ប្រជាពលរដ្ឋ និងសហគមន៍ការពារព្រៃឈើនៅភ្នំដំរីរមៀលស្រុកត្រាំកក់ខេត្តតាកែវ បង្ហាញការព្រួយបារម្ភថា ព្រៃឈើទំហំជិត៦០០ហិកតា និងភ្នំដំរីរមៀលអាចនឹងរលាយដោយអាជ្ញាធរមូលដ្ឋាន និងអ្នកមានអំណាចឃុបឃិតគ្នាទន្ទ្រានយកក្នុងអំឡុងពេលកូវីដ១៩នេះ។
ប្រធានសហគមន៍ត្រពាំងធំខាងត្បូងលោក សំ សារូ ឱ្យដឹងថា ព្រៃសហគមន៍ជាង១០០ហិកតា ក្នុងចំណោម៥៨៣ហិកតា ត្រូវបានកាប់បំផ្លាញជាបន្តបន្ទាប់ ដោយអ្នកមានអំណាច។ លោកបារម្ភថា ព្រៃឈើនេះនឹងអស់បើមិនមានការទប់ស្កាត់ឲ្យទាន់ពេលនោះទេ។
លោក សំ សារូ និយាយថា៖«ពួកអាខិលខូចវាឆ្លៀតឱកាសពេលដែលស្រុកទេសកំពុងតែកូវីដ។ ចឹង! វាលេងចឹងទៅ។ បើសិនជាបណ្តោយបន្តទៀតចប់កូវីដចប់ដែរហ្នឹងសហគមន៍អស់រលីងតែម្តង»។
លោក សំ សារូ បន្តថា ការកាប់ទន្ទ្រានព្រៃសហគមន៍នេះកើតឡើងតាំងពីខែតុលាឆ្នាំ២០២០ រហូតដល់បច្ចុប្បន្នដោយមានការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋាន និងអ្នកមានអំណាចផ្សេងទៀត។
លោក សំ សារូ បន្ថែមថា៖« អាជ្ញាធរមូលដ្ឋានភូមិឃុំហ្នឹងវាឃុបឃិតគ្នា ជាមួយថ្នាក់លើវា។ វាកាប់ទន្ទ្រានវាស់វែងលក់ធ្វើជាដីឯកជន»។
ប្រជាពលរដ្ឋដែលទទួលផលពីព្រៃសហគមន៍នេះ លោក ស្វាយ ជឿន ថ្លែងថា ព្រៃឈើនៅក្នុងតំបន់អភិរក្សនេះរងការកាប់បំផ្លាញបន្តបន្ទាប់ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធនោះទេ។ លោក អំពាវនាវសុំឱ្យមានការយកចិត្តទុកដាក់ពីមន្ត្រីពាក់ព័ន្ធដើម្បីការពារព្រៃសហគមន៍មួយនេះ។
លោក ស្វាយ ជឿន និយាយថា៖«ចង់រក្សាព្រៃនេះជាសម្បតិ្តជាតិ សម្បត្តិរដ្ឋ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹងពីសម្បត្តិធម្មជាតិរបស់រដ្ឋយើង។ បងប្អូននៅជិតៗហ្នឹងក៏បានទទួលផលតិចតួចពីការទទួលបានអុសភ្លើងអីតិចតួច ដើម្បីដោះស្រាយបញ្ហាចិញ្ចឹមជីវិត ហើយក៏មានទីវាលសម្រាប់ចិញ្ចឹមគោ»។
ពលរដ្ឋម្នាក់ទៀត លោក ស៊ុម វង ថ្លែងថា លោកមានការសោកស្តាយចំពោះការបាត់បង់ព្រៃឈើនេះ។ លោកថា អ្នកទន្ទ្រានព្រៃកាន់កាប់នេះមិនបង្ហាញអត្តសញ្ញាណទេ ដោយគ្រាន់តែជួលឱ្យអ្នកភូមិដែលមានជីវភាពខ្វះខាតកាប់ព្រៃឱ្យ។
លោក ស៊ុម វង និយាយថា៖«សោកស្តាយ និងឃើញថា ព្រៃខំថែរក្សាគង់វង្សបានល្អហើយ បែរមកកាប់បំផ្លាញចឹងវាសោកស្តាយ។ មានជនមិនចេញមុខ បានជួលឱ្យអ្នកអត់កាប់ចឹងទៅ ដល់ពេលវាអត់ចេញមុខ វាអត់ប្រាប់ថា អ្នកណាជួលឱ្យកាប់ ជួលឱ្យឆ្ការហ្នឹង គឺគ្រាន់តែប្រាប់ថា មេៗ មិនដឹងមេណា? ប្រហែលមេហ្នឹងគេអត់ឱ្យប្រាប់»។
មេឃុំត្រពាំងធំខាងត្បូង លោក សាន់ គឿន ថ្លែងថា មិនមានការកាប់ព្រៃសហគមន៍ដូចការចោទប្រកាន់ពីប្រជាពលរដ្ឋ និងសហគមន៍នោះទេគឺមានតែការតម្រង់ក្បាលដីប៉ះព្រៃសហគមន៍តិចតួច។
លោក សាន់ គឿន និយាយថា៖«មានតែករណីគេមានប្លង់មានអីកាន់កាប់ចឹងទៅ គេកាប់តម្រង់ព្រំចឹងទៅអាចមាន។ ប្រធានសហគមន៍គាត់មិនដែលដើរមើលផង ឃើញវាលៗគាត់ចេះតែថាទៅវាអត់ច្បាស់»។
បើទោះជាមានការអះអាងពីមេឃុំបែបនេះក្តីក៏លោក សំ សារូ អះអាងថា ពិតជាមានការកាប់ទន្ទ្រានយកដីព្រៃនេះ ហើយថា ក្នុងស្ថានភាពជាក់ស្តែងបើមិនមានការទប់ស្កាត់ទេ អាចអស់ទាំងព្រៃ និងរលាយទាំងភ្នំ។
លោក សំ សារូ បន្តថា៖ «បើសិនជាគ្មានការទប់ស្កាត់ គ្មានកិច្ចអន្តរាគមន៍ទេ គឺប្រឈមនឹងការយកទាល់តែអស់ដីជាង៥០០ហិកតាហ្នឹង រលាយទាំងភ្នំទៀតមិនស្រួល»។
លោក សំ សារូ បញ្ជាក់ដែរថា លោកបានដាក់លិខិតសុំការអន្តរាគមន៍ពីអភិបាលខេត្តតាកែវតាំងពីខែមករាឆ្នាំ២០២១ ប៉ុន្តែរហូតដល់ពាក់កណ្តាលខែកក្កដានេះ នៅមិនទាន់ឃើញមានចំណាត់ការណាមួយនៅឡើយ។

ខេមបូចាព្យាយាមទំនាក់ទំនងទៅអភិបាលខេត្តតាកែវ លោក អ៊ូច ភា នៅចុងសប្តាហ៍មុន និងដើម្បីសប្តាហ៍នេះ ប៉ុន្តែពេលខ្លះលោកមិនទទួលទូរសព្ទ ហើយពេលខ្លះលោកទទួលហើយប្រាប់ថា ជាប់ប្រជុំ។
ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ លោក ឆយ ម៉ុនលី ថ្លែងថា លោកបានដឹងករណីបញ្ហានៅសហគមន៍ត្រពាំងធំខាងត្បូងនេះដែរ ប៉ុន្តែលោកថា តំបន់នោះស្ថិតនៅក្នុងការគ្រប់គ្រងរបស់មន្ទីរកសិកម្ម។ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវបញ្ជាក់ថា តំបន់នោះមិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់លោកទេដោយលោក ឱ្យសួរបន្តទៅ ខាងរដ្ឋបាលព្រៃឈើ។
នាយកខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ លោក ស៊ឹម ឡាប៉័ង មិនពន្យល់លម្អិតជុំវិញករណីនេះទេ ដោយគ្រាន់តែប្រាប់ថា ខាងលោកមានចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកប្រព្រឹត្តិខុសច្បាប់ហើយក៏ចុចបិទទូរសព្ទទៅ។
លោក ស៊ឹម ឡាប៉័ង និយាយថា៖ «កិច្ចការហ្នឹង យើងបានធ្វើការងារតាមផ្លូវច្បាប់ហើយ! អរគុណ»។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើងថា ក្នុងស្ថានភាពនេះគឺមន្ត្រីពាក់ព័ន្ធត្រូវសហការគ្នាបើកការស្រាវជ្រាវរកការពិតជាជាងការរុញដាក់គ្នា។
លោក ហេង គឹម ហុង និយាយថា៖ «សហគមន៍ព្រៃឈើនៅតំបន់នេះ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មិនគួររុញដាក់គ្នាទៅវិញទៅមកទេ ក៏ប៉ុន្តែរឿងដែលត្រូវធ្វើគឺត្រូវដោះស្រាយកំណត់មុខសញ្ញាថា ជនដែលចូលទៅកាន់កាប់ដោយខុសច្បាប់នោះ បានឯកសារពីណាខ្លះដែលឈានដល់ការចូលទៅកាន់កាប់ដោយខុសច្បាប់នេះ»។
សហគមន៍ព្រៃឈើត្រពាំងធំខាងត្បូងដែលមានភ្នំដំរីរមៀលស្ថិតនៅក្នុងនោះដែរ ត្រូវបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៣។ សហគមន៍នេះមានផ្ទៃដីទំហំ៥៨៣ហិកតា ស្ថិតនៅក្នុងភូមិចំនួន៧ក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក ហេង គឹមហុង អះអាងថា តំបន់ព្រៃការពារនៅតំបន់ផ្សេងៗទៀតនៅកម្ពុជារងការកាប់ទន្ទ្រានជាបន្តបន្ទាប់ដូចជា តំបន់ការពារភ្នំឱរ៉ាល់ តំបន់ការពារគិរីរម្យ និងតំបន់ការពារនៅព្រៃឡង់ជាដើម។
របាយការណ៍ក្រសួងបរិស្ថានបង្ហាញថា នៅត្រឹមឆ្នាំ២០២០កម្ពុជាមានផ្ទៃដី៧លាន៣សែនហិកតា ស្មើនឹង៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា ជាដីឧទ្យានជាតិ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែនជម្រកសត្វព្រៃជាដើម ដែលសម្បូរទៅដោយសត្វព្រៃ និងព្រៃឈើ។ ក្រសួងបរិស្ថានបញ្ជាក់ទៀតថា នៅតំបន់អាស៊ានមានតែកម្ពុជា និងឥណ្ឌូនេស៊ីទេ ដែលមានព្រៃឈើអាចលក់កាបូនបាន។
អង្គការគំនិតផ្តួចផ្តើមសាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស (Global Initiative Against Transnational Organized Crime) បានរកឃើញថាមានការបាត់បង់គម្របព្រៃឈើក្នុងទំហំ ៥៥៧ ០០០ហិកតា ដែលស្មើនឹងប្រមាណ ១១,៧% នៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងចន្លោះឆ្នាំ ២០០១ និងឆ្នាំ ២០១៨៕