រដ្ឋសភាជាតិរំពឹងថានឹងត្រូវអនុម័តលើសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងនឹងការផ្លាស់ប្តូរថ្នាក់ដឹកនាំជាតិ ដែលការណ៍នេះមានការជំទាស់ជាខ្លាំងពីក្រុមគណបក្សប្រឆាំង ដោយចាត់ទុកថានេះជាការបង្កើនអំណាចដោយគណបក្សប្រជាជនកម្ពុជា។
វិសោធនកម្មរដ្ឋធម្មនុញ្ញកំពុងមានការជំទាស់នេះ ត្រូវបានប្រកាសឲ្យដឹងថានឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំសភានៅថ្ងៃព្រហស្បតិ៍ ដោយមានការកែប្រែលើរបៀបដែលរដ្ឋសភាជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងរំលាយរដ្ឋាភិបាល និងមន្ត្រីរបស់រដ្ឋាភិបាល។
ក្រុមអ្នកប្រឆាំងលើកឡើងថា ការធ្វើវិសោធនកម្មនេះគឺធ្វើឡើងដើម្បីពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជា និងជួយបង្កើតក្របខណ្ឌច្បាប់សម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការតែងតាំងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្ទាប់។ យ៉ាងណា គណបក្សប្រជាជនកម្ពុជាបដិសេធលើការលើកឡើងនេះ។
មាត្រា ១៩៩ នៃរដ្ឋធម្មនុញ្ញាចែងថាប្រធានរដ្ឋសភា និងអនុប្រធានពីររូបអាចបង្កើតរដ្ឋាភិបាលថ្មី។ ក្នុងសេចក្ដីព្រាងមាត្រា ១១៩ ថ្មី នឹងអនុញ្ញាតឲ្យគណបក្សនយោបាយដែលមានកៅអីច្រើនបំផុតនៅក្នុងរដ្ឋសភាបង្កើតរដ្ឋាភិបាល និងតែងតាំងនាយករដ្ឋមន្ត្រីថ្មី។
ដោយឡែកមានត្រា ៩៨ នៃ រដ្ឋធម្មនុញ្ញផ្ដល់អំណាចឲ្យសភាស្នើរំលាយរដ្ឋាភិបាល ឬដកមន្ត្រីរដ្ឋាភិបាលដោយត្រូវការសំឡេង៣០ ក្នុងចំណោមតំណាងរាស្រ្ត១២៥រូប។ មាត្រា ៩៨ថ្មី ដែលត្រូវបានស្នើឡើង គឺបង្កើនចំនួននេះពី៣០រូប ទៅ១ភាគ៣ ឬ៤១រូបដើម្បីស្នើរំលាយរដ្ឋាភិបាល ឬដកមន្ត្រីរដ្ឋាភិបាល។ គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នកាន់កាប់អាសនៈទាំង១២៥នៅរដ្ឋសភា។
កង្វល់របស់បក្សប្រឆាំង
បណ្ដាក្រុមគណបក្សក្រៅរដ្ឋាភិបាលកាលពីសប្ដាហ៍មុនបានស្នើទៅកាន់រដ្ឋសភាឲ្យច្រានចោលសំណើកែប្រែរដ្ឋធម្មនុញ្ញដែលស្នើឡើងដោយគណបក្សកាន់អំណាចនេះ។ ក្រុមគណបក្សទាំងនេះអះអាងថាវិសោធនកម្មនឹងធ្វើឲ្យអំណាចសភាចុះខ្សោយ ហើយរំលោភបំពានលើគោលការប្រជាធិបតេយ្យពហុបក្ស។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មានប្រសាសន៍ថា វាមិនមែនជាពេលសមរម្យសម្រាប់ស្នើ ឬអនុម័តលើសំណើវិសោធនកម្មសំខាន់មួយនេះទេ។
លោកបន្តថា៖ «វិសោធនកម្មនេះមិនបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលទេ វាគ្រាន់តែបម្រើអ្នកមានអំណាច[គណបក្សប្រជាជនកម្ពុជា]»។ លោកបន្ថែមថា៖ «រដ្ឋាភបាលគួរតែពិចារណាស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ដែលនេះជាអ្វីដែលប្រជាពលរដ្ឋត្រូវការ និងជាកង្វល់របស់សហគមន៍អន្តរជាតិ»។
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកំណែទម្រង់កម្ពុជា មានប្រសាសន៍ថា បើទោះបីជាសំណើវិសោធនកម្មនេះត្រូវបានអនុម័តដោយសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏គណបក្សប្រឆាំងនៅតែបន្តតស៊ូឲ្យមានការផ្លាស់ប្តូរ និងបន្តធ្វើជាតំណាងឲ្យសំឡេងប្រជាពលរដ្ឋកម្ពុជា។
លោកបន្ថែមថា៖ «ទោះបីជាយើងមានសង្ឃឹមតិចតួច យើងត្រូវតែក្រោកឈរជំទាស់ទៅនឹងវិសោធនកម្មនេះ ពីព្រោះថាបើយើងមិនធ្វើអ្វីសោះ ពួកគេនឹងគិតថាយើងយល់ព្រមតាមគេ»។ លោកបន្តថា៖ «ការធ្វើវិសោធនកម្មនេះផ្ដល់ផលប្រយោជន៍ដល់បក្សប្រជាជនកម្ពុជាជាងប្រយោជន៍ជាតិ»៕
ក្រសួងយុត្តិធម៌បានច្រានចោលកាចោទប្រកាន់នេះ និងថាសំណើធ្វើវិសោធនកម្មនេះមិនមានន័យថាគណបក្សប្រជាជនកម្ពុជានឹងដឹកនាំរដ្ឋាភិបាលកម្ពុជាជាអចិន្ត្រៃយ៍នោះទេ។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ថា សេចក្ដីសម្រេចនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំសភានៅក្នុងសប្ដាហ៍នេះ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Opposition Outrage as CPP’s Constitution Changes Move Ahead