្សាយទូលំទូលាយពួកខ្ញុំក៏អត់អាចទៅដល់ថ្នាក់ហ្នឹងដែរ»។

របាយការណ៍របស់ World Bank កូវីដ-១៩ បានរុញច្រានឱ្យប្រជាពលរដ្ឋកម្ពុជាបាត់បង់ការងារយ៉ាងកំហុក ស្ថាប័នមួយចំនួនបានកាត់បន្ថយបុគ្គលិក កាត់បន្ថយប្រាក់បៀវត្សបុគ្គលិក។ វិស័យទេសចរណ៍ ឧស្សាហកម្មផលិតនាំចេញ និងវិស័យសំណង់រងការប៉ះទង្គិចខ្លាំងជាងគេ ជាង៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃចំនួន ៣៩,៤ ភាគរយនៃការងារសរុបនៅក្នុងឆ្នាំ២០១៩។ មុខរបរខ្នាតតូច និងមធ្យមស្ទើរតែ១០០ភាគរយ ត្រូវបានដួលរលំបណ្តាលឱ្យម្ចាស់អាជីវកម្មក្ស័យធន រយៈពេលជាងពីរឆ្នាំនេះ មានប្រជាពលរដ្ឋជាច្រើនបានផុងខ្លួនជាប់អន្ទាក់កម្ចីអនឡាញ។
ជាជនរងគ្រោះម្នាក់ គ.ធ.ជ បានឆ្លងកាត់បទពិសោធន៍អន្ទាក់បំណុលវ័ណ្ឌកដោយសារកម្ចីអនឡាញខាតបង់ប្រាក់ប្រមាណជាង៨ពាន់ដុល្លារ ដោយផ្តើមចេញពី Lion Loan Camel Loan និង Tiger Loan កាលពីអំឡុងពេលកូវីដ។
ជិវិតប្រៀបីដូចជាសុបិន្តរៀបអាពាហ៍ពិពាហ៍មិនទាន់បានប៉ុន្មានខែផង ក៏សម្រេចចិត្តចែកផ្លូវគ្នាដើរជាមួយភរិយារស់នៅម្នាក់ឯង ថែមទាំងមិនសូវមានទំនាក់ទំនងល្អជាមួយនឹងក្រុមគ្រួសារដែលជាទីពឹងចុងក្រោយ។
គ.ធ.ជ បាននិយាយថា៖ «ខ្ញុំអស់ពីខ្លួនអាលីង គ្រួសារបងប្អូនមើលមុខគ្នាលែងត្រង់ កាត់កាលគ្នាអស់អាលីងបងប្អូនខ្ញុំ! រាល់ថ្ងៃដោយសារកម្ចីអនឡាញខ្ញុំរស់ម្នាក់ឯង ឯករាជ្យម្នាក់ឯង រកស៊ីម្នាក់ឯង…..វាធ្វើមែន! គ្រប់ម៉ាគ្រួសារ ម៉ាពូជ គ្រួសារពីរពូជ ខាងឪ ខាងម៉ែ គេលេងរាប់រកខ្ញុំទាំងអស់»។
គ.ធ.ជ ព្យាយាមតាមដានរាល់សម្មភាពរបស់ក្រុមកម្ចីអនឡាញ និងបានរកឃើញថា កម្ចីអនឡាញ គឺជាឧក្រិដ្ឋកម្មចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។ ធ្លាប់ជារងគ្រោះដោយសារកម្ចីអនឡាញ គាត់បានសម្របសម្រួលទប់ស្តាត់ជនរងគ្រោះដោយសារកម្ចីអនឡាញប្រមាណជាង១០០នាក់។
លោកបញ្ជាក់ទៀតថា៖ «គោលបំណងខ្ញុំទីមួយ ខ្ញុំចង់ទប់ស្កាត់គាត់កុំឱ្យមានការខាតបង់ ទីពីរខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំ ការឈឺចាប់របស់ខ្ញុំទៅពួកគាត់ ដែលខ្ញុំធ្លាប់ឆ្លងកាត់មុន ហើយទីបីខ្ញុំមិនចង់ឱ្យខាងគ្រួសារគាត់បែកបាក់គ្នា ដោយសាររឿងអនឡាញហ្នឹង! អ៊ីចឹងបានជាខ្ញុំចេះតែជំរុញថាឱ្យម្នាក់ៗត្រូវតែប្រាប់គ្រួសារ កុំលាក់គ្រួសារ ការលាក់គ្រួសារធ្វើឱ្យយើងបាត់បង់ដោយខ្លួនឯង»។
និយ័តករទូរគមនាគមន៍កម្ពុជា អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជាមានចំនួនជិត១៩លាន នាក់ (១៩៣៨០៦៧០) គិតត្រឹមខែមិនា ឆ្នាំ២០២២ ខណៈអ្នកចុះឈ្មោះប្រើអ៊ីនធឺណិតចំនួនជិត ១៨លាននាក់ (១៧ ៦៩៧ ៦៥៧នាក់)។
របាយការណ៍ Datareportal គិតត្រឹមខែមករា ឆ្នាំ២០២២ នេះ កម្ពុជាមានអ្នកប្រើប្រាស់ អ៊ីនធឺណិតជាង១៣លានកន្លះនៃប្រជាជនសរុបប្រមាណជាង១៦លាននាក់។ អ្នកប្រើប្រាស់ បណ្តាញសង្គមមានជាង ១២លាននាក់ ហ្វេសបុកជាង១១លាននាក់ Instagram ជាង២លាន នាក់ និងបណ្តាញសង្គម Tik Tok ជាង ៦លាននាក់។
លោក ជី សុផាត អ្នកបង្កើតមាតិការបច្ចេកវិទ្យាសុវត្ថិភាពតាមបណ្តាញសង្គម បានបង្ហាញ ក្តីព្រួយបារម្ភពាក់ព័ន្ធជាមួយនឹងកម្ចីអនឡាញដែលរីកដូចផ្សិត។ អំឡុងពេលកូវីដ-១៩ កំណើននៃការប្រើប្រាស់អ៊ឺនធឺណិតមានការកើនឡើងខ្លាំង ម្យ៉ាងវិញទៀតប្រជាជននៅក្នុង ប្រទេសកម្ពុជាមិនសូវមានចំណេះដឹងពាក់ព័ន្ធនឹងសុវត្ថិភាពប្រព័ន្ធឌីជីថល។
លោក ជី សុផាត លើកឡើងថា៖ «រឿងកម្ចី សម្រាប់ខ្ញុំវាជារឿងដែលគ្រោះថ្នាក់មែនទែនដែលប្រជាជន ដែលគាត់មានចំណេះដឹងតិចតួចទៅលើប្រព័ន្ធឌីជីថល គាត់នឹងងាយចាញ់បោក ឬក៏អ្នកដែលងាយចាញ់ល្បួងគេហ្នឹងងាយស្រួស កាន់តែងាយស្រួលក្នុងការចាញ់បោកលើប្រព័ន្ធអ៊ីនធឺណិត»។
លោកមើលឃើញថា៖ «បើសិនជាខ្ញុំហ្មង! អ្នកដែលមានឥទ្ធិពលច្រើនគឺអ្នកដែលធ្វើមាតិការនៅលើហ្វេសបុក ឬនៅលើ YouTube អ្នកទាំងអស់ហ្នឹង! ខ្ញុំគិតថាអ្នកទាំងអស់ហ្នឹង ជាយោបល់របស់ខ្ញុំគួរតែមានមួយជ្រុងណាមួយដែលចូលរួមជួយនៅក្នុងជួយទប់ស្កាត់ អប់រំ កុំឱ្យចាញ់បោកនៅលើប្រព័ន្ធឌីជីថល»។

សេចក្ដីថ្លែងការណ៍ព័ត៌មាន សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១ ចេញផ្សាយដោយអង្គការតម្លាពកម្ពុជានាខែមករា ឆ្នាំ២០២២ អត្ថបទបង្ហាញថាប្រទេសកម្ពុជាទទួលបានពិន្ទុ២៣ ដែលកើនឡើងចំនួនពីរពិន្ទុធៀបនឹងឆ្នាំ២០២១ ឈរនៅចំណាត់ថ្នាក់ទី១៥៧ក្នុងសកលលោក។ កម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បង្ហាញការយល់ឃើញថា កម្រិតនៃបំណុលរបស់ប្រជាពលរដ្ឋកម្ពុជាមានចំនួនច្រើនហួសហេតុ ដែលជាកត្តាបង្កឱ្យមានការព្រួយបារម្ភខ្លាំង។ លោកថាប្រជាជនជាច្រើនជាប់បំណុលជាមួយនឹងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់រហូតឈានទៅដល់ជាប់បំណុលខុសច្បាប់ប្រភេទកម្ចីត្រីឆ្លាម (Shark Loan) ប្រឈមនឹងហានិភ័យអត្រាការប្រាក់ខ្ពស់។
លោកសង្គេតឃើញថារាល់កម្ចីមិនស្របច្បាប់បានបង្កឱ្យមានវិបត្តិសង្គមដូចជា អំពើហិង្សា ការចាប់ជំរិត ការគំរាមកំហែងដោយប្រើបា្រស់រូបភាពអាសអាភាស ការគំរាមកំហែងសុវត្ថិភាពសាច់ញ្ញាតិ ក្រុមគ្រួសារ និងកូនៗរបស់ជនរងគ្រោះជាដើម។
លោក ប៉ិច ពិសី ថ្លែងថា៖ «ប្រជាពលរដ្ឋខ្មែរ គឺមានចំនួនច្រើនមែនទែន គួរឱ្យព្រួយបារម្ភបាទ! មានន័យពលរដ្ឋកម្ពុជាបច្ចុប្បន្ននេះ គឺគាត់បានជាប់បំណុល! បំណុលឯកជន បំណុលជាមួយនឹងធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្លូវការហ្នឹងផង ហើយគាត់ក៏អាចជាប់បំណុលឯកជនបាទ! ឯកជនផ្សេងៗទៀត ដែលគាត់អាចខ្ចីបានហ្នឹង ដោយសារគាត់មានបញ្ហាហិរញ្ញវត្ថុផ្សេងៗ នៅក្នុងការដោះស្រាយបញ្ហាគាត់ អ៊ីចឹងធ្វើឱ្យទំហំនៃបំណុលដែលខ្មែរមានហ្នឹង គឺច្រើនមែនទែន គឺរហូតដល់ធ្វើឱ្យយើងមានការព្រួយបារម្ភ»។
ទាក់ទងទៅនឹងក្រុមកម្ចីអនឡាញដែលមិនចុះបញ្ជី លោក ប៉ិច ពិសី មានការព្រួយបារម្ភអំពីស្ថិរភាពវិស័យធនាគារ និងមីគ្រូហិរញ្ញវត្ថុប្រកួតប្រជែងដោយមិនមានតម្លាភាព។
លោកបន្តថា៖ «បញ្ហានេះជំរុញឱ្យមានភាពមិនស្មើគ្នានៅក្នុងការប្រកួតប្រជែងទៅលើការខ្ចីលុយតាមប្រព័ន្ធស្របច្បាប់ ហើយនិងប្រព័ន្ធមិនស្របច្បាប់ហ្នឹង ធ្វើឱ្យមានភាពមិនស្មើគ្នាទេ ធ្វើឱ្យវិស័យហ្នឹងមានបញ្ហាបាទ»។
របាយការណ៍ ធនាគារជាតិ នៃកម្ពុជា ឆ្នាំ២០២១ បានបង្ហាញថាកម្ពុជាមានធនាគារពាណិជ្ជចំនួន៥៤ ធនាគារឯកទេសចំនួន១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនដាក់ប្រាក់បញ្ញើចំនួន៧៩ គ្រឹះស្ថានឥណទានជនបទចំនួន២៣២ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១៧ ក្រុមហ៊ុនអ្នកដំណើរការតតិយភាគីមានចំនួន៤ ស្ថាប័នទូទាត់ប្រាក់ចំនួន៣០ អ្នកផ្តល់សេវាប្រព័ន្ធរាយការណ៍ឥណទានចំនួន១ អ្នកផ្តល់សេវាការិយាល័យតំណាងចំនួន៦ និងអ្នកប្តូរប្រាក់ចំនួន២,៣៥៤។
លោក កាំង តុងងី អ្នកនាំពាក្យ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលស្គាល់ថា មួយរយៈចុងក្រោយនេះពិតជាមានការកើនឡើងនៃក្រុមកម្ចីអនឡាញមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញដោយធនាគារជាតិ នៃកម្ពុជា ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការណ៍នេះបានធ្វើឱ្យរូបលោក ក៏ដូចជាអ្នកបម្រើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានការព្រួបារម្ភហានិភ័យកម្ចីអនឡាញ ដែលភាគច្រើនមានរូបភាពរញ៉េរញ៉ៃនៅលើបណ្តាញសង្គមតេឡេក្រាម តាមហ្វេសប៊ុក និងតាម Tik Tok ជាដើម។
លោក កាំង តុងងី ថ្លែងថា៖ «ខណៈដែលពួកកម្ចីអនឡាញខុសច្បាប់អី យើងឃើញថាគាត់មានការ charge អត្រាការប្រាក់ខ្ពស់ហួសហេតុ នៅពេលដែលខ្ចីទៅត្រូវ charge fee! Charge អីច្រើន ហើយរហូតដល់មានករណីដែលតម្រូវឱ្យអតិថិជនហ្នឹង ថតរូបអាក្រាត ឬក៏រហូតដល់មានករណីគំរាមកំហែង សម្លាប់អីជាដើមហ្នឹង ដែលវាបានបង្កផលប៉ះពាល់ច្រើន»។
លោកថាអត្រាការប្រាក់ខ្ពស់បំផុតនៅកម្ពុជាត្រឹមតែ ១.៥ភាគរយ តែប៉ុនណ្ណោះក្នុងមួយខែ ឬអាច ១៨ភាគរយក្នុងរយៈពេលមួយឆ្នាំ ដែលអត្រាការប្រាក់នេះកំណត់ដោយធនាគាជាតិ នៃកម្ពុជា។ តែផ្ទុយទៅវិញ ក្រុមកម្ចីឯកជន ឬកម្ចីអនឡាញអាចគំរាមទារបានពី១៥ភាគរយ មានករណីខ្លះមានពី ៣០ភាគរយទៅ៤០ភាគរយ។
លោកបន្ថែមថាកន្លងមកសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ។
លោក កាំង តុងងី បន្តថា៖ «ក្នុងនាមជាសមាគមវិជ្ជាជីវៈមួយ យើងដូចជាសង្គមស៊ីវិលទូរទៅ យើងមាន! អ្វីដែលយើងអាចធ្វើបាន យើងមានតែការអប់រំផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយហ្នឹងដើម្បីលើកទឹកចិត្ត ដើម្បីឱ្យអតិថិជនគាត់ដឹងពីហានិភ័យនៃការប្រើប្រាស់កម្ចីខុសច្បាប់ទាំងអស់ហ្នឹង»។
លោកអំពាវនាវ៖ «អ៊ីចឹងបានខ្ញុំសូមយកឱកាសហ្នឹងអំពាវនាវដល់ប្រជាពលរដ្ឋយើងថា កម្ចីអនឡាញនេះវាមានហានិភ័យខ្លាំងណាស់ …ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ប្រសិនបើយើងមិនដឹងច្បាស់ថាគាត់មានច្បាប់ ឬមិនមានច្បាប់យើងកុំទៅខ្ចីគាត់»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថារាល់សកម្មភាពកម្ចីអនឡាញនៅលើប្រព័ន្ធអ៊ីនធឺណិតមិនត្រូវបានអនុញ្ញាតដោយក្រសួងពាណិជ្ជកម្មនោះទេ ក្រុមមហ៊ុនដែលរកស៊ីផ្តល់កម្ចីតាមប្រព័ន្ធអនឡាញត្រូវតែធ្វើការស្នើសុំពីធនាគារជាតិ។
លោក ប៉ែន សុវិជាតិ៖ «អ៊ីចឹងយើងអត់មានអនុញ្ញាតឱ្យគាត់រកស៊ីអនឡាញអ៊ីចឹងទេ អាហ្នឹងគាត់រកស៊ីអនឡាញទាក់ទងនឹងការខ្ចីលុយ ខ្ចីកាក់អីហ្នឹង មិនមែនជាសកម្មភាពស្របច្បាប់ដែលទទួលបានលិខិតអនុញ្ញាតពីយើងទៅទេ គាត់ចាំបាច់ត្រូវទៅធ្វើការស្នើសុំពីស្ថាប័នពាក់ព័ន្ធទៀត»។
កាលពីថ្ងៃទី១ ខែសីហា អង្គការលីកាដូបានចេញរបាយការណ៍ «ត្រូវក្លាហាននិយាយពី ប្រាក់កម្ចីអនឡាញ និងការជំរិតទារប្រាក់ខុសច្បាប់» ក្នុងរបាយការណ៍បានផ្តោតសំខាន់ទៅនារីរងគ្រោះដោយសារកម្ចី និងរងការបៀតបៀនដោយការផ្ញើរូបអាក្រាតកាយ។ សារព័ត៌មាន Aljazeera ថ្ងៃទី១៤ ខែកក្កដា បានចេញផ្សាយវីដេអូព័ត៌មានស៊ើបអង្កេត «Forced to Scam: Cambodia’s Cyber Slaves» ជាភាសារខ្មែរ «បង្ខំឱ្យបោកប្រាស់៖ ទាសករតាមអ៊ីនធឺណិតនៅកម្ពុជា» វិដេអូបានបង្ហាញពីការរកឃើញមេខ្លោងជនជាតិចិននៅពីក្រោយនៃជំនួញខុសច្បាប់ចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។

បុគ្កលិកស្រ្តីបម្រើការនៅ Lion Loan បាននិយាយដោយមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនមានផ្តល់សេវាកម្មកម្ចីអនឡាញ ២៤ខេត្តក្រុង ជាមួយនឹងលក្ខខណ្ឌងាយៗ តម្រូវតែអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន គណនីWing ឬ ABA។ គាត់ថាអតិថិជនថ្មីៗ ក្រុមហ៊ុនផ្តល់កម្ចីត្រឹម ៥០ដុល្លារ ជាមួយនឹងអត្រាការប្រាក់១៥ភាគរយក្នុងរយៈពេលមួយសប្តាហ៍។ គាត់សង្កត់ធ្ងន់ថា រាល់ការប្រើប្រាស់ពាក្យសំដីអសុរោះ និងគំរាមកំហែង គឺអាស្រ័យទៅអតិថិជនដែលមានបំណងចង់គេចវេះមិនបង់ប្រាក់ឱ្យក្រុមហ៊ុនវិញ។
គាត់និយាយថា៖ «អាហ្នឹងបង! អាហ្នឹងមកពីអតិថិជនខ្លួនឯង គាត់ចង់គេចវេះអត់សង អត់អីអ៊ីចឹងបង និយាយទៅបើសិនជាគេ សងល្អ គឺគេអត់មានបញ្ហាទេ បងខ្លាចតែគាត់អត់សងអីអ៊ីចឹងណា! តាខ្ចីសង ខ្ចីសង មិនមានអ្នកណាគេចង់ធ្វើអ៊ីចឹងទេបងអើយ ប៉ុន្តែគ្រាន់តែថាអតិថិជនវាអត់ដូចគ្នាទាំងអស់បង អ្នកខ្លះក៏ចង់គេចវេះ អ្នកខ្លះក៏អត់ចង់សង»។
លោក ជា ពៅ ប្រធាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ប្រាប់ឱ្យដឹងថាភាគច្រើនជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង មិនហ៊ានបង្ហាញភស្តុតាង ដូច្នេះវាពិបាកនាយកដ្ឋានចុះស្រាវជ្រាវ ចំណែកឯជនរងគ្រោះដែលបានដាក់បណ្តឹងទៅតាមផ្លូវច្បាប់ក្រុមការងារកំពុងតែចុះស្រាវជ្រាវ។
លោក ជា ពៅ ថ្លៃងថា៖ «ប៉ុន្តែគាត់មានបានដាក់ពាក្យប្តឹងមកខ្ញុំទេ! ខ្លះហ្នឹងចង់និយាយថា ខ្ញុំឆ្លើយទៅវិញ! ខ្ញុំឆ្លើយទៅវិញ! តាំងពីដឹងក្តីមក ដែលឃើញគេខ្ចីលុយគ្នា ស្រាតឱ្យគេមើលទេ? …..អាហ្នឹងហើយដែលពួកគាត់អត់ដាក់ពាក្យបណ្តឹងទេ គាត់ដើរទៅប្តឹងអង្គការ ព្រោះខ្មាស់ខ្លួនឯង ដាក់ពាក្យបណ្តឹងគេត្រូវរកវត្ថុតាង អ៊ីចឹងគាត់អត់ហ៊ានយកវត្ថុតាងមកទេ ព្រោះគាត់ទៅស្រាតឱ្យគេមើល ហើយពួកខ្ញុំ! ឱ្យធ្វើម៉េច បើអត់មានវត្ថុតាងផងហ្នឹង! គាត់បានតែ និយាយហ្នឹង»។
លោកបន្ថែមថា៖ «តែដល់ពេលប្រគល់វត្ថុតាង អត់ហ៊ាន ហើយពួកខ្ញុំម៉េចស្រាវជ្រាវចេញ! អាហ្នឹង គឺឯកសារគតិយុត្តហ្នឹងណា បើសិនជាអត់អ៊ីចឹងខាងខ្ញុំធ្វើអត់បាន បើសិនជាមានភស្តុតាងគ្រប់គ្រាន់យើងកំពុងតែស្រាវជ្រាវហើយ អ៊ីចឹងណា ឆ្លើយដោយខ្លីប៉ុណ្ណឹង….. បាទជួយប្រាប់ទៅ មិនដែលអាណាគេខ្ចីលុយ! ស្រាតឱ្យគេមើលទេ»។
តាមច្បាប់ស្តីពីសារពើពន្ធ មាត្រា១០១ រាល់សកម្មភាពសេដ្ឋកិច្ចចាប់ពី១៥ថ្ងៃឡើងត្រូវជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ សេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ គិតត្រឹម៧ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករដែលប្រមូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមាន ៨ ៩៥០,៨៩ ប៊ីលានរៀល (ប្រមាណជា ២ ២១០,១០ លានដុល្លារ) ស្មើនឹង ៧៨,៣៩ភាគរយ។
លោក គង់ វិបុល អគ្គនាយកពន្ធដារបានបញ្ជាក់ថាក្រុមហ៊ុនកម្ចីអនឡាញ Loanly, Happy Loan,Tiger Loan និង Lion Loan ដែលជនរងគ្រោះបានលើកឡើងខាងលើមិនមាននៅក្នុងកំណត់ត្រានាយកដ្ឋានពន្ធដារនោះទេ។
លោក គង់ វិបុល មានប្រសាសន៍ថា៖ «ខ្ញុំគ្មានកំណត់ត្រាការចុះបញ្ជីពន្ធរបស់ក្រុមហ៊ុនខាងលើទេ។ GDT (នាយកដ្ឋានពន្ធដារ) របស់ខ្ញុំកំពុងស៊ើបអង្កេតរកប្រភពក្រុមហ៊ុន»។
លោកបន្តថា៖ «ឥឡូវនេះយើងកំពុងតែធ្វើការងារជាមួយនឹងក្រសួងពាណិជ្ជកម្ម ជាមួយក្រសួងពាក់ព័ន្ធដើម្បី ជំរុញឱ្យអ្នកដែលលក់អនឡាញ អ្នកដែលធ្វើ E-Commerce ហ្នឹង មកចុះបញ្ជីហើយ»។
ថ្ងៃទី២៥ ខែសីហា ថ្មីៗ នេះ ធនាគារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន «ការផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់» ភ្លាមៗ បន្ទាប់ពីមានការបញ្ជាក់ពីលោក គង់ វិបុល ថា ក្រុមហ៊ុនកម្ចីអនឡាញទាំងនោះមិនមានកំណត់ត្រាការចុះបញ្ជីបង់ពន្ធ។
កម្ចីអនឡាញបានធ្វើឱ្យឪពុកម្តាយ បងប្អូនផ្តាច់ទំនាក់ទំនងជាមួយ អ្នកស្រី វណ្ណា ហើយគាត់កំពុងតែប្រឈមនឹងបែកបាក់គ្រួសារជាលើកទីពីរ៖ «ហ្នឹងហើយបងធម្មតា តាយើងធ្វើអ៊ីចឹងទៅគេ…មិនថាតាម៉ែឪ បងប្អូន ប្តីយើង សូម្បីតែកូនយើងបង្កើតក៏មើលងាយយើង វាមិនដែលនិយាយរកយើង វាមិនដែលទុកយើងថាម៉ែវាទេរាល់ថ្ងៃ»។
បើទោះបីត្រូវកូនៗ ស្អប់ខ្ពើម តែទឹកចិត្តជាម្តាយ អ្នកស្រី វណ្ណា នៅតែតស៊ូដើម្បីកូន៖ «និយាយទៅខ្ញុំនៅក្នុងផ្ទះហ្នឹងដូចខ្លួនមួយតាឯងអ៊ីចឹង ខំប្រឹងធ្វើការជួយកន្លែងលក់ដូរប្តីខ្ញុំឱ្យតែផុតកុងត្រា ហើយយកកន្លែងឱ្យកូនតែប៉ុណ្ណឹងអ៊ីចឹង»៕