តំណាងសហគមន៍បឹងត្របែក អ្នកស្រី ហួរ សៀកលន ដែលកំពុងអង្គុយនៅក្នុងផ្ទះរៀបចំចិតបន្លែសម្រាប់ធ្វើម្ហូបដោយទឹកមុខក្រៀមក្រំបានប្រាប់ ខេមបូចា ថា ប្រជាពលរដ្ឋជាង៤០គ្រួសារ មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ ទោះបីជាមានការសន្យាពីអាជ្ញាធរថានឹងផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់បន្ទាប់ពីបោះឆ្នោតជាតិរួច។
អ្នកស្រី សៀកលន រស់នៅភូមិទី៤ សហគមន៍បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ រស់នៅតំបន់នេះជាង ២០ឆ្នាំមកហើយ អ្នកស្រីបានឱ្យដឹងថា៖ «ការរស់នៅក្នុងតំបន់ក្រីក្រវាលំបាកណាស់ទៅហើយ ទាំងបរិស្ថាន និងសុវត្ថិភាព ប៉ុន្តែអ្វីដែលខ្ញុំបារម្ភជាងនេះ គឺបញ្ហាប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ខ្ញុំមិនដឹងទៅរស់នៅទីណានោះទេ»។
កាលពីខែកញ្ញា អង្គការសមាគមធាងត្នោតបានចេញផ្សាយរបាយការណ៍ស្តីពី លំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០២៣ ដែលមានកម្រាស់៧៣ទំព័រ ដែលសរុបមកការស្ទង់មតិរបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញ។
បើតាមរបាយការណ៍នេះការតាំងទីលំនៅប្រជាជនក្រីក្រនៅរាជធានីភ្នំពេញបានរកឃើញថា ការតាំងទីលំនៅក្រីក្រក្នុងទីក្រុងចំនួន១៩១តំបន់ ដែលមានការធ្លាក់ចុះនៅក្នុងទីក្រុងបើប្រៀបធៀបការស្រាវជ្រាវឆ្នាំ២០២៣ទៅ និងរបាយការណ៍ស្រាវជ្រាវឆ្នាំ២០១៧។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោតបានប្រាប់ ខេមបូចា នៅថ្ងៃចន្ទនេះថា ជារួម យើងឃើញការថយចុះនៃចំនួនលំនៅដ្ឋានក្រីក្រពី២៧៧មក១៩១តំបន់ ឃើញថា មានការធ្លាក់ចុះនេះ «ដោយសារតែការបណ្តេញចេញ និង ចាក់ដីលុបបឹង និងមានផលផ្សេងៗទៀត ប៉ុន្តែបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋនៅតែមានសម្រាប់របាយការណ៍ឆ្នាំ២០២៣ធៀបនឹងរបាយការណ៍មុនៗ»។ លោកបានបន្តថា៖ «យើងឃើញមានករណីបណ្តេញចេញដោយបង្ខំកន្លងមកនេះ វាជាកត្តាដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែលំបាក ខាតបង់ពេលវេលា ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត បាត់បង់មុខរបរ គ្មានប្រភពចំណូលដែលពួកគេធ្លាប់តែអាស្រយ័ផលនៅសហគមន៍ដែលពួកគេរស់នៅ និងប៉ះពាល់ដល់ការសិក្សារបស់កុមារនៅតំបន់ទាំងនោះ»។
លោក សារ៉ន បានលើកឡើងថា ចំពោះបណ្ណកម្មសិទ្ធិដីធ្លី បញ្ហាមិនទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ប្រជាពលរដ្ឋរស់នៅតំបន់ក្រីក្រប្រឈមនឹងបញ្ហាការបណ្តេញចេញដោយបង្ខំ ដែលវាប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋក្រីក្រ ក្នុងការទទួលបានសិទ្ធិរស់នៅត្រឹមត្រូវសមរម្យ។
យោងតាមរបាយការណ៍ដដែលមានតែ៣៧%នៃការតាំងទីលំនៅក្រីក្របានរាយការណ៍ថា សម្រាប់គ្រួសារក្រីក្រទាំងអស់នៅក្នុងសហគមន៍របស់ពួកគេ និងបានបង្ហាញថាគ្រួសារក្រីក្រជាច្រើនកំពុងបាត់បង់ឱកាសទទួលបានអត្តសញ្ញាណបណ្ណគ្រួសារក្រីក្រ។
លោក សារ៉ន លើកឡើងថា ចំពោះអ្នកដែលមានអត្តសញ្ញាណបណ្ណក្រីក្រគឺកើនឡើង ប៉ុន្តែអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបានពីសេវាសាធារណៈមិនទាន់មានប្រសិទ្ធភាពពេញលេញ និងមានតម្លាភាព ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធករណីនេះ។
លោក សារ៉ន បន្ថែមថា៖ «ដោយសារការជំពាក់បំណុល ជីវភាពខ្វះខាតដែលនាំទៅដល់ការប្រើអំពើហិង្សាក្នុងគ្រួសារ ដែលប៉ះពាល់ដល់សមាជិកគ្រួសារផ្សេងទៀត ហើយដូចដែលយើងបានឃើញក្នុងរបាយការណ៍ ប្រជាជនមិនអាចមានលទ្ធភាពសងមីក្រូហិរញវត្ថុដែលខ្ចីបានទេ ហើយត្រូវបង្ខំចិត្តលក់ផ្ទះដោយសារគ្មានជម្រើស ដើម្បីបង់ថ្លៃមីក្រូហិរញ្ញវត្ថុ»។
អ្នកស្រី សៀកលន តំណាងសហគមន៍បឹងត្របែក បានឱ្យដឹងថា អាជ្ញាធរសន្យាជាមួយប្រជាពលរដ្ឋកាលពីថ្ងៃទី៣១ ខែកក្កដា ក្នុងវេទិកាសាធារណៈនៅវត្តទួលទំពូងថា ក្រោយការបោះឆ្នោតនឹងផ្តល់បណ្ណកម្មសិទ្ធិជូនសហគមន៍បឹងត្របែក ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ទទួលបានទេ។
អ្នកស្រី សៀកលន បញ្ជាក់ថា៖ «ខ្ញុំពិតជាបារម្ភអំពីដី និងផ្ទះរបស់ខ្ញុំ ខណៈពេលដែលខ្ញុំមិនបានទទួលបណ្ណកម្មសិទ្ធដីធ្លី ដូច្នេះខ្ញុំមិនមានអារម្មណ៍សុវត្ថិភាពទេ ព្រោះខ្ញុំបានឃើញព័ត៌មានអំពីសហគមន៍ផ្សេងទៀតបង្ខំឱ្យបណ្តេញចេញ ដូច្នេះគ្មាននរណាម្នាក់ដឹងថាពួកគេនឹងធ្វើអ្វីសម្រាប់សហគមន៍ដែលមិនមានប្លង់កម្មសិទ្ធិ ខ្ញុំភ័យខ្លាចខ្លាំងណាស់»។ អ្នកស្រីបន្ថែមថា៖ «យើងរស់នៅដោយភាពភ័យខ្លាច ពីព្រោះយើងមិនដឹងថានៅពេលណាដែលយើងនឹងត្រូវបានគេបណ្តេញចេញ»។
លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ប្រាប់ ខេមបូចា ថា សាលារាជធានីភ្នំពេញកំពុងធ្វើការលើករណីនេះ «ចំពោះករណីនេះ សាលារាជធានីកំពុងវាយតម្លៃក្នុងការដោះស្រាយហើយ» ហើយពេលសួរថាពេលណាទទួលបានដំណោះស្រាយលោកមានប្រសាសន៍ថា «ខ្ញុំរវល់ជាមួយបេសកកម្ម»។
អ្នកស្រី រឿន អូន តំណាងសហគមន៍ស្ទឹងកំបុតបានលើកឡើងពីការព្រួយបារម្ភចំពោះការគំរាមកំហែងនៃការបណ្តេញចេញពីកន្លែងស្នាក់នៅរបស់សហគមន៍អ្នកស្រី ដែលមានទីតាំងនៅមាត់ទន្លេកំបុតតាំងពីឆ្នាំ១៩៨៦ ដោយបន្ថែមថា វាជារឿងអយុត្តិធម៌បំផុតសម្រាប់អ្នកស្រី។ ហើយប្រជាពលរដ្ឋផ្សេងទៀតដែលរស់នៅក្នុងតំបន់នោះ ភាគច្រើនជាកម្មករ។
អ្នកស្រីបន្តថា៖ «វាអយុត្តិធម៌ណាស់សម្រាប់ប្រជាជនក្រីក្រដូចពួកយើង» ទាំងដែលសេដ្ឋកិច្ចមិនល្អ និងទំនិញឡើងថ្លៃស្ទើរគ្រប់មុខ ណាមួយមនុស្សចំនួនបាត់បង់ការងារធ្វើក្នុងសហគមន៍របស់ខ្ញុំដូចអ្នកធ្វើការរោងចក្រមួយចំនួនអត់ការងារធ្វើរោងចក្របិទ គ្នាស្ទើរតែគ្មានលុយទិញម្ហូបផង ចង់ដាច់បាយម្តងៗហើយរកអីបានបើទៅដាក់ពាក្យរោងចក្រថ្មីធ្វើតេស្តអត់ជាប់ រោងចក្រខ្លះកាត់បន្ថយបុគ្គលិកដែរហ្នឹង។
អ្នកស្រី រឿន អូន ឱ្យដឹងទៀតថា៖ «ហេតុអ្វីបានជាអាជ្ញាធរមិនខ្វល់ពីយើង យើងព្យាយាមជូនដំណឹងម្តងហើយម្តងទៀតតែនៅតែមិនមានការដោះស្រាយសោះ តើឱ្យពួកខ្ញុំធ្វើម៉េច?» បើពេលមានបញ្ហាទៅពឹងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធឱ្យលោកជួយរកដំណោះស្រាយ តែបែរជាការឆ្លើយតបថា៖ «មកពីពួកខ្ញុំរស់នៅខុសច្បាប់ទាំងដែលរស់នៅជាង៣០ឆ្នាំមកហើយ កាលពីពេលដែលដីមិនទាន់ឡើងថ្លៃថាពួកខ្ញុំរស់នៅស្របច្បាប់ និងថាបើទោះមានការអភិវឌ្ឍណាមួយប៉ះពាល់ដល់តំបន់នេះក៏ពួកយើង និងទទួលបានសំណងដែរ តែពេលនេះបែរជានិយាយថាខុសច្បាប់ទៅវិញ»។
អ្នកស្រីបន្តថា វាជាការលំបាកនៅពេលដែលប្រជាពលរដ្ឋត្រូវការអត្តសញ្ញាណបណ្ណក្រីក្រ ប៉ុន្តែពួកគេមិនអាចទទួលបាននោះទេ ដោយសារតែការជ្រើសរើសមន្ត្រី និងអាជ្ញាធរមូលដ្ឋានមិនមានតម្លាភាពក្នុងការផ្តល់បណ្ណក្រីក្រដល់ពលរដ្ឋ។
អ្នកស្រីបន្ថែមថា៖ «បណ្ណក្រីក្រមិនត្រូវបានផ្តល់ជូនដល់ប្រជាជនក្រីក្រពិតប្រាកដទេ ប៉ុន្តែពួកគេផ្តល់វាដល់មនុស្សដែលមានទំនាក់ទំនងរបស់ពួកគេទៅវិញ»។
សហគមន៍ស្ទឹងកំបុត ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋចំនួន២៤៤គ្រួសារ មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនៅឡើយទេ ហើយពលរដ្ឋនៅសហគមន៍នេះភាគច្រើនបើតាមការឱ្យដឹងពីតំណាងសហគមន៍ ប្រកបរបរជាកម្មករសំណង់ អ្នករត់តុតាមហាងអាហារ អ្នកស៊ីឈ្នួលបោកខោអាវ កម្មកររោងចក្រ អ្នករើសអេតចាយ អ្នកទិញអេតចាយ ចាស់ជរា និងអ្នកអត់ការងារធ្វើ។
អ្នកស្រីលើកឡើងថា៖ «ខ្ញុំបានអំពាវនាវរកដំណោះស្រាយត្រឹមត្រូវ និងជួយប្រជាពលរដ្ឋកុំឲ្យរស់នៅដោយភាពភ័យខ្លាច ដូច្នេះប្រជាពលរដ្ឋមានសិទ្ធិរស់នៅបានត្រឹមត្រូវ និងបញ្ឈប់ការតវ៉ាលើករណីនេះម្តងហើយម្តងទៀត»។
អ្នកស្រី អូន ស្នើឱ្យមានការដោះស្រាយបញ្ហានេះដោយជួយផ្តល់ប្លង់ដីកម្មសិទ្ធិឱ្យបានឆាប់សម្រាប់សហគមន៍របស់គាត់។
អ្នកស្រី បន្ថែមថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងចាត់វិធានការពន្លឿនការផ្តល់ប្លង់ដីកម្មសិទ្ធិជូនអ្នកស្រុកតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះពួកយើងប្រឈមមុខនឹងបញ្ហាជីវភាពផង ណាមួយស្រុកទេសសេដ្ឋកិច្ចមិនសូវល្អទាំងប្រទេសយើងទាំងប្រទេសគេ មនុស្សរកលុយមិនសូវបាន សាំងឡើងថ្លៃ អីវ៉ាន់នៅផ្សារក៏ឡើងថ្លៃ ណាមួយត្រូវងាកមកគិតរឿងរស់នៅទាំងភាពភ័យខ្លាចនឹងការបណ្តេញចេញដោយបង្ខំទៀត»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា ករណីទាំងនោះសុំសួរទៅរដ្ឋបាលរាជធានីភ្នំពេញ។
លោក សេង ឡូត មានប្រសាសន៍ថា៖ «សូមសួរទៅសាលារាជធានី ព្រោះគាត់ជាអ្នកចាត់ចែងលើកិច្ចការនេះ»។
លោក កើត ឆែ អភិបាលក្រុងភ្នំពេញ លើកឡើងថា សហគមន៍ដែលមិនទាន់ទទួលបានការដោះស្រាយមកពីដីទាំងនោះមានបញ្ហាកន្លងមករដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយផ្តល់ប្លង់កម្មសិទ្ធិដល់បងប្អូនប្រជាពលរដ្ឋហើយ តែបើការស្នើរសុំរបស់ពលរដ្ឋទាំងនោះប្រហែលជាទីតាំងបញ្ហាហើយ។
លោកមានប្រសាសន៍ថា៖ «មិនមែនរដ្ឋមិនចង់ផ្តល់ដីដល់ពួកគាត់នោះទេ តែមកពីដីទាំងនោះចំទីតាំងចំណីផ្លូវ ចំណីទន្លេរ អាងស្តុកទឹក ដីចំណីផ្លូវទេសភ្លើង រឺជាដីសួនច្បារ យើងមិនអនុញ្ញាតជូនគាត់ទេ អញ្ចឹងសុំឱ្យគាត់ពិនិត្យទីតាំងគាត់ជាទីតាំងអ្វី ហើយមើលប្រវត្តិទីតាំងរបស់គាត់ ហេតុអីគេបានកម្មសិទ្ធិគ្រប់គ្នា ហេតុអីគាត់មានបញ្ហា? »
លោកបន្តថា សម្រាប់សហគមន៍បឹងត្របែកពួកគាត់រស់នៅលើប្រឡាយ វាជាអាងស្តុកទឹក ហើយសហគមន៍ស្ទឹងកំបុតពួកគាត់រស់នៅលើចំណីផ្លូវរដ្ឋដែលមានការដោះដូរតែពួកគាត់មិនព្រម។
លោកបន្ថែមថា៖ «បើយើងចេះតែផ្តល់ឱ្យតាមការស្នើសុំរបស់ពួកគាត់ រដ្ឋនឹងមានហានិភ័យធំ ព្រោះរដ្ឋមិនអាចផ្តល់ទីតាំងដែលសំខាន់សម្រាប់បម្រើប្រយោជន៍សាធារណៈជនជាច្រើនបានទេ»។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងចំពោះបញ្ហាការផ្តល់កម្ចីដល់ជនក្រីក្រគួរតែមានការសិក្សាឱ្យបានត្រឹមត្រូវ។
លោកមានប្រសាសន៍ថា «ជាគោលការណ៍មុនពេលផ្តល់សេវាប្រាក់កម្ចីដល់អតិថិជន គេត្រូវសិក្សាលើគោលបំណងនៃការខ្ចី លទ្ធិភាពនៃការសង និងលំហូរសាច់ប្រាក់របស់ពួកគាត់ និងមានភាពស្របច្បាប់រឺអត់ ហើយវាជួយដល់ពលរដ្ឋរឺអត់ទៅតាមលទ្ធភាពជាក់ស្តែង»។
លោក តុងងី បដិសេធនិងការលើកឡើងរបស់មតិសាធារណៈមួយចំនួនដែលថាវិស័យមីក្រូហិរញ្ញវត្ថុធ្វើឱ្យពលរដ្ឋជំពាក់បំណុលកាន់តែច្រើនទៅៗដោយលោកថាមិនទាំងស្រុងគ្រប់ករណីនោះទេ។
លោកបន្តថា៖ «ខ្ញុំយល់ថាការលើកឡើងនោះមិនត្រឹមត្រូវទាំងស្រុងទេ ព្រោះវាមានការយល់ច្រឡំរវាងកម្ចីពីមីក្រហិរញ្ញវត្ថុ ដែលមានការប្រាក់ទាបមិនលើសពី ១,៥% និងកម្ចីឯកជនមួយចំនួនដែលមានការប្រាក់ខ្ពស់ខ្លាំងរហូតដល់២០%ទៅ៣០%។ ហើយជាបញ្ហាដែលយើងជួបគឺពួកគាត់យកកម្ចីទៅប្រើប្រាស់ខុសគោលដៅ និងកត្តាចងការប្រាក់ឯកជន ដែលយើងឃើញជារឿយៗជួបបញ្ហាដែលបង្ខំរឹបអូសយកផ្ទះដើម្បីសងបំណុល»។
អ្នកស្រី សៀកលន បានឱ្យដឹងទៀតថា អ្នកស្រីស្នើសុំនាយករដ្ឋមន្ត្រីថ្មី ឱ្យជួយដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងរងគ្រោះដែលមានជាង៤០គ្រួសារ ដើម្បីទទួលបានការតាំងទីលំនៅ និងបណ្ណកម្មសិទ្ធិដីធ្លីរស់នៅដោយត្រឹមត្រូវសម្រាប់ពលរដ្ឋនៅសហគមន៍នេះ ដែលមានទីតាំងនៅភូមិទី៤ សហគមន៍បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ។ អ្នកស្រីបានបន្តថា ផ្ទះរបស់អ្នកស្រីតែងតែមានទឹកហូរនាំសំរាមចូលពេញផ្ទះ និងក្នុងភូមិរបស់គាត់ នៅពេលមានភ្លៀងធ្លាក់ម្តងៗ គាត់បានលើកឡើងពីក្តីបារម្ភពីក្លិនទឹកស្អុយក្បែរផ្ទះដែរ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់រស់នៅកន្លែងល្អ ប៉ុន្តែគ្មានជម្រើសក្រៅពីទ្រាំរស់នៅ ខ្ញុំដឹងថាក្លិនស្អុយខ្លាំង ហើយប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមយ៉ាងងាយ ធ្វើម៉េច ខ្ញុំគ្រាន់តែចង់បានដី យ៉ាងហោចណាស់កូននិងចៅរបស់ខ្ញុំមានកន្លែងរស់នៅបានសមរម្យ»៕