លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី បានលើកឡើងថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាលើប្រាក់ខែបច្ចុប្បន្ន២០០ដុល្លារក្នុងមួយខែ សម្រាប់វិស័យកាត់ដេរ វាយនភណ្ឌ និងផលិតស្បែកជើងនៅឆ្នាំក្រោយ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់កម្មករថា៖ «បងប្អូនគិតថា វាមិនគ្រប់គ្រាន់ទេ [២០០ដុល្លារ]។ នេះគឺជាការត្រឹមត្រូវ ហើយរដ្ឋាភិបាលបានទទួលស្គាល់បញ្ហានេះ ជាមូលហេតុដែលយើងខិតខំបង្កើនវាជាបណ្តើរៗ ប៉ុន្តែយើងត្រូវតែធ្វើយ៉ាងណាជាជំហាន ដើម្បីធានាដល់ការប្រកួតប្រជែង និងរក្សាកំណើនរបស់យើង»។
លោកបានបន្ថែមថា៖ «តិចឬច្រើន ប្រាក់ឈ្នួលអប្បបរមាត្រូវតែដំឡើង»។
កាលពីដើមខែនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់ក្រសួងការងារបានចាប់ផ្តើមពិភាក្សាជាមួយតំណាងសហជីព និងតំណាងនិយោជក ដោយកិច្ចប្រជុំគ្រោងនឹងដំណើរការរហូតដល់ខែតុលា។
កម្មករកាត់ដេរ និងមេដឹកនាំសហជីពបានអំពាវនាវជាយូរមកហើយឱ្យដំឡើងប្រាក់ឈ្នួលរបស់ពួកគេ ហើយបាននិយាយថា ពួកគេចង់បានការដំឡើងយ៉ាងហោចណាស់២០ដុល្លារ ដើម្បីទប់ទល់នឹងអតិផរណា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានមានប្រសាសន៍ថា៖ «យើងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលកម្មករជួបប្រទះ ដូចជាអតិផរណា ប្រាក់ចំណូលទាប តម្លៃចំណាយលើជីវភាពប្រចាំថ្ងៃ ថ្លៃទឹកនិងថ្លៃភ្លើងខ្ពស់»។
លោកបានបន្ថែមថា៖ «វាជាដំណឹងល្អ ប្រសិនបើប្រាក់ឈ្នួលអប្បបរមានឹងកើនឡើង២០ដុល្លារ ប៉ុន្តែប្រសិនបើមានការដំឡើងបន្ថែមទៀត វាកាន់តែល្អប្រសើរសម្រាប់កម្មករ»។
លោក ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ពុជា ដែលតំណាងឲ្យនិយោជកក្នុងកិច្ចចរចាដែលកំពុងបន្តរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរាបានមានប្រសាសន៍ថា៖ «និយោជកបានយល់ព្រមតាមសំណើរបស់ឯកឧត្តម [ហ៊ុន ម៉ាណែត]តិច ឬច្រើនក្តីក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៤»។
លោកបានបន្ថែមថា៖ «និយោជករបស់យើងមើលមិនឃើញចំណុចវិជ្ជមានណាមួយដែលត្រូវដំឡើង [ប្រាក់ឈ្នួលអប្បបរមា]ទេ ប៉ុន្តែយើងទទួលស្គាល់ការកើនឡើងនៃអតិផរណាដែលកម្មកររបស់យើងកំពុងប្រឈមមុខ។ ដូចដែលយើងបានឃើញរោងចក្រខ្លះអត់មានអ្នកណាម្នាក់ធ្វើការថែមម៉ោងទេ ជួនកាលពួកគេបានព្យួរការងារកម្មករ ដើម្បីឲ្យរោងចក្រមានលទ្ធភាពបន្តដង្ហើម [រស់]»។
លោកបានចង្អុលបង្ហាញថា ទីផ្សារសកលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏លំបាក រួម ទាំងការធ្លាក់ចុះនៃការបញ្ជាទិញពីអឺរ៉ុប និងសហរដ្ឋអាមេរិក និងការចំណាយលើថ្លៃដឹកជញ្ជូនខ្ពស់សម្រាប់ការនាំចេញផលិតផល។
លោក សុធី បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភអំពីការដំឡើងប្រាក់ឈ្នួលនៅកម្ពុជា អំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចមិននឹងន ដែលបានធ្វើឱ្យការបញ្ជាទិញពីយីហោអឺរ៉ុប និងសហរដ្ឋអាមេរិកធ្លាក់ចុះ ដែលឈានទៅដល់ការបិទរោងចក្រ។
លោក សុធី បានថ្លែងថា៖ «វានឹងពិបាកដែលមានតម្លៃទីផ្សារប្រកួតប្រជែង ពីព្រោះប្រទេសផ្សេងទៀតដែលមានប្រាក់ឈ្នួលទាបជាងប្រទេសរបស់យើង ហើយការដឹកជញ្ជូនរបស់យើងមានតម្លៃថ្លៃ ដូច្នេះយើងបារម្ភថា អ្នកវិនិយោគនឹងចាកចេញពីប្រទេសរបស់យើង»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរនៅកម្ពុជា (TAFTAC) បានបន្ទរពីកង្វល់ទាំងនេះ ដោយលើកហេតុផលថា តម្លៃពលកម្មទាបនៅកម្ពុជា គឺជាការទាក់ទាញដ៏ធំបំផុតសម្រាប់វិនិយោគិន។
លោកបានបញ្ជាក់ថា៖ «តាមស្ថានភាពសេដ្ឋកិច្ច មិនអាចដំឡើងបានទេ។ ការពិភាក្សាបច្ចុប្បន្ន នៃការចរចាគួរតែស្ថិតនៅក្នុងបរិបទនៃរបៀបដែលវិស័យនេះអាចងើបឡើងវិញនៅឆ្នាំ២០២៤ ដែលនាំការងារត្រឡប់មកវិញ និងម៉ោងធ្វើការពេញលេញ»។
លោកបានបន្ថែមថា ឧស្សាហកម្មនេះអាចកាត់បន្ថយការចំណាយលើការដឹកជញ្ជូនជាដើម។
លោក ម៉ូនីកា បានលើកឡើងថា លោកមិនរំពឹងថា ទស្សនវិស័យរបស់វិស័យនេះនឹងមានភាពប្រសើរឡើងនៅឆ្នាំក្រោយទេ ដោយសារតែកំណើនសេដ្ឋកិច្ចពិភពលោកយឺត ហើយនៅតែមានអត្រាអតិផរណាខ្ពស់។
លោក ម៉ូនីកា បានបន្ថែមទៀតថា៖ «ប្រសិនបើការបញ្ជាទិញត្រឡប់មកវិញនៅឆ្នាំ២០២៤ យើងក៏ត្រូវដេញថ្លៃប្រជែងនឹងប្រទេសផ្សេងទៀតដែលស្រេកឃ្លានការបញ្ជាទិញផងដែរ» ដោយចង្អុលបង្ហាញថា ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាគឺខ្ពស់ជាងប្រទេសមួយចំនួនដូចជាបង់ក្លាដែស និងឥណ្ឌា។
លោក ជៀន ក្រឹម ដែលធ្វើការនៅរោងចក្រកាត់ដេរមួយនៅទីក្រុងភ្នំពេញបាននិយាយថា ប្រាក់បៀវត្សរ៍បច្ចុប្បន្នរបស់លោក«មិនគ្រប់គ្រាន់សម្រាប់គ្រួសាររបស់ខ្ញុំទេ» ជាពិសេសការឡើងថ្លៃសាំង និងការសិក្សាកូនៗរបស់លោក។ លោករំភើបចិត្តពេលបានឮការលើកឡើងរបស់លោក ម៉ាណែត ក្នុងការដំឡើងប្រាក់ឈ្នួល។
លោក ក្រឹម បានឱ្យដឹងថា៖ «វាជាដំណឹងល្អសម្រាប់ពួកយើងជាកម្មកររោងចក្រដែលនេះអាចជួយកម្មករទាំងអស់ដែលបានរងផលប៉ះពាល់ ពីព្រោះប្រាក់ខែបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់គ្រួសារខ្ញុំទេ។ ខ្ញុំចង់បានការដំឡើងប្រាក់ខែពី២៣០ ដុល្លារទៅ២៥០ដុល្លារ ដូច្នេះខ្ញុំអាចមានអាហារគ្រប់គ្រាន់ លុយសម្រាប់បង់ថ្លៃផ្ទះជួល និងបង់បំណុលធនាគារទាន់ពេល ថ្លៃទឹក និងភ្លើង»។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Hun Manet Promises to Raise Garment, Textile and Footwear Industry’s Minimum Wage Next Year