សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការក្រុងភ្នំពេញបើកសវនាការជំនុំជម្រះលើសំណុំរឿងប្រធានសហជីព​ណាហ្គាវើលដ៍ និងកូដករប្រាំបីនាក់ពីបទញុះញង់

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៍ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការថ្ងៃដំបូងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៍ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការថ្ងៃដំបូងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

កញ្ញា​ ឈឹម ស៊ីថរ ប្រធាន​សហជីព​ណាហ្គាវើលដ៍ និង​ជនជាប់​ចោទ៨នាក់ផ្សេង​ទៀត​បាន​បង្ហាញ​ខ្លួន​សម្រាប់​សវនាការ​ថ្ងៃ​ដំបូង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​អង្គារ។ ស៊ីថរ និងសហការីទាំងអស់បានបដិសេធការចោទប្រកាន់ពីបទញុះ​ញង់​លើ​ពួកគេ លើកលែងតែ​ម្នាក់​ប៉ុណ្ណោះ។

ព្រះរាជអាជ្ញាអះអាងថា ស៊ីថរ និងសមាជិកសហជីពប្រាំបី​នាក់​នេះ មានពិរុទ្ធពី​បទញុះញង់​រំខាន​ដល់សន្តិសុខ ដោយ​បាន​ដឹកនាំកូដកម្មរបស់សហជីពអស់រយៈពេលជាងមួយឆ្នាំ បន្ទាប់​ពីអាជ្ញាធររាជធានីភ្នំពេញបានប្រកាសថា ចលនាការ​ងារនេះគឺ​ខុសច្បាប់។ 

ក្នុងសវនាការរយៈពេលបីម៉ោងកន្លះ ប្រធានក្រុម​ប្រឹក្សា​ជំនុំជម្រះ​ សឿង ចរិយា បានផ្តោត​លើ​ការសួរដេញដោល​ កញ្ញា ស៊ីថរ​ អំពីការ​ផ្តល់​ថវិកា​របស់សហជីព ជាពិ​សេស​ពីម្ចាស់ជំនួយ​អន្តរជាតិ។

កញ្ញា ស៊ីថរ បានទទួលស្គាល់ថា នាងបានស្នើសុំនិងទទួលបានមូលនិធិពីម្ចាស់ជំនួយ​អន្តរជាតិ​ចំនួនបី ដើម្បីទ្រទ្រង់​សកម្មភាពរបស់សហជីព៖ វិទ្យាស្ថានគ្រប់គ្រងបូព៌ា​បស្ចឹម​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក (EWMI) អង្គការក្រៅរដ្ឋាភិបាល​ដែល​គាំទ្រ​ស្ត្រី JASS និងសហជីពអាមេរិកខាងជើង Unite Here។

អង្គការ​ទាំង​បី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

កញ្ញា ស៊ីថរ បាននិយាយថា សហជីពទទួលបានប្រាក់​ ១០ ០០០ដុល្លារ​ពី EWMI, ១៥ ០០០ដុល្លារ​ពីអង្គការ​ JASS និង ៥ ០០០​ដុល្លារ​ពីសហជីព Unite Here ជា «មូលនិធិ​មនុស្សធម៌» ដើម្បីជួយដល់សមាជិកដែលត្រូវបានបញ្ឈប់ពី​ការ​ងារ​​អំឡុងពេលមាន​ការរីករាលដាលជំងឺ​កូវីដ-១៩។

កញ្ញា ស៊ីថរ បានលើកឡើងថា៖ «ខ្ញុំធ្វើ​សំណើ​ ដើម្បី​ទទួលបានមូលនិធិគាំទ្រដល់ប្រតិបត្តិការ​សហជីព និងមូលនិធិមនុស្សធម៌ក្នុងការជួយសមាជិក អំឡុងពេលជំងឺ​កូវីដ-១៩ និង​ការបញ្ឈប់​ពី​ការងារ»

សេង ហៀង ជា​ព្រះរាជអាជ្ញារងសាលាដំបូង​រាជធានីភ្នំពេញ​មានប្រសាសន៍ថា ស៊ីថរ​ បាន​ដឹកនាំការ​តវ៉ាខុសច្បាប់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំ​ពេញ ហើយថាថវិកា​ពី​អន្តរជាតិនេះ​គាំទ្រ​សកម្មភាពខុសច្បាប់របស់សហជីព។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​សង្កេត​ឃើញ​ពួក​គាត់​ [កម្មករ] បាន​ធ្វើ​ការ​តវ៉ា​តាំង​ពី​ព្រឹក​ដល់​ល្ងាច ដោយ​គ្មាន​ធ្វើការងារ​អ្វី​ផ្សេង​ទៀត [ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ពួកគេ] ទេ​»

កញ្ញា ស៊ីថរ បាន​ឆ្លើយ​ថា៖ «​ពួកគាត់​ជា​អ្នក​ស្ម័គ្រ​ចិត្ត​មក [ធ្វើ​កូដកម្ម] ហើយ​ជាឆន្ទៈរបស់ពួកគាត់​​សុខ​ចិត្ត​ធ្វើ​ដូច្នេះ»

កញ្ញា​​បាន​អះអាង​ថា ​កូដកម្ម​នេះ​ធ្វើ​ដោយ​សន្តិវិធី​ ស្រប​ច្បាប់ និង​ត្រូវ​បាន​ការពារ​ដោយ​​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​មាន​ចែង​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។

បុគ្គលិក​ប្រមាណ ១ ៣០០នាក់បានចាប់ផ្តើមធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០​២១ ដើម្បី​ទាមទារ​ឱ្យទទួល​យក​បុគ្គលិកណាហ្គាវើលដ៍ចំនួន៣៦៥នាក់ដែល​ត្រូវ​បា​ន​បញ្ឈប់​ចូល​ធ្វើ​ការ​វិញ​ បន្ទាប់ពីមាន​ការបញ្ឈប់បុគ្គលិក​ច្រើន​នាក់​ពី​ការងារ និង​ការមិន​ទូរទាត់​ប្រាក់បំណាច់​ពេញ​លេញ។ ជាងមួយឆ្នាំក្រោយមកបុគ្គលិកប្រមាណ១០០​នាក់​នៅតែតវ៉ាចំពោះការបញ្ឈប់ពួកគេ​ពី​​ការងារ។

កញ្ញា ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​​ខ្មែរនៃក្រុម​ហ៊ុន​​ណាហ្គាវើលដ៍ (LRSU) បាន​ថ្លែង​​ថា សហជីព​បាន​អនុវត្ត​តាម​គ្រប់​និតិវិធី​​ច្បាប់​សម្រាប់​កូដកម្ម​។ សហជីព​បាន​លើក​ឡើង​​ថា ខ្លួនបាន​ធ្វើ​កូដកម្ម​ ក្រោយ​ពេល​​ដែល​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងសម្របសម្រួល​​មិន​អាចទៅ​រួច​​ប៉ុណ្ណោះ​។ 

សមាជិកសហជីពណាហ្គាវើលដ៍ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា​/ ព្រីង សំរាំង

ប៉ុន្តែ ស៊ីថរ និង​សមាជិក​សហជីព​ទាំង​ប្រាំបី​របស់​នាង​គឺ ឈឹម សុខន ហៃ សុភាព ឃ្លាំង សុបិន្ត រី សុវណ្ណឌី សុខ គង្គា សុខ ណារិទ្ធ ស៊ុន ស្រីពេជ្រ និង​ទូច សេរីមាស ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​ឆ្នាំ​មុន ហើយ​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ ពួកគេ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ឱ្យ​នៅ​ក្រៅ​ឃុំបណ្តោះ​អាសន្ន​​កាលពី​ខែ​មីនា​។ 

កញ្ញា ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​បំពាន​លក្ខខណ្ឌ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។

ចុង​ចោទ​តែ​ម្នាក់​គត់ គឺ​ គង្គា បាន​ទទួល​យក​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នៅចំពោះ​មុខ​តុលាការ ប៉ុន្តែ​ក្រោយ​មក​បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន។ 

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក មានប្រ​សា​សន៍ថា រដ្ឋាភិបាល ក្រសួងការងារ និងក្រុម​ហ៊ុន​ណាហ្គាវើលដ៍បានច្រានចោលដោយ​អយុត្តិធម៌​ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការទាមទាររបស់កូដករ ដោយ​បង្វែរ​បញ្ហានេះមក​តុលាការជំនួសវិញ។

លោក សុខសាន្ត ថ្លែងថា៖ «ខ្ញុំមើល​ឃើញថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ហាក់​ដូច​ជា​មិនខ្វល់ពីវិវាទការងារនេះទេ ពួកគាត់ [បុគ្គលិកណាហ្គាវើលដ៍] ត្រូវបានក្រុមហ៊ុន​បញ្ឈប់​ពីការងារដោយអយុត្តិធម៌ ហើយបន្ទាប់មកតុលាការចោទប្រកាន់ពួកគាត់​ពីបទញុះញង់បង្ក​ឱ្យមានភាព​វឹកវរ​ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម​”

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាន​មាន​ប្រសាសន៍តាម​សារ Telegram ទៅកាន់​ខេមបូចា ​ថា វិវាទការងាររវាងអតីតបុគ្គលិកណាហ្គាវើលដ៍ ត្រូវបានដោះស្រាយ​នៅតុលាការ​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖​ «​ទោះ​យ៉ាង​ណា​ ក្រសួង​នឹង​បន្ត​សម្រុះសម្រួល​តាម​យន្តការ​នៃ​គណៈកម្មការដោះស្រាយ​កូដកម្ម និង​បាតុកម្ម​តាម​សំណើ​របស់​ភាគី​ជម្លោះ»

ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

លោកស្រី យ៉ាង សុភ័ណ្ឌ ជា​ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានចូលរួមសវនាការ ហើយបាន​មាន​ប្រសាសន៍ថា លោកស្រីជឿថា សមាជិកសហជីព​ LRSU មានហេតុផលត្រឹមត្រូវតាម​ច្បាប់​ និងហេតុផលផ្លូវច្បាប់ក្នុងការធ្វើកូដកម្ម ប៉ុន្តែនេះត្រូវបានមើល​រំលង​ដោយតុលាការ។

លោកស្រី សោភ័ណ្ឌ បានប្រាប់ខេមបូចា ​ថា៖ «ព្រះរាជអាជ្ញាចោទសួរ ព្យាយាមទម្លាក់​កំហុស​។ វាមិនមែនជា​ការ​ស្វែងរកយុត្តិធម៌សម្រាប់ ស៊ីថរ ទេ​ គឺ​​គ្រាន់តែការពារផល​ប្រយោជន៍​ក្រុមហ៊ុនប៉ុណ្ណោះ។ [តុលាការ​] គ្មាន​បំណង​ស្វែង​​រក​យុត្តិធម៌​ឲ្យ​ភាគី​ពាក់ព័ន្ធ​នោះ​ទេ»

លោកស្រី សោភ័ណ្ឌ បន្ថែមថា៖ «ខ្ញុំគិតថា ការ​ចោទ​ប្រកាន់ពីបទញុះញង់គឺបំផ្លើស ពីព្រោះ ស៊ីថរ បានព្យាយាមពន្យល់ពីដើមចម​នៃការធ្វើកូដកម្ម និងការទាមទាររបស់កម្មករថា ពួកគាត់​មានសិទ្ធិមិនយល់ស្របជាមួយនិយោជក»

ណុប ទិត្យបូរ៉ាវី ជាសមាជិកសហជីពណាហ្គាវើលដ៍ដែលត្រូវបានបញ្ឈប់ពីការងារ និង​សមាជិកសហជីពប្រមាណ១០០នាក់ផ្សេងទៀតបានតវ៉ានៅខាងក្រៅតុលាការនៅថ្ងៃបើកសវនាការ។

ទិត្យបូរ៉ាវី បាននិយាយថា នាងនិងសហការីរបស់នាងបានទទួលការគំរាមកំ​ហែង​ជាច្រើន​ពី​រដ្ឋាភិបាល ហើយពុះពារ​ក្នុង​ការ​ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ បន្ទាប់ពីធ្វើកូដកម្ម​អស់រយៈពេល​ជាងមួយឆ្នាំមក​នេះ​ ដោយបដិសេធមិនទទួលយកលក្ខ​ខណ្ឌរបស់ក្រុមហ៊ុន។

នាង​បាន​និយាយ​​ថា៖​ «ខ្ញុំ​សង្ឃឹម​ថា ​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​អ្នក​រាល់​គ្នា​ព្រោះ​យើង​ធ្វើ​កូដកម្ម ​ដើម្បី​ស្វែងរក​សេរីភាព​នៅ​កន្លែង​ធ្វើការ​របស់​យើង​ហើយ​ចង់​ត្រឡប់​ទៅ​ធ្វើការ​វិញ​​។ យើង​គ្មាន​​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​របស់​យើង​ទេ។ យើង​ចង់​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ»

ទិត្យបូរ៉ាវី បាន​និយាយថា កូដករនឹងមិនបញ្ចប់កូដកម្មរបស់ពួកគេទេ លុះត្រាតែក្រុមហ៊ុន​ទទួល​​យកកម្មករទាំងអស់ចូលធ្វើការវិញ ហើយតុលាការទម្លាក់ចោល​ការចោទប្រកាន់​ទាំង​អស់លើសមាជិកសហជីព។

សវនាការ​នេះ​គ្រោង​នឹង​បន្ត​នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ។

នៅ​ខាង​ក្រៅ​តុលាការ ​បន្ទាប់​ពី​​សវនាការ ប្អូន​ប្រុស​របស់​កញ្ញា​ ស៊ីថរ គឺ​លោក ឈឹម ប្រុស បាន​និយាយ​ថា បង​ស្រី​របស់​លោក​គ្រាន់​តែ​អនុវត្ត​តាម​ច្បាប់​ក្នុង​ការ​ដឹកនាំ​កូដកម្ម​ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា៖ «[ស៊ីថរ] តែង​តែ​ជួយ​គេឯង​តាំង​ពី​ក្មេង។ គាត់​​គ្រាន់​តែ​ជា​ក្មេងស្រី​ធម្មតា​ម្នាក់ គាត់​​គ្មាន​សមត្ថភាព​ទៅ​បំផ្លាញ​សន្តិភាព​ក្នុង​ប្រទេស​យើង​ទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Incitement Trial Begins for NagaWorld Union Leader and Eight Strikers

1,040 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម