ការបោះឆ្នោតនៅកម្ពុជា សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនគ្រោងនឹងរឹតត្បិតលើទិដ្ឋាការ និងកម្មវិធីជំនួយមួយចំនួន ខណៈដែលប្រទេសចិន និងរុស្ស៊ីគាំទ្រដំណើរការ បោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ «គ្មានភាពសេរី និងយុត្តិធម៌»។
លោក Miller បានកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងផ្អាកកម្មវិធីជំនួយបរទេសមួយចំនួន ហើយបាន «ចាត់វិធានការ ដើម្បីរឹតត្បិតលើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួនដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ»។
សហរដ្ឋអាមេរិកមិនបានបញ្ជាក់ថា បុគ្គលណាអាចប្រឈមមុខនឹងការរឹតត្បិតនោះទេ ហើយលោក Michael Greenwald អ្នកនាំពាក្យស្ថានទូតអាមេរិកបានប្រាប់ខេមបូចាតាមរយៈអ៊ីម៉ែលថា ច្បាប់របស់សហរដ្ឋអាមេរិក «មិនអនុញ្ញាតឱ្យមានការចេញផ្សាយព័ត៌មានអំពីទិដ្ឋាការទេ»។
លោកបានបន្ថែមថា៖ «យើងនឹងបន្តធ្វើការជាមួយប្រជាជនកម្ពុជា និងដៃគូផ្សេងទៀត ដើម្បីអនុវត្តកម្មវិធីជំនួយដែលមានស្រាប់របស់យើង» ប៉ុន្តែបានកត់សម្គាល់ថា «សកម្មភាពជំនួយថ្មីជាច្រើន» បាន «ផ្អាក»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលការអះអាងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក អំពីការបោះឆ្នោតនៅកម្ពុជា ដោយថា៖ «គាត់គ្មានសិទ្ធិវាយតម្លៃទេ ព្រោះគាត់មិនបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកអង្កេតការណ៍ដំណើរការបោះឆ្នោតនៅកម្ពុជាទេ»។
សហរដ្ឋអាមេរិក បារាំង និងជប៉ុនសុទ្ធតែបានបញ្ជាក់ថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅឃ្លាំមើលការបោះឆ្នោតទេ។
លោក សុខ ឥសាន បានបន្ថែមថា៖ «បុគ្គលដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ» នឹងមិនទៅសហរដ្ឋអាមេរិកទេ ខណៈលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ការរឹតត្បិតនេះ «មានចេតនារើសអើងមកលើពលរដ្ឋកម្ពុជា»។
រដ្ឋាភិបាលបរទេសផ្សេងទៀតក៏បានសម្តែងមតិយល់ឃើញក្រោយការបោះឆ្នោតផងដែរ។ កាលពីថ្ងៃចន្ទ អង្គភាពសេវាការទូតរបស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយដោយកត់សម្គាល់ថា ប្រទេសកម្ពុជាមាន «ការរឹតត្បិតលំហនយោបាយ និងពលរដ្ឋ»។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា៖ «…គណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមិនអាចដំណើរការប្រកបដោយប្រសិទ្ធភាពនិងដោយគ្មានឧបសគ្គនោះទេ”។
ការិយាល័យការបរទេសសហព័ន្ធរបស់អាល្លឺម៉ង់ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយលើកឡើងថា ការបោះឆ្នោតបានធ្វើឡើងនៅក្នុង «បរិយាកាសនយោបាយរឹតត្បិត» ហើយធ្វើឱ្យអ្នកបោះឆ្នោត «គ្មានជម្រើសពិតប្រាកដនៅក្នុងការបោះឆ្នោត»។
ការិយាល័យអភិវឌ្ឍន៍ ខូមិនវិល និងការបរទេសនៃចក្រភពអង់គ្លេសបានអះអាងថា៖ «មានការរឹតត្បិតលំហនយោបាយ» នៅមុនការបោះឆ្នោត ដោយកត់សម្គាល់ថា ការបោះឆ្នោតនេះ «មិនសេរីនិងយុត្តិធម៌»។
ស្ថានទូតជប៉ុនបានប្រាប់ ខេមបូចា តាមរយៈអ៊ីម៉ែលកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់ខ្លួនបាននឹង «កំពុងឃ្លាំមើលដោយក្តីបារម្ភនូវស្ថានការណ៍ឆ្ពោះទៅរកការបោះឆ្នោតសកលនៅកម្ពុជា» ចំណែកស្ថានទូតបារាំងបានបញ្ជាក់ថា ការដកសិទ្ធិរបស់គណបក្សភ្លើងទៀនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។
នៅពេល ខេមបូចា សួរអំពីសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប អាល្លឺម៉ង់ និងបារាំង លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានឆ្លើយតបជាមួយនឹងសញ្ញាអេមូជីញញឹម។
លោក សុវណ្ណារុំ ក៏បានផ្ញើតារាងអំពីចំណុចមួយចំនួន ដែលលោកថា ធ្វើឱ្យការបោះឆ្នោតមានលក្ខណៈសេរី និងយុត្តិធម៌ ដែលក្នុងនោះមានមួយចំណុចចែងថា៖ «ប្រជាពលរដ្ឋគ្រប់រូប និងគណបក្សនយោបាយទាំងអស់មានសិទ្ធិស្មើគ្នាចំពោះសេរីភាពនៃការបញ្ចេញទស្សនៈនយោបាយ»។
ការរិះគន់ធ្ងន់ៗមួយចំនួនអំពីការបោះឆ្នោតនេះធ្វើឡើងដោយអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Gareth Evans ដែលបានប្រាប់វិទ្យុអាស៊ីសេរីក្នុងបទសម្ភាសន៍កាលពីសប្តាហ៍មុនថា ការហាមប្រាមគណបក្សភ្លើងទៀនគឺ ហាក់ «គ្មានភាពខ្មាសអៀន គួរឱ្យអាម៉ាស់និងមិនសមហេតុផល»។ ពីរថ្ងៃមុនការបោះឆ្នោត ប្រជាជនកម្ពុជារស់នៅបរទេសបានប្រមូលផ្តុំគ្នានៅទីក្រុងមែលប៊ន ដើម្បីតវ៉ាការបោះឆ្នោតដែលមានភាព «អាម៉ាស់»។
លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីបានសរសេរតាមបណ្តាញសង្គមទ្វីតធើដោយលើកឡើងពី «ការព្រួយបារម្ភខ្លាំង» របស់ស្ថានទូតចំពោះការបោះឆ្នោតនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្តល់មូលនិធិជំនួយអភិវឌ្ឍន៍ប្រមាណ ៨៣,៦ លានដុល្លារអូស្រ្តាលី (៥៦,៥ លានដុល្លារ) នៅឆ្នាំបន្ទាប់។ ស្ថានទូតនៅមិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយកាលពីល្ងាចថ្ងៃអង្គារនៅឡើយទេ។
ខណៈពេលដែលរដ្ឋាភិបាលលោកខាងលិចភាគច្រើនរិះគន់ការបោះឆ្នោតនេះ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ក៏បានអបអរសាទរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបានសរសេរនៅលើទ្វីតធើថា រុស្ស៊ី «ស្វាគមន៍ការបោះឆ្នោតដោយសេរី និងឯករាជ្យនៅកម្ពុជា» កាលពីថ្ងៃចន្ទ។ សារនៅលើទ្វីតធើដដែលបានលើកឡើងថា គ្មានការបំពានណាមួយត្រូវបានរកឃើញទេ។
កាលពីព្រឹកថ្ងៃអង្គារ ប្រធានាធិបតីចិន ស៊ី ជិនភីង និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក៏បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះជ័យជម្នះរបស់គណបក្សរបស់លោក។ ក្នុងលិខិតដែលកាសែតខ្មែរថាមស៍បានផ្សព្វផ្សាយ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម លោក ជិនភីង បានសរសេរថា៖ «CPC [បក្សកុម្មុយនិស្តចិន] ផ្តល់តម្លៃចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយគណបក្សប្រជាជនកម្ពុជា»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Post-Election Int’l Responses: US to Restrict Visas and Aid, Australia Increases Funding