សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឪពុកម្ដាយក្មេងស្រីរៀបការទៅប្រទេសចិនស្នើអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍ឱ្យកូនស្រីបានត្រឡប់មកកម្ពុជាវិញ

កូនកំលោះជនជាតិបរទេស និងកូនក្រមុំជនជាតិខ្មែរកាត់នំខេកក្នុងពិធីមង្គលការនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១១។ រូបភាពផ្តល់ឱ្យ
កូនកំលោះជនជាតិបរទេស និងកូនក្រមុំជនជាតិខ្មែរកាត់នំខេកក្នុងពិធីមង្គលការនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១១។ រូបភាពផ្តល់ឱ្យ

គ្រួសារមួយដែលមានកូនស្រី២នាក់ត្រូវបានឈ្មួញលក់ក្រោមរូបភាពរៀបការទៅប្រទេសចិនស្នើ​សុំ​ឱ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ទៅកាន់អាជ្ញាធរប្រទេសចិនដើម្បីឱ្យកូនស្រីខ្លួនបានវិល​ត្រឡប់​​មកកម្ពុជាវិញ ដោយពួកគេអះអាងថាកូនស្រីទាំងពីរនាក់នោះ​ត្រូវបានអាជ្ញាធរចិន​ឃុំខ្លួន​ប្រហែល​៥ខែ​ហើយ។

លោក ភារុន មានមុខរបរជាអ្នកបើកឡាន បានប្រាប់អ្នកសារព័ត៌មានខេមបូចា ថា កូនស្រី​របស់​លោកចំនួន២នាក់ ឈ្មោះ នីតា (ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ) អាយុ១៨ និងឈ្មោះ តាណា (ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ) អាយុ១៩ ត្រូវបានអាជ្ញាធរចិនឃុំខ្លួន បន្ទាប់ពី​ពួក​គេ​ប្ដឹងអាជ្ញាធរចិនសុំត្រឡប់មកកម្ពុជាវិញ ដោយសាររស់នៅមិន​ចុះសម្រុង​ជាមួយប្ដី។ លោក​បន្ត​ថា កូនស្រីទាំង២នាក់បានប្ដឹងអាជ្ញាធរចិនតាំងពីដើមខែកកដ្កា ឆ្នាំ២០២២ ប៉ុន្តែ​មកដល់​ឥឡូវ​​នៅមិនទាន់ទទួលបានដំណឹងអ្វីឡើយ។

លោក ភារុន ប្រាប់ថា៖ «ចង់ស្នើឱ្យគាត់(សមត្ថកិច្ចកម្ពុជា)ជួយអន្តរាគមន៍ឱ្យឆាប់បាន គ្នាបាន​មក​មាតុភូមិវិញ។ កូនគេគ្រប់គ្នាជាប់[ឃុំឃាំង]តែ២ទៅ៣ខែអីអស់ ខ្លះតែ១ខែ កូនខ្ញុំ៤ខែ​ជិត​៥ខែហើយ។ វាមានឧក្រិដ្ឋជនបែបណាឬមួយក៏យ៉ាងម៉េច ជាប់ស្អីបានឃុំខ្លួនយូរម៉្លេះ?»

លោក ភារុន បញ្ជាក់ថា៖ «មុនប្ដឹងប៉ូលិសគាត់តេទាក់ទងយើងដល់ជាប់ឃុំឃាំង​ប៉ូលិស​ដក​ទូរសព្ទ [ឥ]ឡូវទាក់ទងកូនលែងបាន»។

ឪពុករូបនេះ បានលើកឡើងពីកត្តាមួយចំនួនដែលកូនស្រីទាំងពីរនាក់​របស់គាត់សម្រេចចាកចោល​ប្ដី​ជនជាតិ​ចិន។

លោក ភារុន ឱ្យដឹងថា៖ «(ប្ដី)អត់ឱ្យលុយតលិខិតឆ្លងដែនមកលេងម៉ែឪ។ យើង(កូន)អត់បាន​ធ្វើ​ការងារអី វាឱ្យយើងនៅតែផ្ទះ[ដើរបានជិតៗផ្ទះ]។…មីបង(កូនស្រីបង) ប្ដីអត់វាយ​ទេ។ មីទី២​(កូនស្រីប្អូន)វាលេងទូរសព្ទច្រើនប្ដីវាប្រចណ្ឌ វាឈ្លោះគ្នាវាយគ្នាខ្លះទៅ មិនធំដុំអីទេ គ្រាន់ទះ​មួយកំផ្លៀងយប់ឡើងលួងប្រពន្ធវាវិញហើយ»។

លោក ភារុន បន្តទៀតថា កូនស្រីទាំងពីរបានទៅប្រទេសចិនដើម្បីរៀបការប្ដី​ជាជនជាតិចិន​កាល​ពីឆ្នាំ២០១៨និង២០១៩។ ដោយកូនស្រីប្អូនបានរៀបការមុនជាង៥ខែ។ លោក ភារុន បន្ត​ថា កូនស្រីទាំងពីរនាក់នេះបាន ស្ម័គ្រចិត្តរៀបការទៅប្រទេសចិន ដោយមើលឃើញជីវភាព​គ្រួសារ​ខ្សត់និងមានជំពាក់បំណុល។ កូនស្រីលោកបានស្គាល់មិត្តភក្តិម្នាក់កាល​ទៅធ្វើការ​នៅ​ភ្នំពេញ រួចបានណែនាំអំពីការរៀបការទៅប្រទេសចិននេះ។

ឪពុករូបនេះលើកឡើងទៀតថា កូនស្រីទាំងពីរនាក់នោះ ប្អូនរៀនត្រឹមថ្នាក់ទី៨ និងបងរៀន​ត្រឹម​ថ្នាក់ទី៩។ ពួកគេជាកូនច្បងនិងបន្ទាប់ក្នុងចំណោមបងប្អូនស្រីចំនួន៥នាក់ ដោយ៣នាក់​ទៀត​នៅតូចៗ។

លោក ភារុន និយាយថា៖ «កូនវាថាប៉ាបើប៉ាជំពាក់[លុយ]គេច្រើនចឹង ខ្ញុំសូមទៅចិនហើយ បាន​​លុយឱ្យប៉ាយកមកសងគេខ្លះ»។… កាលទៅជីវភាពយើងធ្លាក់ដុនដាបខ្លាំងទៅៗជំពាក់គេ រកណាក៏អត់បានទាល់ហ្មង ចឹងក៏សម្រេចចិត្តឱ្យកូនទៅ។…មេខ្យល់ថាកូនក្រមុំទៅណុង(ចិន)​បានប្ដីគេទម្លាក់លុយឱ្យខាងខ្មែរ។ មីប្អូនបាន៣ពាន់ដុល្លារ ក្រោយ(កូនស្រីបង)​បានជិត៤ពាន់​[ដុល្លារ] ដោះបំណុលបាន»។

ប្រពន្ធលោក ភារុន អ្នកស្រី ម៉ាឡៃ ដែលជាម្ដាយរបស់ស្រ្តីខ្មែរទាំងពីរនាក់នេះ បានប្រាប់ថា​ កូនស្រីរបស់អ្នកស្រីទាំងពីរនាក់ស្ថិតក្នុងការឃុំឃាំងនៅតំបន់ ហ៊ូណាន ក្នុងខេត្តជាំងស៊ី។
ដោយឡែកកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មន្រ្តីអង្គការអាដហុក បាននាំអ្នកស្រី​ដាក់​ពាក្យ​បណ្ដឹងតាមស្ថាប័នរដ្ឋនានានៅឯរាជធានីភ្នំពេញ។

អ្នកស្រី ម៉ាឡៃ លើកឡើងថា មន្រ្តីសមាគមអាដហុកធ្លាប់ប្រាប់ថា កុងស៊ុលកម្ពុជាប្រចាំ​ប្រទេសចិន​ផ្ដល់ដំណឹងថា សមត្ថកិច្ចចិននឹងបញ្ជូនកូនស្រីទាំងពីរ​នាក់នេះត្រលប់​មក​កម្ពុជា​វិញនៅខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែមកទល់បច្ចុប្បន្ននេះពុំមានដំណឹងឡើយ។

ម្ដាយរូបនេះ បន្តថា កូនស្រីប្អូនដែលរៀបការប្ដីចិនឈ្លោះគ្នាជាមួយប្ដីនាងជាញឹកញយ រួចក៏រត់ទៅរស់នៅជាមួយកូនស្រីបង មុនពេលពួកគេប្ដឹងសមត្ថកិច្ចចិន។

អ្នកស្រី ម៉ាឡៃ បន្ថែមថា៖ «មីប្អូនគ្រាន់ឧស្សាហ៍ឈ្លោះគ្នាវានៅក្មេង ដល់មីបងវានាំមកនៅ​ជាមួយ​ដើមហេតុ [ចង់ត្រលប់មកវិញ] ដល់មីប្អូនអត់មានគោលដៅ មីបងក៏សម្រេចចិត្ត​មក​ទាំងអស់គ្នា​»។…ឈ្លោះគ្នាច្រើនក៏សម្រេចចិត្តនៅជាមួយបង(ស្រី) ហើយរកស៊ីអីអត់កើតទេ ហើយនៅស្រុកគេឈឺអីពិបាកយើង[កូនស្រីប្អូន]នៅម្នាក់ឯងចឹង។ យើង(កូនស្រីប្អូន)​នៅ​មួយ​បងបានត្រឹមស៊ីអី[អាហារបីពេល] អត់មានលទ្ធភាពទិញអីស៊ី»

មន្រ្តីមូលដ្ឋានអះអាងថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ពួកគេគ្រប់គ្រងពុំមានគ្រួសារមួយណា ឱ្យកូនស្រីរៀបការប្ដីជនជាតិចិន​និងរស់នៅប្រទេសចិនឡើយ។

លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង ថ្លែងថា៖ «[នៅស្រុកឆ្លូង]ខ្ញុំដូចអត់មានផង។ រឿងគេ​ទៅលួចលាក់ខ្ញុំម៉េចបានដឹង?។ តែស្របច្បាប់ការរៀបអាពាហ៍ពិពាហ៍ខ្មែរ​បរទេសធ្លាប់​មាន​កន្លង​មក ខ្ញុំអត់ចាំទេ(ទៅប្រទេសណា)ព្រោះអីវាយូរឆ្នាំដែរហើយ»

លោក សេង គឹមចាំង មេឃុំឆ្លូង នៅស្រុកឆ្លូង មានប្រសាសន៍ថា៖ «រៀបការយកប្ដីចិន ដូចជា​អត់មានផង បើមានទាល់តែគេធ្វើលិខិតបែបបទមក តែវាអត់មាន។​…ខុសច្បាប់​អត់មានទេ បើមានចុះហាមឃាត់ភ្លាមហើយ ជនបរទេសមិនឱ្យរៀបការខុសច្បាប់បានទេ។ លួចលាក់​ម៉េចបាន អត់មានទេ»

លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ ថ្លែងប្រាប់អ្នកសារព័ត៌មានខេមបូចា បន្ទាប់​ពីសួរអាជ្ញាធរពាក់ព័ន្ធរួច ថា៖ «អត់មានទេ។ គាត់(ប៉ូលិស)ថាអត់មានទេ ករណី២០២២​នេះអត់មានទេ ២០២១អត់មានទេ។ អត់មានកូនស្រីការទៅប្រទេសចិនទេ មានតែស្ម័គ្រចិត្ត​ទៅរៀបការប្ដីចិន គេស្ម័គ្រចិត្តខ្លួនគេ តែមួយករណីហ្នឹង ខ្ញុំអត់ច្បាស់ទេ គ្រាន់ថាមាន តែមិន​ច្បាស់​ឆ្នាំ។ អត់មានឮ(ប្ដីចិនធ្វើបាបមកវិញ)ទេ»

មន្រ្តីសង្គមស៊ីវិលនិងមន្រ្តីរដ្ឋាភិបាល លើកឡើងថា ពួកគេបានធ្វើការទាក់ទងទៅកាន់​ស្ថានទូត​កម្ពុជាប្រចាំប្រទេសចិន ឱ្យជួយអន្តរាគមន៍ស្រ្តីខែ្មរទាំងពីរនាក់នេះ​ឱ្យបាន​វិល​ត្រឡប់មកកម្ពុជាវិញ ប៉ុន្តែកិច្ចការនេះត្រូវបានរាំងស្ទះ ដោយសារតំបន់​ពួកគេរស់​នៅ​កំពុង​ផ្ទុះជំងឺកូវីដ-១៩។

អ្នកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្រ្តីនិងកុមារនៃសមាគមអាដហុក មានប្រសាសន៍ថា នៅ​ដើមខែកកដ្កា ឆ្នាំ២០២២ ស្រ្តីជនជាតិខ្មែរទាំងពីរនាក់នោះ បានប្ដឹងមកសមាគមអាដហុក​​ តាមរយៈវីឆាត(we chat) ឱ្យ​ជួយបានវិលត្រលប់មកកម្ពុជាវិញ។ ដោយជនរងគ្រោះថា ពុំអាចស៊ូទ្រាំរស់នៅជាមួយប្ដី​ជនជាតិចិនបន្តទៀតបាន។

អ្នកស្រី ម៉ាប់ ថ្លែងថា៖ «ជនរងគ្រោះទាំងពីរនាក់បងប្អូន បានសុំពឹងឱ្យ អាដហុក ជួយគាត់​មក​ជួបជុំគ្រួសារវិញទាំងពីរនាក់ ដោយគាត់ប្រាប់ថា មិនអាចទ្រំាការធ្វើបាបហិង្សាផ្លូវចិត្ត និងផ្លូវ​ភេទ​ពីប្តីចិនបានទេ»។

អ្នកស្រី ម៉ាប់ អះអាងថា សមាគមអាហុកបានធ្វើការជាមួយកុងស៊ុល​កម្ពុជាក្បែរតំបន់​ពួកគេ​រស់នៅជាប់ជាប្រចាំ។

អ្នកស្រី ម៉ាប់ បន្ថែមថា៖ «បញ្ហានៅត្រង់ថាដោយសារតែតំបន់គាត់កំពុងស្នាក់នៅរាល់ថ្ងៃហ្នឹង គឺវាផ្ទុះកូវីដខ្លាំង គឺអត់អាចឱ្យធ្វើដំណើរទៅណាផ្ដេសផ្ដាស់អីបានទេ។ ខាងទូតគេក៏ស្នើ​ដែរ​ថាបើសិននៅកន្លែងណាសុំឱ្យគាត់ស្នាក់នៅកន្លែងនោះបណ្ដោះអាសន្នសិនទៅ ដើម្បីទី១​សុវត្ថិភាពកូវីដផង បើគាត់ផ្លាស់ប្ដូរវាពិបាកក្នុងការអន្តរាគមន៍គាត់បន្តទៀតដែរចឹង»។

លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា ក្រសួងការបរទេស​និងស្ថានទូតកម្ពុជាប្រចាំប្រទេសចិនកំពុងដោះស្រាយករណីនេះជាមួយសម្ថកិច្ចចិនដើម្បីសម្របសម្រួលឱ្យស្រ្តីខ្មែរទាំងពីរនាក់នេះវិលត្រលប់មកកម្ពុជាវិញ ដោយរងចាំការ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុងប្រទេសចិន​ជាមុនសិន។

លោក សន្ទរី មានប្រសាសន៍ថា៖ «ក្រសួងការបរទស និងស្ថានទូតយើងនៅប៉េកាំងបាន និង​កំពុងធ្វើការងារនេះជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន រៀបចំបែបបទ​សម្រាប់ការ​ធ្វើ​មាតុភូមិនិវត្តន៍មកកម្ពុជា»

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរ​មនុស្ស ថ្លែងថា លោកស្រីពុំទាន់ទទួលបានព័ត៌មានទាក់ទងស្រ្តីខ្មែរ​ពីរនាក់នេះជាប់ឃុំខ្លួន​នៅ​ប្រទេសចិននៅឡើយទេ។

លោកស្រី ប៊ុនអេង អះអាងថា​ ស្រ្តីជនជាតិណាដែលរៀបការប្ដីជនជាតិចិនរួចរត់ចោលប្ដី គឺត្រូវបានចាត់ទុកថាខុសច្បាប់ក្នុងប្រទេសចិន។ដូច្នេះទើបអ្នកស្រីត្រូវការព័ត៌មានលម្អិតជុំវិញករណីនេះ ដើម្បីជជែកជាមួយសមត្ថកិច្ចចិន។

លោកស្រី ប៊ុនអេង ថ្លែងថា៖ «ពេលខ្លះយើងពិបាកទៅដល់ស្រុកគេ គេអនុវត្តច្បាប់ស្រុកគេ ចឹងយើងទាល់ដឹងរឿងច្បាស់សិនថារឿងហ្នឹងវារឿងអ្វី។ ហើយទាំងពីរនាក់​ហ្នឹងគេចាប់​ឬ​មួយត្រូវបានគេយកទៅតើក្នុងន័យគេសង្រ្គោះឬក្នុងន័យគេទុកស៊ើបអង្កេតមានរឿងអីចឹង ទាល់តែដឹងសាច់រឿងហ្នឹងឱ្យច្បាស់សិន»។

លោកស្រី ប៊ុនអេង បន្ថែមថា៖ «យើងអាចទាក់ទងទៅស្ថានទូតខ្មែរនៅប្រទេសចិន​ដើម្បីឱ្យ​គាត់ពន្យល់ បើសិនជាមានរឿងនេះកើតឡើងនៅប្រទេសចិនស្ថានទូតត្រូវដឹង»។

សារព័ត៌មានខេមបូចា ពុំទាន់ទទួលបានការឆ្លើយតបពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន និងកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន តាមរយៈសារអេឡិចត្រនិច(Gmail)បានទេ ។

យោងតាមរបាយការណ៍ដែលខេមបូចាទទួលបានពីមន្រ្តីសមាគមអាដហុក ឱ្យដឹងថា ក្នុងឆ្នាំ​២០២១ ការជួញដូរផ្លូវភេទទៅកាន់ប្រទេសចិនមានចំនួន ៥២ករណី ក្នុងនោះ​ខេត្ត​ក្រចេះ​មាន​ចំនួន៥ករណី។ ចំណែកក្នុងឆ្នាំ២០២២ គិតត្រឹមខែតុលា ឆ្នាំ២០២២នេះ មានចំនួន​៣៩ករណី ក្នុងនោះខេត្តក្រចេះមានចំនួន៨ករណី។ ​

ដោយឡែក ៨ករណីកើតឡើងក្នុងខេត្តក្រចេះនេះ ក្នុងនោះមាន៤ករណីដែល​អាដហុក​បាន​ជួយ​មកជួបជុំគ្រួសារ នៅសល់៤កណីទៀតដែលមិនទាន់បានមកវិញ ដោយសារស្រ្តីរងគ្រោះ​នៅ​ឆ្ងាយបណ្ដាលឱ្យពិបាកក្នុងការទាក់ទងជាមួយកុងស៊ុលខ្មែរនៅចិន។ យ៉ាងណាមន្រ្តី​អាដហុកថា នៅតែបន្តការតាមដានជួយពួកគេឱ្យបានមកជួបជុំគ្រួសារវិញ៕

659 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម