សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋពីរឃុំក្នុងខេត្តកំពង់ធំមិនមានមណ្ឌលសុខភាពត្អូញត្អែរពីផ្លូវពិបាកធ្វើដំណើរស្វែងរកសេវាសុខាភិបាលនៅឃុំផ្សេង

ផ្លូវមួយនៅភូមិព្រះដំរី ឃុំព្រះដំរី ឆ្ពោះទៅកាន់មណ្ឌលសុខភាពបន្ទាយស្ទោង ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថតនៅខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ
ផ្លូវមួយនៅភូមិព្រះដំរី ឃុំព្រះដំរី ឆ្ពោះទៅកាន់មណ្ឌលសុខភាពបន្ទាយស្ទោង ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថតនៅខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ស្រុកស្ទោង ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅឃុំចំនួនពីរក្នុងស្រុកស្ទោង ខេត្តកំពង់ធំ​ ដែលពុំ​មានមណ្ឌលសុខភាព ត្អូញត្អែរថា ផ្លូវពិបាកក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព​នៅឯ​ឃុំ​មួយទៀតដើម្បី​អាចទទួលសេវាសុខាភិបាល។

បើតាមប្រជាពលរដ្ឋ ឱ្យដឹងថា ឃុំរុងរឿង និងឃុំព្រះដំរី ពុំទាន់មានមណ្ឌលសុខភាពនៅឡើយ ដែលបណ្ដាលឱ្យពួកគេត្រូវធ្វើដំណើរតាមផ្លូវពោរពេញដោយគ្រលុកទៅកាន់មណ្ឌលសុខភាពនៅឃុំបន្ទាយស្ទោងដើម្បីទទួលបានការពិនិត្យសុខភាព និងការព្យាបាលជំងឺ។ ការណ៍នេះ​នាំឱ្យ​ពួកគេសម្រេចចិត្តចំណាយថវិកាផ្ទាល់ខ្លួនលើពេទ្យឯកជនក្បែរផ្ទះ ទោះប្រឈម​បញ្ហា​ជីវភាពក្ដី។

ប្រជាពលរដ្ឋបន្តថា មណ្ឌលសុខភាពបន្ទាយស្ទោងក៏ពុំមានគោលការណ៍សមធម៌សម្រាប់ស្រ្តី កុមារ ឬអ្នករស់នៅទីឆ្ងាយដើម្បីទទួលបានការពិនិត្យសុខភាពមុនឡើយ ដោយពួកគេ​ត្រូវ​អង្គុយ​រងចាំតាមលេខរៀង។

អ្នកស្រី ញ៉ិ រ៉ាត់ ជាអ្នកធ្វើស្រែចំការ រស់នៅភូមិបទុមកើត ឃុំរុងរឿង ដែលមានលំនៅឋាន​ចម្ងាយ៥គីឡូម៉ែត្រពីមណ្ឌលសុខភាពនៅឃុំបន្ទាយស្ទោង និយាយថា តាមដងផ្លូវទៅកាន់​មណ្ឌលសុខភាពមានគ្រហិកគ្រហុកជាច្រើនកន្លែង ខណៈឈឺម្ដងៗ អ្នកស្រី​ពុំដែល​ទៅ​ព្យាបាល​ជំងឺនៅមណ្ឌលសុខភាពម្ដងណាឡើយ។ 

អ្នកស្រី រ៉ាត់ បញ្ជាក់ថា៖ «ពេលឈឺខ្ញុំមិនដែលទៅមណ្ឌល[សុខភាព]និយាយត្រង់ ខ្ញុំទៅតែ​ពេទ្យឯកជននៅជិតនេះឯង។ សុខចិត្តចំណាយលុយខ្លួនឯងចុះ។…វាប៉ះពាល់ជីវភាព ប៉ុន្តែធ្វើម៉េចនៅនេះវាជិតជាង។…ឯកជន[ផ្សំថ្នាំ] ៥លេប អស់៥ពាន់[រៀល]​ទៅ៧ពាន់​[រៀល]អី»។

ស្រ្តីវ័យ៣៩ឆ្នាំរូបនេះ បន្តថា ជារៀងរាល់ដើមសប្ដាហ៍មណ្ឌលសុខភាពមានមនុស្សទៅច្រើន ដែលត្រូវរងចាំតាមលេខរៀងរហូតដល់កន្លះម៉ោង បើទោះបីអ្នកស្រីធ្វើដំណើរផ្លូវឆ្ងាយក្ដី។

អ្នកស្រី រ៉ាត់ បន្ថែមថា៖ «កូនចាក់វ៉ាក់សាំងអីបានខ្ញុំបានទៅ ទៅកាលកូននៅតូច»។

អ្នកស្រី ឈាន កុត វ័យ៦២ឆ្នាំ ជាអ្នកលក់អីវ៉ាន់ចាប់ហួយ រស់នៅភូមិរលួស ឃុំរុងរឿង ប្រាប់​ថា អំឡុងពេលរដូវវស្សាចូលមកដល់ ផ្លូវទៅកាន់មណ្ឌលសុខភាពនៅឃុំបន្ទាយស្ទោង​កាន់តែ​ពិបាក​ក្នុងការធ្វើដំណើរដោយមានការរអិលដួលទៀតផង។

អ្នកស្រី កុត និយាយថា៖ «បើមិនភ្លៀងរាំងស្ងួតចឹង វាគ្រាន់ជិះគ្រលុកទៅណាស់។ បើភ្លៀង​ពិបាកណាស់ ពិបាកផ្លូវ»។

លោក យឿន យ៉ាំ រស់នៅភូមិប្រាសាទ ឃុំព្រះដំរី មានចម្ងាយជិត១០គីឡូម៉ែត្រ ពី​មណ្ឌល​សុខភាពនៅឃុំបន្ទាយស្ទោង និយាយថា លោកចង់ឱ្យមានផ្លូវល្អជាងនេះ ដើម្បីស្រួលធ្វើ​ដំំណើរទៅព្យាបាលជំងឺ និងមានមណ្ឌលសុខភាពមួយក្នុងឃុំ ដែលអាចកាត់បន្ថយការ​ចំណាយ​លើ​ពេទ្យឯកជន។

បុរសមានមុខរបរជាជាងធ្វើម៉ូតូ​ដែលអាចរកចំណូលបាន​១ម៉ឺនរៀលក្នុងមួយថ្ងៃរូបនេះ និយាយថា៖ «ចង់សំណូមពរឱ្យជួយធ្វើថ្នល់់ឱ្យបានល្អ និងមណ្ឌលសុខភាពជិតនេះ»។

លោក យ៉ាំ វ័យ៤៣ឆ្នាំរូបនេះ បន្ថែមថា៖ «ខ្ជិលទៅ ព្រោះយើងចំណាយពេលជិះម៉ូតូជិះអីទៅ។ ចំណាយ[ពេទ្យឯកជនក្បែរផ្ទះ] ជូនកាលគេដាក់ ឆាប់ជាអស់[ប្រាក់]តិច ក្រជាអស់[ប្រាក់]​ច្រើន​ទៅ»។

សាលាឃុំរុងរឿងដែលពុំទាន់មានមណ្ឌលសុខភាព ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

លោក វ៉ាន់ វាសនា ជាពេទ្យឯកជនមួយរូបដែលបើកបន្ទប់ថែទាំអ្នកជំងឺ នៅភូមិរលួស ឃុំរុងរឿង មានប្រសាសន៍ថា ក្នុងមួយថ្ងៃមានអ្នកមកពិនិត្យជំងឺកន្លែងលោកជិត១០នាក់ ទាំងអ្នកភូមិ និងអ្នករស់នៅភូមិផ្សេងទៀត។ យ៉ាងណាលោក គ្រាន់តែពិនិត្យ​ជំងឺស្រាលៗ​ប៉ុណ្ណោះ ក្នុងករណីធ្ងន់គឺបញ្ជូនទៅកាន់មណ្ឌលសុខភាពឬពេទ្យស្រុក។

ពេទ្យឯកជនរូបនេះថា ពលរដ្ឋដែលមកព្យាបាលជំងឺ​ភាគច្រើនគ្មានថវិកា ដោយសារពួកគេ​ជាទូទៅគឺកសិករ ទាល់តែដល់រដូវប្រមូលផលទើបយកប្រាក់មកសងវិញ។ ក្នុងនោះតម្លៃផ្សំថ្នាំ​មួយលេប១៥០០រៀល។

លោក​ វាសនា និយាយថា ៖ «ជាទូទៅឃុំមួយ មិនគួរអត់មានមណ្ឌលសុខភាពទេ គួរតែ​មាន​មួយ ព្រោះប្រជាជននៅឃុំវាច្រើនដែរ»។

លោក ប៉ាង កាំង ប្រធានមណ្ឌលសុខភាពបន្ទាយស្ទោង នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង មានប្រសាសន៍ថា នារដូវវស្សាចូលមកដល់ ពលរដ្ឋមកទទួលសេវាសុខាភិបាលនៅ​មណ្ឌល​សុខភាពភាគច្រើនមានតែអ្នករស់នៅ​ឃុំបន្ទាយស្ទោង។

លោក កាំង បានលើកឡើងថា គាត់មានការព្រួយបារម្ភអំពីស្រ្តីមានផ្ទៃពោះដែលរស់នៅឆ្ងាយ​ពីមណ្ឌលសុខភាព រួចត្រូវធ្វើដំណើរពេលយប់ដើម្បីមកសម្រាលកូន។

លោក កាំង បន្តថា៖ «រាល់ថ្ងៃខ្ញុំបារម្ភរឿងស្ត្រីគាត់សម្រាលកូន ភាគច្រើនគាត់ឈឺពោះ​ពេល​យប់​ហើយគាត់ធ្វើដំណើរតាមផ្លូវគឺពិបាកណាស់ មិនដឹងថាថ្ងៃទៅមុខ[វាយ៉ាងម៉េច?]»។

ប្រធានមណ្ឌលសុខភាពរូបនេះ ឱ្យដឹងថា ប្រជាពលរដ្ឋក្នុងមួយថ្ងៃមានជិត១០០នាក់​មក​ទទួល​សេវាសុខាភិបាល។ យ៉ាងណាលោកបន្តថា ថ្វីត្បិតមណ្ឌលសុខភាពពុំមាន​គោលការណ៍​សមធម៌ ប៉ុន្តែលោកមានការសម្របសម្រួលជាមួយ​អ្នកជំងឺឱ្យ​សម្រាក​ព្យាបាល​មុនដោយ​ផ្អែក​លើស្ថានភាពជាក់ស្ដែង។

លោក កាំង និយាយថា៖ «យើងមើលពីស្ថានភាពរបស់ស្រ្តី ថាគាត់មកយ៉ាងម៉េច​មាន​ពិបាក​[អត់] គាត់ប្រញាប់ផ្លូវឆ្ងាយ?។ មានបញ្ហាអីទាក់ទងខ្លួនរបស់គាត់ យើងសម្របសម្រួល​ឱ្យ​គាត់មុន។ មិនមែនថាបានតែចាប់លេខយើងចាំលេខតែម្ដងអត់ទេ»។

លោក កាំង បន្តថា ការបង់ថ្លៃសេវាសម្រាប់ព្យាបាលក៏ត្រូវបានលើកលែងចំពោះពលរដ្ឋ​ពុំ​មានប្រាក់ផងដែរ។

យោងតាមរដ្ឋធម្មនុញ្ញមាត្រា៧២​ ឱ្យដឹងថា សុខភាពរបស់ប្រជារាស្រ្តត្រូវបានធានា។ រដ្ឋយក​ចិត្តទុកដាក់ដល់ការការពារជំងឺនិងព្យាបាលជំងឺ។ ប្រជារាស្រ្តក្រីក្រត្រូវបានទទួល​ពិនិត្យរោគ​ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ។ រដ្ឋរៀបចំឱ្យមាន​គិលានដ្ឋាននិងមន្ទីរសម្ភពដល់ជនបទ។

លោក ណំ សុត មេឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ មានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធ​នឹងចាប់ផ្ដើមធ្វើផ្លូវទៅកាន់មណ្ឌលសុខភាពនៅឃុំបន្ទាយស្ទោងនេះនៅឆ្នាំ២០២៤ខាងមុខ។

លោក ​សុត បន្តថា ផ្លូវមួយខ្សែនេះចាក់កៅស៊ូប្រវែង១១គីឡូម៉ែត្រ និងបេតុង២០០ម៉ែត្រ ឆ្លង​កាត់​ឃុំបន្ទាយស្ទោង ឃុំរុងរឿង និងឃុំព្រះដំរី។ ក្នុងនោះឃុំបន្ទាយស្ទោងប្រវែង​១គីឡូម៉ែត្រ​កន្លះ ឃុំរុងរឿងជាង៣គីឡូម៉ែត្រ និងឃុំព្រះដំរីជាង៦គីឡូម៉ែត្រ។

លោកមេឃុំឱ្យដឹងថា គោលការណ៍តម្រូវឱ្យពលរដ្ឋចំនួន១ម៉ឺននាក់ក្នុងមួយឃុំទើប ឱ្យមានមណ្ឌលសុខភាពមួយ ប៉ុន្តែក្នុងឃុំលោកមានពលរដ្ឋជាង៦ពាន់នាក់ប៉ុណ្ណោះ។

លោក សុត និយាយថា៖ «គោលការណ៍រដ្ឋាភិបាល​មាន ឃុំបន្ទាយស្ទោង ឃុំព្រះដំរី និងឃុំរុងរឿង [មណ្ឌលសុខភាពតែមួយ]។ ខ្ញុំអត់យល់ដែរកំណត់ប្រជាពលរដ្ឋ​ឱ្យដល់​មួយម៉ឺននាក់?»។

លោក សុត បន្ថែមថា ពលរដ្ឋរស់នៅឃុំលោក ចំនួន១៤០០គ្រួសារ ក្នុងនោះប្រហែល​១០ភាគរយ​មានជំងឺទឹកនោមផ្អែម ដោយភាគច្រើនរកសេវាព្យាបាលសុខភាព​ពីវិស័យ​ឯកជន។ ពលរដ្ឋទាំងនោះ៨៥ភាគរយប្រកបរបរធ្វើស្រែចំការ។

លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំនិងជាអ្នកនាំពាក្យសាលាខេត្ត បានគូសបញ្ជាក់ថា បន្ទាប់ពីទឹកស្រកអស់ មន្ទីរអភិវឌ្ឍន៍ជនបទនឹងចុះពិនិត្យ ដើម្បីកែលម្អផ្លូវឡើងវិញ។

លោក ហៃ មានប្រសាសន៍ថា៖ «មួយរយៈនេះ កំពង់ធំជាពិសេសនៅស្រុកស្ទោង​រងនូវ​គ្រោះទឹកជំនន់។ ផ្លូវមួយចំនួនទឹកមិនទាន់ស្រកអស់ទេក្រោយពីទឹកស្រកនឹងមាន​ការ​ជួសជុលឡើងវិញ»។

ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពបន្ទាយស្ទោង ថតរូបជុំគ្នានៅខាងមុខ មណ្ឌលសុខភាព ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបភាពផ្ដល់ឱ្យ

លោក ប៉ាល់ ចន្ទតារា អ្នកនាំពាក្យក្រសួងសាធារណការ មានប្រសាសន៍ថា លោកពុំអាច​បញ្ជាក់បានទេថាតើនៅឆ្នាំណាទើបមានផ្លូវកៅស៊ូឬបេតុងគ្រប់ច្រកល្ហកនៅទីជនបទ។

លោក ចន្ទតារា និយាយថា៖ «(ពេលណាមានផ្លូវគ្រប់ច្រកល្ហកតាមភូមិឃុំ?) កម្រិតនោះ​ទាល់​តែ​សួរ ឯកឧត្តមទេសរដ្ឋមន្រ្តី»។

អ្នកនាំពាក្យក្រសួងសាធារណការ ឱ្យដឹងថា ផ្លូវមានពីរប្រភេទ គឺមួយគ្រប់គ្រង​ដោយថ្នាក់ជាតិ​និងមួយទៀតថ្នាក់ក្រោមជាតិ។ ចំណែកផ្លូវនៅជនបទភាគច្រើនក្រោមការគ្រប់គ្រង​ដោយ​ក្រសួងអភិវឌ្ឍជនបទនិងមានមួយចំនួនជាគម្រោងរបស់ក្រសួងសាធារណការ។

លោក បន្ថែមថា៖ «ឥលូវនេះផលប៉ះពាល់ជាគោលការណ៍របស់ក្រសួងឱ្យតែទឹកស្រកទៅ គេចាប់ផ្ដើមជួសជុលដើម្បីប្រជាពលរដ្ឋប្រើប្រាស់ស្រួលហើយ»។

លោក ស្រី ស៊ិន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ការបង្កើត​មណ្ឌល​សុខភាព គឺត្រូវផ្អែកលើចំនួនប្រជាជនចន្លោះ៨ពាន់នាក់ទៅ១ម៉ឺន២ពាន់ ដោយមាន​ចម្ងាយ​ដើរដោយថ្មើរជើងពីគ្នាប្រមាណពី១ម៉ោងទៅ២ម៉ោង។

លោក ស៊ិន លើកឡើងថា ការបង្កើតមណ្ឌលសុខភាពនេះ ក៏ទាក់ទិននឹងការសាងសង់អគារ ការបំពាក់សម្ភារបរិក្ខារពេទ្យ ជាពិសេសគឺធនធានមនុស្សដែលជាគ្រូពេទ្យក្នុងការផ្ដល់សេវា។

លោក បន្តថា ក្នុងខេត្តកំពង់ធំមានចំនួន៨១ឃុំសង្កាត់ ប៉ុន្តែមាន​ត្រឹម៥៦មណ្ឌលសុខភាព​ប៉ុណ្ណោះ។

លោក ស៊ិន បន្ថែមថា៖ «ឃុំខ្លះអត់មានមណ្ឌលសុខភាពប៉ុន្តែគាត់ប្រើប្រាស់​មណ្ឌលសុខភាព​ដែលនៅក្បែរនោះ។ មណ្ឌលសុខភាពមួយអាចគ្របដណ្ដប់ឃុំមួយឬមួយកន្លះ។ ទាល់តែ​យើង​មានធនធាន​គ្រប់គ្រាន់ទើបយើងអាចបង្កើតមណ្ឌលសុខភាព​មួយ​នៅ​ឃុំមួយ»។

លោក ហុក គឹមចេង អគ្គនាយក​បច្ចេកទេស​នៃក្រសួងសុខាភិបាល​ មាន​ប្រសាសន៍ថា ការ​បង្កើតឱ្យមានមណ្ឌលសុខភាពពាក់ព័ន្ធនឹងធនធានមនុស្ស ព្រមទាំងតម្រូវការជាក់ស្ដែង។ ដូច្នេះទើបមានការវាយតម្លៃនៅតាមភូមិឃុំជារៀងរាល់ឆ្នាំ។

លោក គឹមចេង បន្ថែមថា សព្វថ្ងៃនេះមណ្ឌលសុខភាពពុំទាន់មាននៅគ្រប់ឃុំនៅឡើយទេ ដោយឃុំខ្លះត្រូវប្រើមណ្ឌលសុខភាពរួមគ្នា។

លោក គឹមចេង និយាយថា៖ «ខាងមន្ទីរសុខាភិបាលខេត្តជាអ្នកស្នើរសុំ គេដឹងពី​មូល​ដ្ឋាន។ លក្ខខណ្ឌមិនតែ(១ម៉ឺននាក់) វាអាចមានតំបន់ដាច់ស្រយាល ត្រូវមានប៉ុស្ដិ៍​សុខភាព​អីទៀត។ …វាមានលក្ខខណ្ឌច្រើនដែរគេគិតពីសុខភាពហ្នឹង ពិបាកនិយាយឱ្យចំ»។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា មានប្រសាសន៍ថា ធាតុផ្សំនៃអភិបាលកិច្ចល្អគឺសមធម៌ និងបរិយាបន្ន ដែលជាការ​ឆ្លើយតបទៅនឹង​តម្រូវការ​ដោយ​មិនទុកចោលអ្នកណាម្នាក់។

លោក ជ័យ ថ្លែងថា៖ «ពេលវេលានេះហើយខ្ញុំគិតថាគោលការណ៍មួយចំនួន​ដែលមិន​ស៊ីសង្វាក់គ្នាជាមួយហ្នឹង ស្ថានភាពជាក់ស្ដែង​គួរតែ​មាន​ការ​​កែលម្អ ដើម្បី​ឱ្យពលរដ្ឋគ្រប់​រូបមានសិទ្ធិទទួលបានសេវាសង្គមពីរដ្ឋដូចៗគ្នា»

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយនៅខែឧសភា ឆ្នាំ​២០២២នេះ ឱ្យដឹងថា កម្ពុជា​ជា​ប្រទេសមួយងាយរងគ្រោះពីផល​ប៉ះពាល់​​អវិជ្ជមាន​​​នានា ​ដែល​បណ្តាល​មក​ពីការ​ប្រែ​ប្រួលអា​កាស​ធាតុក្នុង​នោះ​ក៏មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ជន​បទ​ផងដែរ​។ ការ​ខូច​ខាតផ្នែក​នានា​នៅ​លើ​បណ្តាញ​ផ្លូវ​អាច​ធ្វើ​ឱ្យជីវភាពពលរដ្ឋនៅទីជនបទ​ជួបការលំបាក និង​បង្ក​ឧបសគ្គដល់​លទ្ធភាព​ទទួល​បាន​សេវា​សាធារណៈ​ជា​មូលដ្ឋាន​ មាន​ដូច​ជា​ទីផ្សារ, សាលារៀន និង​មន្ទីរពេទ្យ។

ប្រភពដដែលបានបន្តថា ការខូចខាតយ៉ាងដំណំដោយសារ​ទឹកជំនន់ក្នុងឆ្នាំ​២០២០ បានគូស​បញ្ជាក់​យ៉ាងច្បាស់អំពីសេចក្តីត្រូវការ​របស់​កម្ពុជាឱ្យ​មានការវិនិយោគបន្ថែមទៀត​ ទៅលើ​ការ​គ្រប់​គ្រង​ហានិភ័យ​គ្រោះ​ធម្មជាតិ និង​ស្ថានភាពងាយរងគ្រោះ​របស់​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវ​សំខាន់ៗ​៕

326 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម