សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនសមាជិកគណបក្សប្រឆាំងចំនួន៣នាក់ និងប្រធានសមាគមមួយរូប ជាបណ្ដោះអាសន្ន កាលពីថ្ងៃអាទិត្យ ក្រោមបទចោទផ្សេងៗគ្នា ខណៈបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលបើកលម្ហសិទ្ធិសេរីភាពជាមូលដ្ឋាន និងដោះលែងអ្នកទាំងបួន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា សមាជិកគណបក្សភ្លើងទៀនចំនួន៣រូប ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោកបន្ថែមថា តុលាការបានសម្រេចចោទប្រកាន់ លោក ដាង ប៊ុនហាក់ និង លោក គឹម ថាយមុន្នី ពាក់ព័ន្ធនឹងបទ «ក្លែងបន្លំឯកសារសាធារណៈ» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកុម្ភៈ និងទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈលោក គឹម ហុង ត្រូវបានចោទពីបទ «សុំឱ្យផ្ដល់ឯកសារដោយទុច្ចរិត» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបញ្ជាក់ថា៖ «សម្រេចឃុំខ្លួនគាត់បណ្ដោះអាសន្ន»។
ចំណែក លោក កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន និងចោទប្រកាន់ពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្ដន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិ្តមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
តុលាការបានចោទ លោក សារ៉ាយ និងគូកន ថា បានរៀបចំផែនការ អូសទាញប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើកាប់ទន្រ្ទានកាន់កាប់ដីខុសច្បាប់ និងចេញតតាំងប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរ និងបំផុសឱ្យពលរដ្ឋមានការភ័យខ្លាចហើយរត់ភៀសខ្លួនចូលព្រៃ កាលពីខែមុន ដោយទីតាំងកើតហេតុស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
តុលាការបន្តថា ក្រុមលោកសារ៉ាយ បានផ្សព្វផ្សាយជាសាធារណៈដោយបំភ្លៃព័ត៌មានមិនពិតក្នុងចេតនាបញ្ឆេះកំហឹងពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរដ្ឋាភិបាល។
លោក ថន ស័កិ្តដា អគ្គលេខាធិការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ថ្លែងថា ការលើកឡើងរបស់លោក សារ៉ាយ គ្រាន់តែជាការបង្ហាញអំពីស្ថានភាពប្រជាពលរដ្ឋជាក់ស្ដែងដែលរងគ្រោះក្នុងវិវាទដីធ្លីនៅខេត្តព្រះវិហារប៉ុណ្ណោះ។
លោកអះអាងថា ការចាប់ខ្លួនប្រធានសមាគមរបស់លោក នឹងនាំឱ្យមានការប៉ះទង្គិចផ្លូវចិត្តដល់អ្នកធ្វើការផ្នែកសិទ្ធិមនុស្សដទៃទៀត។
លោកថ្លែងថា៖ «ចំពោះរឿងនេះ គ្រាន់តែគាត់និយាយអ្វីដែលជាស្ថានភាពជាក់ស្ដែង ឬក៏ទិដ្ឋភាពពិតនៅក្នុងទីតាំងដែលពលរដ្ឋរងគ្រោះប៉ុណ្ណឹងទេ»។
មួយថ្ងៃបន្ទាប់ពីការចោទប្រកាន់របស់តុលាការ ពោលគឺនៅថ្ងៃចន្ទនេះ សហជីព សមាគម ក្រុមយុវជន សហគមន៍មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៤ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យតុលាការទម្លាក់បទចោទ និងដោះលែង លោក សារ៉ាយ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។
ក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកការចាប់ខ្លួន និងឃុំខ្លួន លោក សារ៉ាយ ជាការបន្តបិទសំឡេង និងសេរីភាពបញ្ចេញមតិ ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពជាមូលដ្ឋានដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
យោងតាមសេចក្ដីថ្លែងការណ៍ខាងលើ អង្គការសង្គមស៊ីវិលទាំងនោះ ក៏បានទទូចឱ្យរដ្ឋាភិបាល ធ្វើការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិអ្នកការពារសិទ្ធិមនុស្ស និងបើកលម្ហសេរីភាពដល់អង្គការ សមាគម រួមទាំងលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិដើម្បីចូលរួមស្ថាបនាប្រទេសជាតិ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ក៏ស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជននយោបាយ និងសង្គម ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវបរិយាកាសប្រជាធិបតេយ្យមានភាពល្អប្រសើរនៅមុនពេលបោះឆ្នោតក្រុមប្រឹក្សានៅខែឧសភា ខាងមុខចូលមកដល់។
លោកថ្លែងថា៖ «លើសពីនេះក៏ស្នើឲ្យរាជរដ្ឋាភិបាលបើកលម្ហសេរីភាព និងនយោបាយឱ្យទូលាយ ដើម្បីធានានូវបរិយាកាសប្រជាធិបតេយ្យមុនពេលការបោះឆ្នោតអសកលខាងមុខ និងដើម្បីបង្ហាញថាកម្ពុជាបាននិងកំពុងអនុវត្ត ស្តារនិងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិ»។
កាលពីសប្ដាហ៍មុន សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនមន្ត្រីបក្សប្រឆាំងបីរូប និងប្រធានសមាគមម្នាក់។ ក្នុងនោះមាន លោក ដាង ប៊ុនហាក់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ គណបក្សឆន្ទៈខ្មែរ នៅមណ្ឌលរាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា, លោក គឹម ថាយមុន្នី ចៅសង្កាត់រងទី២ នៅសង្កាត់ស្ទឹងមានជ័យ និងលោក គឹម ហុង ចៅសង្កាត់រងទី២ សង្កាត់ផ្សារអូរឫស្សីទី៤ កូតាបក្សភ្លើងទៀន រួមទាំងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ។
ភ្លាមៗក្រោយការចាប់ខ្លួន គណបក្សភ្លើងទៀន តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន បានធ្វើការថ្កោលទោសសមត្ថកិច្ចចំពោះការចាប់ខ្លួនសមាជិករបស់ខ្លួនជាបន្តបន្ទាប់។ បក្សភ្លើងទៀន បានចាត់ទុកទង្វើនេះ ជាការគំរាមកំហែងមកលើខ្លួន ចំពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខិតជិតមកដល់។
បក្សប្រឆាំងនេះ ក៏បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការដោះលែងសមាជិករបស់ខ្លួនទាំងបីរូបនេះ ឱ្យមានសេរីភាពឡើងវិញ ក៏ដើម្បីឱ្យពួកគេអាចចូលរួមសកម្មភាពនយោបាយរបខ្លួនបានសាជាថ្មីស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងដើម្បីធានាដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នាខែឧសភាខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទន្ទឹមនេះ អ្នកនាំពាក្យស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីប្រកាសមួយថា ការចាប់ខ្លួន លោក ដាង ប៊ុនហាក់ និង លោក គឹម ថាយមុន្នី ធ្វើឡើងក្រោយសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីឈ្មោះ ម៉ែន ស្រីទូច និងទូច សំអុល ដោយប្ដឹងអ្នកទាំងពីរពីបទក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងការយកឈ្មោះរបស់គេទៅឈរឈ្មោះជាបេក្ខជនបម្រុងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ដោយមិនមានការយល់ព្រមពីសាមីខ្លួន។
បើតាមរបាយការណ៍ពី លោក លី សុធារ៉ាយុទ្ធ ឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់ខែមេសា ឆ្នាំ២០២៤ មានមន្រ្តីគណបក្សភ្លើងទៀន ចំនួន១៧នាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែពួកគេមិនមានសិទ្ធិរំលោភលើសិទ្ធិអ្នកដទៃទេ។
លោកបន្តថា ការប៉ុនប៉ងរបស់បក្សប្រឆាំងធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ គឺដើម្បីឲ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ចំពោះពួកគេ និងប្រើព្រឹត្តិការណ៍នេះវាយប្រហាររដ្ឋាភិបាល និងជំរុញឲ្យបរទេសដាក់សម្ពាធលើកម្ពុជា។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា រដ្ឋាភិបាលគួរពិចារណាស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ដើម្បីទទួលបាននូវប្រជាប្រិយភាពក្នុងការបោះឆ្នោតខាងមុខ។
លោកយល់ឃើញថាព័ត៌មានដែលលោក សារ៉ាយ បានចែករំលែក និងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានគឺស្របតាមសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៕