ប្រហុកជាប្រភេទអាហារផ្អាប់ដ៏ពេញនិយមក្នុងការទទួលទានសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយប្រហុកក៏ជាគ្រឿងផ្សំមួយក្នុងអាហារជាច្រើនមុខផ្សេងទៀតរបស់ខ្មែរផងដែរ។ ប៉ុន្តែឆ្នាំនេះ បរិមាណត្រីដែលចាប់បាននៅតាមដងទន្លេសាបនៅតែបន្តធ្លាក់ចុះ ដែលការធ្លាក់ចុះនេះត្រូវគេលើកឡើងថាមកពីការកសាងទំនប់វារីអគ្គិសនីធំៗជាច្រើននៅតាមដងទន្លេងមេគង្គ ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។
ទោះជាបរិមាណត្រីថយចុះមែន ប៉ុន្តែក៏ជារឿងល្អមួយដែរសម្រាប់អ្នកទិញត្រីប្រហុកនៅឆ្នាំនេះ ដោយសារថាតម្លៃត្រីក៏ទាបជាងឆ្នាំមុន។
អ្នកស្រី គឹម សុផល វ័យ ៦០ឆ្នាំ ប្រាប់ខេមបូចា ថា៖ «ខ្ញុំបានមកទីនេះជារៀងរាល់ឆ្នាំដើម្បីទិញត្រីសម្រាប់ធ្វើប្រហុក ហើយតម្លៃត្រីឆ្នាំនេះថោកជាងឆ្នាំមុន»។ អ្នកស្រី សុផល ថ្លែងប្រាប់ ខេមបូចា បែបនេះនៅពេលអ្នកស្រីកំពុងចាំទិញត្រីនៅច្រាំងទន្លេសាបក្នុងស្រុកពញាឮ ខេត្តកណ្ដាល ជាទីដែលអ្នកស្រី និងអ្នកផ្សេងទៀតកំពុងរង់ចាំទូកដឹកត្រីដែលចាប់បានយកមកលក់។
អ្នកស្រី ឲ្យដឹងទៀតថា អ្នកស្រីបានទិញត្រីចំនួន ១០០គីឡូក្រាមក្នុងតម្លៃត្រឹមតែជាង ២០ម៉ឺនរៀល ឬទាបជាងឆ្នាំមុនពាក់កណ្ដាល។ ប៉ុន្តែទោះបីយ៉ាងណា អ្នកស្រីបារម្ភថាការថយចុះបរិមាណត្រីជារាងរាល់ឆ្នាំ អាចធ្វើឲ្យការផលិតប្រហុកមិនគ្រប់គ្រាន់សម្រាប់ថ្ងៃខាងមុខ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំយល់ថាការនេសាទខុសច្បាប់ និងការបំផ្លាញព្រៃលិចទឹកនៅតាមដងទន្លេ បានធ្វើឲ្យចំនួនត្រីនៅក្នុងទឹកកាន់តែថយចុះ»។
- ប្រជាពលរដ្ឋរង់ចាំទិញត្រីធ្វើប្រហុកក្នុងខេត្តកណ្ដាល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
- ប្រជាពលរដ្ឋរង់ចាំទិញត្រីធ្វើប្រហុកក្នុងខេត្តកណ្ដាល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
- ប្រជាពលរដ្ឋរង់ចាំទិញត្រីធ្វើប្រហុកក្នុងខេត្តកណ្ដាល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
លោក រ៉ាម មុន្នី វ័យ ៣៦ឆ្នាំ ជាកសិករមកពីខេត្តកំពង់ស្ពឺ បានកត់សម្គាល់ឃើញថាត្រីឆ្នាំនេះមានទំហំតូចៗជាងឆ្នាំកន្លងទៅ។ ក្រៅពីទំហំរបស់ត្រី លោកលើកឡើងពីហេតុផលមួយដែលធ្វើឲ្យតម្លៃត្រីថោកជាងឆ្នាំកន្លងទៅ ដោយសារតែមិនសូវមានអ្នកធ្វើត្រីប្រហុកច្រើនដូចឆ្នាំទៅ។
លោក បន្ថែមថា៖ «តម្លៃអាចនឹងឡើងថ្លៃ បើសិនជាមនុស្សមកទិញច្រើន»។
លោក សេង ឡុង ជាជនជាតិវៀតណាម ដែលជាអ្នកគ្រប់គ្រង «ដាយនេសាទ» ក៏យល់ឃើញប្រហាក់ប្រហែលគ្នានេះដែរ។ លោក ប្រាប់ខេមបូចាថា តម្លៃពិតជាថោកជាងឆ្នាំកន្លងទៅមែន ពីព្រោះថាត្រីចាប់បានមានទំហំតូចៗ។ លោកសង្ឃឹមថានៅវគ្គក្រោយ ដែលនឹងអាចមកដល់នៅខែមករា តម្លៃត្រីអាចនឹងឡើងថ្លៃ ព្រោះថាត្រីអាចមានទំហំធំ និងមានច្រើនសម្រាប់លក់។
យ៉ាងណា លោកទទួលស្គាល់ថា៖ «រយៈពេលប្រាំបីឆ្នាំក្នុងការធ្វើអាជីវកម្ម ដាយត្រីក្នុងទន្លេសាប ខ្ញុំបានកត់សម្គាល់ឃើញថាបរិមាណត្រីបានបន្តធ្លាក់ចុះ ពីព្រោះកម្រិតទឹកទន្លេទាប។ បញ្ហានេះ អាចមកពីការធ្វើទំនប់វារីអគ្គិសនី ដែលធ្វើឲ្យបរិមាណទឹកធ្លាក់មកបឹងទន្លេសាបទាប»។
- អ្នកលក់ត្រីធ្វើប្រហុកប្រមូលត្រីសម្រាប់លក់ឲ្យអតិថិជនរបស់ខ្លួន ក្នុងខេត្តកណ្ដាល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
- អ្នកលក់ត្រីធ្វើប្រហុកប្រមូលត្រីសម្រាប់លក់ឲ្យអតិថិជនរបស់ខ្លួន ក្នុងខេត្តកណ្ដាល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បើតាម លោក សេង ឡុង នៅពេលការចាប់ផ្តើមរដូវប្រមូលត្រីប្រហុកពីដាយ លោកអាចចាប់បានត្រីប្រមាណ១៥តោនក្នុងមួយថ្ងៃ ខណៈឆ្នាំទៅអាចចាប់បានត្រីរហូតដល់ជាង ២០តោនក្នុងមួយថ្ងៃ។
តម្លៃត្រីដែលឈ្មួញកណ្ដាលទិញពីម្ចាស់ដាយ មានតម្លៃចន្លោះពី ១ ០០០ ទៅ១ ៥០០រៀលក្នុងមួយគីឡូក្រាម ហើយលក់ចេញវិញក្នុងតម្លៃចន្លោះពី ២ ០០០ ទៅ ២ ៥០០រៀលក្នុងមួយគីឡូក្រាម។
កាលពីឆ្នាំទៅ តម្លៃត្រីសម្រាប់ធ្វើត្រីប្រហុកមានតម្លៃពី៤០០០រៀល ទៅ ៦០០០រៀលក្នុងមួយកីឡូក្រាម។
លោក ឱម សាវ៉ាត ប្រធានអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល មានប្រសាសន៍ថា ការថយចុះបរិមាណត្រី ពីមួយឆ្នាំទៅមួយឆ្នាំ មានកត្តារួមផ្សំជាច្រើនដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ គម្រោងទំនប់វារីអគ្គិសនីនៅតាមដងទន្លេងមេគង្គ និង «ការនេសាទខុសច្បាប់នៅមានច្រើន»។
រដូវធ្វើប្រហុកនៅកម្ពុជាចាប់ពីខែវិច្ឆិកា រហូតដល់ខែកុម្ភៈ និងបានពឹងផ្អែកយ៉ាងខ្លាំងលើខ្យល់ម៉ូសុង និងការហូរបញ្ច្រាសវិញនៃខ្សែទឹកចូលបឹងទន្លេសាប។ ទឹកក្នុងបឹងទន្លេសាប មានលំហូរប្រែប្រួលក្នុងរដូវនីមួយៗ ដោយនៅខែវស្សាទឹកទន្លេមេគង្គហូរចាក់ទៅបឹងទន្លេសាប និងនៅរដូវប្រាំងទឹកបឹងទន្លេសាបហូរចូលទន្លេមេគង្គវិញ។ទំនប់វារីអគ្គិសនីធ្វើឲ្យកម្ពស់ទឹកនៅក្នុងទន្លេងមេគង្គទាប ជាហេតុធ្វើឲ្យលំហូរទឹកបញ្ច្រាសពីបឹងទន្លេសាបចូមកវិញក៏កើតមានយឺតយ៉ាវពីមួយឆ្នាំទៅមួយឆ្នាំដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Prahok Season: Fish Numbers Are Down But So Are Prices