សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ចាងហ្វាងសារព័ត៌មានម្នាក់ និងមនុស្សពីរនាក់ទៀតរងបទចោទប្រកាន់ចំនួនបី​ ក្រោយសម្ដែង​«ចំអក»​កងទ័ព

រូបភាពពីក្នុងវីដេអូដែលមានសម្ដែងដោយលោក ហង្ស សំណាង និងបុរសពីរនាក់ផ្សេងទៀតក្នុងឯកសណ្ឋានយោធា។
រូបភាពពីក្នុងវីដេអូដែលមានសម្ដែងដោយលោក ហង្ស សំណាង និងបុរសពីរនាក់ផ្សេងទៀតក្នុងឯកសណ្ឋានយោធា។

ចាងហ្វាងសារព័ត៌មានអនឡាញម្នាក់ និងបុរសពីរនាក់ផ្សេងទៀតត្រូវបានរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួនបី ជុំវិញការធ្វើឱ្យខូចទឹកចិត្តកងទ័ព រួមទាំងការបញ្ចេញមតិបង្ហាញការរើសអើងលើកងកម្លាំង។ អ្នកទាំងបីត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ 

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ចាងហ្វាងសារព័ត៌មានលោក ហង្ស សំណាង ក៏ដូចជាលោក កុញ វាសនា និងលោក រស់ អែវ​ ត្រូវបានចោទប្រកាន់ពីបទបំបាក់ទឹកចិត្តកងកម្លាំងប្រដាប់អាវុធ ញុះញង់ឱ្យមានការរើសអើង និងប្រើប្រាស់ឯកសណ្ឋានដែលស្រដៀងនឹងសម្លៀកបំពាក់របស់នគរបាល ឬយោធាដោយគ្មានការអនុញ្ញាត។

ចាងហ្វាងរូបនេះបានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គមរបស់គាត់ដែលមានឈ្មោះ ហង្ស សំណាង ប៉ុស្តិ៍ ជាកន្លែងដែលគាត់បានសុំទោសដល់ថ្នាក់ដឹកនាំចំពោះ «ការប្រព្រឹត្តគ្មានវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន»។

អ្នក​ទាំង​បី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ហើយបញ្ជូន​ទៅ​តុលាការ។ ការ​ចោទ​ប្រកាន់​លើពួក​គេគឺ​ទាក់​ទង​នឹង​វីដេអូ​ដែល​គេ​បង្ហោះ។ នៅក្នុងវីដេអូ លោក​ ហង្ស សំណាង​ បានសម្តែងធ្វើជាសម្ភាសបុរសពីរនាក់ស្លៀកពាក់ឯកសណ្ឋានទាហាន និងពិភាក្សាអំពីវិសមភាពដែលគេយល់ឃើញរវាងទាហានជួរមុខ ដែលការពារអធិបតេយ្យភាពទឹកដី«នៅតែមានឋានៈទាប» ខណៈទាហានដែលឈរជើងក្នុងរាជធានី«កាន់ឋានៈខ្ពស់ជាង»។

វីដេអូឃ្លីបនេះ ត្រូវបានចេញផ្សាយ ចំពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ កាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យពលទាហានខ្មែរម្នាក់ស្លាប់ ដោយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបាញ់ប្រហារ។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ មាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​ធ្វើអ្វីមួយឲ្យ​ហួស​ព្រំដែន​នៃ​ច្បាប់ និង​សិទ្ធិ​របស់​កម្ពុជា។

លោក អស្នារិទ្ធ បានមានប្រសាសន៍ថា៖ «ការអនុវត្តភារកិច្ច អ្នកសារព័ត៌មានមិនត្រូវដើរហួសដែនកំណត់នៃច្បាប់ និង សិទ្ធិនិងករណីយកិច្ចដែលខ្លួនមានក្នុងនាមជាអ្នកសារព័ត៌មានឡើយ ព្រោះការអនុវត្តជ្រុល ឬទង្វើហួសដែនកំណត់នៃច្បាប់ ជាពិសេសទង្វើក្រៅដែននៃច្បាប់ស្តីពីរបបសារព័ត៌មាន នឹងនាំមកនូវផលវិបាកដល់អ្នកសារព័ត៌មានខ្លួនឯង និងអាចនាំឱ្យប្រឈមនឹងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬផ្នែកព្រហ្មទណ្ឌជាដើម»។

នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី បានអំពាវនាវឱ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រោះវាជាខែលការពារពួកគេ។

លោកបានមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មានមិនមានបុព្វសិទ្ធិអ្វីពិសេសជាងពលរដ្ឋធម្មតាដែលយើងអាចទៅបង្កើត ឬទៅធ្វើរឿងអ្វីមួយដែលប្រាសចាកពីក្រមសីលធម៌របស់យើងបានទេ»។

លោក វី ថ្លែងថា៖ «បើកាលណាយើងធ្វើកិច្ចការងារប្រាសចាក ដែលមិនសមស្របនឹងវិជ្ជាជីវៈ វានាំឱ្យមានបញ្ហាដូចជាអាចធ្វើឱ្យប៉ះពាល់ទៅដល់គុណតម្លៃរបស់យើងជាអ្នកសារព័ត៌មាន ឫក៏អ្នកសារព័ត៌មានផ្សេងៗទៀត»។ ក្នុងនោះដែរ លោក ​ជំរុញ​ឱ្យ​តុលាការ​ពិចារណា​លើ​ការ​ប្រើប្រាស់​ច្បាប់ស្ដីពីរបប​សារព័ត៌មាន និង​គោរព​គោលការណ៍​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​មូលដ្ឋាន ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Online Publisher, Two Others Charged for “Mocking” the Army Amid Cambodia-Thai Border Dispute

85 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម