នៅតំបន់មុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ផ្សេងទៀតដែលកំពុងប្រឈមនឹងការកើនឡើងចំនួនអ្នកប្រើប្រាស់ និងលក់ថ្នាំញៀន។ ដោយសារតែប្រជាពលរដ្ឋមើលឃើញពីផលប៉ះពាល់លើសុខភាព និងសុវត្ថិភាព សារនយោបាយជាច្រើនបានលើកឡើងពីការលុបបំបាត់ការជួញដូរគ្រឿងញៀន ដែលជាសារនយោបាយសំខាន់បំផុតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។
អ្នកស្រី យស់ ធារី វ័យ ៥៥ឆ្នាំបានលើកឡើងថា៖ «អ្នកភូមិផ្សេងទៀតចង់ឲ្យមានការលុបបំបាត់បញ្ហាការជួញដូរគ្រឿងញៀនឲ្យបានទាំងស្រុង…វាជារឿងល្អដែលគ្រប់គណបក្សនយោបាយមានគោលនយោបាយលុបបំបាត់គ្រឿងញៀន ពីព្រោះយើងចង់បានតែសន្តិសុខទេ»។
អ្នកស្រីឲ្យដឹងទៀតថា ស្ទើរតែរាល់ថ្ងៃ អ្នកស្រីបានឃើញនគរបាលបង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ យ៉ាងណាអ្នកស្រីថា បញ្ហានៅតែបន្តកើតមានដដែល។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំអាណិតក្មេងៗដែលប្រើគ្រឿងញៀនណាស់។ ខ្ញុំតែងតែឃើញក្មេងៗពាក់អាវសិស្សសាលាមកទីនេះដើម្បីទិញថ្នាំញៀន…[ប៉ុន្តែ]ការឃុបឃិតរវាងប៉ូលិស និងអ្នកលក់គ្រឿងញៀន គឺជាហេតុផលមួយដែលនាំឱ្យមានការចរាចរគ្រឿងញៀននៅក្នុងភូមិ»។
ជាមួយនឹងសញ្ញាដែលអាចថាកម្ពុជាកំពុងក្លាយជាប្រទេសមានការលួចផលិតសារធាតុញៀន ក៏ដូចជាកន្លែងដែលគ្រឿងញៀនឆ្លងកាត់។ បញ្ហានេះបានធ្វើឲ្យ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះបានបង្ហាញការតាំងចិត្តរបស់ខ្លួនក្នុងការលុបបំបាត់ការប្រើប្រាស់ និងការជួញដូរសារធាតុញៀនខុសច្បាប់ពីថ្នាក់មូលដ្ឋាន។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មានប្រសាសន៍ថាបញ្ហាគ្រឿងញៀនខុសច្បាប់គឺជាបញ្ហាគួរឲ្យបារម្ភមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកបន្ថែមថា៖ «វាគ្រោះថ្នាក់បំផុត ប៉ះពាល់ជីវិតប្រចាំថ្ងៃ អនាគតយុវជន និងបង្កបញ្ហាអសន្តិសុខនៅមូលដ្ឋាន»។
លោក ថាច់ សេដ្ឋា លើកឡើងទៀតថា ការប្រយុទ្ធប្រឆាំងនឹងគ្រឿញៀនខុសច្បាប់នៅថ្នាក់មូលដ្ឋានទាមទារឲ្យមានការពង្រឹងសមត្ថភាពនគរបាលមូលដ្ឋាន ផ្ដល់ប្រាក់ខែល្អប្រសើរ និងបង្កើនការអនុវត្តច្បាប់ការពារកុំឲ្យមានអំពើពុករលួយ។
លោកមានប្រសាសន៍ថា៖ «វាជារឿងសំខាន់ណាស់ដែលអាជ្ញាធរត្រូវជាអ្នកស្អាតស្អំ និងមិនពុករលួយ ដូចនេះយើងអាចបង្ក្រាបបានហើយ»។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានប្រសាសន៍ដែរថា ការយកចិត្តទុកដាក់លើបញ្ហារាលដានគ្រឿងញៀនគឺជានយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយផ្សេងទៀតរបស់បក្សលោក។ លោកក៏បានលើកឡើងដែរថា អំពើពុករលួយជាបញ្ហាចម្បងបំផុតមួយ។
លោកមានប្រសាសន៍ថា៖ «អំពើពុករលួយជាមួលហេតុសំខាន់នៅពីក្រោយការរាលដាននៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀនទៅកាន់ភូមិនានា និងឃុំ–សង្កាត់» ដោយលោកបន្ថែមថា៖ «យើងត្រូវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាពិសេសយើងត្រូវចាប់ផ្ដើមពីខ្លួនយើង គឺជាមេឃុំចៅសង្កាត់ល្អ និងស្អាតស្អំ គឺយើងមិនត្រូវសហការ ឃុបឃិត និងមិនត្រូវយកលុយ ពីឈ្មួញដែលជួញដូរគ្រឿងញៀនទេ»។
លោកបន្តថាមេឃុំរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបង្កើតគណៈកម្មការតាមដានមួយដែលមានការចូលរួមពីប្រជាពលរដ្ឋនៅគ្រប់ឃុំ ដើម្បីតាមដានឃ្លាំមើលការគ្រប់គ្រងការងារផ្សេងៗរបស់ថ្នាក់ដឹកនាំឃុំ។
ជាមួយគ្នានេះដែរគណបក្សប្រជាជនកម្ពុជា ដែលកាន់កាប់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីឆ្នាំ២០១៧ ហើយអាសនៈរបស់បក្សនេះត្រូវបែងចែកទៅកាន់បក្សផ្សេងៗទៀតនោះ ក៏បានសន្យាការពារមិនឲ្យមានគ្រឿងញៀនរាលដាលក្នុងសហគមន៍នោះទេបើសិនជាបក្សខ្លួនបានជាប់ឆ្នោតជាថ្មី។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថាគណបក្សបានពង្រឹងគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកមានប្រសាសន៍ថា៖ «យើងបាននិងកំពុងចាត់វិធានការគ្រប់រូបភាពទៅនឹងសកម្មភាពគ្រឿងញៀនខុសច្បាប់។ យើងមិនបានព្រងើយកន្តើយនឹងបញ្ហាទេ»។
លោកបន្តថា៖ «គណបក្សកាន់អំណាចមិនលើកលែងរាល់សកម្មភាពទាក់ទងនឹងគ្រឿងញៀនខុសច្បាប់ ហើយអាជ្ញាធររបស់យើងបានតាមមើលជាប្រចាំ ហើយបើមានករណីគ្រឿងញៀនកើតឡើង អាជ្ញាធរក៏បង្ក្រាប»។
ប៉ុន្តែ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ិនប៉ិច បានកត់សម្គាល់ឃើញថា ទោះជាមានគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្ដី តែការរាលដាលគ្រឿងញៀននៅតែកើតមាន ពិសេសនៅតំបន់ដាច់ស្រយាល និងសហគមន៍ក្រីក្រ។
លោកបន្ថែមថា៖ «អំពើពុករលួយនៅមូលដ្ឋាន គឺជាបញ្ហាដែលយើងត្រូវរួមគ្នាទប់ស្កាត់…យើងត្រូវតែលុបបំបាត់អំពើពុករលួយ ពិសេសបក្សពួកនិយមដែលរារាំងដល់ការអភិវឌ្ឍសហគមន៍»។
បើតាមអង្គការ UNODC កម្ពុជាបានក្លាយជាប្រទេសសម្រាប់ការចរាចរឆ្លងកាត់សារធាតុញៀនខុសច្បាប់។ នៅលើវិបសាយរបស់ខ្លួន UNODC បានសរសេរថា «ចំនួនអ្នកប្រើប្រាស់ថ្នាំញៀន ពិសេសប្រភេទអំហ្វេតតាមីនសម្រាប់រំញោចអារម្មណ៍ បានកើនឡើងយ៉ាងខ្លាំង»។
កាលពីថ្ងៃទី១៩ ខែឧសភា មន្ត្រីប្រឆាំងការជួញដូរគ្រឿងញៀន បានរកឃើញរោងចក្រផលិតសារធាតុញៀនចំនួនបីកន្លែងនៅខេត្តកំពង់ស្ពឺ និងភ្នំពេញ ដោយរឹបអូសបានសារធាតុញៀន ១ ៤០០គីឡូក្រាម និងសារធាតុគីមីផ្សេងទៀតជាង ១១តោន ព្រមទាំងបានចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួនបួននាក់ពាក់ព័ន្ធនឹងករណីនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីដើមឆ្នាំនេះ បានបញ្ជាទៅកាន់អាជ្ញាធរឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួយដូរថ្នាំញៀន។
ការកើនឡើងការផលិតសារធាតុញៀនក្នុងស្រុក និងការជួញដូរ បាននាំឲ្យមានការកើនឡើងបទល្មើសផ្សេងៗក្នុងចំណោមអនីតិជន។ លោក ស ខេង កត់សម្គាល់ថា នៅឆ្នាំ២០២១ ក្មេងមិនគ្រប់អាយុចំនួ ១ ៤២២នាក់ត្រូវបានចាប់ខ្លួន ហើយពួកគេភាគច្រើនពាក់ព័ន្ធនឹងគ្រឿងញៀន។ បើតាម លោក ស ខេង អាជ្ញាធរកម្ពុជាបានចាប់ខ្លួនមនុស្ស ១៣ ៩៧៩នាក់ ក្នុងសំណុំរឿងថ្នាំញៀនចំនួន ៦ ៣០៨ករណី នៅឆ្នាំ២០២១។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ថា ANSA មានប្រសាសន៍ថា បើតាមរបាយការណ៍ថ្មីៗនេះរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រឿងញៀនខុសច្បាប់នៅតាមភូមិមានការកើនឡើង។
លោកបន្ថែមថា ការបង្កើតឲ្យមានគោលនយោបាយច្បាស់លាស់នៅថ្នាក់មូលដ្ឋានសម្រាប់ប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការជួញដូរ គឺជារឿងចាំបាច់បំផុត។
លោកបានបន្ថែមថា៖ «ប្រជាពលរដ្ឋបារម្ភខ្លាចកូនចៅពាក់ព័ន្ធនឹងគ្រឿងញៀន…ការចរាចរគ្រឿងញៀន ក៏ដូចជាល្បែងស៊ីសង នៅឯមូលដ្ឋាន គឺពិតជាមានទំនាក់ទំនងជាមួយនឹងអំពើពុករលួយ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Political parties pledge to eliminate illegal drug trafficking ahead of commune election