សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រាជធានីភ្នំពេញនឹងបង្កើតគន្លងផ្លូវរថយន្តក្រុងសម្រាប់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះ

រថយន្តក្រុងមួយគ្រឿងបើកតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
រថយន្តក្រុងមួយគ្រឿងបើកតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ដោយសារ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​​រាជធានី​ភ្នំពេញ​ពិបាក​ក្នុង​ការ​ធ្វើ​ចរា​ចរ​ណ៍​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែ​នាំ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​បង្កើត​គន្លងសម្រាប់​រថយន្តក្រុងសាធារណៈ​ដើម្បី​ផ្តល់​អាទិភាព​​​ដល់​ការដឹកជញ្ជូន​សាធារណៈ​។

អំឡុង​​ពិធី​បើកការដ្ឋាន​សាងសង់​គម្រោង​ស្ពាន​អាកាស​ភ្លោះ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការសាងសង់​ស្ពាន​អាកាស​ភ្លោះ​ ​ត្រូវបាន​រំពឹងថា​ នឹង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ប៉ុន្តែ​បាន​អំ​ពាវ​​នាវ​ឱ្យ​មានដំណោះ​ស្រាយ​រយៈពេល​វែង​សម្រាប់​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធា​នី​​ភ្នំពេញ ដែល​រួមទាំង​​គន្លង​ផ្លូវសម្រាប់​​រថយន្តក្រុងសាធារណៈផងដែរ​​។

លោកបានជំរុញឱ្យស្ថាប័នរដ្ឋាភិបាលរៀបចំគោលនយោបាយនា​ពេល​អនាគត​ ដើម្បី​ស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍ ដើម្បីជៀសវាងការរៀបចំប្រព័ន្ធថ្មីម្តងហើយ​ម្តងទៀតនៅពេលនិយាយអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំ ផែនការទីក្រុងគួរតែគិតគូរពីទំហំចិញ្ចើមផ្លូវ ចំនួនគន្លងផ្លូវ ក៏ដូចជាការបញ្ចូលគន្លងផ្លូវសម្រាប់​សេវាដឹកជញ្ជូន​សា​​ធារណៈផងដែរ ដោយលោកបានមានប្រសាសន៍បន្ថែម​ថា ផ្លូវថ្មីចាំបាច់​ត្រូវរៀប​ចំ​គន្លងផ្លូវ​រថយន្តក្រុងសម្រាប់សេវាដឹកជញ្ជូនសាធារណៈ​។​

លោកបញ្ជាក់​​ថា៖​ «នៅក្នុង​ផ្លូវក្រុងថ្មីៗ​ និងក្រុង​រណប ប្រព័ន្ធ​ផ្លូវ​ត្រូវ​រៀប​ចំផ្លូវបែបនេះឱ្យ​ហើយ​​​។ ប្រព័ន្ធ​ដឹកជញ្ជូនសាធារណៈ គឺសម្រាប់មនុស្សច្រើនប្រើប្រាស់​រួម​គ្នា។ ប្រើប្រាស់រួម​ ត្រូវ​មាន​អាទិភាព​»។​

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើបែបនេះនឹងដោះស្រាយការកកស្ទះ ប៉ុន្តែវិធីសាស្ត្រនេះអាចអនុវត្តបានតែនៅតំបន់ជាយក្រុង និងទីក្រុងរណប ព្រោះពិបាកពង្រីកផ្លូវក្នុងរាជធានី ដូច្នេះត្រូវរៀបចំលំហូរចរាចរណ៍ដែលមានស្រាប់​សម្រាប់យានយន្ត។

លោក​បាន​កត់​សម្គាល់​ថា៖​​ «នៅកន្លែងថ្មី ត្រូវ​រៀបចំផ្លូវ​សម្រាប់​គន្លង​ សម្រាប់​រថយន្ត​​បឹស​»។ ព្រោះបើ​មិន​រៀប​ចំ​គន្លង​ទេ​ រថយន្ត​ក្រុង​នឹង​បន្ត​បង្ក​ការ​កក​ស្ទះ​​។ ដូច្នេះ​ ​​ផ្លូវថ្មី​ត្រូវ​តែ​រៀប​ចំ​ឱ្យ​​មាន​បីគន្លង​ ហើយ​​គន្លងកៀន គឺសម្រាប់​រថយន្ត​ក្រុងសាធារណៈ​។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពិនិត្យមើលការសាងសង់រង្វង់មូល ស្ពានអា​កាស និងផ្លូវក្រោមដីបន្ថែមទៀត នៅ​ទី​តាំង​ដែលត្រូវសាងសង់។

លោក ឈុំ សម្បត្តិ អ្នកស្រាវជ្រាវវ័យក្មេងនៅវេទិកាអនាគត សង្កេតឃើញ​ថា គន្លង​ធ្វើ​ចរាចរណ៍​រួមគ្នា​នៅក្នុង​រាជធានីភ្នំពេញ មិនអាចសម្រួលចរា​ចរណ៍ ដែលមានទាំង​រថយន្តឯកជន និងរថយន្តក្រុងសាធារណៈប្រកបដោយប្រ​សិទ្ធភាពទេ​ ។ ការរួមបញ្ចូលគ្នានៃចរាចរណ៍មមាញឹក​ក្នុង​ទីក្រុង តូបលក់ដូរនិង​អាជីវកម្ម​តាមដងផ្លូវ និងគន្លង​ផ្លូវតូចចង្អៀត​ធ្វើ​ឱ្យ​រថយន្តក្រុងពិបាក​ធ្វើ​ចរាចរណ៍​ខ្លាំង​ ដែល​ក្លាយ​ជាឧបសគ្គជាជាងដំណោះស្រាយចំពោះការកកស្ទះចរាចរណ៍។

នេះគឺជាចំណុច​ដែលត្រូវ​បង្កើត​គន្លងរថយន្តក្រុង ពីព្រោះគន្លងដែលបានរៀប​ចំ​អនុញ្ញាតឱ្យរថយន្តក្រុង​ចរាចរណ៍​បានលឿន និងគ្មានការរំខាន ដោយគ្មាន​ឧប​សគ្គ​អ្វីទាំងអស់។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា គំនិតផ្តួចផ្តើមនេះគឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវជាមួយនឹងការគាំទ្រ​ពេញ​ទំហឹង​ឱ្យ​ប្រើប្រាស់មធ្យោ​​បាយដឹកជញ្ជូន​សាធារណៈជំនួសឱ្យការ​ប្រើប្រាស់​យាន​យន្តឯកជន ដែលអាចជួយសម្រួលដល់លំហូរចរាចរណ៍កាន់តែប្រសើរ និងកាត់បន្ថយការបំភាយកាបូន ប្រសិនបើអនុវត្តឱ្យបានត្រឹមត្រូវ»

បើទោះបីជាគន្លង​ផ្លូវ​រថ​យន្ត​ក្រុង​ត្រូវបានគ្រោងនាពេល​ថ្មីៗ សម្រាប់តែផ្លូវក្រវ៉ាត់ក្រុងនៅខាងក្រៅរាជធានីភ្នំពេញ និងទីក្រុងរណបក៏ដោយ ក៏គំនិតផ្តួចផ្តើមនេះអាចជួយអ្នករៀបចំផែនការអភិវឌ្ឍន៍ទី​ក្រុងទទួលបានការយល់ដឹងដ៏មានតម្លៃអំ​ពី​របៀបបង្កើត​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង និងទម្រង់នៃសេវា​ដឹកជញ្ជូន​រួមផ្សេងទៀតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូទៅ​ក្នុង​ទីក្រុងប្រកប​ដោយ​ប្រ​សិទ្ធ​ភាព។

ការកកស្ទះ​​ចរាចរណ៍​នៅ​ភ្នំពេញ​ កាលពីថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ខេមបូចា/ព្រីង​ សំរាំង)

ជុំវិញការខ្វះលទ្ធភាពក្នុងការបង្កើត​គន្លងផ្លូវក្នុងរាជធានីភ្នំពេញ លោក សម្បត្តិ បានមាន​ប្រសាសន៍​ថា បញ្ហា​នេះ​ កើតចេញពីវិធីសាស្រ្តដែល​ផ្តល់​អាទិភាព​ដល់​មធ្យោបាយ​រថយន្តឯកជន​ ជា​ពិសេស​រថយន្ត​តូច ដែល​គេចាត់​ទុក​ថា​ មាន​«ភាពចាំបាច់បំផុត»«ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​រៀប​ចំ​​ឡើង ​ដើម្បី​សម្រួល​​ដល់​រថ​យន្ត​ជាជាង​មនុស្ស»

លោកបានគូសបញ្ជាក់​ថា ការដាក់ឱ្យប្រើប្រាស់គន្លងផ្លូវ​រថយន្តក្រុងប្រហែលជាមិន​ទាន់​គ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលអ្នកធ្វើដំណើរប្តូរទៅប្រើ​សេវា​ដឹកជញ្ជូនសាធារណៈទេ លុះត្រាតែមានការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធបន្ថែមដែលធានាដល់​ការធ្វើដំណើរដ៏ងាយ​ស្រួ​ល​សម្រាប់​​អ្នក​ថ្មើរជើង។ ការងារនេះ​ក៏​រួមបញ្ចូលទាំង​ផ្លូវថ្មើរជើង​ដែលមានភ្លើងគ្រប់គ្រាន់ និងមានដំបូង​ ស្ពានថ្មើរជើង និងផ្លូវទោចក្រ​យាន​ ដែល​ភ្ជាប់​ពីចំណតរថយ​ន្ត​ក្រុងទៅកាន់គោលដៅចុង​ក្រោយ​។

លោក សម្បត្តិ មានប្រសាសន៍ថា៖ «ប្រសិនបើអ្នករៀបចំផែនការអភិវឌ្ឍន៍​ទីក្រុងប្រើប្រាស់​ដំណោះស្រាយ​តែមួយ ដែល​ពួកគាត់​បាន​ប្រើ​លើ​ការ​កសាង​ផ្លូវក្រវ៉ាត់ក្រុង និងទីក្រុងរណប ដែលផ្តល់​អាទិភាព​ចម្បង​ដល់​សេវា​ដឹកជញ្ជូនសាធារណៈនោះ​ ខ្ញុំជឿជាក់​ថា បញ្ហាស្មុគស្មាញ​នេះអាចដោះស្រាយបានយ៉ាងត្រឹមត្រូវ»

ខណៈពេលដែលផ្លូវមួយចំនួន​ក្នុងរាជធានីភ្នំពេញ ប្រហែលជាមិនធំទូលាយគ្រប់គ្រាន់សម្រាប់ការ​ធ្វើចរាចរណ៍​ទាំង​រថយន្តក្រុងសាធារណៈ និងរថយន្តឯកជននោះ ផ្លូវតូចៗអាចត្រូវបានប្តូរ​ទៅជាគន្លង​ផ្លូវរថយន្តក្រុង និងផ្លូវទោចក្រយានយន្ត ជាមួយនឹងផ្លូវដើរសម្រាប់ថ្មើរជើង ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់​សេវា​ដឹងជញ្ជូន​សាធារណៈ និងការធ្វើដំណើរដោយថ្មើរជើង ការធ្វើ​បែប​នេះ​កាត់បន្ថយ​ការពឹងផ្អែកលើការ​ប្រើប្រាស់​រថយន្តឯកជន។

លោក​បានមាន​ប្រសាសន៍​​ថា៖​ «​ខ្ញុំ​គិត​ថា ​នេះ​គឺ​ជា​ដំណើរការ​អនុវត្ត​​បន្តិចម្ដងៗ ​ដែល​​ទាមទារ​ពេលវេលា​​។ ទោះបីជា​យ៉ាងណា ដោយ​មាន​ការបង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​​ថ្មើរជើងត្រឹមត្រូវ ដើម្បី​ជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតសម្រាប់ប្រជា​ពល​រដ្ឋ​ឱ្យងាក​ទៅប្រើប្រាស់​សេវា​ដឹកជញ្ជូនសាធារណៈ ខ្ញុំជឿជាក់​ថា ចក្ខុវិស័យនៃទីក្រុង​ភ្នំពេញដែលកាន់តែបៃតង និងងាយស្រួល​សម្រាប់អ្នក​ថ្មើរជើងអាចក្លាយ​ជា​ការ​ពិត​»

នៅក្នុងអត្ថបទ​ទស្សន​វិភាគ​របស់លោក​នៅដើមឆ្នាំនេះ លោក សម្បត្តិ បានកត់សម្គាល់ថា ដើម្បីឱ្យកំណែទម្រង់ទទួលបានជោគជ័យ សហគមន៍ និងអ្នករៀប​​ចំ​គោលនយោបាយត្រូវធ្វើការរួមគ្នា។ ប្រសិនបើសេវារថយន្តក្រុងខកខាន​មិនបាន​ឆ្លើយ​តប​តម្រូវការរបស់អ្នកធ្វើ​ដំណើរ ពួកគាត់​នឹងមិនព្រម​បោះបង់យានយន្ត​របស់ពួកគាត់​ឡើយ។ ដូចគ្នានេះដែរ ប្រសិនបើមិនមានការផ្លាស់ប្តូរជាក់ស្តែង​​ដែលផ្តល់អាទិភាពដល់រថយន្តក្រុង ឬគន្លង​ផ្លូវរថយន្តក្រុង ប្រព័ន្ធដឹកជញ្ជូនសា​ធារណៈនឹង​មិនអាចជំនួសយានយន្ត​ រួមទាំងម៉ូតូបានយ៉ាងមានប្រសិទ្ធភាពទេ​​។

លោកបានបន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល និងភាគី​ពាក់ព័ន្ធផ្សេង​​ទៀត ដើម្បីកែលម្អផ្លូវថ្មើរជើង​ក្នុងរាជធានីភ្នំពេញ និងលើកកម្ពស់បណ្តាញ​​រថយន្តក្រុងនឹងប្រែក្លាយការដឹកជញ្ជូនក្នុងទីក្រុងឱ្យកាន់តែប្រសើរឡើង»

លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ មិន​បាន​ឆ្លើយ​តប​នឹង​សំ​ណួរ​ទេ។

ការ​កកស្ទះ​​ចរាចរណ៍​នៅ​ភ្នំពេញ​ កាលពីថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង​ សំរាំង)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh to Incorporate Dedicated Bus Lanes For Public Transport, Alleviate Congestion

210 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម