ភរិយាមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងបរិស្ថានបានអះអាងថាខ្លួនមិនបានដឹងថាក្នុងអាផាតមិនរបស់ខ្លួនដែលបានដាក់ជួលក្នុងរាជធានីភ្នំពេញនោះមានក្រុមឆបោកតាមអនឡាញស្នាក់នៅនោះទេ។
កាលពីថ្ងៃចន្ទកន្លងទៅ សមត្ថកិច្ចបានឆ្មក់ចូលអគារ DBLY ក្នុងសង្កាត់ជ្រោយចង្វារ និងបានចាប់ខ្លួនចាប់ខ្លួនជនជាតិជប៉ុនមួយក្រុមមានគ្នាជាង២០នាក់ ដោយជាប់សង្ស័យថាបានធ្វើប្រតិបត្តិការឆបោកតាមអនឡាញនៅក្នុងអគារនោះ។ អគារនោះជារបស់ក្រុមហ៊ុន DBLY Group ដែលមានដាក់ឈ្មោះលោកស្រី ទុន ធាវី ជាប្រធាន។ ស្វាមីរបស់អ្នកស្រី ទុន ធាវី គឺលោក សាន វណ្ណទី។ នេះបើតាមអ្វីដែលបានផុសលើបណ្ដាញសង្គម។
លោកស្រី ទុន ធាវី បានប្រាប់ ខេមបូចា តាមទូរស័ព្ទថា៖ «ខ្ញុំមិនស្គាល់អ្នកទាំងនោះទេ[អ្នកដែលត្រូវចាប់ខ្លួន] ពីព្រោះខ្ញុំបានជួលទៅឲ្យ [ជនជាតិខ្មែរម្នាក់] ហើយពេលនេះខ្ញុំមិនអាចទាក់ទងពួកគេបានទេ»។ លោកស្រីបន្តថា៖ «ខ្ញុំក៏មិនចាំឈ្មោះគាត់ដែរ»។
លោកស្រីមានប្រសាសន៍ទៀតថា លោកស្រីបានដឹងរឿងរ៉ាវនៃការចាប់ខ្លួននេះកាលពីថ្ងៃព្រហស្បត្តិ៍ ហើយក៏ពុងតែស្វែងរកព័ត៌មានបន្ថែមពីអាជ្ញាធរផងដែរ។ យ៉ាងណា លោកស្រី មិនឆ្លើយសំណួរផ្សេងទៀតទេ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ផៃ ប៊ុនឈឿន មានប្រសានស៍ថាករណីនេះជារឿងបុគ្គល។ លោកគ្រាន់តែថ្លែងថា៖ «ករណីនេះជាបញ្ហាបុគ្គលសូមលោកទាក់ទងឯកឧត្តម សាន វណ្ណទី ទៅខ្ញុំមិនហានធ្វើអត្ថាធិប្បាយទេ»។
លោក វណ្ណទី ដែលពីមុនក៏ធ្លាប់ជារដ្ឋលេខាធិការក្រសួងកសិកម្មផងដែរនោះ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ លោក ជា ចិត្រា បានបញ្ជាក់អំពីការចាប់ខ្លួននេះ តែលោកបដិសេធធ្វើអត្ថាធិប្បាយបន្ថែម ដោយថានាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋានចារកម្ម កំពុងធ្វើការលើរឿងនេះ។ បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Japan Times ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានរឹបអូសទូរស័ព្ទ កុំព្យូទ័រយួរដៃ និងសម្ភារៈមួយចំនួនផ្សេងៗទៀត។
បុគ្គលិកខេមបូចា បានទៅកាន់អគារ DBLY កាលពីថ្ងៃសុក្រ ប៉ុន្តែទ្វាររបងអគារបានចាក់សោ និងមិនឃើញមានបុគ្គលិកនៅទីនោះទេ។
DBLY Group ជាក្រុមហ៊ុនក្នុងស្រុកមួយដែលជា«ប្រភេទក្រុមហ៊ុនកាន់កាប់ដោយក្រុមគ្រួសារ» និងមានជំនាញខាងអចលនទ្រព្យ និងសេវាកម្មអាផាតមិន។ នេះបើតាមព័ត៌មានលើវិបសាយរបស់ក្រុមហ៊ុន។ ក្រុមហ៊ុននេះ ក៏បានដាក់ឈ្មោះនាយកម្នាក់ទៀតជាស្រ្តី មានឈ្មោះថា ស្រី មុំ ដែលមានចំណងទាក់ទងនឹង Jesuit Mission (Cambodia) ។ នេះបើតាមព័ត៌មាននៅលើវិបសាយក្រសួងពាណិជ្ជកម្ម។ លោកស្រី ទុន ធាវី ក៏ជាប្រធានក្រុមហ៊ុន DBLY International ដែលមានដាក់ឈ្មោះ យ៉ុង លាងស៊ីម ជានាយក។ យ៉ុង លាងស៊ីម មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
រូបថតលោកស្រី ទុន ធាវី និងរដ្ឋលេខាធិការក្រសួងបរិស្ថានលោក សាន វណ្ណទី ព្រមជាមួយកូនៗបីនាក់ផ្សេងទៀត ដែលបានផុសលើហ្វេសប៊ុកលោកស្រី ទុន ធាវី កាលពីឆ្នាំ២០២២។ (រូបភាព៖ ហ្វេប៊ុក ទុន ធាវី)
ទីតាំងរបស់អគារ DBLY ស្ថិតនៅកន្លែងមួយដែលមានសភាពស្ងប់ស្ងាត់ នៅជិតអគាអផាតមិន ដែលមិនទាន់សាងសង់រួច និងនៅជិតទីតាំងដីទំនេរមួយកន្លែង។
អ្នករស់នៅក្បែរទីតាំងខាងលើ លោក អ៊ិច កុសល បានឲ្យដឹងថាលោកមិនបានដឹងពីវត្តមានជនជាតិជប៉ុនរស់នៅក្នុងអាផាតមិននោះទេ ប៉ុន្តែលោកថាមានជនជាតិវៀតណាមរស់នៅទីនោះ។
លោកឲ្យដឹងថា៖ «ខុនដូហ្នឹងមានសភាពស្ងាត់ណាស់ ពេល[ពួកគេ]ចូល និងចេញតែងតែបិទទ្វារជានិច្ច»។ លោកបន្តថា៖ «មានតែមនុស្សរស់នៅក្នុងហ្នឹងទេទើបអាចចេញចូលបាន»។
លោក កុសល ថ្លែងថា៖ «យើងបារម្ភ ប៉ុន្តែយើងមិនអាចសង្ស័យគេទេ ពីព្រោះយើងមិនដឹងថាគេរកស៊ីអ្វីនៅខាងក្នុង»។ លោកបន្ថែមថា៖ «យើងឃើញគេបើកម៉ាត និងហាងកាហ្វេ ប៉ុន្តែមិនមានអ្នកធ្វើការនៅទីនោះទេ»។
អ្នកលក់ផ្លែឈើនៅក្បែរនោះដែលប្រាប់ថាឈ្មោះស្រីនាង បានឲ្យដឹងដែរថា៖ «ខ្ញុំបានឃើញការចាប់ខ្លួនមនុស្សទាំងនោះ ប៉ុន្តែមិនដឹងថាពួកគេបានធ្វើអ្វីនោះទេ។ ខ្ញុំមិនហាននិយាយទេ ប៉ុន្តែអ្នកខ្លះថាមានការឆបោកតាមអនឡាញ»។
កញ្ញា សៀក ម៉េង អ្នកលក់កាហ្វេជិតអគាអាផាតមិនដែលមិនទាន់សាងសង់រួចបានឲ្យដឹងដែរថាសមត្ថកិច្ចបានសួរអ្នកស្រីថាតើធ្លាប់មានជនជាតិជប៉ុនមកទិញកាហ្វេកញ្ញាឬអត់។
អ្នកស្រីថា៖ «មានមនុស្សមួយចំនួនមកផឹក [កាហ្វេ] និងខ្លះទៅកន្លែងហាត់ប្រាណនៅពេលព្រឹក ប៉ុន្តែខ្ញុំមិនដែលចាប់អារម្មណ៍នឹងពួកគេទេ»។ អ្នកស្រីបន្តថា៖ «ខ្ញុំជិះទៅជិះមកតាមផ្លូវហ្នឹងរាល់ថ្ងៃ ខ្ញុំមិនដឹងថាមានអ្វីកើតឡើង [នៅខាងក្នុង]ទេ ប៉ុន្តែកន្លែងហ្នឹងស្ងាត់ណាស់»។
ស្ថានទូតជប៉ុនប្រចាំទីក្រុងភ្នំពេញមិនបានឆ្លើយតបនឹងការសុំអត្ថាធិប្បាយនោះទេ ហើយអគ្គស្នងការនគរបាលជាតិលោក ស ថេត ក៏បានបដិសេធធ្វើអត្ថាធិប្បាយ ដោយបានបង្វែរសំណួរមកអ្នកនាំពាក្យវិញ គឺលោក ឆាយ គឹម ឃឿន តែមិនអាចទាក់ទងបាន។
រាយការណ៍បន្ថែមដោយ៖ Jack Brook
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Wife of Environment Ministry Secretary of State Denies Knowledge of Alleged Online Scam Gang Renting Her Building