សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមត្ថកិច្ច​រឹបអូសសារធាតុញៀន​ជាង​៥តោន និងឃាត់ខ្លួន​ជនសង្ស័យជាង ​១០ ០០០​នាក់​ក្នុងពេល៦ខែ

មន្ត្រីដុតសារធាតុញៀនខុសច្បាប់ក្នុងពិធីមួយនៅកោះពេជ្ររាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
មន្ត្រីដុតសារធាតុញៀនខុសច្បាប់ក្នុងពិធីមួយនៅកោះពេជ្ររាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អាជ្ញាធរ​ថ្នាក់ជាតិ និង​​ក្រោម​ជាតិ​ បាន​បង្ក្រាប​​បទ​ល្មើស​គ្រឿងញៀន​ចំនួន ​៤ ៧១៨​ករណី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ​១១ ៧៨០​នាក់ ក្នុង​នោះ​មាន​ស្រ្តី​៩៤៥​នាក់​។ ថ្នាំ​ញៀន​ប្រហែល​៥តោន និង​គ្រឿ​ផ្សំ​សារធាតុ​ញៀន​ចំនួន​២២៥​គីឡូក្រាមត្រូវ​បាន​រឹបអូស ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៤​។ នេះ​បើ​តាម​លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន(NACD)​ ផ្ដល់​បទ​សម្ភាសន៍​ដល់​ ខេមបូចា​។​

បើ​ធៀប​នឹង​​ឆ្នាំ២០២៣ ចំនួន​នេះ​នៅ​តែ​ខ្ពស់ ដែល​មាន​​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​បរិមាណ​សរុប​ក្នុង​ឆ្នាំ​២០២៣។ ខណៈដែលសង្គម​ស៊ីវិល​មើល​ឃើញ​ថា​បញ្ហា​ថ្នាំញៀន​កំពុង​ក្លាយ​ជា​បញ្ហា​ធំ​មួយ​នៅក្នុងសង្គមកម្ពុជា។​

របាយការណ៍​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនក្នុង​ឆ្នាំ​២០២៣​ បានបង្ហាញថា អាជ្ញាធរ​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​សរុប​ចំនួន​៨ ០៦៣​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​២០ ០០២​នាក់។ ថ្នាំញៀន​ខុសច្បាប់​ជាង​បី​តោន​ត្រូវ​រឹប​អូស និង​ថ្នាំ​ជាង​៣៤៧​តោន និង​សារធាតុ​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​១ ០២៧ គ្រាប់ត្រូវ​បាន​ដុត​បំផ្លាញ​។​

យុទ្ធសាស្រ្ត​ប្រឆាំង​គ្រឿង​ញៀន​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រួម​មាន​កាត់បន្ថយ​​តម្រូវការ និង​ការ​ផ្គត់ផ្គង់ ពង្រឹង​ការ​ព្យាបាល ស្ដារនីតិសម្បទា សមាហរណកម្ម និង​ការអនុវត្ត​ច្បាប់ ក៏​ដូចជា​ពង្រីក​កិច្ច​សហប្រតិបត្តិការអន្តរជាតិ និង​ពង្រឹង​យន្តការ​ពហុវិស័យ​នៅ​កម្រិត​ថ្នាក់​ក្រោម​ជាតិ​។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ធ្វើ​ឡើង​ចំនួន​ ៥៥ ៣០៥​ដង ក្នុង​នោះ​មនុស្ស ​១២០ ៣០៧​នាក់​ត្រូវ​ឃាត់​ខ្លួន និង​ថ្នាំញៀន​ ២៧ ៦៤១គីឡូក្រាម​ត្រូវ​បាន​រឹប​អូស​។ មន្ត្រី​អនុវត្ត​ច្បាប់​ក៏​បាន​ដក​ហូត​សារធាតុ​គីមី ៥២ ០០៥​គីឡូក្រាម ​សម្ភារ និង​បរិក្ខា​មួយ​ចំនួន​ផង​ដែរ នៅ​ឆ្នាំ​២០១៧ និង​២០២៣។

ក្នុង​រយៈ​ពេល​ដូចគ្នានេះ សមត្ថកិច្ច​បាន​ស៊ើប​អង្កេត និង​បង្ក្រាប​សម្បុកជនសង្ស័យចំនួន៤៣៥ កន្លែង ចាប់​មេខ្លោង១៦៤នាក់ និងសមាជិកបណ្តាញ៨១១នាក់ និងបាន​រៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

«តម្រុយបាន​ពីចោរលួចខ្សែភ្លើង»

កាល​ពី​ថ្ងៃទី​២១ ខែកក្កដា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ស្ទឹង​ត្រែង​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ ចែក​ចាយ និង​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់។ អ្នក​ពាក់​ព័ន្ធ​ពីរ​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​ចាប់ខ្លួន​ផង​ដែរ​។​

អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង លោក ឈុំ ស៊ាងហាក់ បានថ្លែង​ថា​អំឡុង​ពេល​ឃាត់​ខ្លួន​នោះ​​សមត្ថកិច្ច​រឹប​អូស​បាន​ប្រាក់​ចំនួន​៤០ ០០០​ដុល្លារ និង​ក្រ​ដាស​ប្រាក់​ក្លែង​ក្លាយចំនួន​១៧៨ ១០០​ដុល្លារ​។​

​អ្នក​ទាំង​នោះ​រួម​មា​ន​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្តស្ទឹង​ត្រែង​លោក ចែម ផានិត អនុប្រធាន​របស់​លោក ឈ្មោះ ឃឹម​ លាង ខាន់ និង​ចាន់ រដ្ឋា ត្រូវ​បញ្ជូន​ទៅឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹង​ត្រែង​រង់​ចាំនីតិវិធី​បន្ត​។​

លោក អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ប្រាប់​ ខេមបូចា​ ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​តាម «តម្រុយ​របស់​ចោរលួច​ខ្សែភ្លើង»។

លោក​បាននិយាយថា៖ «ការអនុវត្តនេះបើនិយាយឱ្យខ្លីទៅ គឺចាប់តាមចម្លើយសារភាពរបស់ចោរលួចខ្សែភ្លើងប៉ុន្មាននាក់នោះដែលវាប្រើប្រាស់គ្រឿងញៀន​ […] បើនិយាយពីភស្តុតាងថាគាត់ [ផានិត] ទៅលក់ដូរ​​ ចែកចាយ [គ្រឿងញៀន] អីហ្នឹងគឺអត់មានទេ»។​

លោក ស៊ីវុត្ថា លើក​ឡើងថា ចំពោះក្រដាសប្រាក់ក្លែងក្លាយនោះ លោក ផានិត ទុកប្រើ «សម្រាប់តែគោលបំណងប្រតិបត្តិការប៉ុណ្ណោះ» «មិនមែនសម្រាប់យកទៅចាយនោះទេ» ខណៈដែលរូប​លោក​ជាប្រធានការិយាល័យមួយ​រូប​។

កាល​ពី​ថ្ងៃទី​១៧ ខែកក្កដា អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​បាន​ចាប់​ខ្លួន​ចោរ​លួច​ខ្សែភ្លើង​ចំនួន​៦​នាក់ ហើយ​ពួក​គេ​ក៏​បាន​សារភាព​ថា ​មាន​ «ទំនាក់ទំនង​» ជាមួយ​លោក ចែម ផានិត និង​សហការីផ្សេង​ទៀត​។​

លោក សន ជ័យ ​នាយកប្រតិបត្តិ​​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) បាន​និយាយថា ​ការបង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ហាក់​នៅ​មាន​ប្រសិទ្ធភាព​តិចតួច​នៅ​ឡើយ​។ ខណៈដែលករណី​គ្រឿង​ញៀន​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយពីព្រោះ​ថា អ្នក​ទទួល​ខុស​ត្រូវ​ខ្លះ​បាន​រឹបអូស​ថ្នាំញៀន ហើយ​បែរ​ជា​ធ្វើ​ការ​ជួញ​ដូរ​ជាមួយ​ជនល្មើស​ទៅ​វិញ។​

លោក​បន្តថា៖ «មានតែវិធានការបង្ក្រាបមិនរើសមុខទេ ​បង្រ្កាបមិនរើសមុខ ជាពិសេសត្រូវពិនិត្យមើលនៅក្នុងខ្សែបណ្តាញ នៅក្នុងជួរអ្នកដែលបង្រ្កាបគ្រឿងញៀន […] យើងត្រូវសិក្សា ស៊ើបអង្កេតស៊ីជម្រៅមួយ»។​

លោក​បន្ថែម​ថា៖ «បើសិនជារកឃើញក្រុមណាមួយដែលមានបង្កើតជាខ្នងបង្អែកសម្រាប់ពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនត្រូវតែបង្រ្កាប ត្រូវតែយកមកប្រឈមមុខនឹងផ្លូវច្បាប់»។ លោក​ថា​ច្បាប់​ត្រូវ​តែ​មាន​ប្រសិទ្ធភាព​លើ​មនុស្សគ្រប់​គ្នា​ដោយគ្មាន​ការ​លើក​លែង​។​

បន្ថែម​ពី​នេះលោកថា ការ​ស៊ើប​អង្កេត​គួរ​តែធ្វើ​ឡើង​ជា​ទៀង​ទាត់​លើ​កន្លែង​សេវា​កម្សាន្ត ដែល​អាច​ជា​ជង្រុក​នៃ​បទល្មើស​។ លោក​បន្តថា៖ «​ត្រូវតែមានវិធានការស៊ើអង្កេតជាប្រចាំទៅលើរង្គសាល ទៅលើក្លឹបកម្សាន្ត មួយចំនួនដែលពង្វក់ក្មេងៗហ្នឹង កន្លែងហ្នឹង គឺជាមុខសញ្ញាមួយដែលពួកគេអាចប្រើប្រាស់គ្រឿងញៀនបាន»។​

លោក​បន្តថា៖ «​បើមនុស្សហ្នឹងញៀនទៅកាប់សម្លាប់គេ ញៀនហើយទៅបង្កអំពើអបាយមុខ អ្នកខ្លះខឹងម៉ែឪ សុំលុយទិញគ្រឿងញៀនមិនបានទៅដុតផ្ទះដុតអី សុទ្ធតែជាជំងឺសង្គមមួយដែលពិបាកព្យាបាល ហើយមានផលប៉ះពាល់ធ្ងន់ធ្ងរ​»។  លោក កត់​សម្គាល់​ថា ថ្នាំញៀន​ជា​ដើម​ចម​នៃ​បទ​ល្មើស​ជា​ច្រើន​។​

អាជ្ញាធរកំពុងរៀបចំដុតបំផ្លាញគ្រឿងធាតុញៀនខុសច្បាប់ ក្នុងឱកាសទិវាអន្តរជាតិប្រឆាំងការជួញដូរសារធាតុញៀនខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ (ខេមបូចា/ព្រីង សំរាំង)

ពិនិត្យ​ទឹក​នោម​ជា​ប្រចាំ​

នាយក​ដ្ឋា​ន​ប្រឆាំង​គ្រឿង​ញៀន​បាន​ធ្វើប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញ​ដូរ​ថ្នាំញៀន​ឆ្លង​ដែន កាល​ពី​ថ្ងៃទី​២១ ខែកក្កដា និង​បាន​ចាប់​ខ្លួន​បុរសជា​ជនជាតិ​ចិន​ពីរ​នាក់​មាន​មួយ​ឈ្មោះ Tao Wei អាយុ​៤១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ He Xiogfeng អាយុ​៤២​ឆ្នាំ និងបាន​រឹបអូស​ថ្នាំញៀន​ជាង​២០០​គីឡូក្រាម​។​

ប្រតិបត្តិការនេះ​ធ្វើ​ឡើង​រួម​គ្នា​រវាង​សមត្ថកិច្ច​ខេត្ត​កណ្ដាល និង​រាជធានីភ្នំពេញ​​ ដោយ​ចាប់ផ្ដើម​ស៊ើប​អង្កេត​ចេញ​ពី​ខេត្ត​កណ្ដាល និង​នាំ​ឲ្យ​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ក្នុង​ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ​។​

កម្លាំង​ពិសេស​បានបន្ត ប្រតិបត្តិការដោយ ឃាត់ខ្លួន​​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ខណ្ឌ​ចម្ការមន រឹបអូស​ថ្នាំញៀនជាង​២០០​គីឡូក្រាម រថយន្តពីរគ្រឿង និង​ទូរសព្ទ​ពីរគ្រឿង​។ នេះបើយោងទៅតាមទំព័រហ្វេសប៊ុក​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

​អ្នកនាំពាក្យ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក អ៊ិន សុង ប្រាប់​ខេមបូចា​ថា​ អាជ្ញាធរ​បាន​ប្រើ​ប្រាស់​វិធានការ​ជា​ច្រើន​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន ក្នុង​នោះ​រួម​មាន​សហការជាមួយ​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ជាប់​ព្រំ​ដែន​ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​។​

លោក​បានថ្លែងថា៖ «ពីខែមករាដល់ខែ​ក្កដា​ក្នុង​ឆ្នាំនេះ សំណុំរឿង [ថ្នាំញៀន] ធំៗ​ចំនួន​៧៧ ត្រូវ​បំបែក»។ លោក​បន្ថែមថា​ករណី​សរុប​មាន ​៥ ២២០ ត្រូវ​បាន​កត់ត្រា និង​មាន​ជនសង្ស័យ​១២ ៦០៥​នាក់​ត្រូវ​ឃាត់​ខ្លួន​។​

លោក​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បានលើកឡើងថា​ ថ្វីបើមាន​ការ​​បង្ក្រាប​ការជួញដូរ និង​ការ​ប្រើ​ប្រាស់​ថ្នាំញៀន​នៅ​កម្ពុជា​ទំនង​ជា​មិន​ថយ​ចុះច្រើន​នោះទេ។ ដូច្នេះអាជ្ញាធរ​ត្រូវ​ខិត​ខំ​បង្ក្រាប​ និង​ទប់​ស្កាត់​ការជួញ​ដូរ​បន្ថែម​ទៀត​។​

លោក​បន្ថែម​ថា ​បញ្ហាថ្នាំញៀន​គឺ​ជា​បញ្ហា​មាន​យូរ​មក​ហើយ និង​ពិបាក​ដោះស្រាយ ​ជា​បទល្មើស​ឆ្លងដែន និង​កើត​ឡើង​ដោយសារ​កត្តា​មួយ​ចំនួន​។ យ៉ាងណា លោក​ថា ការ​ប្រើ​ប្រាស់​បទ​ពិសោធន៍​របស់​ប្រទេស​ដទៃ អាជ្ញាធរ​ត្រូវធានាថា​កម្លាំងអនុវត្តច្បាប់ «ត្រូវ​តែស្អាតស្អំ» ដើម្បី​ទប់ស្កាត់​ថ្នាំញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​។​

លោក​បន្ថែមថា៖ «​ការធ្វើតេស្តទៅលើមន្ត្រីរាជការស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ​​ជា​វីធី​ទប់​ស្ដាត់គ្រឿញៀន និង​ជា​វិធានការ​ចាំ​បាច់​ក្នុង​ការធានាពី​ភាព​ស្អាត​ស្អំ​របស់​មន្ត្រី​អនុវត្ត​ច្បាប់»។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ​។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Police Seize Over Five Tons of Drugs, Nab 10,000 People In First Half of 2024

174 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម