សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជីវករផ្សារអូរឫស្សីតវ៉ាមិនសុខចិត្តចំពោះការដំឡើងប្រាក់បង់ថ្លៃតូប

អាជីវករផ្សារអូរឬស្សីជួបជុំគ្នាតវ៉ាចំពោះការដំឡើងប្រាក់បង់ថ្លៃតូបនៅខាងមុខផ្សារ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំង២០២២។ រូបភាពផ្ដល់ឱ្យ
អាជីវករផ្សារអូរឬស្សីជួបជុំគ្នាតវ៉ាចំពោះការដំឡើងប្រាក់បង់ថ្លៃតូបនៅខាងមុខផ្សារ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំង២០២២។ រូបភាពផ្ដល់ឱ្យ

អាជីវករផ្សារអូឬស្សីរាប់រយនាក់ប្រមូលផ្តុំតវ៉ាបន្ទាប់ពីគណៈកម្មការផ្សារប្រកាស​ដំឡើងប្រាក់​បង់​ថ្លៃ​តូប និងផ្សព្វផ្សាយពីឯកសារសម្រាប់ដាក់ពាក្យបង់ថ្លៃតូបនៅព្រឹកថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ​២០២២។

ក្រុមអាជីវករស្នើឱ្យអាជ្ញាធរបញ្ចុះតម្លៃបង់ប្រាក់ថ្លៃតូប និងលុបពាក្យ «ជួល» ចេញពីឯកសារ​សម្រាប់ដាក់ពាក្យបង់ថ្លៃតូប ខណៈដែលអ្នកគ្រប់គ្រងផ្សារព្យាយាមសម្របសម្រួល​ផ្អាកការ​តវ៉ាសិន។

អាជីករវ័យ៧២ឆ្នាំ អ្នកស្រី គឹម ឈួន ជាចាស់ទុំម្នាក់ដែលរកស៊ីក្នុងផ្សារអូរឫស្សីតាំងពី​ឆ្នាំ​១៩៨២។ អ្នកស្រីលក់អង្ករនិងគ្រឿងទេសមួយចំនួន ក្នុងតូបមួយដែលមានទំហំជិត២ម៉ែត្រ​បួនជ្រុង។ អ្នកស្រីប្រាប់ថាគាត់មិនសុខចិត្តចំពោះចំណាត់ការរបស់អាជ្ញាធរឡើយ។

អ្នកស្រី គឹម ឈួន រៀបរាប់ថា៖ «កាលឆ្នាំ២០០០អ៊ំបង់ថ្លៃតូបហ្នឹងអស់ជាង២ពាន់ដុល្លារ ព្រោះ​គេសង់អគារថ្មី ពេលផ្សារហ្នឹងធ្វើថ្មី ចុះពេលនេះ? យើងមិនទាន់ឃើញធ្វើទេ។ អ៊ំនិង​អាជីវករ​គ្រប់គ្នាហ្នឹងឆ្ងល់ថាតើហេតុអ្វីបានជាដំឡើងថ្លៃតូប?»។ អ្នកស្រីបន្តថា៖ «អ្នក​ផ្សារងើបពី​កូវីដ​ទើបតែបានប៉ុន្មានខែ មកដល់ពេលបង់តូបទៀត។ ថ្ងៃនេះអង្គុយមួយព្រឹកទើបលក់បាន​២ម៉ឺន​រៀល​ទេ ដូច្នេះសូមអាជ្ញាធរយោគយល់ផង។ ពួកយើងស្នើឱ្យទម្លាក់ថ្លៃតូបនេះពាក់កណ្ដាល​មិនមែនឡើងថ្លៃអ៊ីចឹងទេ»

អាជីវករម្នាក់ទៀតវ័យជាង៤០ឆ្នាំ លោក សាង សុផា លក់ដូរនៅក្នុងផ្សារអូរឫស្សី​រយៈពេល​ជាង១០ឆ្នាំមកហើយ។ លោកថា តូបនេះជាកេរ្តិ៍របស់ម្ដាយក្មេក ដែលចែកឱ្យប្ដីប្រពន្ធ​លោក​រកស៊ីចិញ្ចឹមជីវិត។ លោកថា អាជីវករទាំងអស់មិនមែនមិនចង់បង់ប្រាក់ថ្លៃតូបទេ គ្រាន់តែចង់​ឱ្យអាជ្ញាធរយោគយល់និងធ្វើការប្រកបដោយតម្លាភាព។

លោក សុផា​ ប្រាប់ថា៖ «យើងសុំបីចំណុច ទី១ សុំពន្យាបង់ប្រាក់ពីខែកញ្ញា ទៅដល់​ចុងឆ្នាំ។ ទី២ សុំបញ្ចុះតម្លៃតូប មកនៅត្រឹម៥០%នៃតម្លៃបង់កាលពីឆ្នាំមុន។ទី៣ សុំដកពាក្យ«ជួល»​ចេញពីលិខិតស្នើសុំបង់ប្រាក់ថ្លៃតូប»

លោក សុផា បន្ថែមថា៖ «តូបទាំងអស់នេះ គឺជាកម្មសិទ្ធិរបស់អាជីវករ កាន់កាប់អាស្រ័យ​ផលពីដីផ្សាររបស់រដ្ឋ។ យើងបង់ប្រាក់ឱ្យ គឺបង់ថ្លៃសង់អគារសង់​តូបសង់ផ្សារ បើសិនប្រើ​ពាក្យថា យើងជួលនោះពួកយើងភ័យថាថ្ងៃណាមួយគេយកផ្សារទៅលក់បាត់ ដេញយើង​ចេញយើងគិតម៉េចវិញ? អ៊ីចឹងយើងសុំឱ្យគណៈកម្មការផ្សារដកពាក្យ«ជួល»នេះចេញ»

អាជីវករផ្សារអូឬស្សីជួបជុំគ្នាតវ៉ាចំពោះការដំឡើងប្រាក់បង់ថ្លៃតូប នៅជិត​ស្នាក់ការ​គណ:កម្មការផ្សារអូរឫស្សី នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ក្រុមអាជីវករផ្អាកការតវ៉ានៅវេលាម៉ោងជិត១១ព្រឹក តាមការស្នើសុំពីគណៈកម្មការ​ផ្សារ​។​ភាគីទាំងពីរបានបើកកិច្ចប្រជុំពិភាក្សាគ្នាវិញម្ដងនៅពេលរសៀល ប៉ុន្តែមិនទាន់អាចត្រូវរ៉ូវគ្នា​នោះទេ។

ប្រធានគណៈកម្មការផ្សារអូរឫស្សី លោក ហ៊ត វណ្ណធី មានប្រសាសន៍ថា លោកបានជួបប្រជុំ​ជាមួយអាជីវករអស់ពេញមួយថ្ងៃទៅហើយ ប៉ុន្តែមិនទាន់រកចំណុចត្រូវគ្នាឃើញទេ។ លោក​បន្ត​ថា បើសិនជាមិនទាន់មានការព្រមព្រៀងគ្នាលោកនឹងបញ្ជូនសំណើររបស់អាជីវករទៅ​កាន់​សាលារាជធានីដើម្បីស្វែងរកដំណោះស្រាយ។

លោក វណ្ណធី ថ្លែងថា៖ «អាជីវករគាត់ទារចុះថ្លៃរហូតដល់ពាក់កណ្ដាលនៃតម្លៃចាស់ ដូច​ជា​មិនអាចទៅរួចទេ បើចុះថ្លៃតារាងថ្មីមកត្រឹមតម្លៃចាស់យើងនឹងរៀបសំណើរ​ហ្នឹងជូនទៅ​សាលារាជធានីសម្រេចពីព្រោះតម្លៃថ្មីនេះលើសតម្លៃចាស់ត្រឹម១០%ទេ»

លោក ហ៊ត វណ្ណធីបញ្ជាក់ទៀតថា៖ «អាជីវករថា ពួកយើងមិនសង់អីផងយកលុយច្រើនធ្វើអី? ខ្ញុំសួរវិញថា​បើប្រមូលលុយមិនបាន​តើយើងទៅសង់អីកើត? អ៊ីចឹងត្រូវតែប្រមូលប្រាក់ថ្លៃ​ជួលនេះយកទៅ​ប្រើប្រាស់ជួសជុលកែលម្អ សល់ប៉ុន្មានយើងប្រគល់ជូនរដ្ឋចាត់ចែងប្រើប្រាស់ទៅ»

ចំពោះក្ដីបារម្ភពីពាក្យ«ជួល»នៅក្នុងឯកសារសម្រាប់ដាក់ពាក្យបង់ថ្លៃតូបវិញ លោក ហ៊ត វណ្ណធី ចាត់ទុកថា ជាការភ័យព្រួយហួសហេតុ។

លោក ហ៊ត វណ្ណធី បន្ថែមថា៖ «គ្មាននរណា​ទៅយកផ្សារហ្នឹងលក់កើតទេព្រោះផ្សារ​ជារបស់​រដ្ឋ ពួកអាជីវករចេះតែដេកយល់សប្ដិខ្លួនគាត់ ពាក្យជួលនេះគឺសរសេរដើម្បី​បញ្ជាក់ថា​ពួកគាត់​ជួលពីរដ្ឋប៉ុណ្ណោះ»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញទុកពេលឱ្យគណៈកម្មការផ្សារដោះស្រាយជាមួយអាជីវករសិន។

លោក ម៉េត មាសភក្ដី៖«យើងមិនទាន់លូកដៃទេ ខាងយើងប្រមូលព័ត៌មាននិងតាមដាន​ពី​ហេតុ​ការណ៍ទាំងនេះដោយយកចិត្តទុកដាក់។បើខាងផ្សារដោះមិនបានបញ្ជូនសំណើមកសាលារាជធានីនោះយើងនឹងបើកកិច្ចពិភាក្សាដោះស្រាយបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់»។

សេចក្ដីជូនដំណឹងរបស់គណៈកម្មការផ្សារអូរឫស្សី បង្ហាញថា  តូបប្រភេទក ១តូបត្រូវបង់ប្រាក់ ៣ ៦៣០ដុល្លារ ។ តូបប្រភេទខ ត្រូវបង់ប្រាក់៣ ១៤៦ដុល្លារ។ តូបប្រភេទគ ត្រូវបង់ប្រាក់មួយតូប២ ៦៦២ដុល្លារ។ តូបប្រភេទ ឃ ១តូបត្រូវបង់ ២ ១៧៨ដុល្លារ។ តូបប្រភេទច ១តូបត្រូវបង់២  ១៧៨ដុល្លារ ។

ផ្សារអូរឫស្សីស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ។ ផ្សារនេះត្រូវបានសាងសង់កែលម្អថ្មី​រួចរាល់កាលពីខែសីហា ឆ្នាំ២០០០។ ផ្សារអូរឫស្សី មានតូបសរុបចំនួនជាង៥ពាន់តូប។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ មាន​ប្រសាស៍ថា អាជ្ញាធរមិនគួរណាដំឡើងថ្លៃតូប​ឬបង្កើតកិច្ចសន្យាថ្មីណាមួយ​ដែលបង្ខំ​ឱ្យ​អាជីវករ​បង់ប្រាក់បន្ថែមនោះទេ ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងងើបឡើង​ពីវិបត្តិ​ជំងឺកូវីដ១៩​នេះ។

លោក វន់ ពៅ បានលើកឡើងថា៖ «ការចរចាត្រូវតែឈ្នះៗទាំងសងខាង គឺគិតពីផលលំបាកអាជីវករ។ បើឡើង​ថ្លៃតូបនាំឱ្យអាជីវករមិនមានលទ្ធភាពបង់ ធ្លាក់ចូលបំណុលវណ្ឌក លែងមកលក់​នៅផ្សារ​នេះ  តើផ្សារឬរដ្ឋមានចំណូលឬអត់? អាហ្នឹងត្រូវគិត កុំឱ្យគ្នាកំពុងយ៉ាប់ហើយជាន់កថែមនោះ មិនកើតទេ»

576 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម