សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

របាយការណ៍៖ គម្រោងវិថីសូត្រថ្មីរបស់ប្រទេសចិននាំមកនូវហានិភ័យនៃការកើនឡើងពាណិជ្ជកម្មខុសច្បាប់

អ្នកដំណើរបើកម៉ូតូកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅខេត្តព្រះ សីហនុកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ខេមបូចា/ ព្រីង សំរាំង
អ្នកដំណើរបើកម៉ូតូកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅខេត្តព្រះ សីហនុកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ខេមបូចា/ ព្រីង សំរាំង

របាយការណ៍សិក្សាមួយ​បាន​បង្ហាញ​ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន (BRI) ជាកម្មវិធីសកលប្រកបដោយមហិច្ឆតារបស់ទីក្រុងប៉េកាំង ដើម្បីពង្រីកឱកាសពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួននិងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនោះ បាន​ជាប់ពាក់ព័ន្ធ នឹងហានិភ័យនៃការកើនឡើងពាណិជ្ជកម្មខុសច្បាប់ អំពើពុករលួយ និងអំពើឧក្រិដ្ឋ ជាពិសេសសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយដូចជាកម្ពុជា ។

ការសិក្សាស្រាវជ្រាវដែលមាន៧៥ទំព័ររបស់អង្គការគំនិតផ្តួចផ្តើមសកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ដែលបានចេញផ្សាយកាលពីដើមខែឧសភានេះ ផ្តល់នូវករណីសិក្សាពីតំបន់អាហ្វ្រិកកណ្តាល និងខាងកើត ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍។

របាយការណ៍នេះបាននិយាយលម្អិតអំពីគម្រោងវិនិយោគពាក់ព័ន្ធនឹង BRI នៅកម្ពុជា ដែលគម្រោងទាំងនេះភាគច្រើនផ្តោតជុំវិញទីក្រុងព្រះសីហនុជាទីក្រុងកំពង់ផែរបស់ប្រទេសនេះ។

យោងតាមរបាយការណ៍នេះ បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចទន់ខ្សោយដូចជាប្រ ទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យនៃការកើនឡើងនូវបំណុល ដែលអាចបង្កើតនូវឥទ្ធិពលលើរដ្ឋាភិបាលក្នុងស្រុកនិងវណ្ណៈនយោបាយ ដែលនឹងធ្វើតាមសំណើរបស់ចិន ដូចជាសិទ្ធិទទួលបានធនធានធម្មជាតិជាដើម។

របាយការណ៍នេះ បានលើកឡើងថា ខេត្តព្រះសីហនុ «ត្រូវបានផ្លាស់ប្តូរមុខមាត់តាម រយៈការវិនិយោគធំៗរបស់ចិនទៅលើវិស័យជាច្រើនដែលគ្រប់គ្រងដោយជនជាតិចិនមានកាស៊ីណូ ភោជនីយដ្ឋាន អគារការិយាល័យខ្ពស់ៗ និងរោងចក្រថាមពល ហើយកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចខុសច្បាប់មួយ»

របាយការណ៍នេះក៏បាន​លើកឡើង​ផងដែរថា ទីក្រុងនេះ៖ «គឺងាយរងគ្រោះដោយ សារការជួញដូរវត្ថុធាតុដើមទាក់ទងនឹងបរិស្ថាន ដែលជារឿយៗពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជនចិននិងវៀតណាម។ មានសេចក្តីរាយការណ៍ពីការរឹបអូសបានដ៏សំខាន់ដែលភាគច្រើនជាភ្លុកដំរី ប៉ុន្តែក៏មានសត្វពង្រូល កុយរមាស ឈើហ៊ុបនិងករណីថ្មីបំផុតនោះគឺសំណល់ប្លាស្ទិកខុសច្បាប់»

របាយការណ៍បានបញ្ជាក់ផងដែរថា៖ «កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែ មួយគត់របស់ប្រទេសកម្ពុជាមានភាពលូតលាស់ល្អ ប៉ុន្តែឧស្សាហកម្មកាស៊ីណូដែលគ្រប់គ្រងមិនបានល្អបានផ្តោតគោលដៅលើអ្នកលេងល្បែងជនជាតិចិនស្ទើរតែទាំងស្រុង ដែលជារឿយៗងាយនឹងរងគ្រោះដោយសារការឆបោកនិងគម្រោងទុច្ចរិត»។ ដោយបន្ថែមថា៖ «កង្វះការត្រួតពិនិត្យក៏ត្រូវបានរកឃើញផងដែរនៅក្នុង [តំបន់សេដ្ឋកិច្ចពិសេស] ក្រុងព្រះសីហនុ ជាទីដែលក្រុមហ៊ុនបរទេស (ជាពិសេសក្រុមហ៊ុនជនជាតិចិន) កំពុងប្រតិបត្តិការ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនមួយចំនួនថា ស្រូបយកផលប្រយោជន៍ពីតំបន់សេដ្ឋកិច្ចពិសេសនេះ និងក្លែងបន្លំប្រភពដើមនៃទំនិញរបស់ខ្លួន ដើម្បីរូចផុតពីការបង់ពន្ធ»។

ស្ថានទូតចិនប្រចាំនៅរាជធានីភ្នំពេញមិនបានឆ្លើយតបទាំងការស្នើសុំអត្ថាធិប្បាយតាមអ៊ីមែលនិងសារតាមហ្វេសប៊ុក។

ទោះយ៉ាងណា ស្ថានទូតបានរាយការណ៍កាលពីខែមករាថា ការវិនិយោគរបស់ចិននៅកម្ពុជាបានកើនឡើងដល់៨៦០លានដុល្លារក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២០ ដោយបានកើនឡើង៧០ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ស្ថានទូតក៏បានចុះបញ្ជីការវិនិយោគនិងគម្រោងសំខាន់ៗមួយចំនួនដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីនៅក្រុងសៀមរាបនិងការកើនឡើងយ៉ាងខ្លាំងនៃអាជីវកម្មចិន ដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេស។

លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោង BRI របស់ប្រទេសចិនចំណាយថវិកាជិត២ពាន់លានដុល្លារ សម្រេច​បានជាង៤៨ភាគរយហើយ។

លោកមានប្រសាសន៍ថា ខណៈពេល ដែលការសាងសង់កំពុងដំណើរការ មានឧបសគ្គខ្លះ ដោយសារតំបន់ខ្លះត្រូវបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបានមានប្រសាសន៍ថា៖ «រាល់គម្រោង [ ហេដ្ឋារចនាសម្ព័ន្ធ ] របស់ចិនត្រូវបានភ្ជាប់ទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន… វាជាមធ្យោបាយតភ្ជាប់តំបន់សេដ្ឋកិច្ចនិងកំពង់ផែឬតំបន់ដឹកឡូជីស្ទីកធំៗ  នៅក្នុងអាស៊ានផងដែរ»

ទិន្នន័យពីសាលាខេត្តព្រះសីហនុបានបង្ហាញថា មានគម្រោងដែលគ្រប់គ្រងដោយជន ជាតិចិនចំនួន៧១នៅខេត្តព្រះសីហនុគិតត្រឹមខែមករាឆ្នាំ២០២១ ដែលមានទឹកប្រាក់សរុប១៧ពាន់លានដុល្លារក្នុងការវិនិយោគ។

ជាមួយនឹងការកើនឡើងនៃការវិនិយោគដោយផ្ទាល់ពីបរទេសពីប្រទេសចិន គេក៏មើលឃើញផងដែរថា បំណុលបរទេសរបស់កម្ពុជាមានការកើនឡើង ជាពិសេសបំណុលពីប្រទេសចិន ដែលបច្ចុប្បន្នមានចំនួន៤០ភាគរយនៃបំណុលសាធារណៈសរុប។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បំណុលសាធារណៈសរុបរបស់កម្ពុជា មានចំនួន៧,៩ពាន់លានដុល្លារ។

ផ្លូវល្បឿនលឿនកំពុងសាងសង់ពីភ្នំពេញទៅខេត្តព្រះសីហនុ។ រូបភាពថតនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីមានប្រសាសន៍ថា របាយការណ៍នេះ ត្រូវបានធ្វើឡើងដើម្បី​ប្រឆាំង នឹងតួនាទីរបស់ចិននៅក្នុងតំបន់។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនជឿថា ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងគ្រប់ជ្រុង ជ្រោយនោះទេ…ហើយវាក៏មិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃប្រទេសកំពុងអភិវឌ្ឍន៍ដែរ»។ លោកបន្ថែមថា ប្រទេសកម្ពុជា គឺជាប្រទេសតូចមួយដែលស្វាគមន៍ការវិនិយោគគ្រប់ប្រភេទ។

លោកមានប្រសាសន៍ថា៖ «នេះគឺជាមេរៀនដែលប្រទេសកំពុងអភិវឌ្ឍន៍បានសិក្សា…ទោះបីជា [ការអនុវត្តគម្រោងមួយចំនួន] នៅមិនទាន់បានល្អក៏ដោយ ក៏វានៅតែជាការចាប់ផ្តើមនៃការ អភិវឌ្ឍន៍របស់ប្រទេស»

លោកបានលើកឡើងថា៖ «ផលប្រយោជន៍សេដ្ឋកិច្ចប្រកបដោយសក្តានុពលដំបូង ដែលប្រទេសកម្ពុជាទទួលបានពីការវិនិយោគរបស់ចិន គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ហើយត្រូវការការតភ្ជាប់»។ ដោយលោកបន្ថែមថា៖ «ដោយមានការគាំទ្រ [ពីចិន] យើងមានការតភ្ជាប់ផ្លូវនៅក្នុងប្រទេសនិងជាមួយប្រ ទេសជិតខាង»

លោក អៀរ សុផល សាស្រ្តាចារ្យនៃនៅមហាវិទ្យាល័យ Occidental College ក្នុងរដ្ឋកាលីហ្វ័រញ៉ាបានមានប្រសាសន៍ថា គម្រោង BRI នៅក្រុងព្រះសីហនុអាចជាប់ទាក់ទងនឹងសកម្មភាព ដែលផ្តោតលើការលេងល្បែង ការជួញដូរផ្លូវភេទនិងសកម្មភាពដែលមិនគួរឲ្យពេញចិត្តផ្សេងទៀត។

លោកបានមានប្រសាសន៍ថា៖ «ការលេងល្បែងស៊ីសងគឺជាសកម្មភាពលាងលុយកខ្វក់ ដែលចូលចិត្តប្រើនៅតំបន់អាស៊ី ហើយជាពិសេសប្រទេសចិន។ ក្រុមឧក្រិដ្ឋជនចិន តែងតែមាន ការពាក់ព័ន្ធយ៉ាងស៊ីជម្រៅ ដូចដែលយើងបានសង្កេតឃើញនៅប្រទេសកម្ពុជា»

លោកបន្តថា ទោះបីជារឿយៗមានការងារខ្លះផ្តល់ឲ្យតាមរយៈគម្រោងចិនទាំងនេះក៏ដោយ ក៏រដ្ឋាភិបាលមិនគួរទទួលយកនូវគ្រប់គម្រោងទាំងអស់ មកពីប្រទេសចិននោះទេ ។

លោកបានបន្ថែមថា៖  «រដ្ឋាភិបាលគួរតែថ្លឹងថ្លែងពីផលប្រយោជន៍នៃគម្រោងចំពោះប្រជាពលរដ្ឋ ហើយបង្កើនផលប្រយោជន៍ឲ្យដល់កម្រិតអតិបរមាជាជាងបង្កើនការរំលោភបំពានអំណាចសាធារណៈ ដើម្បីជាប្រយោជន៍ឯកជន…ហើយមិនអើពើ ថា តើគម្រោងនេះផ្តល់ផលប្រយោជន៍ដល់ប្រជាជនឬអត់»។

របាយការណ៍បានកត់សម្គាល់ថា ឥឡូវនេះ BRIគ្របដណ្ដប់លើ១៣៨ប្រទេសហើយខណៈពេលដែលគម្រោងពាក់ព័ន្ធផ្សេងទៀតត្រូវបានគេរំពឹងថា នឹងនាំមកនូវសេវាកម្មសំខាន់ៗ ឱកាសការងារនិងវិបុលភាពដល់បណ្តាប្រទេសនៅទូទាំងអាស៊ី អាហ្វ្រិកនិងបណ្តាប្រទេសដទៃទៀតនៅភាគខាងត្បូងពិភពលោក មិនខុសគ្នានោះទេ គម្រោងអភិ វឌ្ឍន៍ទាំងអស់ទំនងជានឹងមានផលប៉ះពាល់ដោយអចេតនា។

របាយការណ៍នេះបានលើកឡើងថា «ប្រទេសនានា…ប្រឈមនឹងហានិភ័យនៃការ បាត់បង់ការគ្រប់គ្រងលើទ្រព្យសម្បត្តិយុទ្ធសាស្ត្រមួយចំនួនរបស់ខ្លួន ប្រសិនបើពួកគេដឹងខ្លួនថា មិនអាចសងបំណុល ដូចដែលបានបង្ហាញពីករណីប្រទេសស្រីលង្កាប្រគល់កំពង់ផែ Hambantota ទៅឲ្យប្រទេសចិនគ្រប់គ្រងតាមរយៈកិច្ចសន្យាជួលរយៈ ពេល៩៩ឆ្នាំក្នុងឆ្នាំ២០១៧»។

របាយការណ៍នេះ បានចោទប្រកាន់ថា ឧក្រិដ្ឋជនចិនមួយចំនួន ដែលអាចទទួលបានលិខិតឆ្លងដែនបរទេសពីប្រទេសនានា ដូចជាកម្ពុជាឬមីយ៉ាន់ម៉ា ហើយដំណើរការអា៽ជីវកម្មតាមរយៈហេដ្ឋារចនាសម្ព័ន្ធ ដែលទាក់ទងនឹង BRI ដូចជាកាស៊ីណូនៅទូទាំងអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានបង្កើតនូវទំនាក់ទំនង ជាមួយឥស្សរជនក្នុងស្រុក។

របាយការណ៍នេះបានអះអាងថា ពេលនេះប្រទេសចិនកំពុងព្យាយាមបង្ក្រាបបទឧក្រិដ្ឋ ដែលជាប់ទាក់ទងនឹងBRI។ នៅក្នុង​តំបន់ក្នុង​បំណងចង់បញ្ឈប់សកម្មភាពខុសច្បាប់មួយចំនួននៅក្នុងចំណោមសកម្មភាពខុសច្បាប់ ទាំងនោះ ប៉ុន្តែក៏អំណាចរបស់ទីក្រុងប៉េកាំងនៅមានកម្រិត៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Report: China’s new silk road project brings risk of increased illicit trade

455,959 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម