សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការធ្វើការផ្នែកអាហាររូបត្ថម្ភដាក់ឲ្យដំណើរការប្រព័ន្ធរាយការណ៍អំពីការផ្សាយពាណិជ្ជកម្មមិនពិតលើផលិតផលម្សៅទឹកដោះគោ

ស្រ្តីជាអ្នកមើលថែក្មេងកំពុងរៀបចំឆុងម្សៅទឹកដោះគោសម្រាប់កូនក្មេងនៅរាជធានីភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ស្រ្តីជាអ្នកមើលថែក្មេងកំពុងរៀបចំឆុងម្សៅទឹកដោះគោសម្រាប់កូនក្មេងនៅរាជធានីភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អង្គការ​មិន​មែន​រដ្ឋា​ភិបាល​បាន​និយាយ​ថា​ស្រ្តី​ជា​ម្ដាយ​នៅ​កម្ពុជា​មាន​ចំនួន​តិច​តួចនៅឡើយ​ដែល​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ ខណៈ​ចំនួន​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​មាន​ការ​កើន​ឡើង​ខ្លាំង។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អង្គការ​ទាំង​នេះបាន​ឲ្យដឹងថា ហាក់​ដូច​ជា​មាន​ម្ចាស់​ផលិត​ផល​មួយ​ចំនួ​ន​កំពុង​បំពាន​លើ​ច្បាប់​ស្ដី​ពី​គោល​ការ​ណ៍ផ្សព្វ​ផ្សាយ​​ផលិត​ផល​ទាំង​នេះ​។ អ្នក​ម្ដាយ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​ថា​ការ​ប្រើ​ប្រាស់​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​មាន​គុណ​ភាព​ទាប​ធ្វើ​ឲ្យ​កូនៗ​របស់​ខ្លួន​ជួ​ប​បញ្ហា​សុខ​ភាពជា​ច្រើន​។ ជាមួយ​គា្ន​នេះ​បណ្ដុំ​​អង្គការ​សង្គមស៊ីវិល​ទាំង​នោះ​​បាន​បង្កើត​ជា​ប្រព័ន្ធ​ឌីជីថល​មួយ​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​គ្រួសារ​នានា​អាច​ធ្វើការ​រាយការណ៍​​​ចំពោះ​ក្រុម​ហ៊ុន​ណា​ដែល​ផ្សាយ​អះអាង​ថា​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​របស់​ខ្លួន​ល្អជាង ឬ​មាន​សុខភាព​ល្អជាង​ទឹក​ដោះ​ម្ដាយ​។

​ការ​ផ្សាយ​បែប​នេះ​ គឺ​ខុស​ច្បាប់​សម្រាប់​ប្រទេស​កម្ពុជា​។  ប្រធានបច្ចេកទេសផ្នែកអាហារូបត្ថម្ភ​នៃអង្គការទស្សន:ពិភពលោកអន្តរជាតិកម្ពុជា លោកស្រី​ ក្រាណា ពូ សែវវី (Grana Pu Selvi)  មាន​ប្រសាសន៍​ថា​​ការពង្រីកការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​ទាំងនោះ​ហាក់​មាន​ទំនាក់​ទំនង​ទៅ​​នឹង​ការ​ធ្លាក់ចុះ​អត្រា​បំបៅ​​កូន​ដោយ​ទឹក​ដោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

លោក​ស្រី​ពន្យល់​ថា ការ​សិក្សា​ជា​ច្រើ​ន​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​ផលិ​តផល​ម្សៅ​ទឹក​ដោះ​គោ ពី​ឆ្នាំ​២០១៥ ដល់​​ឆ្នាំ​២០១៨ បាន​រក​ឃើញ​ថា​​​មាន​ការ​កើន​ឡើង​ចំនួន​​​ក្រុម​ហ៊ុន​​​ដែល​បាន​បំពាន​ទៅ​នឹង​ច្បាប់​អំពី​របៀប​ដែល​​​ពួក​គេ​បង្ហាញ​ពី​គុណភាព​ផលិត​ផល​​ទាំង​នោះ​។  ចំនួន​​ជាទូទៅ​ដែល​ផ្សាយ​ពាណិជ្ជកម្ម​លើ​ផលិត​ផល​ ​បាន​កើន​ឡើង​ពី​១១០ ទៅ​១៦៥ ផង​ដែរ​​។​​​

លោក​ស្រី​​មានប្រសាសន៍​​ថា៖ «​ការ​ប្រឹង​ប្រែង​បន្ត​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ឯកជន​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​យល់​ឃើញ​របស់​គ្រួសារ​ជាច្រើន​អំពី​គុណ​ប្រយោជន៍​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​»។​

លោក​ស្រី​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៤ ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ចំនួន​២៨​ភាគ​រយ បាន​យល់​ថា​ការបំបៅ​ដោះ​កូន​ល្អ​ប្រសើរ​ជាង​ការ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​។ យ៉ាងណា លោក​ស្រី​មិន​មាន​ទិដ្ឋន័យ​​ក្នុង​ពេល​បច្ចុប្បន្ន​នេះទេ​ ដោយ​ថា​តាំង​ពី​ពេល​នោះ​​មក យុទ្ធនាការ​របស់​ក្រុម​ហ៊ុន​ទាំង​នោះ​បាន​ជោគ​ជ័យ​ក្នុង​ការ​បង្ហាញ​ថា​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​ជានិម្មិត​រូប​នៃ​ភាពមាន​បាន និង​ទាន់​សម័យ​របស់​គ្រួសារ​មួយ​ចំនួន​។​

ដើម្បី​តាម​ដាន​ការ​បំពាន​ការផ្សព្វ​ផ្សាយ​ដោយ​ហេតុ​ណា​មួយរបស់​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ លោក​ស្រី សែវវី មាន​ប្រ​សាសន៍​ថាគណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អង្គការ​ស៊ីវិល ដើម្បី​អាហារូបត្ថម្ភ​កម្ពុជា ដែល​ហៅកាត់ថា SUN CSA Cambodia  ដែលអង្គការ​ទស្សនៈពិភព​លោក​ជា​សមាជិក​ បាន​បង្កើត​​ប្រព័ន្ធ​អនឡាញ​មួយ​ជួយ​ដល់​ប្រ​ជា​ពល​រដ្ឋ​រាយការណ៍​ពី​ក្រុម​ហ៊ុន​ណា​​ផ្សាយ​អះអាង​ថា​ការ​ប្រើ​ប្រាស់​ផលិត​ផល​របស់​ពួកគេ​មាន​អត្ថប្រយោជន៍​ល្អជាង​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​។​​

លោក​ស្រី​បន្ត​ថា៖ «ប្រព័ន្ធ​នេះ​នឹង​​អនុញ្ញាត​ឲ្យ​គ្រប់​គ្នា​ដែល​បានឃើញ​ការ​ផ្សាយ​បំពាន​នេះ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ពាក់​ព័ន្ធ ដូច​នេះ​ពួកគេ​អាច​ដាក់​ទោស​​ទៅ​តាម​ច្បាប់ ដើម្បី​​ការ​ពារ​កុំ​ឲ្យ​មាន​ការ​ផ្សាយ​បំពាន​នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​​អាយុជី​វិត​របស់ទារក និង​កុមារ​កម្ពុជា»។​

ចំណុច​នៃ​ច្បាប់នេះ​មាន​ដាក់​នៅ​ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​សម្រាប់ចិញ្ចឹម​ទារក និង​កុមារ ដែល​មាន​គោល​បំណង​ការពារ និង​ធានាសុវត្ថិភាព​អាហារូបត្ថម្ភគ្រប់​គ្រាន់​​សម្រាប់​ទារក និង​កូន​ក្មេង ដោយ​បាន​ការពារ និង​លើកទឹក​ចិត្ត​ដល់ការ​បំបៅ​ដោះ​កូន​។ អនុក្រឹត្យ​ក៏​មាន​គោល​បំណង​​ធ្វើ​ឲ្យ​ប្រាកដ​ថា​ម្សៅ​ទឹក​ដោះ​គោ​​ត្រូវ​បាន​ប្រាស់​ដោយ​ត្រឹម​ត្រូវ និង​នៅ​ពេល​ដែល​ចាំ​បាច់​តែ​ប៉ុណ្ណោះ​។​

​សេចក្ដី​ថ្លែងការណ៍​​​របស់​អង្គការ​ទស្សនៈពិភព​លោក និង​អង្គការ​​ Helen Keller International ប្រចាំ​កម្ពុជា​ ដែល អង្គការ​ទាំង​ពីរជា​សមាជិក​របស់​ SUN CSA Cambodia​ បាន​និយាយ​ថា​ក្រ​សួង​សុខាភិបាល និង​ក្រ​សួងពាណិជ្ជកម្ម បាន​ធ្វើ​ការ​រួម​គ្នា​ជាមួយ​អង្គការ ក៏​ដូច​ជា​សម្ព័ន្ធ​សង្គម​ស៊ីវិល ដើម្បី​បង្កើន​ការ​តាម​ដាន​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ និង​ការ​ដាក់​ស្លាក​​សញ្ញា​លើផលិត​​លក់​កំពុងលក់​ទាំង​នេះ។​​ រាជរដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៩ បានពិន័យ​ជា​ប្រាក់​លើ​ក្រុម​ហ៊ុន​មួយ​ចំនួន ទាក់ទង​នឹង​ការបំពាន​លើ​អនុក្រឹត្យ​នេះ​។

អ្នក​លក់​កំពុង​រៀប​ចំ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​ដាក់​លក់​នៅ​ហាង​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ២០២១​។ ខេមបូ​ចា/ព្រីង​ សំរាំង​។

ស្រ្តី​ជា​អ្នក​ម្ដាយ​មួយ​ចំនួន​ បាន​ប្រាប់​ខេមបូចាថា​ ពួក​គាត់​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​តឹង​រ៉ឹង​លើ​ក្រុម​ហ៊ុន​ម្សៅ​ទឹក​ដោះ​គោ​បន្ថែម​ទៀត ដោយ​ថា​ផលិត​ផល​ខ្លះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​​សុខ​ភាព​កូនៗ​របស់​ពួកគាត់​។

អ្នកស្រី ឡាយ សុកណា្ណរ័ត្ន​ វ័យ​៣១​ឆ្នាំ ប្រាប់​ខេមបូចា ថាអ្នកស្រី​បាន​ឲ្យ​កូន​ស្រីអាយុពីរ​ឆ្នាំ​បៅ​ម្សៅ​ទឹកដោះ​គោ​បាន​ពីរ​ខែ​កាលពី​ឆ្នាំមុន ហើយ​ពេល​នោះ​កូន​អ្នក​ស្រី​ចាប់​ផ្ដើម​ស្លេកស្លាំង និង​ក្អួត​។

អ្នកស្រីឲ្យ​ដឹង​ថា៖​«កូន​ស្រី​របស់​ខ្ញុំ​តែងតែ​អស់​កម្លាំង​ ក្អួត ស្លេកស្លាំង ​និង​លូត​លាស់​យឺត​ បើ​ធៀប​ទៅ​នឹង​ក្មួយរបស់​ខ្ញុំ​ដែល​មាន​អាយុ​ស្រករ​គ្នា​»។ អ្នកស្រី​បន្ថែម​ថា កូន​របស់អ្នកស្រី ដល់​ថ្នាក់​ត្រូវ​បញ្ចូល​ឈាមទៀតផង។ អ្នកស្រី​និយាយ​ថា៖ «​ខ្ញុំ​ពិត​ជា​រន្ធត់ និង​សោក​ស្ដាយ​ណាស់ ដែល​បាន​ជ្រើស​រើស​ផលិត​ផល​នោះ​សម្រាប់​កូន​ស្រី​ខ្ញុំ»។​

កូន​ស្រី​អ្នកស្រី សុកណា្ណរ័ត្ន បាន​ជា​សះស្បើយ​​ក្រោយ​ព្យាបាល​នៅពេល​នោះ ប៉ុន្តែ​អ្នកស្រី​មិន​ដែល​ភ្លេច​ពី​ជំងឺ​កើត​លើ​កូន​ស្រី​នោះទេ​។ អ្នកស្រី​បាន​អំពាវ​នាវ​ឲ្យ​ក្រសួង​សុខាភិបាល​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ការ​នាំ​ចូល​ផលិត​ផល​ម្សៅ​ទឹក​ដោះគោ​ទាំង​នោះ ដោយ​ថាក្រុម​ហ៊ុន​​ម្សៅ​ទឹក​ដោះ​គោ​ ​បាន​ផ្សាយ​ថា​ជួយ​ឲ្យ​មាន​សុខ​ភាព​ល្អ​។​​

អ្នកស្រី​បន្ថែម​ថា​៖ «វា​មាន​ការពិបាក​ណាស់​សម្រាប់​ស្រ្តី​ជាម្ដាយ​វ័យ​ក្មេង​ដូចជា​ខ្ញុំ​ដែលត្រូវ​មើល​ថែកូន និង​ជ្រើស​រើស​ផលិត​ផល​សម្រាប់​កូន ពីព្រោះ​យើង​ជឿ​លើ​ស្ដង់ដារ​គុណភា​ព​ផលិត​ផល​ទាំងនោះ​។ ក្រ​សួង​សុខាភិបាល ក៏​បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទៀត ដូច​នេះ​យើង​ជឿ​ជាក់​លើ​ពួកគាត់»។​

អ្នកស្រី​មិន​បាន​ដឹង​ពី​ការសិក្សា​ដែល​បាន​បង្ហាញ​ថា​មាន​ក្រុម​ហ៊ុន​បំពាន​គោល​ការណ៍​ផ្សាយ​​ពាណិជ្ជកម្ម​ផលិត​ផល​ម្សៅទឹកដោះ​គោ​នោះទេ តែ​ថា​អ្នកស្រីពេញ​ចិត្ត​នឹង​គម្រោង​ SUN CSA Cambodia និង​​សង្ឃឹម​ថា​ប្រ​ជា​ពល​រដ្ឋ​អាច​ចូល​រួម​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​អនុញ្ញាត​ឲ្យ​នាំ​ចូល​តែ​ផលិត​ផល​មាន​គុ​​ណ​ភាព​។​

អ្នកម្ដាយ​ម្នាក់​ទៀត ឈ្មោះ ចាន់ សុផានី បាន​និយាយ​ថា​អ្នក​ស្រី ក៏​បានជួប​បញ្ហា​ប្រហាក់​ប្រហែល​នឹង​អ្នកស្រី សុកណា្ណរ័តុ្ន ផងដែរពេល​បំបៅ​កូន​ដោយម្សៅ​​ទឹក​ដោះ​គោ​។ អ្នកស្រី សុផានី លើក​ឡើង​ថា​អ្នកស្រី បាន​ឲ្យ​កូនប្រុស​​បៅ​ម្សៅ​ទឹក​ដោះ​គោ​កាលពី​ឆ្នាំ​មុន​រហូត​មាន​បញ្ហា​សុខ​ភាព​កើត​ឡើង​។ អ្នកស្រី​ថា កូន​ចាប់​ផ្ដើម​ស្លេកស្លាំង ហើយ​ចលនា និង​ការ​លូត​លាស់​ហាក់​មាន​ភាព​យឺតយ៉ាវ​ពេល​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​នោះ​។​

អ្នកស្រី​ឲ្យ​ដឹង​ថា៖ «​កូន​ប្រុស[អាយុ​ប្រាំបួនខែ] របស់​ខ្ញុំ​បាន​ក្ដៅ​ខ្លួន ដូច​នេះ​ខ្ញុំ​បាន​នាំ​ទៅ​មន្ទី​រ​ពេទ្យ​កុមារជាតិ»។ អ្នកស្រី​បន្ថែម​ថា គ្រូពេទ្យ​បាន​ពិនិត្យ និង​រកឃើញថា​កូនអ្នកស្រីមាន​បញ្ហា​ឈាម​។​

អ្នក​ស្រី សុផានី ថា​ខ្លួន​បាន​អាន​ស្លាក​សញ្ញា​នៅ​លើ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​នោះ ហើយ​គិត​ថា​វាមាន​គុណភាព​ល្អ​។ ប៉ុន្តែ​ពេល​មន្រ្តី​រដ្ឋាភិបាល​បាន​យក​ទៅ​ធ្វើ​ពិសោធន៍ អ្នកស្រី​ថា បាន​រក​ឃើញ​ថាពិត​ជាមានគុណភាព​ទាប​។ កូន​ប្រុស​របស់អ្នកស្រី បាន​ចាប់​ផ្ដើម​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​ក្រោយ​ការ​ជាសះស្បើយ​ពី​ផល​ប៉ះ​ពាល់​របស់​ម្សៅទឹក​ដោះ​គោ​នោះ វា​ជា​មេរៀន​មួយ​សម្រាប់​អ្នកស្រី​។​

អ្នក​ស្រី​បន្ថែម​ថា៖ «​វា​ជាការ​ព្រួយ​បារម្ភ​របស់​ឪពុកម្ដាយ ក្នុងការ​ជ្រើស​រើស​ម្សៅទឹក​ដោះ​គោ​ប្រើ​ប្រាស់ ពី​ព្រោះ​យើង​ជឿ​លើ​ម៉ាក​ផលិត​ផល​ទាំង​នេះ និង​អ្វីមាន​សរសេរលើ​សំបក​កំប៉ុង ពិសេស​ក្រ​សួង​ក៏​បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ក្នុង​ប្រទេស​ទៀត»។​

លោក ផាន់ អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មាន​ប្រ​សាសន៍​ថាការ​បំពាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ផលិត​ផលម្សៅ​ទឹក​ដោះ​គោ​លើ​អ្វី​មាន​ចែង​ក្នុង​អនុក្រឹត្យ​អាចមាន​ច្រើនទម្រង់ មានទាំង​ព័ត៌មាន​លើ​ស្លាក​សញ្ញា​លើ​កំប៉ុង និង​ការ​ផ្សាយពាណិជ្ជកម្មជាដើម​។​

លោក បន្ត​ថា៖ «វាខុស ហើយ​ស្លាក​ព័ត៌មាន​របស់​ពួកគេត្រូវ​សរសេរជាភាសាខ្មែរ និងត្រូវ​មាន​សម្រង់​សំដី​ថា មាន​តែ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ទេ​ទើប​ជា​ជម្រើស​ល្អ»។ លោក​បន្ថែម​ថា៖ «បើ​សិនជា​ផលិតផល​ខ្វះ​សារធាតុចិញ្ចឹម នោះ​វា​នឹងប៉ះ​ពាល់​សុខភាពក្មេង»។​

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «​យើង​នឹង​​ដក​ហូត​ផលិត​ផល​ ហើយ​អ្នក​លក់​ និង​​ក្រុម​ហ៊ុន​[ទាំងនោះ​] នឹង​ប្រឈម​មុខ​ច្បាប់»។​

លោក អូន មាន​ប្រសាសន៍ថា ក្នុងបរិបទ​វិបត្តិកូវីដ-១៩ បាន​ធ្វើ​ឲ្យ​កិច្ច​ការ​របស់អគ្គ​នាយក​ដ្ឋានរបស់លោក​មាន​ការ​ខ្វះ​ចន្លោះ​ខ្លះ​ក្នុង​ការ​តាម​ដាន និង​ស៊ើប​អង្កេត​លើ​ហាង​នានា​នៅក្នុង​ប្រទេស​ដែល​លក់​ផលិត​ផល​ម្សៅទឹក​ដោះ​គោនេះ។ លោក​ថា អគ្គនាយក​ដ្ឋាន​របស់​លោក​​កំពុង​ធ្វើ​ការ​លើ​យុទ្ធនាការអប់រំ ដែល​អាច​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ខែ​តុលា​ខាង​មុខ។​

ជា​មួយ​គ្នានេះដែរ លោកថា ជាការ​ពិត​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ ជាជម្រើស​ល្អ​បំផុត​សម្រាប់កូន ដើម្បី​ជំរុញ​ដល់​ការ​លូត​លាស់ និង​អភិវឌ្ឍន៍​។​

លោក​មានប្រសាសន៍ថា៖ «​បើ​សិនជា​[ម្ដាយ​] ចិញ្ចឹម​កូន​ដោយ​ឲ្យ​បៅម្សៅ​ទឹក​ដោះគោ សូម​ពិនិត្យស្លាក​សញ្ញា​បិទ​នៅ​លើ​កំប៉ុង[ដើម្បី​ឲ្យ​ច្បាស់​ថា] បាន​ទទួល​ស្គាល់​ដោយក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់​ព័ន្ធ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nutrition NGOs launch digital platform to report false advertising of infant milk formulas

224 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម