លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងមិនអត់ឱន ឬលើកលែងទោសដល់ អ្នកជាប់ទោសរូបណា និងជាពិសេសគាត់លើកឡើងសំដៅលើកញ្ញា សេង ធារី ដែលទទួលបានការអន្តរាគមន៍ពីបរទេស និងត្រូវដាក់ទោសឱ្យគ្រប់ថ្ងៃកំណត់នៃទោស។
លោកនាយករដ្ឋមន្ត្រីបានប្រសាសន៍កំឡុងពេលលោកជួបសំណេះសំណាលជាមួយកម្មកររោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ថា លោកមិនលើកលែងទោសដល់កញ្ញា សេង ធារី និងអ្នកទោសដែលទទួលបានការអន្តរាគមន៍ពីបរទេសព្រោះពួកគេបានចាប់ដៃជាមួយជនបរទេសនិងមានបំណងដើម្បីបំផ្លាញលោក។
លោក ហ៊ុន សែន បានលើកឡើងដោយប្រើពាក្យថា «អប្សរាក្បាលត្រងោល» ដែលលោកសំដៅលើកញ្ញា ធារី ដែលកោរសក់ស្លៀកសំលៀកបំពាក់ប្រពៃណីដើម្បីទាមទារឱ្យមានការដោះលែងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀតនៅមុខសាលាដំបូងរាជធានីភ្នំពេញកន្លងទៅ។
លោកនាយករដ្ឋមន្រ្តីបន្តថា ទោះបីជាអ្នកទោសមានសញ្ជាតិ២ក៏ដោយឱ្យតែនៅក្នុងស្រុកខ្មែរគឺត្រូវធ្វើតាមច្បាប់ក្នុងប្រទស។ លោកលើកឡើងទៀតថា ការធ្វើបែបនេះគឺដើម្បីកុំឱ្យបរទេសអាចជ្រៀតជ្រែកចូលមកស្រុកខ្មែរដោយត្រូវគោរពតាមច្បាប់ប្រទេសកម្ពុជា មិនមែនតាមច្បាប់បរទេសទេ។
លោកបន្តទៀតថា៖ «ខ្ញុំមិនលើកលែងទោសឱ្យមនុស្សនឹងដោយសារខ្ញុំអត់ទុកចិត្តបរទេស ដែលមានបំណងបំផ្លាញខ្ញុំ…….ចាប់ពីម៉ោងនេះទៅឱ្យសារទៅអ្នកឯងអ្នកណាក៏ដោយដែលមានអន្តរាគមន៍របស់បរទេសជាប់គុកឱ្យគ្រប់ថ្ងៃ អត់មានការបន្ធូរបន្ថយហើយកុំដាក់ចូលទៅក្នុងបញ្ជីការបន្ធូរបន្ថយ និងលើកលែងទោសឱ្យសោះ ឱ្យតែមានបរទេសលូកដៃ ដើម្បីយើងទប់ស្កាត់អាការជ្រៀតជ្រែកពីបរទេសចូលស្រុកខ្មែរ»។
ក្នុងពេលជាប់ឃុំខ្លួនក្នុងពន្ធនាគារក្នុងខេត្តព្រះវិហារ កញ្ញា សេង ធារី ចង់ធ្វើកូដកម្មអត់អាហារ នេះបើតាមប្រសាសន៍លោក ហ៊ុន សែន ដែលទទួលបានពីសំបុត្រដែលកញ្ញាបញ្ជូនចេញតែត្រូវអនុរក្សពន្ធនាគារដកហូតទុក។ លោកថ្លែងទៀតថា បើទោះបីជាកញ្ញា ធារី ព្យាយាមធ្វើកូដកម្មអត់អាហារដល់ស្លាប់ក៏ជារឿងរបស់កញ្ញា។
លោក ហ៊ុន សែន បន្ថែមថា៖ «គេបញ្ជូនសារចេញមកចង់ធ្វើកូដកម្មទៀត នាងឯងធ្វើកូដកម្មអត់អាហារចង់ងាប់ចង់ស្អីក៏ទៅតាមចិត្តខ្លួនឯងទៅ»។
ទាក់ទងប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីខាងលើលោក ជូង ជូងី មេធាវីកញ្ញា សេង ធារី សុំមិនផ្តល់បទសម្ភាសន៍លើបញ្ហានេះទេ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួន កញ្ញា សេង ធារី ជាមេធាវី និងជាសកម្មជនសិទ្ធិមនុស្ស បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសគាត់ដាក់ពន្ធនាគារចំនួន៦ឆ្នាំពីបទ«រួមគំនិតក្បត់» និង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជុំវិញគម្រោងវិលត្រឡប់មកស្រុកខ្មែរមិនបានសម្រេចរបស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

រឿងក្តីលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ក៏មិនខុសពីកញ្ញា សេង ធារី ដែរ ដោយលោក កឹម សុខា ត្រវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២៧ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសក្បត់ជាតិ មានចែង និងផ្តន្ទាទោសតាមមាត្រា៤៣៩ និងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ដោយតម្រូវឱ្យឃុំក្នុងផ្ទះ មិនអនុញ្ញាតឱ្យជួបភ្ញៀវ ឬជួបអ្នកណាទាំងអស់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
លោកស្រី ម៉េង សុភារី ជាមេធាវីរបស់លោក កឹម សុខា បានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានខេមបូចា ថា បន្ទាប់ពីតុលាដាក់ឱ្យស្ថិតក្រោមការតាមដានគឺលោកស្រីមិនដែលបានជួបផ្ទាល់ ឬពីចម្ងាយជាមួយលោក កឹម សុខា ជាយូរមកហើយ។ តែលោកស្រីគិតថា ស្ថានភាពរបស់លោក កឹម សុខ ពេលនេះគឺមិនល្អទេទាំងផ្លូវកាយ និងផ្លូវចិត្តព្រោះត្រូវជាប់ឃុំខ្លួននៅក្នុងផ្ទះយូរពេក។
ចំពោះប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាមិនលើកលែងទោសដល់អ្នកមានបរទេសជួយអន្តរាគមន៍ លោកស្រី សុភារី ថារឿងនេះពិបាកយល់ប៉ុន្តែលោកស្រីគិតថាអ្វីៗគឺនឹងអាចដោះស្រាយបាននៅពេលដែលពេលវេលា ឬ កាលៈទេសៈមកដល់។
លោកស្រីនិយាយថា៖ «រឿងដែលថាគាត់[លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន]បិទច្រក ឬមិនបិទច្រក[ហាមមិនឱ្យបរទេសលូកដៃ]មិនអាចសន្និដ្ឋានបានទេព្រោះអីតាមកាលៈទេសៈតាមស្ថានភាពដែលមានការប្រែប្រួល»។
លោកស្រីបន្ថែមថា ទោះបីជាត្រូវជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំដាក់ឱ្យនៅក្នុងផ្ទះក៏ដោយ តែលោក កឹម សុខា នៅតែបន្តប្តឹងទៅសាលាឧទ្ធរណ៍ព្រោះជារឿងអយុត្តិធម៌ហើយលោកមិនពេញចិត្តលើការកាត់ក្តីរបស់សាលក្រមសាលាដំបូង។
លោកស្រីថា៖ «ឯកឧត្តម កឹម សុខា គាត់អត់ពេញចិត្តនឹងសាលក្រមសាលាដំបូង គាត់យល់ថាសាលក្រមវាអយុត្តិធម៌ចំពោះគាត់ គាត់ក៏បានប្តឹងទៅសាលាឧទ្ធរណ៍ទៅ»។
លោកស្រីបន្ថែមថា មកដល់ពេលនេះមិនទាន់មានតម្រុយណាមួយដែលថាសាលាឧទ្ធរណ៍នឹងធ្វើការជំនុំជម្រះលើរឿងក្តីលោក កឹម សុខា នៅឡើយទេ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ ថ្លែងថា បើលោកនាយករដ្ឋមន្រ្តីថ្លែងមិនឱ្យបរទេសលូកដៃ ឬអន្តរាគមន៍ក្នុងរឿងកញ្ញា សេង ធារី និងលោក កឹម សុខា គឺកម្ពុជាមិនបានអធ្យាស្រ័យឬយោគយល់តាមការស្នើសុំរបស់ឥស្សរជននយោបាយបរទេស។
លោកបន្តថា លោក កឹម សុខា អ្នកដែលអន្តរាគមន៍ក្នុងរឿងក្តីរបស់លោកភាគច្រើនគឺជាទូតបរទេសដែលនៅកម្ពុជា ចំណែកអ្នកដែលអន្តរាគមន៍កញ្ញា សេង ធារី ភាគច្រើនគឺសំដៅទៅលើតែសហរដ្ឋអាមេរិក។ លោកបន្តថា ពេលអនាគតនយោបាយក្នុងប្រទេសកម្ពុជានឹងពិបាកព្រោះកម្ពុជាមិនមានលក្ខណៈអធ្យាស្រ័យនិងមិនមាននយោបាយល្អក្នុងការទំនាក់ទំនង។
លោក សុវណ្ណារ៉ា បញ្ជាក់ថា៖ «កម្ពុជាមិនមានលក្ខណៈអធ្យាស្រ័យចឹងនយោបាយកម្ពុជានៅក្នុងទំនាក់ទំនង ឬក៏សុំការរាប់អានអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមកក៏មានការពិបាកដែរទៅថ្ងៃអនាគត»។
លោកបានបន្ថែមថា វាជាបញ្ហាលំបាកសម្រាប់ប្រទេសកម្ពុជាដែលនឹងប្រឈមជាមួយរដ្ឋបរទេសដូចជាសហរដ្ឋអាមេរិក និងសហគមន៍អ៉ឺរ៉ុបដែលកម្ពុជាបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចច្រើនដូចជាការនាំចេញទៅទីផ្សារប៉ូលអាមេរិកនិងប៉ូលអ៉ឺរ៉ុប៕