សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសប្រជាពលរដ្ឋបឹងតាមោកឱ្យជាប់ពន្ធនាគាររយៈពេលមួយខែ

ប្រជាសហគមន៍សំរោងត្បូងនៅតំបន់បឹងតាមោក បានដើរចេញពីតុលាការ បន្ទាប់ពួកគាត់បានស្តាប់ប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
ប្រជាសហគមន៍សំរោងត្បូងនៅតំបន់បឹងតាមោក បានដើរចេញពីតុលាការ បន្ទាប់ពួកគាត់បានស្តាប់ប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា បានសម្រេចផ្តន្ទាទោសប្រជាសហគមន៍សំរោងត្បូងចំនួនប្រាំបួននាក់នៅតំបន់បឹងតាមោកឱ្យជាប់ពន្ធនាគារចំនួនមួយខែ ពាក់ព័ន្ធនឹងបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ ដោយសារការតវ៉ារឿងជីកប្រឡាយកាល​ពី​ខែកុម្ភៈឆ្នាំមុន​។

ប្រជាសហគមន៍សំរោងត្បូងដែលបានទៅចូលរួមស្តាប់សាលក្រមនៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ បានលើកឡើងបន្ទាប់ពីចៅក្រមប្រកាសសាលក្រមថា តុលាការសម្រេចផ្តន្ទាទោសពួកគាត់រយៈពេលមួយខែ ប៉ុន្តែចៅក្រមមិនបញ្ជាក់​ថា តើទោសមួយខែនេះព្យួរ ឬក៏អត់ទេ? ដូច្នេះពួកគាត់មិនច្បាស់លាស់ជាមួយនឹងសាលក្រមនេះទេ។ ពួកគាត់បានបន្តថា ពួកគាត់សោកស្តាយដែលតុលាការបានសម្រេចឱ្យពួកគាត់មានទោស ហើយពួកគាត់បន្ថែមថា វាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់។

នៅថ្ងៃទី២៦ ខែមិថុនា ប្រជាសហគមន៍សំរោងត្បូងចំនួន​ប្រាំបួននាក់នៅតំបន់បឹងតាមោកបានចូលខ្លួនទៅតុលាការ ដើម្បីចូលរួមសវនាការលើកទី៧ របស់ពួកគេដើម្បីទប់ទល់នឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ បន្ទាប់ពីការតវ៉ារឿងជីកប្រឡាយកាលពីខែកុម្ភៈឆ្នាំមុន។ ពួក​គេ​បាន​បដិសេធ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា។

អ្នកភូមិចំនួន៨នាក់ដែលចូលរួមក្នុងសវនាការកន្លងមក រួមមាន អ្នកស្រី ទឹម អ៊ុក និងប្តីរបស់គាត់ឈ្មោះ ស៊ា សម្បត្តិ, អ្នកស្រី ស៊ា ដាវី, អ្នកស្រី គង់ តឿ, អ្នកស្រី អំ ភឿន, អ្នកស្រី អំ យ៉ុក និងអ្នកស្រី យ៉ុង ស្រីណុច ត្រូវបានចោទ​ប្រកាន់ពីបទ«ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ» ដោយមាន យន សំបូរ ជាសាក្សី។

កាលពីខែកុម្ភៈ ឆ្នាំ២០២៥ អ្នកភូមិត្រូវបានផាកពិន័យចំនួនប្រាំលានរៀល ដែលពួកគេបានបង់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីខែ (ប៉ុន្តែទោសត្រូវបានព្យួរ) ពីបទប្រើប្រាស់អំពើហិង្សាលើមន្ត្រីសាធារណៈ។

គួរបញ្ជាក់ថា​ ប្រជាសហគមន៍សំរោងត្បូង​ប្រាំបួននាក់នៅតំបន់បឹងតាមោកដែលមានពាក់ព័ន្ធនឹងវិវាទដីធ្លី បានទទួលយកសំណងដើម្បីផ្លាស់ទីពីដីរបស់ពួកគេរួចហើយ៕

194 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម