សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការក្រុងភ្នំពេញសម្រេចឱ្យចាងហ្វាងកាសែតខ្មែរថាមស៍ រួចផុត​ពីបទបៀតបៀនផ្លូវភេទ

ចាងហ្វាងកាសែតខ្មែរថាមស៍ជាជនជាតិម៉ាឡេស៊ី T. Mohan ថតក្នុងពិធីខួបកំណើតរបស់លោកកាលពីឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ រូបថតពីហ្វេសប៊ុក
ចាងហ្វាងកាសែតខ្មែរថាមស៍ជាជនជាតិម៉ាឡេស៊ី T. Mohan ថតក្នុងពិធីខួបកំណើតរបស់លោកកាលពីឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ រូបថតពីហ្វេសប៊ុក

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចទម្លាក់បទចោទប្រកាន់លើលោក T. Mohan ជនជាតិម៉ាឡេស៊ី ជាចាងហ្វាងកាសែតខ្មែររថាមស៍ ទាក់ទងនឹងបទបៀតបៀនផ្លូវភេទ ដែលត្រូវបានប្ដឹងដោយអតីតបុគ្គលិកខ្លួន។

លោក កូយ សៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​ប្រកាសសាលក្រមដោយកំបាំងមុខជនជាប់ចោទលោក T. Mohan ដោយ​សម្រេច​ទម្លាក់​បទចោទ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើអតីតបុគ្គលិកខ្លួន​តាម​មាត្រា​២៥០ នៃ​ក្រមព្រហ្មទណ្ឌ  ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ក្នុង​រាជធានីភ្នំពេញ។

លោកចៅក្រមបន្ថែមថា ដើមបណ្ដឹងអាចដាក់ពាក្យប្ដឹងជំទាស់សេចក្ដីសម្រេចនេះ​ទៅកាន់​សាលាឧទ្ធរណ៍ តាមច្បាប់ដែលបានកំណត់។

លោកចៅក្រម កូយ សៅ បានអានសាលក្រមថា៖ «ឱ្យលោកT. Mohan រួចខ្លួនពីបទចោទ​ប្រកាន់រុកកួនខាងផ្លូវភេទ»។

លោក ហំ ភា ដែលជាមេធាវីរបស់ដើមបណ្ដឹង បានប្រាប់អ្នកសារព័ត៌មានខេមបូចាថា លោក​នៅពុំទាន់មានយោបល់អ្វីចំពោះការសម្រេចទម្លាក់បទចោទនេះទេ ប៉ុន្តែលោកនឹង​ពិភាក្សា​ជាមួយកូនក្ដីចំពោះជំហានបន្តបន្ទាប់ទៀត។

លោក ហំ ភា ឱ្យដឹងថា៖ «អត់ទាន់ហ៊ានបញ្ចេញមតិ ចាំសួរកូនក្ដីសិន ឱ្យគាត់អ្នកនិយាយវិញ ឱ្យយើងបញ្ចេញមតិអាចប៉ះពាល់ដល់តុលាការអីចឹង។ ប្ដឹងទៅសាលាឧទ្ធរណ៍ទាល់តែកូនក្ដី ខ្ញុំអត់អាចសម្រេចជំនួសកូនក្ដីបានទេ ចាំមើលសួរកូនក្ដីសិន»។

សវនាការលើករណីបៀតបៀនផ្លូវភេទ ធ្វើឡើងដោយកំបាំងមុខនៅសាលាដំបូងរាជធានីភ្នំពេញ​កាលពីព្រឹកថ្ងៃទី១៧​ ខែឧសភា ឆ្នំ២០២២ បន្ទាប់ពីជនជាប់​ចោទ T. Mohan និងមេធាវីការពារក្តី​មិនបានបង្ហាញខ្លួនសម្រាប់​សវនាការ។

យោងតាមលិខិតចំហរបស់អ្នកនាង April Reposar ដែលជាអ្នកសរសេរអត្ថបទ​ផ្នែក​ជីវិត​កំសាន្តនៅសារព័ត៌មានខ្មែរថាមស៍ ដែលបានផ្សព្វផ្សាយនៅខែមិថុនា ឆ្នាំ២០១៩ បានចោទ​ប្រកាន់លោក T. Mohan ដែលត្រូវជាចាងហ្វាងរបស់ខ្លួនថា បានបៀតបៀនផ្លូវភេទរបស់នាង ដោយថ្នូរនឹងការផ្ដល់ប្រាក់ឧបត្ថមចំនួន១ពាន់ដុល្លារជារៀងរាល់ខែ។ រឿងនេះកើតឡើងក្នុង យប់មួយនៅពេលដែលអ្នកទាំងពីរបានចូលរួមក្នុងពិធីជប់លៀងលារបស់ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុបប្រចាំនៅកម្ពុជានៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៩។

លោកT. Mohan បានអញ្ជើញអ្នកនាង April Reposar ទៅញ៉ាំអាហារពេលល្ងាចបន្ត រួចក៏លួង​លោមព្រមទាំងសន្យាថានឹងផ្ដល់ជារបស់មានតម្លៃផ្សេងៗ ដែលអ្នកនាង April Reposar ចាត់​ទុកថាជាទង្វើមិនសមរម្យ។ បន្ទាប់មកអ្នកនាង April Reposar បានដាក់ពាក្យសុំឈប់ធ្វើការ និងត្រលប់ទៅហ្វីលីពីនដែលជាប្រទេសកំណើតវិញ។

លិខិតនោះបញ្ជាក់ថា៖ «ជើង​ខ្ញុំ​ចាប់​ផ្ដើម​ញ័រ ហើយ​មាន​អារម្មណ៍​ត្រជាក់។ ខ្ញុំ​ដឹង​ពី​អ្វី​ដែល​គាត់​ចង់​បញ្ជាក់ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ។ រន្ធត់​ណាស់​ដែល​គាត់​អាច​នឹង​ធ្វើ​អ្វី​មួយ​ដាក់​ខ្ញុំ​នៅ​យប់​នោះ។ ខ្ញុំ​ភ័យ​ខ្លាច ហើយខ្ញុំបារម្ភពីសុវត្ថិភាពរបស់ខ្ញុំ»។

លោក T. Mohan ចាងហ្វាងកាសែតខ្មែរថាមស៍ បានប្រាប់អ្នកសារព័ត៌មានខេមបូចាថា លោកពុំ​មានយោបល់អ្វីឡើយចំពោះការសម្រេចទម្លាក់បទចោទប្រកាន់នេះ។

លោក T. Mohan និយាយថា៖ «ខ្ញុំគ្នានយោបល់អ្វីសម្រាប់អ្នក»។

អ្នកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា រាល់​បណ្ដឹងដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ វាបានចង្អុលបង្ហាញថា​ជនរងគ្រោះបាន​សម្រេចលាតត្រដាងនូវកត្តិយសរបស់ខ្លួន ជាហេតុដែលអាជ្ញាធរពាក់ព័ន្ធត្រូវស៊ើបអង្កេត​ដោយយកចិត្តទុកដាក់នៅក្នុងរឿងនេះ។

លោកស្រី សុភាព មានប្រសាសន៍ថា៖ «គាត់បានលាតត្រដាងនូវបញ្ហាដែលបានប៉ះពាល់ដល់​កិត្តិយសគាត់រួចទៅហើយ ចឹងទម្ងន់ទៅដល់ជនរងគ្រោះដែលប្ដឹងផ្ដល់បទចោទនេះត្រូវតែ​ទទួលបាននូវការស៊ើបអង្កេត ហើយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រព័ន្ធតុលាការ»។

យោងតាម មាត្រា២៥០នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា អំពើរុកកួនខាងផ្លូវភេទ គឺជាអំពើដែលបុគ្គលម្នាក់រំលោភអំណាចដែលមុខងាររបស់ខ្លួនប្រគល់ឱ្យ ធ្វើការគាបសង្កត់​ម្តងហើយម្តងទៀតទៅលើអ្នកដទៃ ក្នុងគោលបំណងទទួលការអនុគ្រោះខាងផ្លូវភេទ។ ដោយ​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ដល់ ៣ (បី) ខែ៕

494 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម