ប្រជាពលរដ្ឋមួយចំនួនបាត់បង់ទំនុកចិត្តទៅលើអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីមេឃុំខ្លះក្នុងខេត្តកំពត កំពង់ស្ពឺ និងកំពង់ធំ បានចេញលិខិតបដិសេធជាបន្តបន្ទាប់ដោយឈប់ទទួលស្គាល់ឯកសារកាន់កាប់ដីធ្លីនិងប្រើប្រាស់ដីធ្លី ដែលពួកគាត់បានចុះហត្ថលេខាដោយផ្ទាល់ដៃ ដែលធ្វើឲ្យប្រជាពលរដ្ឋខាតបង់ថវិការាប់ម៉ឺនដុល្លារក្នុងករណីនេះ។
មេឃុំទាំងនោះបានចេញលិខិតបដិសេធ ក្រោយពីក្រសួងបរិស្ថានបានចេញសារាចរណែនាំមួយកាលពីខែឧសភា ឆ្នាំ២០២១ ដោយបង្គាប់ឲ្យរដ្ឋបាលខេត្តអន្តរាគមន៍បញ្ឈប់ចលនាទិញលក់ដីធ្លីក្នុងតំបន់អភិរក្ស និងតំបន់ឧទ្យានជាតិ។ ករណីនេះមន្រ្តីសង្គមស៊ីវិលទទូចឲ្យអាជ្ញាធរថ្នាក់ជាតិធ្វើការស៊ើបអង្កេតដល់មន្ត្រីមូលដ្ឋានដែលបានចេញលិខិតទទួលស្គាល់ឯកសារទាំងនោះកន្លងមក។
ប្រជាពលរដ្ឋរស់នៅខេត្តកំពត អ្នកស្រី សេង ថារី ប្រាប់ថាអ្នកស្រីបានទិញដីក្នុងឃុំបឹងទូក ស្រុកទឹកឈូពីពលរដ្ឋម្នាក់ដែលរស់នៅទីនោះ កាលពីឆ្នាំ២០១៩ ដោយមានអាជ្ញាធរឃុំជាអ្នកចុះហត្ថលេខាលើឯកសារទិញលក់។ អ្នកស្រីបន្តថា គ្រួសារគាត់ខកចិត្តជាខ្លាំងបន្ទាប់ពីទទួលដំណឹងមេឃុំលែងទទួលស្គាល់លើលិខិតស្នាមទាំងនោះ។
អ្នកស្រី សេង ថារី និយាយថា៖«ខ្ញុំខាតអស់ជាង២ម៉ឺន ទិញដី៤ហិកតា នៅចំណុចកៀកជើងភ្នំបូកគោ។ខ្ញុំទិញចំការគេត្រាយព្រៃមានអ្នកស្គាល់បបួលយើងទិញថាដីមានម្ចាស់មានអាជ្ញាធរដឹងឮ។ ខ្ញុំមិនបានដឹងថាដីហ្នឹងជាដីរដ្ឋទេ ព្រោះខ្ញុំជឿលើអាជ្ញាធរដល់តែគេលុបវិញអីចឹងមិនដឹងជាជឿលើអ្នកណាទៀត»។
អ្នកស្រីបន្ថែមថា ដីដែលគាត់ទិញនោះមិនទាន់បានដាំដំណាំនៅឡើយ ដោយគ្រាន់តែកាប់គាស់គល់ឈើសម្អាតតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២១ខែមិថុនា មេឃុំបឹងទូក អ្នកស្រី មូល សុខុម បានចេញលិខិតបដិសេធមួយ ដោយមេឃុំរូបនេះបានឈប់ទទួលស្គាល់លើឯកសារប្រើប្រាស់ដី ឯកសារទិញលក់ដីធ្លី លិខិតសុំកាន់កាប់អាស្រ័យផល ដែលខ្លួនបានចុះហត្ថលេខា ស្ថិតក្នុងតំបន់ការពារធម្មជាតិ និងឧទ្យានជាតិមុន្នីវង្សបូកគោ ដោយអះអាងថាអ្នកស្រីពុំចេះច្បាប់នោះទេ។
មេឃុំរូបនេះ សរសេរបញ្ជាក់ថា៖ «នាងខ្ញុំពុំសូវដឹងច្បាប់ទម្លាប់ច្រើន ឃើញតែការកាប់អាស្រ័យផលជាក់ស្ដែង»។
ខេមបូចា មិនអាចទាក់ទង អ្នកស្រី មូល សុខុម ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបាននោះទេ។
ករណីដូចគ្នានេះកើតឡើងនៅខេត្តកំពង់ស្ពឺ។ ពលរដ្ឋនៅរាជធានីភ្នំពេញ លោក ហេង ឡា ឱ្យដឹងថារូបគាត់បានខាតប្រាក់ប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារពីការទិញដីចំនួនជាង៥ហិកតា ដើម្បីធ្វើចំការ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីឆ្នាំ២០១៨។ លោកថា លោកទើបទទួលបានដំណឹងថា មេឃុំលែងទទួលស្គាល់លិខិតកាន់កាប់ដីធ្លីនៅខែសីហានេះប៉ុណ្ណោះ។
លោក ហេង ឡា និយាយថា៖«ដីខ្ញុំហ្នឹងខ្ញុំទិញតពីគេនៅភ្នំពេញ ព្រោះអ្នកភ្នំពេញនោះគេទិញតគ្នាមកដែរមិនដឹងប៉ុន្មានម្ចាស់ទេ។ មកដល់ត្រឹមខ្ញុំ ខ្ញុំដាំស្វាយបានច្រើនដែរហើយ តែសព្វថ្ងៃមិនដឹងជាគិតយ៉ាងណា» ដោយលោកបន្ថែមថា៖ «ខ្ញុំកំពុងគិតរកវិធីដែរព្រោះមិនចង់ឱ្យមានរឿង ម្យ៉ាងស្ដាយទ្រព្យម្យ៉ាងទៀតខ្លាចជាប់ទោស ។ បើទៅយកដីនោះស្រួលមិនស្រួលគេចាប់យើងដាក់គុកទៀតព្រោះគេលែងទទួលស្គាល់ ឯកសារទៅហើយ »។
ទោះជាយ៉ាងណាក្ដី លោក ហេង ឡា បដិសេធមិនឆ្លើយសំណួរពីការសូកប៉ាន់ទៅកាន់អាជ្ញាធរក្នុងពេលធ្វើលិខិតកាន់កាប់ដីធ្លីទេ។
មេឃុំត្រែងត្រយឹង អ្នកស្រី កែវ សុផាត កាលពីថ្ងៃទី២៨ខែឧសភា បានចេញលិខិតបដិសេធ ដោយប្រាប់មូលហេតុដូចនឹងមេឃុំបឹងទូកដែរថា ពីដំបូងរូបគាត់មិនដឹងច្បាប់ទម្លាប់ទើបចេញលិខិតនានាឲ្យអ្នកកាន់កាប់ដីធ្លី ដោយសំអាងតែលើការអាស្រ័យផលជាក់ស្ដែង។
អ្នកស្រីសរសេរក្នុងលិខិតថា៖« នាងខ្ញុំសូមមោឃភាពលើការចុះហត្ថលេខារបស់ខ្លួនកន្លងមក ទៅលើឯកសារស្នើសុំផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិតស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញលក់ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅទីតាំងក្នុងតំបន់ការពារធនធានធម្មជាតិគ្រប់និងក្នុងរបៀងអភិរក្សជីវៈចម្រុះនៃតំបន់ឧទ្យានជាតិមុន្នីវង្សបូកគោ និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ»។
មេឃុំដែលប្រកាសបដិសេធលិខិតកាន់កាប់ដីធ្លីក្នុងមូលដ្ឋានរបស់ខ្លួនដោយសំអាងថាខ្លួន មិនសូវចេះច្បាប់ទម្លាប់ ក្នុងខេត្តកំពង់ស្ពឺមាន មេឃុំត្រែងត្រយឹង និងមេឃុំត្រពាំងជោ ។ ចំណែក ក្នុងខេត្តកំពតមាន មេឃុំព្រែកត្នោត មេឃុំបឹងទូក មេឃុំកោះតូច មេឃុំម៉ាក់ប្រាង្គ មេឃុំត្រពាំងភ្លាំង និង ឃុំតេជោអភិវឌ្ឍន៍ ។ ក្នុងខេត្តកំពង់ធំមាន មេឃុំកកោះ និងអភិបាលស្រុកសន្ទុក។
មេឃុំត្រពាំងភ្លាំង នៃខេត្តកំពត លោក ថាវ វណ្ណារ៉េត ប្រាប់ខេមបូចាថា លោកបានប្រកាសនិរាករណ៍លិខិតកាន់កាប់ដីធ្លី អាស្រ័យផលទាំងអស់ក្នុងឃុំរបស់លោករួចហើយ កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីបានទទួលការណែរនាំពីរដ្ឋបាលខេត្ត។ លោកអះអាងថា លោកបានចុះហត្ថលេខាលើឯកសារទាំងអស់គឺធ្វើតាមការរស់នៅជាក់ស្ដែងរបស់ពលរដ្ឋប៉ុណ្ណោះ មិនមែនចុះហត្ថលេខាយកលុយនោះទេ។
លោក វណ្ណារ៉េត និយាយថា៖«នៅឃុំខ្ញុំលិខិតកាន់កាប់ដែលនិរាករណ៍នោះប្រហែលជាជាង៣០០គ្រួសារ ដែលភាគច្រើនមេឃុំចាស់គាត់ស៊ីញ៉េ ក៏មានខ្ញុំស៊ីញ៉េខ្លះដែរតែតិចតួចទេ។ ពួកយើងជាអាជ្ញាធរមូលដ្ឋានធ្វើតាមការងារតាមការរស់នៅជាក់ស្ដែងរបស់ពលរដ្ឋប៉ុណ្ណោះឃើញពលរដ្ឋកាន់កាប់ជាក់ស្តែងយើងក៏ធ្វើលិខិតជូនទៅ ហើយក៏មិនសូវយល់ដឹងអីច្រើនដែរទើបចេះតែស៊ីញ៉េខុសទៅ »។
អ្នកនាំពាក្យសាលាខេត្តកំពត លោក វ៉ិត វឌ្ឍនា មានប្រសាសន៍ថា អាជ្ញាធរខេត្តនៅពីក្រោយការចេញលិខិតនិរាករណ៍លើឯកសារទិញលក់ឬកាន់កាប់ដីធ្លីក្នុងតំបន់ដែលគ្រប់ដោយក្រសួងបរិស្ថាន។ លោកថា អាជ្ញាធរមូលដ្ឋានមួយចំនួនពិតជាប្រព្រឹត្តិខុសដោយអចេតនាមែន ប៉ុន្តែក៏មានអ្នកខ្លះធ្វើមិនត្រឹមត្រូវព្រោះតែផលប្រយោជន៍បុគ្គល។
លោក វ៉ិត វឌ្ឍនា មានប្រសាសន៍ថា៖«នៅកំពតមានច្រើនឃុំដែរនៅក្នុងស្រុកទឹកឈូ ស្រុកឈូកនិងក្រុងបូកគោ ដែលខ្ញុំមិនចាំអស់។ ទំហំដីដែល អាជ្ញាធរឃុំបានស៊ីញ៉េហ្នឹងចូលដល់រាប់រយហិកតា »។ ដោយលោកបន្ថែមថា៖ «ដំណាក់កាលនេះ រដ្ឋបាលខេត្តមិនដេញដោលចំពោះកំហុសរបស់មេឃុំទាំងអស់នោះទេ ប៉ុន្តែបើនៅតែប្រព្រឹត្តិហ៊ានលបលួចស៊ីញ៉េកាត់ដីរដ្ឋឱ្យជនខិលខូចដោយបំពានទៀតនឹងរងនូវវិធានការច្បាប់មិនខាន»។
លោក វឌ្ឍនា បន្តថា បើសិនជាពលរដ្ឋណាមិនសុខចិត្តសូមដាក់ពាក្យបណ្ដឹងមកសាលាខេត្តស្វែងរកដំណោះស្រាយ។ យ៉ាងណាក្ដី លោកបញ្ជាក់ថា សាលាខេត្តកំពតមិនទាន់ទទួលបានពាក្យបណ្ដឹងណាមួយពីពលរដ្ឋនោះទេជុំវិញករណីនេះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា មានប្រសាសន៍ថា មេឃុំត្រូវតែនិរាករណ៍លិខិតរបស់ខ្លួនតាមបញ្ជាពីអាជ្ញាធរខេត្ត ព្រោះលិខិតដែលមេឃុំចុះហត្ថលេខាទិញលក់ដូរ ឬផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិ ឬតំបន់អភិរក្សនោះ ជាមូលហេតុដែលជំរុញឱ្យមានការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់។
លោក នេត ភក្ត្រា មានប្រសាសន៍ថា ៖«ក្រសួងមិនទទួលស្គាល់ លិខិតណាឬជនណាម្នាក់ដែលអះអាងថាមានលិខិតកាន់កាប់ក្នុងតំបន់អភិរក្ស ខណៈដែលដីនោះ បានមកពីកាប់ឆ្ការរុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ឡើយ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការណ៍ដែលអាជ្ញាធរ ប្រកាសបដិសេធហត្ថលេខារបស់ខ្លួននេះនឹងបណ្ដាលឱ្យពលរដ្ឋអស់ជំនឿលើអាជ្ញាធ និង បង្កការខាតបង់ទៅដល់ពលរដ្ឋដែលកាន់កាប់ឯកសារទាំងនោះផង។ លោកបន្ថែមថា ករណីនេះជាតម្រុយពាក់ព័ន្ធនឹងអំពើពុករលួយ ដែលទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់។
លោក ប៉ិច ពិសី ប្រសាសន៍ថា៖«យើងឆ្ងល់ថា តើឯកសារទាំងនោះធ្វើឡើងដោយរបៀបណា? ពលរដ្ឋអ្នកកាន់កាប់លិខិតទាំងនោះឃុបឃិតគ្នាជាមួយអាជ្ញាធរដើម្បីបានឯកសារកាន់កាប់ដីក្នុងតំបន់ការពារ ឬមួយពលរដ្ឋទាំងនោះសូកប៉ាន់ពួកមេឃុំនោះដើម្បីបានឯកសារ ?»។ ដោយលោកបន្ថែមថា៖ «ខ្ញុំគិតថា អាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ជាតិត្រូវបំភ្លឺបញ្ហានេះឱ្យច្បាស់ ពិសេសពីសិទ្ធិក្នុងការធ្វើនិរាករណ៍លិខិតឯកសាររដ្ឋបាលឃុំនេះតែម្ដង»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ករណីមេឃុំប្រកាសបដិសេធលិខិតកាន់កាប់ដីធ្លីក្នុងតំបន់ការពារនេះ ជាភស្តុតាងបង្ហាញថា កន្លងទៅមានអំពើពុករលួយដែលប្រព្រឹត្តិដោយអាជ្ញាធរទាំងនោះ ដោយបើកផ្លូវឱ្យជនខិលខូចទន្ទ្រានដីរដ្ឋដោយខុសច្បាប់។
លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា៖« កន្លងទៅពលរដ្ឋភាគច្រើនទៅទិញដីរដ្ឋហ្នឹង ភាគច្រើនទៅតាមមេខ្យល់ហើយកន្លែងខ្លះមានឈ្មួញជាឧកញ៉ានៅពីក្រោយទៀត។ពេលទិញបានដី ពួកគាត់រកអាជ្ញាធរដឹងឮចេញលិខិតឱ្យ ហើយយើងសួរថាអាជ្ញាធរភូមិឃុំស្រុកនៅដឹងថាដីហ្នឹងដីរដ្ឋទេ?ចម្លើយគឺច្បាស់។ហេតុអីបានស៊ីញ៉េ ?ខ្ញុំហ៊ានថាជាង៩០%ហើយដែលទទួលសំណូក »។
លោក ប៉ែន ប៊ុណ្ណារ៍ បន្តថា ចំពោះរដ្ឋដែលកាន់កាប់ដីធ្លីពិតប្រាកដ ព្រមទាំងមិនពាក់ព័ន្ធនឹងអំពើពុករលួយគួរណាតែស្វែងរកអន្តរាគមន៍ពីអាជ្ញាធរថ្នាក់លើ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។
ឆ្លើយតបសំណួរដែលសួរថា តើក្រសួងបរិស្ថាននឹងដាក់ពាក្យបណ្តឹងប្តឹងមេឃុំឬអាជ្ញាធរដែលឃុបឃិតគ្នាទន្ទ្រានដីរដ្ឋ និងចុះហត្ថលេខាទទួលដឹងឮ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឬទេ? លោក នេត ភក្ត្រា ឆ្លើយដោយខ្លីថា ៖«ក្រសួងកំពុងធ្វើការសិក្សាស្រាវជ្រាវលើរឿងនេះ[ប្ដឹងទៅACU)]ដើម្បីចាត់ការបន្ត ចាំមានអ្វីថ្មី ខ្ញុំនឹងជូនព័ត៌មានបន្ថែមទៀត»។
ខេមបូចា មិនអាចទាក់ទងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឆ្លើយតបពីបញ្ហានេះបានទេ៕